"ពលរដ្ឋ​កម្ពុជា​មិន​ទាន់​ទទួល​បាន​ផល​ចំណេញ​ពី​អត្រា​ធ្លាក់​ចុះ​​​នៃ​ភាព​ក្រីក្រ"

ដោយ ប្រាជ្ញ ចេវ
2015-09-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កុមារ​ដើរ​បោស​សម្អាត​ឡាន​អ្នក​ដំណើរ និង​សុំ​លុយ​នៅ​តាម​ដង​ផ្លូវ​មួយ​នា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥
កុមារ​ដើរ​បោស​សម្អាត​ឡាន​អ្នក​ដំណើរ និង​សុំ​លុយ​នៅ​តាម​ដង​ផ្លូវ​មួយ​នា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥
RFA

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​នៅ​បុរី​ញីវយ៉ក ថា អត្រា​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា ធ្លាក់​ចុះ​លឿន​នោះ គឺ​ជា​រឿង​ត្រឹមត្រូវ។ ប៉ុន្តែ ការ​ធ្លាក់​ចុះ​នេះ មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​ទទួល​បាន​ផល​ចំណេញ​នោះ​ទេ ខណៈ​ដែល​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​នៅ​ឆ្ងាយ​ពី​គ្នា​ដដែល។

អ្នក​ជំនាញ​ដដែល​បង្ហាញ​ថា គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ នៅ​​តែ​ឆ្ងាយ​ដាច់​ពី​គ្នា​ដដែល ដែល​កត្តា​​នេះ ប្រសិន​រដ្ឋាភិបាល​ដោះស្រាយ​មិន​បាន អាច​ធ្វើ​ឲ្យ​ប្រទេស​មាន​សង្គម​វណ្ណៈ ហើយ​ស្ថានភាព​ប្រទេស​មាន​លក្ខណៈ​ផុយ​ស្រួយ។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្ហាញ​ពី​របាយការណ៍​ដែល​ថា បន្ទាត់​ភាព​ក្រីក្រ​នៅ​កម្ពុជា ធ្លាក់​ចុះ​នេះ ពីព្រោះ​ស្ថានភាព​ជាក់ស្ដែង គឺ​ជីវភាព​ពលរដ្ឋ​ទូទៅ​មិន​ទាន់​​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ចន្ធី  និយាយ​ថា ទោះ​ភាព​ក្រីក្រ​ធ្លាក់​ចុះ​លឿន​ក៏​ពិត​មែន ប៉ុន្តែ​លោក​ថា បន្ទាត់​នៃ​ភាព​ក្រីក្រ​ទាប ដែល​​បង្ហាញ​ពី​តម្រូវការ​នៃ​ការ​រស់​នៅ​របស់​ពលរដ្ឋ​តិច។ លោក​បន្ត​ថា សេដ្ឋកិច្ច​កម្ពុជា ដែល​នាំ​ចេញ​ភាគ​ច្រើន​ជា​ឧស្សាហកម្ម​ធុន​ស្រាល និង​ផលិតផល​ឆៅ​ដែល​មិន​ទាន់​កែច្នៃ ឬ​កែច្នៃ​តិច ឬ​ពាក់​កណ្ដាល​កែច្នៃ​នៅ​ឡើយ៖ «លុយ​ដែល​យើង​គិត​ថា ជា​បន្ទាត់​ក្រីក្រ​ហ្នឹង​តិច បើ​ចង់​ដឹង​ថា អាច​រស់​បាន ឬ​មិន​បាន សាកល្បង​ចាយ​លុយ​តែ​ជាង ៤.០០០រៀល ឬ​ជាង ៣.០០០​រៀល តែ​មួយ​សប្ដាហ៍​ទៅ ថា​អាច​រស់​បាន ឬ​មិន​បាន?»

​ថ្លែង​ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ក្នុង​សហរដ្ឋអាមេរិក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដឹង​ថា នៅ​រយៈពេល ២០​ឆ្នាំ​កន្លង​មក កម្ពុជា​មាន​ការ​ប្រែប្រួល​គួរ​ជាទីមោទនៈ។ ក្រៅ​ពី​អះអាង​ថា ស្ថិរភាព​នយោបាយ​រឹងមាំ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ​ប្រសើរ ព្រម​ទាំង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ដែល​អត្រា​ជា​មធ្យម ៧,៧% ក្នុង​មួយ​ឆ្នាំ លោក​ថា អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​យ៉ាង​លឿន ពី ៥៣% ក្នុង​ឆ្នាំ​២០០៤ មក​ត្រឹម ១៦% នៅ​ឆ្នាំ​២០១៣ ។

លោក ហ៊ុន សែន ថា អត្រា​នៃ​ភាព​ក្រីក្រ​ធ្លាក់​ចុះ​នេះ បាន​​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើ​វិស័យ​សង្គមកិច្ច​មួយ​ចំនួន​ទៀត មុន​ពេល​កំណត់​ឆ្នាំ​២០១៥៖ «កម្ពុជា​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រែប្រួល​គួរ​ជា​ទី​មោទនៈ ជា​ពិសេស​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ​រឹងមាំ»

អ្នក​ជំនាញ​សេដ្ឋកិច្ច​ថា ការ​កំណត់​ចំណូល​របស់​ពលរដ្ឋ​ម្នាក់ៗ​ក្នុង​មួយ​ថ្ងៃ​ដែល​រស់​នៅ​ក្នុង​បន្ទាត់​ក្រីក្រ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៤.០០០​រៀល គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ពិបាក​រស់​នៅ។

ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ថា​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​អង្គការ​សហប្រជាជាតិ មិន​ខុស​នោះ​ទេ។ ប៉ុន្តែ​លោក​ថា ការ​ថយ​ចុះ​នៃ​អត្រា​ភាព​ក្រីក្រ​នេះ មិន​មែន​ជា​ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ក្រ​ទាំង​អស់​នោះ​ទេ គឺ​ជា​ការ​ថយ​ចុះ​នៃ​អ្នក​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​ប៉ុណ្ណោះ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ដដែល បន្ត​ថា ស្ថានភាព​ពលរដ្ឋ​ក្បែរ​បន្ទាត់​ក្រីក្រ និង​ស្ថានភាព​ពលរដ្ឋ​រងគ្រោះ​នៅ​តែ​មាន​វិសាលភាព​ធំធេង៖ «យើង ​ឃើញ​អត្រា​នៃ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្រោម​ភាព​ក្រីក្រ​ទេ ដែល​​ធ្លាក់​ស្ថានភាព​ជិត​ក្រ និង​រងគ្រោះ​មាន​វិសាលភាព​ធំធេង រហូត​ដល់​ជាង ៨​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ ១៥​លាន​នាក់​នោះ»

ក្រៅ​ពី​អះអាង​ពី​កំណើន​សេដ្ឋកិច្ច និង​អត្រា​នៃ​ភាព​ក្រីក្រ​ធ្លាក់​ចុះ​លឿន​នោះ លោក ហ៊ុន សែន ស្នើ​ទៅ​បណ្ដា​ប្រទេស​អ្នក​ផ្ដល់​ជំនួយ ឲ្យ​បន្ត​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ទំហំ​ទឹក​ប្រាក់ ០,៧% នៃ​ចំណូល​ជាតិ​សរុប ខណៈ​ដែល​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ លោក​ថែម​ទាំង​ស្នើ​ឲ្យ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ក្នុង​ទំហំ ០,១៥% ទៅ ០,២០% នៃ​ចំណូល​ជាតិ​សរុប ទៅ​ដល់​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​តិចតួច។

លោក កែម ឡី ថា ក្រសួង​ផែនការ ឬ​ធនាគារ​ពិភពលោក​កំណត់​ថា អ្នក​ដែល​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ គឺ​ជា​អ្នក​ដែល​រក​ប្រាក់​មិន​បាន ២,២៤​ដុល្លារ​ក្នុង​មួយ​មួយ​ថ្ងៃ ប៉ុន្តែ​លោក​ថា ពលរដ្ឋ​ខ្មែរ​ជាង ៨០% រក​ប្រាក់​មិន​បាន ២,២៤​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។

លោក កែម ឡី ថា យុទ្ធសាស្ត្រ​គាំពារ​សង្គម​របស់​រដ្ឋាភិបាល​ត្រូវ​បាន​អនុវត្ត ប៉ុន្តែ​មិន​បាន​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឡើយ។ លោក​បន្ត​ថា គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ​ដូច​នេះ ធ្វើ​ឲ្យ​កើត​ឡើង​នូវ​អស្ថិរភាព​នៅ​ក្នុង​សង្គម បញ្ហា​ចំណាក​ស្រុក ហើយ​កត្តា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​កើត​ឡើង​បដិវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

នៅអាមេរិក និងអឺរុប ប្រជាជនសុទ្ធតែអ្នកមានស្មើៗគ្នាទាំអស់?

Sep 28, 2015 04:32 AM

អ្នក​អាន​អនាមិក

ពី vs4ttr3

The more economic growth the more people migrate for job in Thailand and Korea and other and more people in country side have little food to eat. Average people in city spend for food $5/day and people in country side spend only $0.50/day.

Sep 28, 2015 03:24 AM

អ្នក​អាន​អនាមិក

Why Cambodia is number 8th in poorest countries in the world ? Hun Sen said I do not understand what he was talking about,he speak with closing eyes or blind eye ?

Sep 27, 2015 11:39 PM

អ្នក​អាន​អនាមិក

ACCORDING TO HUN SEN,CAMBODIAN SHOULD BE SELF SUFFICIENT.EVERY YEAR ECONOMIC INCREASE 7% IS VERY GOOD BUT WHY CAMBODIAN STILL BEG FOR FUND FROM FOREIGNERS?

Sep 27, 2015 03:32 PM

គេហទំព័រ​ទាំងមូល