ពលរដ្ឋ​និង​សង្គម​ស៊ីវិល​បារម្ភ​អំពី​វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ថ្មី

ដោយ ខែ សុណង
2015-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​តាម​ស្តុប​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
ទិដ្ឋភាព​នៅ​តាម​ស្តុប​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​នឹង​ត្រូវ​អនុវត្ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ មិន​មែន​ជា​ច្បាប់​ដែល​គាបសង្កត់​ប្រជាពលរដ្ឋ​នោះ​ទេ តែ​គឺ​ជា​ច្បាប់​មួយ​ជួយ​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទៅ​វិញ។

ការ​ប្រកាស​នេះ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់ កំពុង​នាំ​គ្នា​សម្រុក​ទៅ​ធ្វើ​ប័ណ្ណ​បើកបរ និង​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ឲ្យ​ស្រប​ទៅ​នឹង​តម្រូវ​ការ​នៃ​ច្បាប់​នេះ។ យ៉ាង​ណា​ក៏​ដោយ សង្គម​ស៊ីវិល​យល់​ឃើញ​ថា នឹង​មាន​ជន​មួយ​ចំនួន​ឆ្លៀត​ឱកាស​យក​ចំណេញ​ពី​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ផ្ដល់​សេវា​សាធារណៈ​ទាំង​នេះ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ប្រើ​វិធានការ​ឲ្យ​បាន​ច្បាស់លាស់។

ប្រជាពលរដ្ឋ​និង​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​ឌុប បាន​នាំ​គ្នា​ជជែក​វែកញែក និង​លើក​ឡើង​ពី​កង្វល់​ពួកគេ​មុន​ពេល​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​កាន់​តែ​ខិត​ជិត​មក​ដល់។

អង្គុយ​លើ​ម៉ូតូ​នៅ​ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ហៅ​មន្ទីរពេទ្យ​រុស្សី បុរស​វ័យ​កណ្ដាល​ម្នាក់​ដែល​កំពុង​ប្រកប​របរ​រត់​ម៉ូតូ​រអ៊ូ​ថា តម្លៃ​ដែល​កំណត់​សម្រាប់​ធ្វើ​ប័ណ្ណ​បើកបរ​ជូន​ពលរដ្ឋ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​លោក៖ «ច្បាប់​ចរាចរណ៍​ថ្មី​ដែល​ឲ្យ​ទៅ​ធ្វើ​ប័ណ្ណ​បើកបរ​លឺ​សូរ​តែ​ម្នាក់ ៦​ម៉ឺន​វា​ច្រើន​ដែរ​ហ្នឹង បើ​ត្រឹម ២​ម៉ឺន​អី​សមរម្យ»

ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត ដែល​មមាញឹក​នឹង​ការ​លក់ដូរ​ផ្លែឈើ​នៅ​លើ​ផ្លូវ​២៧១ ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ។ ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​គឺ​មន្ត្រី​ក្រោម​ឱវាទ​អាច​នឹង​ឆ្លៀត​ឱកាស​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្រប​ពេល​ពលរដ្ឋ​កំពុង​មាន​តម្រូវការ​លិខិត​ស្នាម​បើកបរ៖ «គោលការណ៍​ដាក់​ឲ្យ​ខ្ពស់​ពេក។ រាស្ត្រ​ក្រីក្រ​វា​ច្រើន រាស្ត្រ​វា​មិន​អាច​ទៅ​រួច​ទេ តម្លៃ​ត្រឹម ២​ម៉ឺន​អី​អាច​រាស្ត្រ​ក្រីក្រ​អាច​លក់​ដូរ​មាន់​ទារ​អី​ធ្វើ​បាន។ ពេល​ធ្វើ​តម្លៃ​គោលការណ៍​រដ្ឋ​ដាក់​ឲ្យ​ប៉ុណ្ណេះ ពេល​ទៅ​ធ្វើ អ្នក​ធ្វើ​យក​តម្លៃ​លើស​តម្លៃ​ហ្នឹង​ទៀត។ ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ពិនិត្យ​ពិច័យ​មើល​មន្ត្រី​ក្រោមៗ ច្រើន​តែ​ពុករលួយ​ក្រោមៗ មន្ត្រី​ក្រោមៗ​ច្រើន​តែ​ឆ្លៀត​ឱកាស។ តម្លៃ ៦​ម៉ឺន​ក្នុង​មួយ​ផ្ទះ​គ្រួសារ​ខ្ញុំ ៨​នាក់ ចុះ​បើ​ម្នាក់ ៦​ម៉ឺន (អស់) ៤៨​ម៉ឺន ហើយ​រាស្ត្រ​ក្រីក្រ​ច្រើន​ទៅ​រក​ឯណា ៤៨​ម៉ឺន​ភ្លាមៗ»

ទិដ្ឋភាព​នៅ​តាម​ផ្លូវ​មួយ​កន្លែង នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA
ទិដ្ឋភាព​នៅ​តាម​ផ្លូវ​មួយ​កន្លែង នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ Photo: RFA

ថ្វីត្បិត​តែ​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ដូច្នេះ​ក្ដី ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នៅ​ថ្ងៃ​ទី​២៨ ធ្នូ ថា ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​នឹង​ត្រូវ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ មិន​មែន​ជា​ច្បាប់​ដែល​គាបសង្កត់​ប្រជាពលរដ្ឋ​នោះ​ទេ តែ​គឺ​ជា​ច្បាប់​មួយ​ជួយ​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទៅ​វិញ៖ «ព្រះ​តេជគុណ​ទៅ​ទេសនា​កន្លែង​ណា​ជួយ​បិណ្ឌបាត​ផង។ ថ្ងៃ​១ ខែ​មករា នេះ គឺ​ចាប់​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​យ៉ាង​តឹងរ៉ឹង។ មិនមែន​តឹង​រ៉ឹង​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទេ តឹង​រ៉ឹង​ដើម្បី​ការពារ​ជីវិត​ប្រជាពលរដ្ឋ។ ខ្ញុំ​សង្ឃឹម​ថា ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​នូវ​ផល​ប្រយោជន៍»

ផ្ទុយ​ទៅ​វិញ សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​យល់​ឃើញ​ថា វិធានការ​នៃ​ច្បាប់​ថ្មី​នេះ មាន​នីតិវិធី​ស្មុគស្មាញ និង​នាំ​ឲ្យ​ពលរដ្ឋ​ចំណាយ​ថវិកា​ច្រើន។ ពួកគេ​យល់​ថា វិធានការ​នេះ អាច​អនុវត្ត​បាន​ជោគជ័យ​តែ​លើ​ការ​ផាក​ពិន័យ​របស់​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​មតិ​ថា មាន​ឧបសគ្គ​មួយ​ចំនួន​ក្នុង​បរិបទ​កម្ពុជា នៅ​ពេល​នេះ មិន​អាច​ឲ្យ​ពលរដ្ឋ​អនុវត្ត​ច្បាប់​ថ្មី​នេះ​ទៅ​បាន​ដោយ​រលូន​នោះ​ទេ។ លោក​ថា មាត្រា​៩ នៃ​អនុក្រឹត្យ ស្ដីពី​ការ​ពិន័យ​អន្តរការ​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ដែល​ចេញ​ដោយ​រដ្ឋាភិបាល​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ បាន​តម្រូវ​ឲ្យ​អ្នក​បើកបរ​ត្រូវ​មាន​ប័ណ្ណ​បើកបរ តម្រូវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ផ្ទេរ​កម្មសិទ្ធិ​កាន់​កាប់​លើ​មធ្យោបាយ​ដឹកជញ្ជូន ជា​ដើម គឺ​សុទ្ធ​តែ​ជា​វិធានការ​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​បាន​ក្នុង​រយៈពេល​ខ្លី​នេះ​ទេ ខណៈ​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង​កន្លង​មក ស្រប​ពេល​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​មាន​ភាព​ក្រីក្រ​នៅ​ឡើយ។

លោក សន ជ័យ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទុក​ពេល​វេលា​ឲ្យ​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​កន្លះ​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​ពួកគាត់​បំពេញ​ឯកសារ និង​បែបបទ​ដើម្បី​ធានា​ឲ្យ​មធ្យោបាយ​នៃ​ការ​ដឹក​ជញ្ជូន​របស់​ពលរដ្ឋ​មាន​លក្ខណៈ​ស្រប​ច្បាប់៖ «យើង​ចង់​ឲ្យ​បង្ក​បរិយាកាស​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​បាន​ដោយ​ងាយ​ស្រួល ជៀសវាង​ទៅ​ហើយ​ស្ថានភាព​នៅ​ទីនោះ​អ៊ូអរ​រញ៉េរញ៉ៃ​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ការងារ​របស់​គាត់។ កន្លង​មក​មាន​រូបភាព​បែប​ហ្នឹង រួម​ផ្សំ​នឹង​ជិត​ដល់​ឱសានវាទ​នេះ​ទៀត ធ្វើ​ឲ្យ​ការ​មមាញឹក​នៅ​ទៅ​នោះ​កាន់​តែ​ខ្លាំង។ ខ្ញុំ​មិន​សង្ឃឹម​ថា មាត្រា​៩ អាច​អនុវត្ត​បាន​ជោគជ័យ​ទេ បើ​បាន​ជោគជ័យ​គឺ​ជោគជ័យ​មួយ​តែ​បាន​តែ​សមត្ថកិច្ច​ដែល​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការ​ផាក​ពិន័យ​ក្នុង​ចំនួន​មួយ​ច្រើន​កំណត់​ដោយ​អនុក្រឹត្យ​នេះ»

សេចក្ដី​ប្រកាស​រួម​ស្ដីពី​ការ​កែប្រែ​កម្រង​សេវា​សាធារណៈ នៃ​តារាង​ឧបសម្ពន្ធ​ភ្ជាប់​ និង​ប្រកាស​រួម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ស្ដី​ពី​ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​កំណត់​តម្លៃ​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត ឬ​ម៉ូតូ តម្លៃ ៦​ម៉ឺន​រៀល ក្រោយ​ប្រឡង ១០​ថ្ងៃ​បាន​ទទួល​ប័ណ្ណ​បើកបរ និង​ប័ណ្ណ​បើកបរ​នេះ​មាន​សុពលភាព​រយៈពេល ៥​ឆ្នាំ។ ចំណែក​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​ទេសចរណ៍​ប្រភេទ​ខ ឬ​ឡាន​តូច តម្លៃ ១៨​ម៉ឺន​រៀល ក្រោយ​ប្រឡង ១០​ថ្ងៃ​បាន​ទទួល​ប័ណ្ណ​បើកបរ និង​មាន​សុពលភាព​រយៈ​ពេល ៥​ឆ្នាំ។ ប៉ុន្តែ​ជាក់ស្ដែង​អ្នក​ធ្វើ​ប័ណ្ណ​បើកបរ​កន្លង​មក​តែង​រអ៊ូរទាំ​ថា មន្ត្រី​អនុវត្ត​បាន​បង្ក​ឲ្យ​មាន​ភាព​យឺតយ៉ាវ មាន​បញ្ហា​ឧបករណ៍​បច្ចេកទេស និង​មាន​មន្ត្រី​ឆ្លៀត​បម្រើ​សេវា​ខាង​ក្រៅ​ដើម្បី​រក​លុយ​បន្ថែម។

យ៉ាង​ណា​ក៏​ដោយ អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ បង្ហាញ​ទស្សនៈ​ថា គិត​រហូត​មក​ដល់​ពេល​នេះ រយៈពេល​នៃ​ការ​ផ្សព្វផ្សាយ​អប់រំ​លើក​កម្ពស់​ការ​យល់​ដឹង​ខ្លឹមសារ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ពាក់ព័ន្ធ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវ​គោក សម​ល្មម​ឈាន​ដល់​ពេល​វេលា​មួយ​តម្រូវ​ឲ្យ​អនុវត្ត​ច្បាប់ សំដៅ​ឲ្យ​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​ការវិវត្តន៍​ប្រែប្រួល​ថ្មី ពិសេស​កាត់​បន្ថយ​គ្រោះថ្នាក់ និង​ភាព​កក​ស្ទះ​ចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

You are poor and have 9 Motor cycles in your home.How much does it cost for one motor cycle ?

Dec 29, 2015 09:32 PM

អ្នក​អាន​អនាមិក

បើពិតជាអញ្ជឹងមែន យើងកុំពុងបំភ្លេចអង្គភាពរបស់យើងមួយ
នោះគឺអង្គភាពប្រឆាំងអំពើពុករលួយហើយ​ ។​​ សូមអង្គភាពជួយ
ប្រជាជនយើងផង!!

Dec 29, 2015 09:07 PM

អ្នក​អាន​អនាមិក

នេះជា ល្បិច តាចាស់ ហ៊ុន សែន អោយគាបសង្កត់ខ្លាំង រួចហើយចេញមក............. !
ចាំ បន្តិចទៀត តាចាស់ ហ៊ុន សែនធ្វើជា ចិត្តល្អ ចេញមកជួយ ដោះស្រាយ អោយទៀត !

Dec 29, 2015 08:15 AM

អ្នក​អាន​អនាមិក

>. គុណវិបត្តិ ដែលនៅគ្រោះថ្នាក់ :
កំហុស ផ្នែកខាង ប្រជាពលរដ្ឋ = មាន ប័ណ្ណ បើកបរ ប៉ុន្តែ ប្រជាពលរដ្ឋ ខ្លះ គាត់មិនយល់ មិនចេះច្បាប់ ចរាចរ អោយចេះពិតប្រាកដ គ្រោះថ្នាក់ នៅតែមានដដែល !
កំហុស ផ្នែកខាង រដ្ឋ = ដូចជា ផ្លូវក្រឡុក . ផ្លាកសញ្ញា គំនូសសញ្ញា ចរាចរ នៅមានខ្វះចន្លោះច្រើន ! (( ផ្លាកសញ្ញា គំនូសសញ្ញា កន្លែងខ្លះ មាន កន្លែងខ្លះ អត់ )) ............. !

Dec 29, 2015 06:41 AM

កុសល

ពី ភ្នុំពេញ

តើនេះជាឪកាសសំរាប់សមត្ថកិច្ចក្នងការព្រព្រឹត្តអំពើរពុករលួយដែរឬទេ នៅពេលដែលច្បាប់ថ្មីត្រូវបានអនុវត្តន៏ តើប្រជាជនអាចមានការអន្តរាគម៏ណាមួយពីក្រសួងណាមួយបានទេក្នុងពេលគេយកច្បាប់ថ្មីមកគ្រាន់ជាលះដើម្បីប្រព្រឹត្តអំពើពុករលួយស្របច្បាប់ ។

Dec 29, 2015 05:14 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល