កម្មករ​រោងចក្រ​កាត់​ដេរ​ខនប្រេស​ហូលឌីង​តវ៉ា​ដុត​កង់​ឡាន​ទាមទារ​ថៅកែ​ឲ្យ​គោរព​ច្បាប់

ដោយ ចេង ម៉េងជូ
2015-12-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ខនប្រេស ហូលឌីង (Conpress Holding) តវ៉ា​មុខ​រោងចក្រ​ស្ថិត​នៅ​ភូមិ​ទួលរកា សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ខនប្រេស ហូលឌីង (Conpress Holding) តវ៉ា​មុខ​រោងចក្រ​ស្ថិត​នៅ​ភូមិ​ទួលរកា សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Cheng Mengchou

កម្មករ​កម្មការិនី​កាត់​ដេរ​សម្លៀកបំពាក់​ប្រមាណ ១០០​នាក់ នៃ​រោងចក្រ ខនប្រេស ហូលឌីង (Conpress Holdings) ស្ថិត​នៅ​ភូមិ​ទួលរកា សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ការងារ។ កូដកម្ម​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ នេះ ធ្វើ​ឡើង​នៅ​ខាង​មុខ​រោងចក្រ ដោយ​មាន​ដុត​កង់​ឡាន និង​ស្រែក​ទាមទារ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ ក្រោយ​ពី​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក។

កូដកម្ម​របស់​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ ខនប្រេស ហូលឌីង ឈាន​ដល់​ថ្ងៃ​ទី​៨ ហើយ ដោយ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។ កម្មករ​ទាំង​នោះ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ។

ភាគី​កម្មករ​លើក​ឡើង​ថា កូដកម្ម​ដែល​អូស​បន្លាយ​រយៈពេល​ជាង​មួយ​សប្ដាហ៍​នេះ កើត​ឡើង​បន្ទាប់​ពី​រោងចក្រ​បញ្ឈប់​កម្មករ​ជា​ហូរហែ​ពី​ចំនួន ១.៧០០​នាក់ មក​នៅ​ត្រឹម​ប្រមាណ​ជាង ៦០០​នាក់ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​សមរម្យ ហើយ​មិន​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​នោះ​ទេ។

កម្មការិនី​រោងចក្រ​ម្នាក់​ឈ្មោះ កែវ ចាន់ធួន អះអាង​ថា គាត់​បាន​ធ្វើ​ការ​ឲ្យ​រោងចក្រ ខនប្រេស ហូលឌីង នេះ​អស់​រយៈពេល ៣​ឆ្នាំ​មក​ហើយ ដែល​តាម​ច្បាប់​ការងារ គាត់​ត្រូវ​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ក្នុង​ករណី​រោងចក្រ​បញ្ឈប់​ការងារ​របស់​គាត់៖ «ពេល​ដែល​គាត់​ផ្ដាច់​កិច្ចសន្យា​កម្មករ ភាគ​ច្រើន​គាត់​អត់​ជូន​ដំណឹង​កម្មករ​មុន​ទេ ថា​ឥឡូវ​គាត់​ត្រូវ​ផ្ដាច់​កិច្ចសន្យា​កម្មករ ឬ​បញ្ឈប់​កម្មករ​ថ្ងៃ​នេះ ប៉ុន​នេះ អត់​ជូន​ដំណឹង​មុន​ទេ។ ពេល​ខ្លះ​គាត់​ប្រាប់​ពេល​ព្រឹក គាត់​បញ្ឈប់​ពេល​ល្ងាច​តែ​ម្ដង តែ​គាត់​ថា​លុយ​លើក​ទឹក​ចិត្ត សម្រាប់​ក្រុមហ៊ុន​បាន​តែ ២០​ដុល្លារ​ទេ ដល់​ពេល​ខ្ញុំ​មក​ចូលរួម​កូដកម្ម​ទាមទារ​នូវ​អត្ថប្រយោជន៍​ទាំងអស់​ហ្នឹង គាត់​ថា​សូម្បី​តែ​មួយ​រយ​លុយ​ខ្មែរ ក៏​គាត់​មិន​ឲ្យ​ទេ ខាង​ភាគី​រោងចក្រ»

កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ខនប្រេស ហូលឌីង (Conpress Holding) តវ៉ា​ដុត​កង់​ឡាន​មុខ​រោងចក្រ​ស្ថិត​នៅ​ភូមិ​ទួលរកា សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Cheng Mengchou
កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ខនប្រេស ហូលឌីង (Conpress Holding) តវ៉ា​ដុត​កង់​ឡាន​មុខ​រោងចក្រ​ស្ថិត​នៅ​ភូមិ​ទួលរកា សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Cheng Mengchou

មន្ត្រី​សម្រប​សម្រួល​នៃ​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ លោក ញ៉ាំង សំបូរ ដែល​ដឹក​នាំ​កូដកម្ម​នោះ អះអាង​ថា ទោះ​បី​ជា​កន្លង​ទៅ ក្រុម​កម្មករ​បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ​ក៏ដោយ ក៏​នៅ​តែ​មិន​ទទួល​បាន​ដំណោះស្រាយ​អ្វី​ឡើយ៖ «ប៉ុន្មាន​ថ្ងៃ​នេះ យើង​បាន​ដាក់​ស្នើ​ទៅ​ខាង​អភិបាល​ខណ្ឌ​មានជ័យ ក៏​គាត់​បាន​ធ្វើ​អន្តរាគមន៍​ដែរ ហើយ​គាត់​ក៏​បាន​ធ្វើ​ការ​សន្យា​ជាមួយ​កម្មករ ហើយ​ភាគី​ក្រុមហ៊ុន​ក៏​បាន​សន្យា​ដែរ​ថា នឹង​រក​ដំណោះស្រាយ​ជូន​បង​ប្អូន​កម្មករ​នៅ​ថ្ងៃ​ច័ន្ទ ម្សិល​ម្ង៉ៃ​នេះ ប៉ុន្តែ​ដំណោះស្រាយ​ហ្នឹង​វា​អត់​មាន​បាន​អី​ជាក់លាក់​ទេ គឺ​វា​សូន្យ​ទាំងអស់ ហើយ​អត់​មាន​ការ​ចរចា​ណា​មួយ​ពិត​ប្រាកដ​ដែរ។ លក្ខខណ្ឌ​ដែល​ការ​ទាមទារ​ទាំង​ប្រាំមួយ​ចំណុច​ហ្នឹង គឺ​ចំណុច​មួយ​ណា​ក៏​អត់​មាន​ដែរ។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បោះ​ពាក្យ​ថា តែ​មួយ​កាក់​លុយ​ខ្មែរ ក៏​ក្រុមហ៊ុន​មិន​ឲ្យ​កម្មករ​ដែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បញ្ជាក់​ថា មន្ត្រី​នៃ​ក្រសួង​ការងារ កំពុង​សម្រប​សម្រួល​ភាគី​ទាំង​ពីរ​ក្នុង​វិវាទ​នេះ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​តំណាង​រោងចក្រ ដើម្បី​សុំ​ការ​ឆ្លើយ​តប ប៉ុន្តែ​តំណាង​រោងចក្រ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ទី​៨ ធ្នូ។

នៅ​ត្រឹម​រសៀល​ថ្ងៃ​ទី​៨ ខែ​ធ្នូ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល បាន​ចេញ​លិខិត​បង្គាប់​បញ្ជា​ឲ្យ​កម្មករ​កម្មការិនី​ដែល​ធ្វើ​កូដកម្ម​នោះ​ចូល​ធ្វើ​ការ​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ប្រសិន​បើ​ពួក​គេ​ចង់​បាន​ដំណោះស្រាយ។

យ៉ាង​ណា​ក៏ដោយ ភាគី​កម្មករ​ចាត់​ទុក​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​នេះ​ថា មិន​យុត្តិធម៌ ហើយ​អះអាង​ថា នឹង​បន្ត​ធ្វើ​កូដកម្ម​រហូត​ដល់​មាន​ដំណោះស្រាយ​សមរម្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល