ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ពិនិត្យ​ប៉ុស្តិ៍​កុងត្រូល​ជំរិត​ទារ​លុយ​ខុស​ច្បាប់

ដោយ រដ្ឋា វិសាល
2015-06-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​ថា ប៉ុស្តិ៍​ឆែកឆេរ​របស់​​មន្ត្រី​អាវុធហត្ថ​មួយ​កន្លែង​បង្កើត​ឡើង​បែប​កុងត្រូល​ខុស​ច្បាប់​គាបសង្កត់​ទារ​ប្រាក់​ពី​រថយន្ត​ដឹក​អ្នក​ដំណើរ និង​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​សម្ភារៈ ឬ​គ្រឿង​សង្ហារិម​ឆ្លង​កាត់​តំបន់​នោះ។ បង្កើត​អោយ​មាន​កុងត្រូល​នោះ​គឺ​ខុស​ទៅ​នឹង​ការ​​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ហាម​មិន​ឲ្យ​មាន​កុងត្រូល តាម​ផ្លូវ​ស្ទាក់​ឃាត់​រថយន្ត​រំខាន​ការ​​ធ្វើ​ដំណើរ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ។

​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ជា​ពិសេស មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​អាវុធហត្ថ​ពីរ​នាក់​ដែល​បង្កើត​កុងត្រូល​ខុស​ច្បាប់​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​ប្រកប​របរ​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថយន្ត​ពី​ភូមិ​ស្រែគរ​ទៅ​ខេត្ត​ស្ទឹងត្រែង សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​ថា ជិត​មួយ​ខែ​កន្លង​ទៅ​នេះ មាន​មន្ត្រី​អាវុធហត្ថ​ពីរ​នាក់​មក​ពី​​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង មក​ឈរ​ជើង​បង្កើត​ជា​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​ចំណុច​ផ្លូវ​ចូល​ភូមិ​ស្រែគរ ហើយ​ស្ទាក់​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ដែល​មាន​ផ្ទុក​គ្រឿង​សង្ហារិម​បន្តិច​​បន្តួច​ដើម្បី​ទារ​ប្រាក់​ពី​ម្ចាស់​រថយន្ត​ក្រោម​ហេតុផល​ថា រថយន្ត​នោះ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​ដដែល​សំដែង​ការ​ខឹងសម្បា​ដោយសារ​មន្ត្រី​អាវុធហត្ថ​ទាំង​ពីរ​ទារ​ប្រាក់​ពី ១០​ម៉ឺន ទៅ ២០​ម៉ឺន​ក្នុង​រថយន្ត ឬ​គោយន្ត​មួយ​គ្រឿង។ ប្រសិន​ម្ចាស់​រថយន្ត ឬ​ម្ចាស់​គោយន្ត​មិន​ព្រម​បង់​​ប្រាក់​តាម​ការ​កំណត់​នោះ​ទេ មន្ត្រី​អាវុធហត្ថ​ប្រើ​អំណាច​ស្ទាក់​ទុក​រថយន្ត​មិន​ឲ្យ​ឆ្លង​កាត់​ផ្លូវ​នោះ​​បាន​ឡើយ៖ «ឡាន​យើង​រត់​តាក់ស៊ី រត់​ចេញ​ពី​ភូមិ​ហ្នឹង ទៅ​ស្ទឹងត្រែង ដាក់​ទ្វារ​មួយ​វង់​ពីរ​ហ្នឹង ក៏​អត់​បាន​ដែរ។ ទារ​មួយ​ឡាន​ ៥០​ដុល្លារ ប៉េអឹម​ខេត្តៗ ថា​មេ​ឲ្យ​មករ​ក​លុយ»

​ដូច​គ្នា​នេះ​ដែរ ស្ត្រី​រស់​នៅ​ភូមិ​ស្រែគរ ម្នាក់​ទៀត និយាយ​ដោយ​កំហឹង​ថា មន្ត្រី​អាវុធហត្ថ​ទាំង​ពីរ​ប្រើប្រាស់​អាវុធ​គំរាម​បាញ់ ព្រម​ទាំង​ជេរ​ប្រមាថ​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ឈើ​តាម​គោយន្ត​ដែល​រឹង​ទទឹង​មិន​បង់​លុយ​ទៅ​ឲ្យ​ពួកគេ​ថែម​ទៀត​ផង។

អ្នកស្រី​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បង្ក្រាប​ទៅ​លើ​មន្ត្រី​អាវុធហត្ថ​ដែល​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​សុខ​ស្រួល៖ «ប្រជាពលរដ្ឋ​ពេល​ហ្នឹង​គេ​ខឹង គេ​ឲ្យ​ប្ដឹងផ្ដល់​តែ​គេ​អត់​ហ៊ាន។ ប៉េអឹម​មក​គាបសង្កត់​ប្រជាពលរដ្ឋ​យក​អ៊ីចេះ អ៊ីចុះ យក​កាំភ្លើង​ប្រមាថ​អ៊ីចឹង។ ថា​សុំ​មួយ​កាឡេថង ១០​ម៉ឺន»

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា មន្ត្រី​អាវុធហត្ថ​ទាំង​ពីរ​នាក់​មាន​ឈ្មោះ សេង សុភ័ណ្ឌ និង​ឈ្មោះ សុគន្ន រដ្ឋា បាន​មក​បង្កើត​ប៉ុស្តិ៍​ឆែកឆេរ​នេះ ប្រមាណ​ជិត​មួយ​ខែ​កន្លង​ទៅ ​ដោយ​មិន​បាន​ផ្ដល់​ព័ត៌មាន ឬ​លិខិត​ស្នាម​អ្វី​មក​អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹង​ឡើយ។ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ទទួល​ស្គាល់​ថា មន្ត្រី​អាវុធហត្ថ​បាន​មក​ឈរ​ជើង ឈរ​បង្កើត​ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​ខុស​ច្បាប់ ពីព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​ពី​ភូមិ​ស្រែគរ មិន​មាន​បញ្ហា​អ្វី​ត្រូវ​បង្កើត​ប៉ុស្តិ៍​ឆែកឆេរ​នោះ​ទេ។

លោក​បន្ត​ថា នៅ​ដើម​សប្ដាហ៍​ក្រោយ​លោក​នឹង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ​​ការ​តវ៉ា​របស់​ពលរដ្ឋ៖ «(ឡាន) យីឌុប​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ចាប់​ផង ដល់​ប្រជាពលរដ្ឋ​រក​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​ទៅ​ចាប់​​ជំរិត​ទារ​ប្រាក់​តាម​អំពើ​ចិត្ត។ ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ប្រតិកម្ម ឥឡូវ​គាត់​ប្ដឹង​មក​ខ្ញុំ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​ពី​អ្នក​ភូមិ​នេះ មន្ត្រី​អាវុធហត្ថ​ឈ្មោះ សេង សុភ័ណ្ឌ និយាយ​ដោយ​ស្ទាក់ស្ទើរ​ថា លោក​មាន​បេសកកម្ម​មក​ឃ្លាំមើល​បទល្មើស​នៅ​តំបន់​នោះ ប៉ុន្តែ​លោក​មិន​បាន​បង្កើត​​ប៉ុស្តិ៍​ឆែកឆេរ​គាបសង្កត់​ប្រជាពលរដ្ឋ​ដូច​ការ​អះអាង​នោះ​ឡើយ៖ «អត់​មាន​ប៉ុស្តិ៍​ទេ អា​នោះ​វា​ចេះតែ​ថា ខ្ញុំ​មក​មើល​បទល្មើស​នៅ​ហ្នឹង»

​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា មិន​អាច​ទាក់ទង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សេសាន និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ ពីព្រោះ​ទូរស័ព្ទ​លោក​ទាំង​ពីរ វិទ្យុ​អាស៊ីសេរី​ហៅ​ចូល​មិន​មាន​អ្នក​ទទួល។

ដោយ​ឡែក​អភិបាល​ស្រុក​សេសាន លោក ពន្លឺ មង្គល មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​របាយការណ៍​ពី​ករណី​នេះ​ទេ។ លោក​ជំរុញ​ឲ្យ​សួរ​រឿង​នេះ​ទៅ​មេបញ្ជាការ​កង​​រាជ​អាវុធហត្ថ​ខេត្ត​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល