គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​មិន​ទាន់​ជឿ​លើ​របាយការណ៍​ស្ថាប័ន​គយ​ខេត្ត​ព្រះសីហនុ

ដោយ ដែន អយុធ្យា
2015-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កប៉ាល់​សំចត​នៅ​កំពង់​ផែ​ក្នុង​ក្រុង​ព្រះសីហនុ
កប៉ាល់​សំចត​នៅ​កំពង់​ផែ​ក្នុង​ក្រុង​ព្រះសីហនុ
Photo: RFA

ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា បាន​អះអាង​ថា ស្ថាប័ន​នេះ​មិន​ទាន់​មាន​ជំនឿ​ទៅ​លើ​របាយការណ៍​ផ្តល់​ជូន​ដោយ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​កំពង់ផែ​អន្តរជាតិ​ស្វយ័ត និង​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ទេ នៅ​ក្នុង​បេសកកម្ម​ចុះ​ពិនិត្យ​ការ​គ្រប់គ្រង និង​ប្រមូល​ពន្ធ​របស់​ស្ថាប័ន​នេះ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ជំនាញ​រដ្ឋសភា ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​នៅ​ក្នុង​ស្ថាប័ន​នានា​មាន​ដូច​ជា ស្ថាប័ន​សាខា​ពន្ធដារ ស្ថាប័ន​គយ និង​រដ្ឋាករ ឬ​ស្ថាប័ន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​ចំណូល​ពន្ធ​រដ្ឋ​ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត។

ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា ឬ​ហៅ​ថា​គណៈកម្មការ​ទី​១០ លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា នឹង​បន្ត​ចុះ​អង្កេត ឬ​កោះ​ហៅ​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ​សាខា​គយ និង​រដ្ឋាករ ស្ថាប័ន​កំពង់ផែ​អន្តរជាតិ និង​ស្ថាប័ន​ពន្ធដារ​ខេត្ត​ព្រះសីហនុ ជា​បន្ត​ទៀត។

លោក​បន្ត​ថា ទោះ​បី​ប្រតិភូ​គណៈកម្មការ​ទី​១០​នៃ​សភា បាន​បញ្ចប់​បេសកកម្ម​ចុះ​ស៊ើប​អង្កេត​នៅ​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ហើយ​ទទួល​បាន​ព័ត៌មាន​វិជ្ជមាន​ច្រើន​ក្តី ក៏ប៉ុន្តែ​ក៏​សង្កេត​ឃើញ​មាន​បញ្ហា​មិន​ប្រក្រតី​នៃ​ការ​នាំ​ទំនិញ​គេច​ពន្ធ​តាម​កំពង់ផែ​នេះ​ជាច្រើន​ករណី​ទៀត។ ហើយ​បញ្ហា​នេះ អ្នក​ទទួល​ខុស​ត្រូវ​អាច​នឹង​ត្រូវ​ចូល​ខ្លួន​មក​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់៖ «របាយការណ៍​ដែល​យើង​ទទួល​បាន​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ គឺ​ជា​ឯកសារ​ប៉ុណ្ណោះ។ ហើយ​យើង​មិន​ទាន់​បាន​ស្រាវជ្រាវ​ឲ្យ​ស៊ី​ជម្រៅ​រហូត​ដល់​ដឹង​ថា ការ​ចត​យូរ ឬ​ឆាប់​របស់​កុងតឺន័រ​ចត​យូរ ឬ​ឆាប់ និង​កប៉ាល់​ទេសចរណ៍​ចូល​ចត​យូរ ឬ​ឆាប់ ត្រូវ​បង់​តម្លៃ​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ​គាត់​អះអាង​ថា ក្នុង​កប៉ាល់​ធំ​មួយ​គ្រឿង​ដែល​ចូល​ចត​នៅ​កំពង់ផែ​នេះ ត្រូវ​បង់​តម្លៃ​ចត​ចំនួន ១​ម៉ឺន ២​ពាន់​ដុល្លារ ប៉ុន្តែ​រឿង​ផ្សេង​ទៀត​មិន​ទាន់​លម្អិត​នោះ​ទេ ព្រោះ​គាត់​បាន​ជូន​ឯកសារ​មក​យើង ហើយ​យើង​នឹង​យក​ឯកសារ​ទាំង​នេះ​ទៅ​ពិនិត្យ​ឡើង​វិញ គឺ​មិន​ទាន់​ជឿ​មួយ​រយ​ភាគរយ​ទេ»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា លោក ហូរ វ៉ាន់ បាន​ដឹក​នាំ​ប្រតិភូ​គណៈកម្មការ​ទី​១០​នៃ​សភា មាន​សមាជិក​ចំនួន ៦​នាក់ ជួប​ពិភាក្សា​ជាមួយ លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ និង​លោក គិន លី ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ស្តាប់​របាយការណ៍​អំពី​លទ្ធផល​នៃ​ការ​គ្រប់គ្រង និង​ប្រមូល​ពន្ធ​គយ​នៅ​កំពង់ផែ​នេះ។

ជំនួប​នេះ លោក ហូរ វ៉ាន់ បញ្ជាក់​ថា តាម​របាយការណ៍​ប្រមូល​ពន្ធ​គយ​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ការ​ប្រមូល​ពន្ធ​ឆ្នាំ​២០១៤ បាន​កើន​លើស​ឆ្នាំ​២០១៣ ព្រោះ​ស្ថាប័ន​នេះ​បាន​ពង្រឹង​គុណភាព​ពិនិត្យ​ទំនិញ​នាំ​ចេញ​តាម​កំពង់ផែ​នេះ ដោយ​ប្រើ​ម៉ាស៊ីន​ស្កែន​ទំនើប (Scan Machine) ជាពិសេស​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​គយ​របស់​ប្រមុខ​ដឹក​នាំ។ យ៉ាង​នេះ​ក្តី លោក ហូរ វ៉ាន់ មិន​ទាន់​ទទួល​ស្គាល់​របាយការណ៍​នេះ​ថា​ពិត ឬ​ត្រឹមត្រូវ​មួយ​រយ​ភាគរយ​ទេ ហើយ​អះអាង​ថា នឹង​ពិនិត្យ​តាម​ដាន​ទៅ​លើ​បណ្ដឹង​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ទំនិញ​គេច​ពន្ធ​ចេញ​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​មួយ​នេះ​នា​ថ្ងៃ​អនាគត។

ត្រង់​ចំណុច​នេះ ប្រធាន​គណៈកម្មការ​ទី​១០​នៃ​សភា លោក ហូរ វ៉ាន់ បាន​សង្កត់​ធ្ងន់​ទៅ​លើ​សកម្មភាព​រត់​ពន្ធ​ប្រេង​សាំង​អនាធិបតេយ្យ និង​គ្មាន​ការ​បង្ក្រាប​នៅ​ក្នុង​លំហ​សមុទ្រ​ខេត្ត​ព្រះសីហនុ ផ្ដើម​ដោយ​ឈ្មួញ​ជាប់​សែស្រឡាយ​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​គ្មាន​ការ​បង្ក្រាប ឬ​ទប់ស្កាត់​រហូត​មក​ដល់​ពេល​នេះ។

មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ឃុន សាវឿន បាន​ទទួល​ស្គាល់​ថា មូលដ្ឋាន​នេះ​ពិត​ជា​មាន​ករណី​រត់​ពន្ធ​ទំនិញ​ឆ្លង​កាត់​តាម​កំពង់ផែ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ពិត​មែន ជាពិសេស​ម៉ូតូ​ស៊េរី​ទំនើបៗ និង​គ្រឿង​ហូប​ចុក ជាដើម។ លោក​ស្នើ​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋសភា គួរ​ពិនិត្យ​តាម​ដាន​ជា​ប្រចាំ​នូវ​រាល់​សកម្មភាព​នាំ​ទំនិញ​គេច​ពន្ធ ដែល​ធ្វើ​សកម្មភាព​គ្មាន​ការ​បង្ក្រាប​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ៖ «ភាគ​ច្រើន​នៃ​ម៉ូតូ​គេច​ពន្ធ គឺ​ប្រភេទ​ម៉ូតូ​អ៊ែរប្លែត (Air Blade) សេរី​ទំនើបៗ ហើយ​បើ​សិន​ជា​មាន​ស្លាក​លេខ ក៏​មិន​ប្រាកដ​ថា​បាន​បង់​ពន្ធ​ត្រឹមត្រូវ​នោះ​ទេ។ ការ​រត់​ពន្ធ​នេះ គឺ​មិន​មែន​មាន​តែ​ខេត្ត​ព្រះសីហនុ មួយ​ទេ»

ចំណែក លោក សន ជ័យ មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួបរួម ដើម្បី​គណនេយ្យ​ភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក មាន​ការិយាល័យ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ដឹង​ដែរ​ថា បញ្ហា​គ្រប់គ្រង​ចំណូល​ពន្ធ​គយ និង​ចំណូល​ពន្ធដារ​នៅ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ នេះ គួរ​តែ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​ឲ្យ​មាន​ក្រុម​អធិការកិច្ច​តាម​ដាន​ជា​ប្រចាំ ដើម្បី​គ្រប់គ្រង​ចំណូល​ពន្ធ​រដ្ឋ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​នា​ពេល​ខាង​មុខ។

ទោះ​ជា​បែប​នេះ​ក្តី លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ និង​លោក គិន លី ប្រធាន​សាខា​គយ និង​រដ្ឋាករ​អន្តរជាតិ​ក្រុង​ព្រះសីហនុ បាន​ជម្រាប​គណៈកម្មការ​ទី​១០​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ថា ការ​ប្រមូល​ប្រាក់​ចំណូល​បាន​កើន​ឡើង ៥,៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​កំពង់ផែ​នេះ​រវាង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។

យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈកម្មការ​ទី​១០​រដ្ឋសភា បាន​អះអាង​ថា នឹង​ដឹក​នាំ​ប្រតិភូ​ចុះ​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ដែល​កើត​មាន​នៅ​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ជា​បន្ត​ទៀត បើ​មាន​ពាក្យ​បណ្ដឹង​ដាក់​មក​កាន់​ស្ថាប័ន​ជំនាញ​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

The thief never said he is the thief,if you have no proof. Should be smart Sir..

Jan 31, 2015 08:49 AM

អ្នក​អាន​អនាមិក

ប្រាប់ទៅលោ ហូ វណ្ណ ផង ត្រូវហៅមេគយមកសួរ ផងទាក់ទងនឹងម៉ូតូអត់ពន្ធលក់ពេញផ្សារ និងតាមវេបសាយ khmer24 អាជ្ញាធរខណ្ឌ៧មករា គេដឹងនិងស្គាល់កន្លែងលក់ច្បាសណាស់តែគេមិនចាប់ ដោយសារមិនមានបញ្ជាពីគយ ហើយម៉ូតូទាំងនេះគយជាអ្នកទទួលសំណូកពីឈ្មួញ ហេតុនេះបើរដ្ដថាគ្មានលុយតម្លើងប្រាក់ខែគ្មានអ្នកណាគេជឿទេ បើថាខ្លួនគ្មានសម្ថភាពប្រមូលល់យទើបត្រូវជាង

Jan 31, 2015 08:44 AM

អ្នក​អាន​អនាមិក

ចង់ស្រាវជ្រាវ មើលតែម៉ូតូលក់នៅតាមផ្សារថាតើ មានពន្ធប៉ុន្មានភាគរយ មិនបាច់ទៅសួរគយ ចោរនុះទេ អាល្ងង់ រឿងវានៅលើគោក តាមវេបសាយ khmer24 គេប្រកាសកល់ម៉ូតូអត់ពន្ធ ពេញទឹកពេញដី ចាំបាច់ទៅសួរគយធ្វើអី ឆ្កួតមែនតំណាងរាស្រ្ត

Jan 31, 2015 08:04 AM

អ្នក​អាន​អនាមិក

ម៉ូតូអត់ពន្ធលក់ពេញផ្សារ នៅបុរីកីឡា តាមវេបសាយ khmer24 មិនបាច់ទៅស្រាវជ្រាវឯណាទេ តាមខេត្តជាប់ព្រំដែនថៃនិងវៀតណាម ជិះសុទ្ធតែម៉ូតូអត់ពន្ធ ហើយស្រែកថាអត់លុយតម្លើងប្រសក់ខែ ចោលម្សៀតមែន បើថាខ្លួនមិនមានសម្ថភាពប្រមូលល់យទើបត្រូវ ដែលបណ្តោយអោយ បក្សពួកខ្លួនពុករលួយពេញប្រទេស បង្កអាណាធិបតេយ្យ កេងប្រវញ្ញលុយរដ្ដចូលហោប៉ៅ ទុកប្រជាជនវេទនា

Jan 31, 2015 07:56 AM

គេហទំព័រ​ទាំងមូល