អ្នក​របួស​ម្នាក់​ក្នុង​ហេតុការណ៍​កាប់​សម្លាប់​នៅ​ស្រុក​ចម្ការលើ​បាន​បាត់​បង់​ជីវិត​ហើយ

ដោយ សូត សុខប្រាថ្នា
2015-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនរងគ្រោះ លោក ស្វាយ សាខន ដែល​ត្រូវ​កូនប្រសា​កាប់​ឲ្យ​របួស​ធ្ងន់ សម្រាក​ព្យាបាល​នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។
ជនរងគ្រោះ លោក ស្វាយ សាខន ដែល​ត្រូវ​កូនប្រសា​កាប់​ឲ្យ​របួស​ធ្ងន់ សម្រាក​ព្យាបាល​នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Phan Yasy

បុរស​ដែល​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ករណី​សម្លាប់​សមាជិក​គ្រួសារ​នៅ​ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ទទួល​មរណភាព​ទៅ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ។

លោក ស្វាយ សាខន បាន​ស្លាប់​ក្រោយ​ពេល​សមាជិក​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន ៣​ថ្ងៃ។ ក្រុម​គ្រួសារ​បញ្ជាក់​ថា ការ​ស្លាប់​នេះ​ដោយសារ​តែ​របួស​នៅ​ផ្នែក​ក្បាល កញ្ចឹងក និង​រាងកាយ គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក។

កូន​ប្រុស​ទី​៤ ក្នុង​ចំណោម​កូន​ទាំង ៧​នាក់​របស់​សព​លោក ស្វាយ សាខន គឺ​លោក ចន្ទី សុជាតិ មាន​ប្រសាសន៍​ថា ជា​ក្តី​ទុក្ខ​ផ្ទួនៗ​មួយ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​លោក។ លោក​បន្ត​ថា ពិធី​ធ្វើ​បុណ្យ​សព​ម្ដាយ បងស្រី និង​ក្មួយៗ មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ត្រូវ​ធ្វើ​បុណ្យ​សព​ឪពុក​ម្ដង​ទៀត។ លោក​បន្ថែម​ថា នៅ​ពេល​បញ្ជូន​ឪពុក​ទៅ​មន្ទីរពេទ្យ សមាជិក​គ្រួសារ​មិន​សូវ​មាន​សង្ឃឹម​ថា អាច​រស់​ឡើយ ពីព្រោះ​របួស​នៅ​លើ​រាងកាយ​ឪពុក​របស់​លោក​ធ្ងន់ធ្ងរ​ពេក សូម្បី​តែ​ពេទ្យ​បង្អែក​ស្រុក ខេត្ត គេ​មិន​ហ៊ាន​ទទួល​ព្យាបាល​ផង។ លោក​ថា បញ្ហា​ប្រឈម​ចំពោះ​មុខ គឺ​រឿង​ហិរញ្ញវត្ថុ​តែម្ដង៖ «គឺ​ជួប​ហិរញ្ញវត្ថុ គឺ​គ្រួសារ​ហ្នឹង​អត់​ទាល់តែសោះ ហើយ​បើ​កូន​ទៅ​កាត់​ដេរ​នៅ​ភ្នំពេញ គឺ​អត់​ចំ​ថ្ងៃ​បើកប្រាក់​ខែ​ទៀត»

​ចំណែក​ប្រធាន​ប្រតិបត្តិ​ខេត្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សាន់ សឿន សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ក្រុម​គ្រួសារ​សព ព្រមទាំង​ស្ដាយ​ចំពោះ​វីរភាព​របស់​លោក ស្វាយ សាខន ត្បិត​អី​លោក​បាន​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ពឺ គណបក្ស​ប្រឆាំង បី​អាណត្តិ​មក​ហើយ ដែល​លោក​បាន​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ។ ចំពោះ​មុខ ខាង​លោក​នឹង​ខិតខំ​ប្រមូល​ថវិកា​ពី​សំណាក់​សមាជិក​សមាជិកា​បក្ស រួម​ទាំង​សប្បុរសជន​គ្រប់​រូប ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​សព ព្រមទាំង​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​នៅ​រស់​បន្ត​ទៀត។

​កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ជនល្មើស​ឈ្មោះ អេង ធី ត្រឡប់​មក​ពី​ផឹក​ស៊ី​វិញ បាន​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​ឈាន​ទៅ​សម្លាប់​ប្រពន្ធ កូនៗ​បង្កើត​ពីរ​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ប្រុស​ម្នាក់ ម្ដាយ​ក្មេក និង​លោក ស្វាយ សាខន រង​របួស​ធ្ងន់ ហើយ​ក៏​​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៤ ធ្នូ បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ក្រុង​ភ្នំពេញ មួយ​រយៈ។ ចំណែក​ជនល្មើស​ក៏​បាន​រត់​គេច​ខ្លួន​ភ្លាមៗ ក្រោយ​ពេល​កើតហេតុ ប៉ុន្តែ​ត្រូវ​រថយន្ត​បុក​ស្លាប់​បន្ទាប់​ពី​គេច​ខ្លួន​បាន​មួយ​ថ្ងៃ នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ។ យ៉ាង​ណា​សមត្ថកិច្ច​មិន​អាច​សន្និដ្ឋាន​បាន​ថា ជនល្មើស​ធ្វើ​អត្តឃាត​ខ្លួន​ឯង ឬ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ប្រាកដ​ទេ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

>< , សុរា ស្រាបៀ បំផ្លាញ សង្គមខ្មែរ អោយវិនាស ហិនហោច ដោយមិនដឹង ខ្លួន !

Dec 04, 2015 02:03 AM

គេហទំព័រ​ទាំងមូល