ក្រសួង​អប់រំ​ជូន​ដំណឹង​ពី​ការ​ប្រឡង​គំនូរ​កុមារ​តាម​សាលា​បឋម​សិក្សា

ដោយ សុជីវី
2015-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១០-តុលា-២០១២៖ កុមារ​នៅ​ក្នុង​សាលារៀន​មួយ ក្នុង​ខេត្ត​កំពង់ស្ពឺ។
១០-តុលា-២០១២៖ កុមារ​នៅ​ក្នុង​សាលារៀន​មួយ ក្នុង​ខេត្ត​កំពង់ស្ពឺ។
Photo: RFA

ក្រសួង​អប់រំ ជូន​ដំណឹង​ពី​ការ​ប្រឡង​គំនូរ​កុមារ​នៅ​តាម​សាលា​រៀន​ចំណេះ​ទូទៅ។ ក្នុង​លិខិត​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) បញ្ជាក់​ថា ការ​ប្រឡង​គំនូរ​កុមារ​នេះ រៀបចំ​ដោយ​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា (UNESCO)។ នេះ​ជា​ការ​ប្រឡង​គំនូរ​កុមារ​តាម​សាលា​បឋម​សិក្សា​លើក​ទី​១០ នៅ​កម្ពុជា ដើម្បី​ជ្រើសរើស​កុមារ​មាន​ស្នាដៃ ទៅ​ចូលរួម​មហោស្រព​គំនូរ​កុមារ​នៅ​អាស៊ី ឆ្នាំ​២០១៥-២០១៦។

លក្ខខណ្ឌ​នៃ​ការ​ប្រកួត គឺ​កុមារ​ត្រូវ​មាន​អាយុ​ពី ៦​ឆ្នាំ​ទៅ ១២​ឆ្នាំ។ កុមារ​ត្រូវ​គូរ​ស្នាដៃ​ចំនួន ៥​សន្លឹក​ខុសៗ​គ្នា ក្រោម​ប្រធានបទ «នេះ គឺ​ការ​រស់នៅ​របស់​ខ្ញុំ» ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ណា​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ទំនៀមទម្លាប់ ប្រពៃណី ភូមិ-ស្រុក និង​ប្រជាពលរដ្ឋ ជាដើម។ សន្លឹក​ស្នាដៃ​នីមួយៗ ត្រូវ​មាន​គំនូរ​ផាត់​ពណ៌ ដោយ​មាន​អត្ថបទ​បកស្រាយ​អំពី​រូបភាព​នោះ។

អ្នក​ចូលរួម​ប្រឡង អាច​ផ្ញើ​ស្នាដៃ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ទៅ​គណៈកម្មការ​ជាតិ​យូណេស្កូ​នៅ​ភ្នំពេញ។ មន្ទីរ​អប់រំ​រាជធានី-ខេត្ត ក៏​ជា​អ្នក​ជួយ​សម្រប​សម្រួល​បញ្ជូន​ស្នាដៃ​បន្ត​ទៅ​គណៈកម្មការ​ជាតិ​យូណេស្កូ ដែរ។

កុមារ​មួយ​រូប​ដែល​ឈ្នះ​រង្វាន់​ធំ នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន។ ក្រៅ​ពី​នេះ ក៏​មាន​រង្វាន់​សម្រាប់​កុមារ ១២​នាក់​ទៀត និង​រង្វាន់​លួង​ចិត្ត​ដល់​កុមារ​ចំនួន ១០​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល