តុលាការ​ខេត្ត​ស្វាយរៀង​សម្រេច​ឃុំខ្លួន​មនុស្ស​៧​នាក់​បន្ថែម​ករណី​ហិង្សា​នៅ​ក្រុង​បាវិត

ដោយ ថា កិត្យា
2015-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥
តុលាការ​ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥
Photo Provided

សាលាដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ឃុំខ្លួន​អ្នក​បើកឡាន​ដឹក​កម្មករ​ទៅធ្វើ​ការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) និង​តាយសេង (Tai Seng) ចំនួន​៦​នាក់ និង​កម្ម​ការ​នី​ម្នាក់ទៀត នៅ​ក្នុង​ពន្ធនាគារ នៅ​ថ្ងៃទី​២៥ ខែ​ធ្នូការ​ឃុំ​ខ្លួន​នេះ នៅ​បន្ទាប់ពី​តុលាការ​ចោទ​ប្រកាន់​ពួក​គេ​ចំនួន​៣​បទល្មើស ទាក់ទង​នឹង​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​រោងចក្រ ចាប់​តាំង​ពី​ថ្ងៃទី​១៦​ធ្នូ។ អង្គការ​ការពារ​សិទ្ធិមនុស្ស និង​សហជីព រិះគន់​ថា ការ​ចោទប្រកាន់​នេះ ហាក់​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។

ស្ថានការណ៍​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន និង​តាយសេង បាន​វិលត្រឡប់​ទៅរក​សភាព​ស្ងប់​សុខ​វិញ នៅ​ថ្ងៃទី​២៥ ខែធ្នូ ខណៈ​អ្នក​បើកឡាន​ចំនួន​៦​នាក់ និង​កម្មការិនី​ម្នាក់ទៀត ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​បណ្តោះអាសន្ន។

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តស្វាយរៀង លោក គង់ ច័ន្ទខេមរិទ្ធ ដែល​សុំ​មិន​ចេញ​សំឡេង អះអាង​ថា ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៧​នាក់​នោះ ធ្វើ​ឡើង​ភ្លាមៗ នៅ​បន្ទាប់ពី​ចោទ​ប្រកាន់​ពី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ និង​ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស

មក​ទល់​ពេល​នេះ មាន​មនុស្ស​ចំនួន​១១​នាក់​ហើយ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ក្នុង​ករណី​កូដកម្ម​ហិង្សា ទាមទារ​ប្រាក់​ឈ្នួល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត

ក្រុមគ្រួសារ​អ្នក​ដែល​ត្រូវ​ឃុំខ្លួន​នោះ កំពុង​ស្វែង​រក​មេធាវី ខណៈ​ដែល​ពួកគាត់​យល់​ថា ការ​ចោទប្រកាន់​របស់​តុលាការ គឺជា​រឿង​អយុត្តិធម៌។

អ្នកស្រី មករា អះអាង​ថា ប្តី​របស់​គាត់​ឈ្មោះ តេន សម្បត្តិ គឺជា​អ្នក​ស៊ី​ឈ្នូ​ល​ដឹក​កម្មករ​ទៅធ្វើ​ការ នៅ​រោងចក្រ មិនមែន​ជា​អ្នក​តវ៉ា​ហើយ​ប្រើ​ហិង្សា​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រោងចក្រ និង​ប៉ះពាល់​អ្នកដទៃ​ឡើយ។ អ្នកស្រី​សូម​ឲ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​វិញ៖ «គាត់​តៃកុង​ឡាន គាត់​មិន​បាន​ចូល​បាតុកម្ម។ ប្តី​ខ្ញុំ​ក៏​មិនដឹង​ខ្លួន​ពេល​គេ​មក​ចាប់​ដល់ផ្ទះ​ដែរ»។

បើ​តាមក្រុម​គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា មនុស្ស​ទាំង​៧​នាក់​នោះ ត្រូវ​បាន អាជ្ញាធរ​ឃាត់ទុក នៅ​ព្រហ្មទណ្ឌ​ខេត្តស្វាយរៀង ខ្លះ​តាំងពី​ថ្ងៃទី​២៣ ធ្នូ មក នៅ​បន្ទាប់​ពី​អាជ្ញាធរ បាន​កុហក​ថា ឲ្យ​ពួកគាត់​ចូលរួម​ប្រជុំ និង​រៀន​វគ្គ​បណ្តុះបណ្តាល​ស្តី​ចរាចរណ៍​ជាដើម។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការពន្យល់​ពី​អភិបាលរង​ខេត្តស្វាយរៀង លោក ហ៊ូ វតនៈ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី​២៥ ធ្នូ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល។

មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ឲ្យ​ដឹងថា អ្នក​បើកបរទាំង​នោះ រួម​មាន​ឈ្មោះ ឡិក វិចិត្រ អាយុ​២៩​ឆ្នាំ តេន សម្បត្តិ អាយុ​២៨​ឆ្នាំ កែវ ប្រុស អាយុ​៣៣​ឆ្នាំ ឡុង ផល្លី អាយុ​២០​ឆ្នាំ សួស យ៉េត អាយុ​៤៣​ឆ្នាំ ទាវ ផល្លី អាយុ​៤៧​ឆ្នាំ និង​កម្មការិនី​ម្នាក់ទៀត ឈ្មោះ​ជៃ សាខន។

ចំពោះ​ចោទប្រកាន់​ពី​ហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​អ្នកដទៃ​នេះ លោក​សង្កេត​ឃើញ​ថា ហាក់​មិនមាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ បើ​យោងទៅតាម​ការរៀបរាប់​សាច់ញាតិ​អ្នក​ដែល​ត្រូវ​ចោទ៖ «រឿង​នេះ​យើង​ឃើញ​ថា មាន​កង្វះ​ការ​ស៊ើបអង្កេត»។

ជាមួយ​គ្នា​នេះ អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ការងារ​ឯករាជ្យ លោក លួស សេង សង្កេត​ឃើញថា អ្នកខ្លះ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ឡើយ ប៉ុន្តែ​ពួកគេ ត្រូវ​បានជាប់​ឃុំ​ដែរ ដោយសារ​ការ​តាមដាន ស៊ើប​អង្កេត​របស់​អាជ្ញាធរ ហាក់​មិន​ច្បាស់លាស់។

អង្គការ​ការពារ​សិទ្ធិមនុស្ស និង​សហជីព ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​គោរព​កិច្ចព្រមព្រៀង ដែល​បាន​លាយលក្ខណ៍​អក្សរ​កាលពី​ថ្ងៃ​ទី​២២ ធ្នូ ដែល​ថា នឹង​ដោះលែង​កម្មករ​ចំនួន​៤​នាក់​ឲ្យ​នៅ ក្រៅ​ឃុំ​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​២៤ ធ្នូ នោះ ដើម្បី​ដោះដូរ​ឲ្យ​កម្មករ​វិល​ចូល​ធ្វើ​ការ​វិញ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ កម្មករ​ទាំង​៤​នាក់​នោះ ក៏​មិនទាន់​ដោះលែង ហើយ​បែរ​ជា​ចាប់​ឃុំ​មនុស្ស​៧​នាក់​បន្ថែមទៀត ដែល​បណ្តាល​ឲ្យ​មាន​ការព្រួយ​បារម្ភ​ថា ចំណាត់​ការណ៍​នេះ​អាច​ទាញ​ឲ្យ​មាន​ភាព​ការណ៍ តានតឹង​កើត​ឡើងវិញ​ជាថ្មី ថ្វី​ត្បិត​ស្ថានភាព​នៅ​ថ្ងៃទី​២៥ ស្ងប់ស្ងាត់​ធម្មតា​ក្តី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

<>. កម្មករកម្មការីនី បើមិនសាមគ្គីគ្នា ទេ នឹងត្រូវ គេ កេងប្រវ័ញកម្លាំងពលកម្ម ធ្វើអោយខ្លួនអែង ក្រល្ហេមល្ហាម មួយជីវិត !

Dec 26, 2015 12:09 AM

អ្នក​អាន​អនាមិក

កម្មករកម្មការីនី ត្រូវសាមគ្គីគ្នា ទើប គេដោះលែង គាត់ដែលជាប់ឃុំ !
(( ត្រូវឈប់ធ្វើការទាំងអស់គ្នា នៅផ្ទះ ទាមទារអោយដោះលែង សិន បានធ្វើការ វិញ ! ))

Dec 25, 2015 08:33 PM

គេហទំព័រ​ទាំងមូល