ម្ចាស់​ចម្ការ​កៅស៊ូ​គ្រោង​ប្ដឹង​ម្ចាស់​សិប្បកម្ម​ចំហុយ​ជ័រ​កៅស៊ូ​រឿង​ភ្លើង​ឆេះ​ដើម​កៅស៊ូ​នៅ​ត្បូងឃ្មុំ

ដោយ សូត សុខប្រាថ្នា
2015-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដើម​កៅស៊ូ​របស់​ពលរដ្ឋ​នៅ​ឃុំ​វាលម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ងាប់​ដោយ​ភ្លើង​ឆេះ​ចេញ​ពី​រោងចក្រ​សិប្បកម្ម​ចំហុយ​ជ័រ​កៅស៊ូ​នៅ​ក្បែរ​នោះ។ រូបថត​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥
ដើម​កៅស៊ូ​របស់​ពលរដ្ឋ​នៅ​ឃុំ​វាលម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ងាប់​ដោយ​ភ្លើង​ឆេះ​ចេញ​ពី​រោងចក្រ​សិប្បកម្ម​ចំហុយ​ជ័រ​កៅស៊ូ​នៅ​ក្បែរ​នោះ។ រូបថត​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥
Photo Provided

ពលរដ្ឋ​ម្ចាស់​ចម្ការ​កៅស៊ូ​នៅ​ឃុំ​វាលម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មួយ​គ្រួសារ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ចំហុយ​ជ័រ​កៅស៊ូ ទទួល​ខុស​ត្រូវ​សង​ការ​ខូចខាត​ដើម​កៅស៊ូ​គាត់​ជិត ១០០​ដើម ដែល​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ចេញ​ពី​រោងចក្រ​ចំហុយ​ជ័រ​កៅស៊ូ នៅ​ក្បែរ​នោះ។

ម្ចាស់​ចម្ការ​កៅស៊ូ​ព្រមាន​ថា គាត់​នឹង​ដាក់​ពាក្យ​ប្ដឹង ប្រសិន​បើ​នៅ​តែ​មិន​ព្រម​ចេញ​ជា​សំណង​ខ្លះ​ដល់​ការ​ខូចខាត​នោះ​ទេ។ ចំណែក​មេការ​រោងចក្រ​បញ្ជាក់​ថា ខាង​រោងចក្រ​ក៏​ចង់​សម្រួល​ដើម្បី​បញ្ចប់​រឿង​ដែរ ប៉ុន្តែ​ម្ចាស់​ចម្ការ​ទារ​យក​តម្លៃ​ខ្ពស់​ហួសហេតុ​ពេក។

ក្រោយ​ពេល​ឆេះ​ដើម​កៅស៊ូ​ប្រមាណ ៧០​ដើម​អស់​រយៈពេល​ជាង ១​ខែ​ទៅ​ហើយ ពលរដ្ឋ​ម្ចាស់​ដើម​កៅស៊ូ​នៅ​មិន​ទាន់​ទទួល​បាន​សំណង​ណា​មួយ​ពី​ម្ចាស់​រោងចក្រ​ចំហុយ​ជ័រ​កៅស៊ូ​នៅ​ឡើយ។ ម្ចាស់​ចម្ការ​បាន​ទៅ​ចរចា​ជាមួយ​ខាង​ភាគី​រោងចក្រ ដែល​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ដើម​កៅស៊ូ​គាត់​នោះ ប៉ុន្តែ​ពួក​គេ​ហាក់​មាន​ចេតនា​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ ដោយ​លើក​ឡើង​ថា ការ​ឆេះ​នោះ គឺ​ជា​រឿង​អចេតនា ហើយ​ខាង​រោងចក្រ​ក៏​ខូចខាត​ដែរ។

ពលរដ្ឋ​នៅ​ភូមិ​ច្រាប ឃុំ​វាលម្លូ លោក ឌឿន អ៊ី ត្រូវ​ជា​ប្អូន​ម្ចាស់​ចម្ការ​កៅស៊ូ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ភ្លើង​ឆេះ​គំនរ​ឧស​ក្នុង​រោងចក្រ​ចំហុយ​ជ័រ​កៅស៊ូ បណ្ដាល​ឲ្យ​ឆេះ​ដើម​កៅស៊ូ​នៅ​ជិត​ខាង​នោះ​ងាប់។ លោក​ថា ក្រោយ​កើត​ហេតុ លោក​បាន​ទៅ​ជួប​អ្នក​គ្រប់គ្រង​រោងចក្រ ប៉ុន្តែ​គេ​ថា​នឹង​ដោះស្រាយ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ចិន រួច តែ​រហូត​ដល់​ពេល​នេះ​គ្មាន​ដំណឹង​សោះ៖ «ទាមទារ​ឲ្យ​គាត់​សង​តាម​រាប់​ដើម​កៅស៊ូ​ដែល​ខូច​ហ្នឹង។ វា​ជា​ទំនួល​ខុស​ត្រូវ​របស់​រោងចក្រ ព្រោះ​ភ្លើង​ឆេះ​ចេញ​ពី​រោងចក្រ​មក»

កៅស៊ូ​ជាង ៧០​ដើម​ដែល​ខូចខាត​នោះ នឹង​ត្រូវ​ចៀរ​បើក​មុខ​ក្នុង​ខែ​មីនា ប៉ុន្តែ​អ្វីៗ​ត្រូវ​ខកខាន​ទៅ​វិញ។ ពលរដ្ឋ​ដដែល​បញ្ជាក់​ថា ប្រសិន​បើ​ម្ចាស់​រោងចក្រ​នៅ​តែ​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ ពួក​គាត់​នឹង​ដាក់​ពាក្យ​ប្ដឹង​ម្ចាស់​អាជីវកម្ម​នោះ​ទៅ​តុលាការ​តែ​ម្តង។

ទាក់ទង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​សិប្បកម្ម​ចំហុយ​ជ័រ​កៅស៊ូ លោក ទ្រី ឡុង មាន​ប្រសាសន៍​ថា ខាង​លោក​មិន​បាន​គេចវេះ​ក្នុង​ការ​ដោះស្រាយ​ទេ ប៉ុន្តែ​ខាង​ពលរដ្ឋ​ម្ចាស់​ចម្ការ​ទាមទារ​តម្លៃ​មួយ​ខ្ពស់​ពេក។ លោក​ថា ខាង​លោក​ក៏​ជា​អ្នក​រងគ្រោះ ពីព្រោះ​រោង​សិប្បកម្ម​នោះ​មិន​បាន​ដំណើរ​ការ​រយៈពេល ២​ឆ្នាំ​មក​ហើយ។ ចំណែក​ខាង​លោក ក៏​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆេះ​ដូច​គ្នា​ដែរ។ លោក​ថា ប្រសិន​ការ​ឆេះ​ពេល​នោះ​ខាង​សិប្បកម្ម​លោក​ជា​អ្នក​បង្ក លោក​អះអាង​ថា​នឹង​ចេញ​ថ្លៃ​ខូចខាត​ទាំង​ស្រុង​ទៅ​តាម​តម្លៃ​ទីផ្សារ ប៉ុន្តែ​បញ្ហា​កើត​ឡើង​នេះ​លោក​ចាត់​ទុក​ថា​ជា​ឧបហេតុ​សុទ្ធសាធ។ លោក​ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​បញ្ចប់​បញ្ហា​នេះ ជា​ជាង​ធ្វើ​ឲ្យ​រឿង​កាន់​វែង​ឆ្ងាយ​ត​ទៅ​ទៀត ប៉ុន្តែ​បើ​ពលរដ្ឋ​សម្រេច​ប្ដឹង គឺ​ជា​រឿង​របស់​គាត់៖ «បើ​ខ្ញុំ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ ខ្ញុំ​ចេញ​សង​មួយ​រយ​ភាគរយ ប៉ុន្តែ​នេះ​ជា​ឧបហេតុ​អ៊ីចឹង។ យើង​គួរ​សម្រួល​គ្នា​ទៅ ល្មម​សម​ទៅ​បាន​ហើយ»

លោក​បន្ត​ថា ខាង​ថៅកែ​ធ្លាប់​សម្រួល​ឲ្យ​ម្ចាស់​ចម្ការ​កៅស៊ូ​នូវ​ថ្លៃ​ខូចខាត​ទាំងអស់​ចំនួន ៥០​ម៉ឺន​រៀល ប៉ុន្តែ​ខាង​ម្ចាស់​កៅស៊ូ​ទាមទារ​តម្លៃ ២០​ម៉ឺន​រៀល​ក្នុង​ដើម​កៅស៊ូ​មួយ។

យ៉ាង​ណា មេ​ឃុំ​វាលម្លូ លោក ហំ សាំ មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​លោក​ទទួល​បាន​លិខិត​ពី​ពលរដ្ឋ​ជុំវិញ​បញ្ហា​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ប៉ុន្តែ​លិខិត​នោះ​ដាក់​មក គឺ​មិន​មាន​ភាព​ច្បាស់លាស់ ទើប​លោក​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​មេ​ភូមិ​ពិនិត្យ​ឡើង​វិញ។ លោក​ថា កាល​ណា​ទទួល​បាន​ពាក្យ​បណ្ដឹង​ត្រឹមត្រូវ​ហើយ ខាង​លោក​គ្រោង​នឹង​កោះ​ហៅ​ភាគី​ទាំង​ពីរ​មក​សម្រប​សម្រួល​គ្នា ដើម្បី​បញ្ចប់​បញ្ហា ជៀសវាង​ធ្វើ​ឲ្យ​រឿង​កាន់​តែ​វែង​ឆ្ងាយ។

ដោយ​ឡែក​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា វា​ពិបាក​ក្នុង​ការ​ទាមទារ​ឲ្យ​ភាគី​ណា​មួយ​ត្រូវ​តែ​ចេញ​សង​ការ​ខូចខាត​ទាំង​ស្រុង ពីព្រោះ​ភាគី​ទាំង​ពីរ​ជា​អ្នក​រងគ្រោះ​ដូច​គ្នា៖ «អា​ហ្នឹង​វា​អត់​អ្នក​ណា​ត្រូវ​ចេញ​ថ្លៃ​ទេ ព្រោះ​គាត់​នោះ​ក៏​ត្រូវ​គេ​ដុត​ដែរ បើ​ឆេះ​រាល​មក​អា​ហ្នឹង​គាត់​ក៏​មិន​ចង់​ណា៎»

តែ​យ៉ាង​ណា លោក នាង សុវ៉ាត បន្ត​ថា ដើម្បី​ជៀសវាង​អូស​បន្លាយ​បញ្ហា​នេះ​បន្ត​ទៀត ភាគី​ទាំង​ពីរ​អាច​សម្រួល​គ្នា​តាម​លក្ខណៈ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​កំណត់​តម្លៃ​ការ​ខូចខាត​ទៅ​តាម​ការ​ព្រមព្រៀង​គ្នា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល