សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​បាន​គ្រឿងញៀន​ជិត ៣០​គីឡូក្រាម​ពី​ស្ត្រី​ជនជាតិ​ថៃ ២​នាក់

ដោយ អាស៊ីសេរី
2019-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ជនជាតិ​ថៃ ២​នាក់ ដែល​សមត្ថកិច្ច​​ឃាត់​ខ្លួន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ២០១៩ ក្រោយពី​រក​ឃើញ​កញ្ចប់​គ្រឿងញៀន ចំនួន​២៧​ដុំ នៅ​ក្នុង​វ៉ាលី​​របស់​ពួកគេ។
ស្ត្រី​ជនជាតិ​ថៃ ២​នាក់ ដែល​សមត្ថកិច្ច​​ឃាត់​ខ្លួន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ២០១៩ ក្រោយពី​រក​ឃើញ​កញ្ចប់​គ្រឿងញៀន ចំនួន​២៧​ដុំ នៅ​ក្នុង​វ៉ាលី​​របស់​ពួកគេ។
រូប៖ នគរបាល​ជាតិ

សមត្ថកិច្ច​ខេត្ត​សៀមរាប ឃាត់​ខ្លួន​ស្ត្រី​ជនជាតិ​ថៃ ២​នាក់ ក្រោយពី​រក​ឃើញ​កញ្ចប់​គ្រឿងញៀន ចំនួន​២៧​ដុំ នៅ​ក្នុង​វ៉ាលីស៍​របស់​ពួកគេ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ តុលា។

គ្រឿងញៀន​ចំនួន ២៧​ដុំ​នោះ ជា​ប្រភេទ​ថ្នាំ មេតំហ្វេតាមីន (Methamphetamine) មាន​សណ្ឋាន​ជា​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មាន​ទម្ងន់​សរុប​ជាង ២៧​គីឡូក្រាម ដែល​ជនសង្ស័យ​បម្រុង​នាំ​ឆ្លងកាត់​តាម​កម្ពុជា ទៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ទិត្យ ណារ៉ុង ប្រាប់​អាស៊ីសេរី​ដោយ​ខ្លី​ថា សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ និង​បន្ត​ស្វែងរក​មេខ្លោង​នៅ​ពីក្រោយ​ខ្នង។

កាលពី​ថ្ងៃ​ទី​២១ តុលា សមត្ថកិច្ច​ខេត្ត​កំពង់ធំ ក៏​ចាប់​បាន​គ្រឿងញៀន ប្រភេទ​មេតំហ្វេតាមីន សរុប ១​រយ​គីឡូក្រាម ពី​សង្ស័យ ៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ៣​នាក់ និង​ថៃ​ម្នាក់​ដែរ ដែល​នាំ​គ្រឿងញៀន​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ក្នុង​ខេត្ត​ឧត្តរមានជ័យ​។​

ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃ​ទី​២៤ តុលា បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​សហការ​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​រួមគ្នា​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន។ របប​ក្រុងភ្នំពេញ​ប្ដេជ្ញា​ថា នឹង​បង្ក្រាប​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត ឱ្យ​អស់​ត្រឹម​ដើម​ឆ្នាំ​២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល