អ្នកស្រាវជ្រាវ​ថា កម្ពុជា​មាន​អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​ថៃ​៣​ដង

ដោយ វ៉ាន វណ្ណដេត
2017-04-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​បណ្ដោយ​មហាវិថី​ម៉ៅសេទុង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​បណ្ដោយ​មហាវិថី​ម៉ៅសេទុង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម សន្និដ្ឋាន​ថា ប្រសិនបើ​កម្ពុជា​មាន​ពលរដ្ឋ​៧០​លាន នាក់ ដូច​នៅ​ប្រទេស​ថៃ អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នឹង​មាន​ចំនួន​លើស​ប្រទេស​ថៃ​៣​ដង។

មន្ត្រី​ចរាចរណ៍​កម្ពុជា​ទទួលស្គាល់ ថា​ប្រជាជន​ថៃ​យល់ដឹង​ពី​គ្រោះថ្នាក់​ចរាចរណ៍​ជាង​ប្រជាជន​ខ្មែរ ប៉ុន្តែ​ចាត់​ទុក​ស្ថានការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កម្ពុជា​បច្ចុប្បន្ន នៅ​មាន​ភាព​ប្រសើរ​ជាង​នៅ​ប្រទេស​ថៃ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) លោក​ថា ប្រទេស​ថៃ​មាន​ប្រជាជន​៧០​លាន​នាក់ មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មធ្យម​១០​នាក់ ក្នុង​មួយថ្ងៃ តែ​នៅ​កម្ពុជា​មាន​ប្រជាជន​១៥​លាន​នាក់ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មធ្យម​៦​នាក់​ក្នុង​មួយថ្ងៃ។ លោក មាស នី សន្មត​ថា បើ​នៅ​កម្ពុជា​មាន​មនុស្ស​៧០​លាន​នាក់ ដូច​នៅ​ប្រទេស​ថៃ កម្ពុជា​អាច​មាន​អ្នក​ស្លាប់​៣០​នាក់ ក្នុង​មួយថ្ងៃ។

អ្នក​ស្លាប់ និង​អ្នករបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅ​តែ​មាន​តួលេខ​ខ្ពស់ បើទោះជា​អត្រា​ស្លាប់ និង​របួស​ធ្លាក់​ចុះ​ជាង​មុន។ បច្ចុប្បន្ន តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន ចំពោះ​ពលរដ្ឋ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​នៅ​រដូវ​ពិធីបុណ្យ​ចូលឆ្នាំ។ មុន​ពិធីបុណ្យ​ចូលឆ្នាំ​មួយថ្ងៃ គឺ​ថ្ងៃ​ទី​១៣​មេសា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​១៤​នាក់។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក រុន រ័ត្នវាសនា មិន​យល់​ទាស់ ការ​លើក​ឡើង​របស់​បណ្ឌិត មាស នី ទេ​។ ប៉ុន្តែ លោក រុន រ័ត្នវាសនា ចាត់​ទុក​ស្ថានការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ល្អ​ជាង​នៅ​ប្រទេស​ថៃ។ «ទោះបីជា​ការ​ស្លាប់​ច្រើនជាង ប៉ុន្តែ​ក៏​យើង​នៅតែ​ល្អ​ជាង​ដែរ ដោយសារ​អី យើង​អនុវត្ត​ច្បាប់ គឺ​នៅ​រយៈពេល​ខ្លី ប៉ុន្តែ​ការចូលរួម ក៏បាន​ប៉ិន​ហ្នឹង ចាត់​ទុក​វា​បាន​ប្រសើរ​ហើយ ព្រោះ​ធម្មតា​៨៥​ភាគរយ អ្នក​ដែល​បាន​ចូលរួម​គោរព ការ​គោរព​ភ្លាម ប៉ិន​ហ្នឹង​វា​ធំធេង​ហើយ»

ក្រៅពី​ចំណេះដឹង​ពី​គ្រោះថ្នាក់​ចរាចរណ៍ ឥរិយាបទ​នៃ​ការ​គោរព​ច្បាប់ លោក រុន រ័ត្នវាសនា ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា កើតឡើង​ច្រើនជាង​នៅ​ថៃ ដោយសារ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​មិនទាន់​យល់​ពី​ភ្លើង​ចរាចរណ៍ និង​ស្លាក​សញ្ញា​ចរាចរណ៍​នៅឡើយ។

នៅ​កម្ពុជា បច្ចុប្បន្ន អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​ច្រើនជាង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ គ្រុនចាញ់ គ្រុនឈាម និង​គ្រាប់មីន​បូក​បញ្ចូល​គ្នា​ទៅទៀត។

អ្នកគ្រប់គ្រង​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ​ប៊ែលហ្សិក កញ្ញា សាន សុជាតា ថា អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ឆ្នាំ​២០១៦ ថយ​ចុះ​បន្ដិច​បន្ដួច​ជាង​ឆ្នាំ​២០១៥។ ក៏​ប៉ុន្តែ ក្នុង​រយៈពេល ១ ឬ ២​ឆ្នាំ​ខាងមុខនេះ អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កើន​ឡើងវិញ ព្រោះ​ការអនុវត្ត ការ​ផ្សព្វផ្សាយ និង​ការ​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក អនុវត្ត​បាន​ត្រឹមតែ​នៅ​ទីក្រុង និង​ទីប្រជុំជន ខណៈ​ដែល​ចំនួន​អ្នក​ធ្វើ​ដំណើរ និង​គ្រោះថ្នាក់​នៅ​តាម​ជនបទ​មាន​កើន​ឡើង៖ «យើង​ត្រូវ​ទទួលស្គាល់​ដែរ​ថា ប្រទេស​កម្ពុជា​យើង ធនធាន​សម្រាប់​ការងារ​សុវត្ថិភាព​ចរាចរណ៍​នៅ​មាន​កម្រិត អីចឹង​ដោយសារ​ចំនួន​នៃ​ការ​ធ្វើ​ដំណើរ​ខ្លាំង ចំនួន​យានយន្ត​កើន​ឡើង​ខ្លាំង ប៉ុន្តែ​ធនធាន​យើង​មិនបាន​កើន​ឡើង មិនបាន​កើន​ឡើង​ទៅតាម​តម្រូវ​ការ​ជាក់ស្ដែង»

កញ្ញា សាន សុជាតា ថា ថ្វីត្បិតតែ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់ និង​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​មាន​ចំនួន​ច្រើន។

គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ច្រើន​នៅ​នៅ​អំឡុង​ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ម្តងៗ ព្រោះ​កម្មករ និង​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ទៅ​ស្រុកកំណើត។ ក្នុង​ពិធី​បុណ្យជាតិ​ធំៗ​ម្ដងៗ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ទ្វេដង បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​កាន់តែ​ច្រើន ហើយ​ខូចខាត​សម្ភារៈ ឬ​មធ្យោបាយ​ធ្វើដំណើរ​កាន់​តែ​ច្រើន​ផង​ដែរ។

រយៈពេល​៤​ថ្ងៃ​នៃ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ កាលពី​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំង​ប្រទេស​ចំនួន​៩៨​លើក បណ្ដាល​ឲ្យ​មនុស្ស​៤៧​នាក់​ស្លាប់ និង​២០៧​នាក់ រង​របួស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

If the leadership does not even respect the constitution, how come that the people respect the traffic law. The problem is no respect the law. And the most influence is the leadership. Dont blame the people, blame on you.

Apr 14, 2017 10:50 AM

គេហទំព័រ​ទាំងមូល