អ្នក​ជំនាញ​មក​ពី​៤០​ប្រទេស​ជួប​ជុំ​គ្នា​ផ្ដល់​បច្ចេកទេស​ចិញ្ចឹម​ក្រពើ​ដល់​កសិដ្ឋាន​ខ្មែរ

ដោយ ហង្ស សាវយុត
2015-05-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​ជួប​ប្រជុំ​ជាមួយ​អ្នក​ជំនាញ​បច្ចេកទេស​ខាង​អភិរក្ស និង​ចិញ្ចឹម​ក្រពើ​មក​ពី​បណ្ដា​ប្រទេស​ចំនួន ៤០ ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​តំបន់​អាស៊ី​អាគ្នេយ៍ នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៥។
ពិធី​ជួប​ប្រជុំ​ជាមួយ​អ្នក​ជំនាញ​បច្ចេកទេស​ខាង​អភិរក្ស និង​ចិញ្ចឹម​ក្រពើ​មក​ពី​បណ្ដា​ប្រទេស​ចំនួន ៤០ ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​តំបន់​អាស៊ី​អាគ្នេយ៍ នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​ខាង​អភិរក្ស​និង​ចិញ្ចឹម​សត្វ​ក្រពើ មក​ពី​បណ្ដា​ប្រទេស​ចំនួន ៤០ ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​តំបន់​អាស៊ី​អាគ្នេយ៍ កំពុង​ជួប​ប្រជុំ​គ្នា​រយៈពេល ៤​ថ្ងៃ នៅ​ឯ​ខេត្ត​សៀមរាប។

ការ​ពិភាក្សា​ដែល​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី​២៥ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៩ ខែ​ឧសភា ខាង​មុខ គឺ​មាន​គោលបំណង​ជួយ​ផ្ដល់​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ក្រពើ​ដល់​ម្ចាស់​កសិដ្ឋាន​ខ្មែរ​មួយ​ចំនួន​ដើម្បី​ឱ្យ​ស្បែក​ក្រពើ​មាន​ស្តង់ដារ​ល្អ ព្រម​ទាំង​ជួយ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​ប្រទេស​កម្ពុជា អាច​លក់​ស្បែក​ក្រពើ​ចូល​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ទៀត​ផង។

​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អះអាង​ថា ពេល​បច្ចុប្បន្ន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​សត្វ​ក្រពើ​មាន​ជំងឺ ហើយ​មិន​ចេះ​វិធី​ព្យាបាល ព្រម​ទាំង​ស្បែក​ក្រពើ​លក់​ក្នុង​តម្លៃ​ថោក ដោយសារ​តែ​មិន​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន។

មន្ត្រី​សមត្ថកិច្ច​គ្រប់គ្រង​អនុសញ្ញា សាយតេស (CITES) កម្ពុជា គឺ​លោក សួន ផល្លា។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​សម្រាក​ពី​កិច្ច​ប្រជុំ​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​ខាង​អភិរក្ស និង​ចិញ្ចឹម​សត្វ​ក្រពើ​មក​ពី​បណ្ដា​ប្រទេស​ចំនួន​៤០ ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ឯ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែ​ឧសភា ថា កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា កំពុងតែ​ជួប​ឧបសគ្គ ដោយសារ​សត្វ​ក្រពើ​ដែល​គេ​ចិញ្ចឹម​មាន​ជំងឺ ស្បែក​ក្រពើ​ដែល​លក់​ចេញ​គឺ​មាន​តម្លៃ​ថោក ព្រម​ទាំង​ស្បែក​ក្រពើ​របស់​កម្ពុជា មិន​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​តំបន់​អឺរ៉ុប​បាន​ទេ។

លោក សួន ផល្លា បញ្ជាក់​ថា មូលហេតុ​ដែល​ស្បែក​ក្រពើ​កម្ពុជា លក់​មិន​បាន​ថ្លៃ ហើយ​មិន​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​នេះ គឺ​ដោយសារ​តែ​កសិករ​ចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា មិន​បាន​ចុះ​បញ្ជី​ផ្លូវ​ច្បាប់​ដើម្បី​ឈាន​ទៅ​រក​ការ​ចុះ​បញ្ជី​ក្នុង​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ ដែល​កំពុង​រងគ្រោះថ្នាក់ ដែល​អនុសញ្ញា​អន្តរជាតិ ហៅ​កាត់​ថា សាយតេស៖ «អ្នក​បាន​ចុះ​បញ្ជី​សាយតេស ហ្នឹង គឺ​គាត់​មាន​សិទ្ធិ​ការពារ​ស្រប​ច្បាប់​លើ​ផលិតផល​របស់​គាត់ ហើយ​គាត់​ចង់​នាំ​ចេញ​ទៅ​ណា​ក៏បាន ចេញ​ទៅ​សហរដ្ឋអាមេរិក ក៏​បាន»

មន្ត្រី​ក្រសួង​កសិកម្ម​នៃ​ប្រទេស​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន ស្បែក​ក្រពើ​ក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​បញ្ហា ២​យ៉ាង ដែល​មិន​អាច​ប្រកួត​ប្រជែង​គុណភាព និង​នាំ​ចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ដូចជា​ស្បែក​មិន​ល្អ ត្រូវ​តាម​ស្តង់ដារ និង​បញ្ហា​ដ៏​ធំ គឺ​ដោយសារ​តែ​អនុសញ្ញា​ពាណិជ្ជ​អន្តរជាតិ សាយតេស មិន​ទាន់​ទទួល​ស្គាល់​ថា ស្បែក​ក្រពើ​ទាំង​នោះ គឺ​ជា​ក្រពើ​ដែល​ចិញ្ចឹម​តាម​កសិដ្ឋាន ហើយ​នៅ​សង្ស័យ​ទៅ​លើ​ការ​សម្លាប់​ក្រពើ​ធម្មជាតិ។

ទាំង​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ជា​ច្រើន កំពុង​ជំរុញ​ឱ្យ​សហគមន៍​អឺរ៉ុប ជួយ​មាន​វិធានការ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ស្បែក​ក្រពើ​កម្ពុជា អាច​ចូល​ទៅ​លក់​ដូរ​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​បាន។

​ភារធារី​ដែល​តំណាង​ឱ្យ​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ចច ហ៊ូដដ៍ (Geoge Hudd) បាន​ថ្លែង​ថា សហគមន៍​អឺរ៉ុប​កំពុង​ជួយ​ជ្រោមជ្រែង​ទៅ​លើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា យ៉ាង​ខ្លាំង ជាពិសេស​ទៅ​លើ​កិច្ច​អភិរក្ស​សត្វ​ក្រពើ​ព្រៃ​នៅ​អាង​ទន្លេ​មេគង្គ និង​នៅ​តំបន់​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់។

​លោក ចច ហ៊ូដដ៍ មាន​ប្រសាសន៍​ទៀត​ថា លោក​ពិត​ជា​មិន​អាច​ពន្យល់​បាន​ទេ ដោយសារ​តែ​ស្បែក​ក្រពើ​កម្ពុជា មិន​អាច​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​បាន ក៏ប៉ុន្តែ​បច្ចុប្បន្ន​លោក​នៅ​តែ​ឃើញ​ប្រទេស​អឺរ៉ុប នាំ​ចូល​ស្បែក​ក្រពើ​ពី​កម្ពុជា ទៅ​លក់ដូរ​បាន៖ «ដោយសារ​នេះ​ជា​ជំនាញ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ពី​ហេតុផល​អ្វី​ច្បាស់លាស់​ទេ។ ខ្ញុំ​ក៏​មិន​យល់​ដែរ​ថា ហេតុ​អ្វី​បានជា​ប្រទេស​បែលហ្សិក របស់​ខ្ញុំ បាន​ក្លាយ​ទៅ​ជា​ប្រទេស​ដ៏​ធំ​ដែល​នាំ​ចូល​សាច់​ក្រពើ​ពី​ប្រទេស​អឺរ៉ុប? ប្រទេស​សហគមន៍​អឺរ៉ុប គឺ​ជា​ប្រទេស​ដ៏​ធំ​ក្នុង​ការ​នាំ​ចូល​ស្បែក​ក្រពើ​ពី​ប្រទេស​អ៊ីតាលី ឬ​អាល្លឺម៉ង់ ជាដើម ហើយ​ស្បែក​ក្រពើ​របស់​កម្ពុជា ខ្លះ ក៏​មាន​នាំ​ចូល​ដោយ​ក្រុមហ៊ុន​បារាំង ដែរ»

មន្ត្រី​ក្រសួង​កសិកម្ម ឱ្យ​ដឹង​ថា បច្ចុប្បន្ន នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ប្រមាណ​ជាង ៥៦០​កន្លែង នៅ​ក្នុង​ខេត្ត-​ក្រុង​ចំនួន ៧ ដូចជា​ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង ខេត្ត​កំពង់ធំ ខេត្ត​កំពង់ឆ្នាំង បន្ទាយមានជ័យ ខេត្ត​ពោធិ៍សាត់ ខេត្ត​កណ្ដាល និង​ទីក្រុង​ភ្នំពេញ។ ក៏ប៉ុន្តែ​ក្នុង​ចំណោម​កសិដ្ឋាន​ដែល​ចិញ្ចឹម​ក្រពើ​ទាំង​នោះ គឺ​មាន​តែ​ជាង ២០​កសិដ្ឋាន​ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជី សាយតេស ហើយ​អាច​នាំ​ផលិតផល​ស្បែក​ក្រពើ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

sotmenghong

ពី kandal

When I open in chrome browser carater is small ,but in firefox is good ,so you can complete in chrome is good thank.

May 26, 2015 09:56 PM

Chan Davy

ពី Kampong Thom

Could you guide us how to register to CITES?

May 26, 2015 09:26 PM

គេហទំព័រ​ទាំងមូល