អ្នកឃ្លាំមើល​ថា គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ដោយសារ​ពលរដ្ឋ​ខ្លាច​ការ​ផាក​ពិន័យ​លែង​សូវ​ហ៊ាន​ធ្វើដំណើរ

ដោយ សេក បណ្ឌិត
2020-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​សម្រួល​ចរាចរណ៍​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​៧ កញ្ញា ឆ្នាំ​២០១៣។
ប៉ូលិស​សម្រួល​ចរាចរណ៍​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​៧ កញ្ញា ឆ្នាំ​២០១៣។
RFA

របាយការណ៍​នគរបាល​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ខ្លាំង​នៅ​រយៈពេល​មួយ​សប្ដាហ៍​ដំបូង​នៃ​ការ​រឹត​បន្តឹង​ការអនុវត្ត​ផាក​ពិន័យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ប៉ុន្តែ​អ្នកឃ្លាំមើល​សង្គម និង​ពលរដ្ឋ​អះអាង​ថា​ការ​ថយ​ចុះ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ដោយសារតែ​ពួកគេ​មិន​ហ៊ាន​ធ្វើដំណើរ​ចេញ​ក្រៅ ព្រោះ​ខ្លាច​ត្រូវ​ប៉ូលិស​ផាក​ពិន័យ​ប្រាក់។

ពលរដ្ឋ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ លោក ផុន គុយឈៀង សង្កេត​ឃើញ​ថា បើ​ទោះ​ពលរដ្ឋ​លែង​សូវ​ខ្លាច​ជំងឺ​កូវីដ-១៩ (Covid-19) ខ្លាំង​ដូច​មុន តែ​ពលរដ្ឋ​នៅ​បន្ត​ស្នាក់នៅ​ក្នុង​ផ្ទះ​ដដែល និង​មិនសូវ​ធ្វើដំណើរ​ទេ ដោយសារ​ខ្លាច​ការ​ផាក​ពិន័យ​ចរាចរណ៍​ធ្ងន់ធ្ងរ៖ «ដោយសារ​បញ្ហា​ចរាចរណ៍​រឹត​បន្តឹង​ខ្លាំង​ពេក​ទៅ​ជួនកាល​អ្នកខ្លះ គាត់​មាន​ម៉ូតូ គាត់​អត់​ចេញទៅ គាត់​ខ្លាច​ប៉ូលិស​ចរាចរណ៍​ផាក​អ៊ីចឹង​ណា​បង ហើយ​ចរាចរណ៍​សព្វថ្ងៃ វា​រាង​ធូរស្បើយ​បន្តិច​ណា​បង ព្រោះថា​អត់​ហ៊ាន​ជិះ​ម៉ូតូ ដោយសារ​ជិះ​ទៅ​ខ្លាច​ប៉ូលិស​ផាក​អ៊ីចឹង​ណា​បង​។ ផ្លូវ​ក៏​អត់​សូវ​ស្ទះ​ដែរ​។ ឡាន​ក៏ គេ​បន្ថយ​ខ្លះ​ដែរ ព្រោះ​ឡាន​ខ្លះ អត់​មាន​ពន្ធ​ទៅ ឡាន​ខ្លះ​អត់​ទាន់​ធ្វើ​ផ្លាក​លេខ»

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ហាញ​ថា រយៈពេល ៦​ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ផាក​ពិន័យ​ច្បាប់​ចរាចរណ៍​ថ្មី គឺ​ថយ​ចុះ​គ្រោះថ្នាក់​ជាង​មុន បើ​ធៀប​នឹង​ពេលមុន​គឺជា​មធ្យម​ស្លាប់​៥​នាក់​ក្នុង​មួយថ្ងៃ​។ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី៦ ឧសភា គ្រោះថ្នាក់​កើតឡើង​សរុប ៣៦​លើក ស្លាប់​មនុស្ស​១៩​នាក់ និង​របួស​៥០​នាក់។ចំណែក​យានយន្ត​ដែល​រង​ការ​ផាក​ពិន័យ​រយៈពេល ៦​ថ្ងៃ មាន​ជាង ១​ម៉ឺន​(១២.៧៣២)​គ្រឿង​។ ក្នុង​នោះ​ម៉ូតូ ជិត​មួយ​ម៉ឺន​(៩ ៩១៥) គ្រឿង ឯ​រថយន្ត​ជាង​ពីរ​ពាន់​(២ ៨១៧)​គ្រឿង។ យ៉ាងណា ប៉ូលិស​មិន​បាន​បង្ហាញ​របាយការណ៍​តួលេខ​ទឹកប្រាក់ ដែល​បាន​មក​ពី​ការ​រឹត​បន្តឹង​ការ​ផាក​ពិន័យ​រយៈពេល ៦​ថ្ងៃ​ដំបូង នេះ​ទេ។អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ លោក ហ៊ឹម យ៉ាន និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បានទេ នៅ​ថ្ងៃទី​០៧ ឧសភា ដោយ​សារ​មន្ត្រី​ទាំងពីរ​មិន​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ លោក ឆាយ គឹមខឿន បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​រដ្ឋាភិបាល ថា ការអនុវត្ត​អនុក្រឹត្យ​ផាក​ពិន័យ​ថ្មី​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ និង​មានការ​ចូលរួម​ពី​ពលរដ្ឋ​។ លោក​អះអាង​ថា ការ​បង្ខំ​ផាក​ពិន័យ​តាមច្បាប់​ថ្មី គឺ​ដើម្បី​ចាប់​បង្ខំ​ឱ្យ​ពលរដ្ឋ​រាងចាល ងាក​មក​គោរព​ច្បាប់​ចរាចរណ៍។

ប៉ុន្តែ​នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លោក គង់ រតនៈ សង្កេត​ឃើញ​ថា ពលរដ្ឋ​ពិតជា​ញញើត​ចំពោះ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​នេះ​មែន​។ លោក យល់ថា​ការ​ផាក​ពិន័យ​ពិតជា​ជះឥទ្ធិពល​ដល់​ពលរដ្ឋ ខ្លាច​ក្នុង​ការ​ធ្វើដំណើរ បង្ខំ​អនុវត្ត​ច្បាប់​ជាង​មុន និង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

ថ្វីត្បិតតែ​សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​របាយការណ៍​ថយ​ចុះ នៃ​គ្រោះថ្នាក់​ចរាចរណ៍ តែ លោក គង់ រតនៈ​រក្សា​ជំហរ​មិន​គាំទ្រ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ នៅ​ក្នុង​កាលៈទេសៈ​នេះ​ទេ។ លោក​ថា ការ​ផាក​ពិន័យ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​ក៏​មាន​ប្រសិទ្ធភាព​ចំពោះ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដែរ ឱ្យ​តែ​ការអនុវត្ត​នោះ​ធ្វើ​កុំ​ឱ្យ​អាក់ខាន អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ស្មើភាព​គ្នា ជាដើម​។ លោក​ថា ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​មាន​ប្រសិទ្ធភាព​ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ដែរ៖ «អ៊ីចឹង យើង​ឃើញ​ថា ដោយសារ​ឥទ្ធិពល​នៃ​ការ​រឹត​បន្តឹង​ច្បាប់ ធ្វើ​ឱ្យ​ឥរិយាបថ​គាត់​(​ពលរដ្ឋ​) បាន​ប្រែប្រួល​។ ក៏ប៉ុន្តែ​យើង​ចង់​រក្សា​ឥរិយាបថ​ល្អ​ហ្នឹង ហើយ​យើង​ចង់​ឱ្យ​គាត់​មាន​អារម្មណ៍ល្អ​។ សម្រាប់​ខ្ញុំ គួរតែ​គិតពិចារណា អំពី​ពេលវេលា ហើយ​និង​ការចូលរួម​ស្ដាប់​នូវ​យោបល់​ការ​ខ្វាយខ្វល់​របស់​ពួកគាត់​ខ្លះ ហើយ​រួប​បញ្ចូល​គ្នា​ទៅ វា​រឹត​តែ​ប្រសើរ​ជាង​ហ្នឹង​ទៀត»

មក​ដល់ពេល​នេះ​មនុស្ស​យ៉ាងតិច ៣​នាក់​ហើយ ដែល​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ពី​បទ​បង្ហោះ​ព័ត៌មាន​មិន​ពិត និង​ប្រមាថ​នគរបាល។ តែ​យ៉ាងណា​នគរបាល​បាន​ដោះលែង​ពួកគេ​វិញ បន្ទាប់​ពី​បង្គាប់​ឱ្យ​ធ្វើ​វីដេអូ សុំទោស​ជា​សាធារណៈ​។ ប៉ូលិស​ព្រមាន​ថា ក្នុង​ករណី​មិន​រាងចាល​ទេ​នឹង​បញ្ជូន​ទៅ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល