ការ​ក្លែង​បន្លំ​នៅ​ក្នុង​​សកម្មភាព​ផលិត​និង​​ពាណិជ្ជកម្ម​នាំ​ចេញ​អង្ករ

ដោយ អាន ស៊ីថាវ
2015-02-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផលិត​ផល​សម្រេច​អង្ករ​ផ្កា​ម្លិះ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ការ​ងារ​ដែល​រៀបចំ​ដោយ​​សភា​ពាណិជ្ជកម្ម​អឺរ៉ុបនៅ​កម្ពុជា នៅ​កោះពេជ្រ នា​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ​២០១៤។
ផលិត​ផល​សម្រេច​អង្ករ​ផ្កា​ម្លិះ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ការ​ងារ​ដែល​រៀបចំ​ដោយ​​សភា​ពាណិជ្ជកម្ម​អឺរ៉ុបនៅ​កម្ពុជា នៅ​កោះពេជ្រ នា​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Oung Sereyvuth

ទោះ​បី​ជា​កម្ពុជា ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​ក្រម​សីលធម៌​​សម្រាប់​អ្នក​នាំ​ចេញ​អង្ករ​ទាំង​អស់​ ​ត្រូវ​តែ​គោរព​តាម​ក៏​ដោយ ប៉ុន្តែ​ក្រុម​អ្នក​នាំ​ចេញ​អង្ករ​មួយ​ចំនួន​នៅ​តែ​​​​មិន​ខ្វល់​គោរព​តាម​ឡើយ។ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​​អង្ករ​កម្ពុជា ទទួល​ស្គាល់​ថា មាន​អំពើ​ពុករលួយ ដោយ​ក្រុម​អ្នក​នាំ​ចេញ​អង្ករ​ទាំង​នោះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​​នាំ​ស្រូវ​ទៅ​កិន​នៅ​ប្រទេស​ជិត​ខាង ហើយ​នាំ​ចូល​ជា​អង្ករ​មក​វិញ​ ដើម្បី​បាន​ចំណេញ​ច្រើន។

ការ​នាំ​​ចេញ​ស្រូវ​ទៅ​កែច្នៃ​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ហើយ​​នាំ​ចូល​មក​​លក់​នៅ​កម្ពុជា​វិញ​ គឺ​​ជា​បញ្ហា​ធំ​ដែល​កើត​មាន​នៅ​វិស័យ​ផលិត និង​នាំ​ចេញ​អង្ករ​កម្ពុជា បច្ចុប្បន្ន។ ផល​ប៉ះពាល់​នៃ​ការ​រក​ស៊ី​របៀប​នេះ នឹង​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​​អង្ករ​ក្នុង​ស្រុក​មួយ​ចំនួន​បាត់​បង់​ការ​ប្រកួតប្រជែង ឬ​អាច​ក្ស័យធន​ ដោយសារ​តែ​ថ្លៃ​ផលិតកម្ម​អង្ករ​​មាន​តម្លៃ​ខ្ពស់​ជាង​ក្រុមហ៊ុន​នាំ​ស្រូវ​ទៅ​កិន​នៅ​ប្រទេស​ជិត​ខាង។

ម៉្យាង​វិញ​ទៀត វិស័យ​ស្រូវ​អង្ករ​ដែល​មាន​ទឹក​ប្រាក់​​វិនិយោគ​​ទុន​រាប់​រយ​លាន​ដុល្លារ​នេះ ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ដែល​មាន​នាម​ជា​ឧកញ៉ា​មួយ​ចំនួន​ស្វែង​រក​លទ្ធភាព​រក​ប្រាក់​ចំណេញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​នោះ​កម្ពុជា ធ្លាប់​មាន​ការ​ក្លែង​បន្លំ​​គុណភាព​អង្ករ​នាំ​ចេញ​​ទៅ​បរទេស អំពើ​ពុក​រលួយ និង​​បង្កើត​បក្ស​ពួក​និយម​សម្រាប់​ការ​នាំ​ចេញ​អង្ករ។

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​​អង្ករ​កម្ពុជា លោក គឹម សាវុធ ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​អំពើ​ពុក​រលួយ​ ​បក្ស​ពួក​​ដែល​កើត​មាន​រវាង​មន្ត្រី​រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា។ ម៉្យាង​វិញ​ទៀត ភាព​មិន​ប្រក្រតី​នៅ​ក្នុង​វិស័យ​នាំ​ចេញ​អង្ករ​​​បច្ចុប្បន្ន​​បន្ថែម​ទៀត​នោះ​ គឺ​ការ​​លួច​បង្វែរ​​​ការ​កែច្នៃ​អង្ករ​ពី​ប្រទេស​ជិត​ខាង​ ហើយ​​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​វិញ។

លោក គឹម សាវុធ បញ្ជាក់​ទៀត​ថា ការ​រក​ស៊ី​របៀប​នេះ អាច​ ប៉ះពាល់​ដល់​វិស័យ​នាំ​ចេញ​អង្ករ​ទាំង​ស្រុង ដោយ​លោក​ស្នើ​សុំ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​នោះ និង​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ត្រូវ​ងាក​មក​រក​ស៊ី​​ទៅ​តាម​ច្បាប់​កំណត់​ និង​ស្រប​តាម​ក្រមសីលធម៌​នៃ​​ការ​នាំ​ចេញ​អង្ករ​កម្ពុជា៖ «វា​ជា​រឿង​ខុស​ច្បាប់ ទី​មួយ​គឺ​ខុស​នឹង​រឿង​បង់​ពន្ធ​មិន​គ្រប់ ទី​ពីរ គឺ​ខុស​នឹង​ការ​ពិន័យ​​ស្រប​តាម​ក្រម​សីលធម៌​​របស់​​ក្រុម​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា»

​ការ​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី រក​ឃើញ​ថា​ ប្រទេស​វៀតណាម ជា​ប្រទេស​​​ដែល​ចំណាយ​ថ្លៃ​ដើម​ផលិត​អង្ករ​តិច​ជាង​គេ​នៅ​ក្នុង​តំបន់​ ក្នុង​នោះ​រួម​មាន​ តម្លៃ​អគ្គិសនី និង​ការ​ដឹក​ជញ្ជូន។ តាម​ការ​ប៉ាន់ស្មាន ថ្លៃ​ដើម​ផលិត​អង្ករ​មាន​តម្លៃ​ថោក​ជាង​កម្ពុជា ​យ៉ាង​​​ហោច​ណាស់ ៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន។

របាយការណ៍​នៃ​អគ្គនាយកដ្ឋាន​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ​បាន​បង្ហាញ​ថា​ គិត​ត្រឹម​ថ្ងៃ​​ខែ​​មករា ឆ្នាំ​២០១៥ ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ទាំង​អស់​ សម្រេច​បាន​នូវ​ បរិមាណ​​នាំ​ចេញ​ចំនួន ​​៣​ម៉ឺន ៦​ពាន់​តោន​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ​ដែល​កើន​ឡើង​ជាង ៦៦% ​បើ​ប្រៀប​ធៀប​នឹង​រយៈ​​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន។

ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​អេមរុយ រ៉ៃ (Amru Rice) លោក សុង សារ៉ម បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​គួរ​តែ​បញ្ចុះ​តម្លៃ​អគ្គិសនី និង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​​គាំទ្រ​ដល់​ការ​កែច្នៃ​នាំ​ចេញ​អង្ករ​ដើម្បី​បង្កើត​ភាព​ប្រកួត​ប្រជែង៖ «ខ្ញុំ​ចង់​​ឲ្យ​​រាជរដ្ឋាភិបាល ជួយ​លើ​​ផ្នែក​អគ្គិសនី និង​ទុន​ប្រមូល​ទិញ​ស្រូវ ព្រោះ​ជិត​ដល់​ពេល​ប្រមូល​ផល​ហើយ»

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ អ្នក​សរសេរ​របាយការណ៍​នាំ​ចេញ​អង្ករ​មួយ​លាន​តោន ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​កាល​ពី​ឆ្នាំ​២០១០ លោក ម៉ី កល្យាណ មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​នោះ ត្រូវ​ការ​ពេលវេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល