អធិការ​ស្រុក​ពាមជរ​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

ដោយ ម៉ែន សុធីរ
2015-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អធិការ​ស្រុក​ពាមជរ រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ប្រើ​អំណាច​គំរាម​ដក​តំណែង​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម​ដោយ​គ្មាន​មូលហេតុ។ មន្ត្រី​ថ្នាក់​ក្រោម​អះអាង​ថា ទង្វើ​នេះ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​រក្សា​សន្តិសុខ​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​របស់​មន្ត្រី​នៅ​តាម​មូលដ្ឋាន។

​នគរបាល​ស្រុក​ពាមជរ អះអាង​ថា ពួកគាត់​ទ្រាំ​លែង​បាន​ចំពោះ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​អធិការ​ស្រុក​ពាមជរ នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​បំពេញ​ភារកិច្ច​របស់​ពួកគាត់​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​មូលដ្ឋាន។

តំណាង​មន្ត្រី​នគរបាល​ស្រុក​ពាម​ជរ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ឧសភា ថា អធិការ​ស្រុក​ពាមជរ លោក ជាង ប៊ុន្ថាន បាន​គំរាម​ដក​តំណែង​លោក​ជា​រឿយៗ បើ​ទោះ​បី​លោក​ពុំ​បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ឆ្គង​ក្តី។ បន្ថែម​ពី​លើ​នេះ​ទៀត របប​ប្រេងសាំង​សម្រាប់​នគរបាល​ប៉ុស្តិ៍​ប្រចាំ​ឆមាស និង​ថវិកា​សម្រាប់​បេសកកម្ម​ចុះ​ល្បាត​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សន្តិសុខ​តាម​មូលដ្ឋាន​ផ្សេងៗ​ទៀត ក៏​ត្រូវ​លោក​អធិការ​រូប​នេះ​កិបកេង​គ្រប់​ប៉ុស្តិ៍​ដែរ។

លោក​បន្ត​ថា លោក​ធ្លាប់​បាន​សរសេរ​លិខិត​ប្ដឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ស្រេង ជា ដែរ​កន្លង​មក។ ប៉ុន្តែ​លោក​ស្នងការ​រូប​នេះ​មិន​បាន​ដោះស្រាយ​ឡើយ ថែម​ទាំង​ស្តី​បន្ទោស​លោក​ទៅ​វិញ។ លោក​ថា អធិការ​ស្រុក​ពាមជរ តែង​តែ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​តាម​កន្លែង​ប្រព្រឹត្ត​បទល្មើស​ដូចជា​ទីតាំង​ជល់​មាន់ កន្លែង​ចាក់​កន្ទុយលេខ និង​កន្លែង​លេងល្បែង​ស៊ីសង​ជាដើម៖ «គាត់​តែង​ប្រើ​ពាក្យ​អ៊ីចឹង ប្រាប់​ថា ពួក​ឯង​នៅ​ឲ្យ​ស្ងៀម ប្រយ័ត្ន​អញ​ដក​តំណែង​ពួក​ឯង។ គាត់​ប្រើ​សុទ្ធតែ​ពាក្យ​អសុរស​ទាំង​អស់ គ្រាន់​តែ​ថា ខ្ញុំ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថ្នាក់ដឹកនាំ​គាត់​ប្រើ​ពាក្យ​សម្ដី​របៀប​ហ្នឹង​យើង​ធ្វើ​ឲ្យ​កងកម្លាំង​ក្រោម​ឲ្យ​វាទ ដូច​ពិបាក​នឹង​ធ្វើ​ការងារ​ណាស់»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ពី​អធិការ​ស្រុក​ពាមជរ លោក ជាង ប៊ុន្ថា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា។ តែ​អធិការ​រង​ស្រុក​ពាមជរ លោក ប៉ា វន ទទួល​ស្គាល់​ថា លោក​អធិការ​ស្រុក​ពាមជរ ពិតជា​ធ្លាប់​បាន​ប្រើ​ពាក្យ​គំរោះគំរើយ​ទៅ​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម​មែន។ ក៏ប៉ុន្តែ​លោក​មិន​បាន​បកស្រាយ​លម្អិត​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ដោយ​បង្វែរ​ឲ្យ​សួរ​ទៅ​លោក​អធិការ​វិញ៖ «ខ្ញុំ​បាន​ប្រាប់​គាត់ កុំ​និយាយ​អ៊ីចឹង មិន​ត្រូវ​និយាយ​អ៊ីចឹង​ទេ ខ្ញុំ​បាន​កែសម្រួល​ហើយ ខ្ញុំ​អ្នក​កែសម្រួល​គាត់​កន្លង​មក​ថា​ឈប់​និយាយ​អ៊ីចឹង​ទៅ»

​យ៉ាង​នេះ​ក្តី ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ស្រេង ជា បាន​ទទួល​ទូរស័ព្ទ​ហើយ​បញ្ជាក់​យ៉ាង​ខ្លី​ថា នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​នគរបាល។ បន្ទាប់​មក​លោក​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ​ទៅ​វិញ៖ «ប៉ូលិស​ប៉ុស្តិ៍​ផ្ទៃ​ក្នុង​ខ្ញុំ ខ្ញុំ​ចេះ​ចាត់ចែង​ដោះស្រាយ ខ្ញុំ​រក​ផ្លូវ​កណ្ដាល​ដើរ​បាន​ហើយ»

​អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា បើ​អធិការ​ស្រុក​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​គឺ​ជា​ការ​រំលោភ​អំណាច និង​សិទ្ធិ​នគរបាល​ថ្នាក់​ក្រោម ថែម​ទាំង​កិបកេង​លុយ​ចំណាយ​របស់​រដ្ឋ​សម្រាប់​នគរបាល​ថ្នាក់​ក្រោម ហើយ​វា​គឺ​ជា​ប្រភេទ​នៃ​អំពើ​ពុករលួយ។

លោក​ជំរុញ​ឲ្យ​នគរបាល​រង​គ្រោះ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​បន្ទាន់៖ «សន្តិសុខ​ដែល​ធានា​បាន​នូវ​សុវត្ថិភាព​ប្រជាពលរដ្ឋ គឺ​ដោយសារ​ការ​បំពេញ​ការងារ​របស់​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​មូលដ្ឋាន​ហ្នឹង​មាន​ភាព​សកម្ម ហើយ​គេ​អាច​ឆ្លើយ​តប​រាល់​តម្រូវការ រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ»

​លោក​អធិការ​​ស្រុក​ពាមជរ ឲ្យ​ដឹង​ថា អធិការដ្ឋាន​នគរបាល​ស្រុក​ពាមជរ មាន​មន្ត្រី​នគរបាល​សរុប​ចំនួន ៩៩​នាក់ ក្នុង​នោះ​មាន​ប៉ុស្តិ៍​នគរបាល​ចំនួន ១០ សម្រាប់​ឃុំ​នីមួយៗ ក្នុង​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល