អាជ្ញាធរ​ថៃ​បង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​៣​គ្រួសារ​រើ​ផ្ទះ​ចេញ​ពី​ព្រំដែន​នៅ​ក្រុង​ប៉ោយប៉ែត

ដោយ ទីន ហ្សាការីយ៉ា
2020-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំបន់ដីដែលប្រជាពលរដ្ឋ៣គ្រួសាររើផ្ទះចេញ ពីដីព្រំដែននៅភូមិក៥ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០។
តំបន់ដីដែលប្រជាពលរដ្ឋ៣គ្រួសាររើផ្ទះចេញ ពីដីព្រំដែននៅភូមិក៥ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០។
រូប​ពលរដ្ឋ

ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​ព្រួយបារម្ភ​ខ្លាច​គ្មាន​អង្ករ​ច្រក​ឆ្នាំ​នៅ​ពេល​ខាងមុខ បន្ទាប់​ពី​នាំ​គ្នា​រើ​ផ្ទះ​ចេញពី​ដី​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ​។ អ្នកភូមិ​អះអាង​ថា អាជ្ញាធរ​ថៃ បាន​បង្ខំ​ពួកគាត់​ឱ្យ​រុះរើ​ផ្ទះ​ចេញពី​តំបន់​ព្រំដែន ក្រោម​ហេតុផល​ថា ជា​តំបន់​ស។

ប្រជាពលរដ្ឋ​ទាំង ៣​គ្រួសារ​នោះ​លើកឡើង​ស្រដៀង​គ្នា​ថា ពួកគេ​មិន​ចង់​ចាក​ចេញ​​ពី​ផ្ទះ​នៅ​ព្រំដែន​ក្រុង​ប៉ោយប៉ែត​នោះ​ទេ ព្រោះ​ក្រីក្រ ហើយ​គ្មាន​មុខ​របរ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ។លោកស្រី សំ ស្រីឡឹង ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ​ថា ទាហាន​និង​អាជ្ញាធរ​ខ្មែរ​ជាច្រើន​នាក់​បាន​ទៅ​ដល់​ផ្ទះ​របស់​លោកស្រី ហើយ​បង្ខំ​ពួកគេ​រុះរើ​ផ្ទះ​ចេញពី​តំបន់​ព្រំដែន​នៅ​ភូមិ​ក​៥ សង្កាត់​ប៉ោយប៉ែត​។​លោកស្រី បន្ថែម​ថា ផ្ទះ​របស់​ពួកគាត់​មាន​ដំបូល និង​ជញ្ជាំង​ប្រក់​ស័ង្កសី​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា និង​ថៃ​រុះរើ​ចេញពី​ដី​ព្រំដែន​អស់ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ។ លោក​បន្ត​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​សន្យា​បញ្ជូន​ពួកគាត់​ឱ្យ​ទៅ​តាំងទី​លំនៅ​ថ្មី​លើ​ដី ២០​គុណ​និង​៥០​ម៉ែត្រ​នៅ​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​វិញ៖ «ពី​មុន​មក​ខ្ញុំ​ជួល​ផ្ទះ​គេ​នៅ តែ​ដល់​ខ្ញុំ​រត់​មិន​រួច​ក៏​សន្សំ​លុយ​ទិញ​ឈើ​បាន​បន្តិចបន្តួច​ក៏​ខ្ញុំ​បបួលគ្នា​ធ្វើ​ផ្ទះ​នៅ ក៏​បញ្ហា​តែម្ដង​។ កន្លងមក​ប្រជាពលរដ្ឋ​មក​តវ៉ា​ដែរ ប៉ុន្តែ​តវ៉ា​មិន​បាន​គេ​មិន​ឱ្យ​និយាយ គេ​ថា នៅតែ​ខុសៗ។ ខ្ញុំ​ឆ្ងល់​ចុះ​ត្រង់​អ្នក​ផ្សេង​ជាច្រើន​គ្រួសារ​ហេតុ​អី​បានជា​គេ​ធ្វើ​ផ្ទះ​នៅ​បាន»

លោកស្រី​បន្ត​ថា ពួកគេ​មិន​ចង់​ទៅ​រស់នៅ​លើ​ដី​ដែល​អាជ្ញាធរ​ចែក​ឱ្យ​នោះ​ទេ ព្រោះ​ជា​តំបន់​គ្មាន​ប្រភព​ទឹក និង​ឆ្ងាយ​ពី​ទីប្រជុំជន ដែល​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​រក​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត លោក គង់ ហ៊ាន ថ្លែង​ថា គ្រួសារ​របស់​លោក​មាន​សមាជិក​ចំនួន ៨​នាក់ រស់នៅ​ភូមិក​៥ ប្រមាណ​៥​ឆ្នាំ​ហើយ ដោយសារ​ជីវភាព​ក្រីក្រ ក៏បាន​ចាក​ចេញពី​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​ប៉ោយប៉ែត។ លោក​បញ្ជាក់​ថា សព្វថ្ងៃ​គ្រួសារ​របស់​លោក​ទៅ​ស៊ីឈ្នួល​កាប់​អំពៅ​ឱ្យ​ជនជាតិ​ថៃ ទៅ​ព្រឹក​វិល​ល្ងាច ​បាន​ប្រាក់​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​ស្ទើរតែ​រៀងរាល់​ថ្ងៃ។ ប៉ុន្តែ​លោក​ថា នៅ​ពេល​អាជ្ញាធរ​បញ្ជូន​ពួកគាត់​ទៅ​រស់នៅ​តំបន់​ផ្សេង គឺ​ប្រឈម​នឹង​គ្មាន​អង្ក​ច្រក​ឆ្នាំ ព្រោះ​គ្មាន​ដី​ដាំ​ដុះ​និង​គ្មាន​មុខរបរ​ផ្សេង​ក្រៅ​អំពី​ធ្វើ​ជា​កម្មករ​នៅ​ព្រំដែន​ថៃ​នោះ​ឡើយ៖ «ខ្ញុំ​ជួប​ការ​លំបាក​ច្រើន​ណាស់​លោកពូ​អើយ រាល់ថ្ងៃ​នេះ​ខ្ញុំ​រក​មួយថ្ងៃ​ហូប​មួយថ្ងៃ​ទម្រាំ​បាន គេ​ឱ្យ​ដោះដូរ​រឿង​ដីធ្លី​នោះ ខ្ញុំ​ក៏​មិនទាន់​ដឹង​ថា ដីធ្លី​រៀប​ម៉េច​អី​របៀប​ម៉េច​ទេ។ ប៉ុន្តែ​ខ្ញុំ​ទៅ​នេះ​អត់​មាន​លុយកាក់​ក្នុង​ខ្លួន ព្រោះ​មាន​កូន​ច្រើន។ បើ​ថា​នៅ​កើត​ខ្ញុំ​នៅ​បើ​នៅ​មិនកើត ខ្ញុំ​មានតែ​ត្រឡប់​មក​ទីនេះ​វិញ ព្រោះ​នៅ​ទី​នេះ​ខ្ញុំ​អាច​ស៊ីឈ្នួល​កាប់​អំពៅ​រក​មួយថ្ងៃ​រស់​មួយថ្ងៃ​បាន»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលក្រុង​ប៉ោយប៉ែត គាល ហ៊ុល ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៩​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង ពុំ​មាន​អ្នក​ទទួល។

អាស៊ីសេរី​ក៏​ព្យាបាល​ទាក់ទង​ទៅ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បន្ថែម​ទៀត ដោយ​លោក​ប្រាប់​ថា ជាប់​រវល់​ការងារ៖ «ខ្ញុំ​កំពុង​ជាប់រវល់​ការងារ»

ប៉ុន្តែ​មេភូមិ​ក​៥ លោក ឈុន ស្រ៊ាង ប្រាប់​អាស៊ីសេរី​ថា ការ​រុះរើ​ផ្ទះ​នេះ​ធ្វើឡើង​ស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋ បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​ស្នើសុំ​មក​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងនោះ​ចេញពី​តំបន់​ស។លោក​បញ្ជាក់​ថា កន្លងទៅ​អាជ្ញាធរ​ប្រទេស​ទាំង​២​បាន​ឯកភាព​គ្នា​ទុក​ដី​តាម​មាត់​អូរ​ព្រំដែន​តំបន់​នោះ​ឱ្យ​នៅ​ទំនេរ​ដដែល ដោយ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​កម្ពុជា ថៃ សង់​អាគារ​ឬ​ធ្វើ​ផ្ទះ​នៅ​លើ​ដី​នោះ​ឡើយ៖ «ទាំងអស់​គ្នា​ទាំង​៣​គ្រួសារ​ហ្នឹង​សម្រេច​ថ ទៅតាម​សំណើ​របស់​លោក​អភិបាលក្រុង​ប៉ោយប៉ែត ដែល​គាត់​ស្នើ​ដោះស្រាយ​បញ្ហា​ប្រឈម​ហ្នឹង គាត់​សម្រេច​ទៅ​ហ្នឹង​។​ថ្ងៃស្អែក​នេះ​ឱ្យ​ខាង​អាជ្ញាធរ​ឃុំ​ហ្នឹង ដែល​មាន​កង់​បី​រួម​ហ្នឹង​ដឹក​គាត់​ទៅ​សាលាក្រុង ហើយ​លោក​អភិបាលក្រុង​គាត់​រក​មធ្យោបាយ​និង​ជួយ​ថ្លៃ​ឡាន​ជួយ​ដឹក​ពួកគាត់​យក​ទៅ​ទីតាំង​ហ្នឹង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​កន្លង​មក ភាគី​កម្ពុជា​តែង​ចាញ់​ប្រៀប​ថៃ ជារឿយៗ​មក ដូចជា​ការ​រុះរើ​ផ្ទះ និង​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ដាំ​ដុះ​នៅ​លើ​តំបន់​ព្រំដែន​ជាច្រើន​ករណី​មក​ហើយ ដោយ​ចាត់ទុកជា​តំបន់​ស។ លោក​បន្ថែម​ថា ការដោះដូរ​ទីតាំង​ថ្មី​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​នេះ គ្រាន់តែ​ជា​ការ​ធ្វើ​ល្អ​មើល ដើម្បី​បញ្ចៀស​បញ្ហា​មួយ​គ្រា​ប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​ទាំងនោះ​នឹង​ត្រូវ​វិលត្រឡប់​ទៅ​ព្រំដែន​វិញ​នៅ​ថ្ងៃ​ខាងមុខ ដើម្បី​រក​ការងារ​ដោះស្រាយ​ជីវភាព​គ្រួសារ៖ «ការរស់នៅ​ព្រំដែន​ជា​យុទ្ធសាស្ត្រ​ការពារ​ព្រំដែន គេ​មានតែ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​រស់នៅ​ព្រំដែន​ឱ្យ​បាន​ហ្នឹង ដើម្បី​ជួយ​មើល​ជួយ​ការពារ​ព្រំដែន​។ ព្រោះ​ប្រជាពលរដ្ឋ​ក៏​ជា​កោសិកា​មួយ​របស់​ជាតិ​ដែរ​។ អីចឹង​បើ​គាត់​រស់​នៅ​តាម​ព្រំដែន​អី​ត្រឹមត្រូវ​គួរ​ពិនិត្យ​មើល​ថា តើ​មាន​ដី​មាន​ធ្លី​កន្លែង​ណា​ជួយ​ពួកគាត់ ហើយ​បើសិនជា​តំបន់​ស​កន្លែង​ហ្នឹង​បើ​ហាមឃាត់​ត្រូវ​ឃាត់​ទាំងអស់​គ្នា»

របាយការណ៍​មេភូមិ​ក​៥ ឱ្យដឹង​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ក្នុង​ភូមិក​៥ សង្កាត់​ប៉ោយប៉ែត មាន​ជាង​៦០០​គ្រួសារ ហើយ​ភាគច្រើន​ជា​ពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត ក្នុង​នោះ​ពលរដ្ឋ​ជាង​២០​គ្រួសារ​រស់នៅ​ជាប់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ។

ពលរដ្ឋ​ទាំង​៣​គ្រួសារ​នោះ អះអាង​ថា ប្រសិនបើ​ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​ផ្ដល់​ជូន​នោះ គ្មាន​មន្ទីរពេទ្យ សាលារៀន ទឹក​ភ្លើង​ប្រើប្រាស់ និង​មុខរបរ​រក​ប្រាក់​ចំណូល​ទេ​នោះ ពួកគេ​នឹង​វិល​ត្រឡប់​មក​រស់នៅ​តំបន់​ព្រំដែន​ថៃ​វិញ​ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល