អង្គការ​សង្គម​ស៊ីវិល​ចង់​ឲ្យ​ក្រសួង​ដាក់​មេរៀន​ពុករលួយ​ក្នុង​កម្មវិធីសិក្សា

ដោយ ទីន ហ្សាការីយ៉ា
2015-06-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) លោក ព្រាប កុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៤។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) លោក ព្រាប កុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៤។
Photo: RFA

អំពើ​ពុករលួយ​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ចោទ​ដ៏​ធ្ងន់ធ្ងរ​នៅ​ឡើយ​នៅ​សង្គម​កម្ពុជា ទោះ​បី​ជា​កម្ពុជា មាន​ច្បាប់ និង​អង្គភាព​ប្រឆាំង​ពុករលួយ​ហើយ​ក្តី។ បញ្ហា​នេះ អង្គការ​តម្លាភាព​កម្ពុជា ជំរុញ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បញ្ជ្រាប​មេរៀន​អំពើ​ពុករលួយ​ទៅ​ក្នុង​កម្មវិធីសិក្សា​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​យល់​ច្បាស់​អំពី​ច្បាប់ និង​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ពេល​អនាគត។

ការ​សូក​ប៉ាន់ ការ​ទាមទារ​សំណូក ឬ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​ស្ថាប័ន​ជាតិ​នីមួយៗ ដែល​បញ្ហា​នេះ បាន​ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ទៅ​ហើយ​នៅ​កម្ពុជា។

អង្គភាព​អំពើ​ពុករលួយ​ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ឡើង រួម​ទាំង​ច្បាប់​ផង ក៏ប៉ុន្តែ​ច្បាប់​នេះ មិន​ត្រូវ​បាន​មន្ត្រី​មាន​អំណាច និង​មន្ត្រី​រាជការ​មួយ​ចំនួន​មិនទាន់​ខ្លាចរអា​នៅ​ឡើយ។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​សិស្ស និស្សិត​មួយ​ចំនួន​លើក​ឡើង​ថា ការ​បោសសំអាត​អំពើ​ពុករលួយ​នៅ​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព​នោះ គឺ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត ពិសេស​នោះ​គឺ​ការ​អប់រំ​ប្រជាពលរដ្ឋ និង​ការ​ដាក់​បញ្ចូល​មេរៀន​ពុករលួយ​ទៅ​ក្នុង​កម្មវិធីសិក្សា ពី​ថ្នាក់​បឋម​រហូត​ដល់​ថ្នាក់​ឧត្ដម​សិក្សា។

​បច្ចុប្បន្ន​នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​រៀបចំ​មេរៀន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ដាក់​បង្រៀន​នៅ​ថ្នាក់​វិទ្យាល័យ​ពី​ថ្នាក់​ទី​១០ ដល់​ថ្នាក់​ទី​១២ ប៉ុន្តែ​ការ​ដាក់​បញ្ចូល​មេរៀន​ទាំង​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។

និស្សិត​នៃ​សាកលវិទ្យាល័យ​ខេមរៈ លោក ម៉េង អាត ដែល​លោក​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា ស្ដីពី​ការ​បញ្ចូល​ប្រធានបទ​ស្ដីពី "តួនាទី​របស់​ពលរដ្ឋ​និង​អភិបាលកិច្ច" នៅ​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា។ លោក​មាន​ប្រសាសន៍​ថា ការ​បញ្ចូល​មេរៀន​ពុករលួយ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ឲ្យ​បាន​ទូលំទូលាយ ជា​រឿង​សំខាន់​មួយ ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​មាន​ការ​យល់​ដឹង​ពី​អំពើ​ពុករលួយ និង​ដើម្បី​ប្រែក្លាយ​យុវជន​ជំនាន់​ក្រោយ​ក្លាយ​ជា​យុវជន​ស្អាតស្អំ៖ «អំពើ​ពុករលួយ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​សង្គម​ស្អប់​ខ្ពើម សូម្បីតែ​នៅ​ប្រទេស​ចិន ប្រមុខ​ដឹកនាំ​ចិន បាន​ដាក់​វិធានការ​តឹងរ៉ឹង​បង្ក្រាប​អំពើ​ពុករលួយ។

លោក ម៉េង អាត បន្ថែម​ថា សព្វថ្ងៃ​នេះ ការ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មិន​ទាន់​បាន​ទូលំទូលាយ​នៅ​ឡើយ។ លោក​អះអាង​ថា បើ​សិន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ដាក់​បញ្ចូល​មេរៀន​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ថ្នាក់​រៀន​ចាប់​ពី​បឋម​សិក្សា​ដល់​ឧត្ដម​សិក្សា​នោះ គឺ​អាច​ជួយ​បង្កើន​ការ​យល់​ដឹង​បាន​ច្រើន​ដល់​យុវជន៖ «ថ្វី​ត្បិត​តែ​យើង​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មែន តែ​សួរ​ថា ប៉ុន្មាន​ភាគរយ​ដែល​ប្រជាពលរដ្ឋ​យើង​យល់ដឹង​ពី​ច្បាប់​ពុករលួយ? ម្យ៉ាង​ទៀត ច្បាប់​ពុករលួយ​ពាក្យពេចន៍​ខ្លះ​ជ្រៅ ប្រជាពលរដ្ឋ​សាមញ្ញ​មិន​អាច​យល់​បាន»

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ដាក់​បញ្ចូល​មេរៀន​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​ក្នុង​មុខវិជ្ជា​សីលធម៌​សង្គម​តាំង​ពី​ឆ្នាំ​២០០៤ មក ដែល​បង្រៀន​ចាប់ពី​ថ្នាក់​ទី​១០ ១១ និង​ថ្នាក់​ទី​១២ ដែល​ក្នុង​ថ្នាក់​នីមួយៗ​មាន​ចំនួន ៤​មេរៀន។

យុវសិស្ស​ថ្នាក់​ទី​១១ មក​ពី​វិទ្យាល័យ​មួយ​ក្នុង​ខែត្រ​កំពង់ធំ ឈ្មោះ ផាន ជាងអំ បាន​និយាយ​ថា គាត់​បាន​យល់​ដឹង​ពី​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ខ្លះៗ តាម​រយៈ​ការ​សិក្សា​នេះ។ លោក​បញ្ជាក់​ថា ការ​បញ្ជ្រាប​មេរៀន​នៅ​ក្នុង​ថ្នាក់រៀន​ជា​រឿង​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​យុវជន​ក្មេង​ជំនាន់​ក្រោយ​គេច​ផុត​ពី​អំពើ​ពុករលួយ និង​មិន​ចង់​យក​គំរូ​តាម​មេដឹកនាំ​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ៖ «ចំណុច​ខ្លាំង​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គឺ​អំពើ​ពុករលួយ​នេះ​តែម្ដង ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​ជួប​អំពើ​ពុករលួយ​នេះ​ដែរ ខ្ញុំ​ចង់​ឲ្យ​អំពើ​ពុករលួយ​នេះ​សាបសូន្យ​នៅ​លើ​ពិភពលោក​ទាំង​មូល»

អំពើ​ពុករលួយ គឺ​ជា​ឧបសគ្គ និង​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ជាតិ​រាប់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំៗ ដែល​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ការ​បែងចែក​ភោគផល​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌ និង​ស្មើភាព ព្រម​ទាំង​ការវិវត្តន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រភេទ​បទល្មើស​ពុករលួយ​ចម្បងៗ​បច្ចុប្បន្ន​រួម​មាន បទល្មើស​ស៊ីសំណូក បទល្មើស​សូកប៉ាន់ បទល្មើស​រំលោភ​អំណាច និង​បទល្មើស​វិតិក្រម​ជាដើម។

​ប្រធាន​រដ្ឋ​សភា​អំពាវនាវ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពង្រឹង​តួនាទី​អប់រំ​ទប់ស្កាត់ និង​ចាត់​វិធានការ​ច្បាប់​បង្ក្រាប​អំពើ​ពុករលួយ ដែល​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​មិន​អាច​លុប​បំបាត់​បាន​ទាំង​ស្រុង​នៅ​ឡើយ។

លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ឈ្វេងយល់​ពី​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ថា អំពើ​ពុករលួយ​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ពិបាក​ទប់ស្កាត់ ព្យាបាល និង​លុប​បំបាត់។ លោក​អំពាវនាវ​ឲ្យ​មាន​ឆន្ទៈ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ចូលរួម​ប្រឆាំង​អំពើ​ពុករលួយ​ទាំង​អស់​គ្នា ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ ត្រូវ​តែ​ពង្រឹង​តួនាទី​អប់រំ ទប់ស្កាត់ និង​ចាត់​វិធានការ​ច្បាប់​ជា​បន្ទាន់ ដើម្បី​លុបបំបាត់​អំពើ​ពុករលួយ​បាន។

កន្លង​មក​ប្រជាពលរដ្ឋ​ចាត់​ទុក​អំពើ​ពុករលួយ​ជា​រឿង​ធម្មតា និង​ជា​មធ្យោបាយ​ដើម្បី​រស់​របស់​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ប៉ុន្តែ​ឥឡូវ​នេះ ប្រជាពលរដ្ឋ​បាន​ចាត់​ទុក​អំពើ​ពុករលួយ​ជា​បញ្ហា​ធំ​បំផុត​សម្រាប់​សង្គម​កម្ពុជា ទោះ​ជា​កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ហើយ​ក្ដី តែ​អំពើ​ពុករលួយ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​នៅ​ឡើយ។ នៅ​ក្នុង​វិស័យ​អប់រំ​វិញ ប្រាក់​ខែ​តិច​របស់​គ្រូ​បង្រៀន​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​គ្រូបង្រៀន​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែរ ដូចជា ការ​បង្ខំ​ឲ្យ​សិស្ស​បង់លុយ​ឲ្យ​ប្រចាំ​ថ្ងៃ​ជាដើម។

​ការ​ដាក់​បញ្ចូល​មេរៀន​ពុករលួយ​ទៅ​ក្នុង​កម្មវិធី​សិក្សា​នេះ ក៏​ជា​ផ្នែក​មួយ​ឲ្យ​សិស្ស​យល់​ដឹង​ពី​អំពើ​ពុករលួយ​ផង និង​ជា​កត្តា​ទប់ស្កាត់​ឲ្យ​អ្នក​គ្រប់គ្រង​សាលា​មួយ​ចំនួន​កិបកេង​ប្រាក់​សម្រាប់​ទ្រទ្រង់​សាលា​ផង។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា ការ​ដាក់​បញ្ចូល​មេរៀន​ពុករលួយ​នៅ​ថ្នាក់​វិទ្យាល័យ​នេះ ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ ព្រោះ​ថា ខាង​ក្រសួង​មិន​ទាន់​ញែក​មេរៀន​នេះ​ដាច់​ដោយ​ឡែក និង​ម៉ោង​ពេល​បង្រៀន​មិន​ទាន់​កំណត់​ច្បាស់លាស់​នៅ​ឡើយ។

ក្រៅ​ពី​នេះ​ទៀត លោក ព្រាប កុល ចង់​ជំរុញ​ឲ្យ​ក្រសួង​អប់រំ ត្រូវ​ដាក់​បញ្ចូល​មេរៀន​ពុករលួយ​ពី​ថ្នាក់​បឋម​ដល់​ឧត្ដមសិក្សា​ដើម្បី​ធានា​ថា យុវជន​ជំនាន់​ក្រោយ​​ក្លាយ​ជា​មេដឹកនាំ​ស្អាត​សំ និង​មាន​សុចរិត​ភាព​នៅ​ក្នុង​ការដឹកនាំ​របស់​ខ្លួន៖ «អាស្រ័យ​លើ​លោកគ្រូ អ្នកគ្រូ ឬ​អ្នក​គ្រប់គ្រង​សាលា​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ មិន​ទាន់​កំណត់​ច្បាស់លាស់ ហើយ​យើង​កំពុង​តែ​ឃ្លាំមើល​បញ្ហា​នេះ»

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​ការិយាល័យ​សិក្សា​រៀបចំ​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា អ្នកស្រី ជិន យ៉ាហន ទទួល​ស្គាល់​ថា ការ​បញ្ជ្រាប​មេរៀន​ពុករលួយ​នៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​មាន​កម្រិត​នៅ​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា ក្រសួង​អប់រំ សហការ​នឹង​ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​រៀបចំ​មេរៀន​បន្ថែម​ទៀត​សម្រាប់​ថ្នាក់​បឋមភូមិ​ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​៩៖ «អាច​ឆ្លុះ​បញ្ចាំង​ពី​ភាព​ខុស​ឆ្គង សិស្ស​អាច​មើល​ឃើញ​អំពើ​ពុករលួយ តែ​ទោះជា​យ៉ាងណា​ក៏​កា​រៀប​ចំ​នេះ​មិន​ទាន់​បាន​ជា​ល្អ​សមស្រប​ល្អ ១០០% នៅ​ឡើយ ព្រោះ​មិន​ទាន់​បាន​រៀបចំ​ឲ្យ​ទៅ​ជា​កម្មវិធី​ជាតិ​តែមួយ ព្រោះ​នៅ​តែ​ជា​ឯកសារ​បន្ថែម​នៅ​ឡើយ»

​អ្នកស្រី ជិន យ៉ាហន បន្ថែម​ថា អ្នកស្រី​នឹង​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​ដក​មុខវិជ្ជា​ពលរដ្ឋវិទ្យា និង​សីលធម៌ ដែល​ក្នុង​នោះ​បាន​បញ្ចូល​មេរៀន​ពុក​រលួយ​ដែរ​នោះ ឲ្យ​ដាក់​ដាច់ឡែក​ពី​សៀវភៅ​សិក្សា​សង្គម និង​បែងចែក​ម៉ោង​សិក្សា​ឲ្យ​បាន​ជាក់លាក់​ជាង​នេះ​ទៅ​លើ​មេរៀន​ពុករលួយ។

បញ្ហា​ពុករលួយ​នៅ​តែ​កើត​មាន​ជា​ទូទៅ ទាំង​វិស័យ​ឯកជន ទាំង​វិស័យ​សាធារណៈ។ ការ​ទាមទារ​សំណូក និង​ការ​ផ្ដល់​សំណូក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ និង​គណនេយ្យភាព​របស់​ស្ថាប័ន​អភិបាលកិច្ច​ទាំង​នេះ។

អ្នក​ជំនាញ​ខាង​អប់រំ​លើក​ឡើង​ថា ការ​បណ្ដុះបណ្ដាល​អប់រំ​ពលរដ្ឋ យុវជន ឲ្យ​យល់​ដឹង​ពី​សុចរិតភាព អភិបាលកិច្ច​ល្អ តាមរយៈ​ការ​ដាក់​បញ្ចូល​មេរៀន​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ជា​រឿង​មួយ​ចាំបាច់​ណាស់ ដើម្បី​ឲ្យ​យុវជន​ស្គាល់​ពី​តម្លៃ​សុចរិតភាព និង​ជួយ​ទប់ស្កាត់​អំពើ​ពុករលួយ ពិសេស​នឹង​ប្រែក្លាយ​សង្គម​កម្ពុជា ទៅ​ជា​សង្គម​ដែល​មាន​សីលធម៌​ល្អ មាន​សុចរិតភាព​ពិត​ប្រាកដ​នៅ​ពេល​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល