ក្រសួង​អប់រំ​ថា​នឹង​ពិភាក្សា​លើ​សំណើ​ដាក់​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា​ក្នុង​កម្មវិធី​សិក្សា

ដោយ អ៊ុំ រង្សី
2015-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វេទិកា​ពិភាក្សា​ស្ដីពី «សំណើ​ដាក់​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា​នៅ​ក្នុង​កម្មវិធី​សិក្សា​កម្រិត​វិទ្យាល័យ» នា​សាកលវិទ្យាល័យ​ខេមរៈ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៥។
វេទិកា​ពិភាក្សា​ស្ដីពី «សំណើ​ដាក់​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា​នៅ​ក្នុង​កម្មវិធី​សិក្សា​កម្រិត​វិទ្យាល័យ» នា​សាកលវិទ្យាល័យ​ខេមរៈ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA

មុខវិជ្ជា​ទស្សនវិជ្ជា​ត្រូវ​បាន​ក្រសួង​អប់រំ មិន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​អប់រំ​នៅ​ថ្នាក់​វិទ្យាល័យ​ទេ​កន្លង​មក ដោយ​គេ​ជំនួស​មក​វិញ​នូវ​មុខវិជ្ជា​ពលរដ្ឋវិទ្យា។ បញ្ហា​នេះ អ្នក​ជំនាញ​ខាង​ទស្សនវិជ្ជា​លើក​ឡើង​ថា មុខវិជ្ជា​ទស្សនវិជ្ជា​សំខាន់​ណាស់ ដែល​ក្រសួង​អប់រំ ត្រូវ​តែ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​អប់រំ​ឡើង​វិញ ព្រោះ​ថា មុខវិជ្ជា​សីលធម៌ និង​ពលរដ្ឋ​វិជ្ជា គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​មុខវិជ្ជា​ទស្សនវិជ្ជា​តែប៉ុណ្ណោះ។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា លោក​នឹង​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​របស់​លោក​ដើម្បី​ដាក់​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា​ទៅ​ក្នុង​កម្មវិធី​អប់រំ​នៅ​ថ្នាក់​វិទ្យាល័យ​ឡើង​វិញ។

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អ៊ឹម កុច បាន​សន្យា​នៅ​ចំពោះ​មុខ​និស្សិត​ជាង ៣០០​នាក់ នៅ​ក្នុង​វេទិកា​ពិភាក្សា​ស្ដីពី «សំណើ​ដាក់​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា​នៅ​ក្នុង​កម្មវិធីសិក្សា​កម្រិត​វិទ្យាល័យ» នា​សាកលវិទ្យាល័យ​ខេមរៈ នៅ​ព្រឹក​ទី​៣១ ខែ​ឧសភា។ លោក​បញ្ជាក់​ថា ការ​យឺតយ៉ាវ​ឆ្លើយ​តប​លើ​សំណើ​របស់​និស្សិត​កន្លង​មក​មិន​មែន​ក្រសួង​មិន​ចង់​ដោះស្រាយ​នោះ​ទេ អ្វី​ក៏ដោយ​ត្រូវ​ការ​បែបបទ​របស់​វា។ លោក​ថា ដើម្បី​សម្រេច​ដាក់​បញ្ចូល​មុខវិជ្ជា​នេះ ចាំបាច់​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្អែក​លើ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ។

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ រូប​នេះ​ចាត់​ទុក​ថា មុខវិជ្ជា​ទស្សនវិជ្ជា​គឺ​ជា​មុខវិជ្ជា​សំខាន់ វា​ទាមទារ​ការ​សម្រេច​ពី​ថ្នាក់​រដ្ឋមន្ត្រី ប៉ុន្តែ​លោក​នឹង​លើក​យក​សំណើ​របស់​និស្សិត និង​សាស្ត្រាចារ្យ​ទស្សនវិជ្ជា​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ពិនិត្យ និង​ពិភាក្សា​បន្ត​ទៀត៖ «បំណង​របស់​ប្អូន​ចង់​បាន​អី សូម​លើក​ជា​សំណើ​ដាក់​មក​ខ្ញុំ​មក ខ្ញុំ​នឹង​ពាំនាំ​សំណើ​នេះ​ទៅ​កាន់​ថ្នាក់​រដ្ឋមន្ត្រី ហើយ​ខ្ញុំ​សន្យា​ថា មិន​យូរ​ទេ នឹង​ពិភាក្សា​លើ​សំណើ​នេះ​ជាមួយ​រដ្ឋមន្ត្រី»

​ការ​សន្យា​របស់​រដ្ឋលេខាធិការ​រូប​នេះ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​និស្សិត​មុខវិជ្ជា​ទស្សនវិជ្ជា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដាក់​ជូន​ក្រសួង​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៤ សុំ​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា​ទៅ​ក្នុង​កម្មវិធីសិក្សា​ថ្នាក់​វិទ្យាល័យ ដើម្បី​ឲ្យ​មុខវិជ្ជា​នេះ​ស្របតាម​កម្មវិធីសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​សាកលវិទ្យាល័យ​នៃ​ប្រទេស​ក្នុង​តំបន់ ក្នុង​ពិភពលោក និង​មិន​អនុញ្ញាត​ឲ្យ​មុខវិជ្ជា​ផ្សេង​ប្រឡង​ចូល​ធ្វើជា​គ្រូបង្រៀន​ទស្សនវិជ្ជា ក្រៅ​ពី​អ្នក​ឯកទេស​ទស្សនវិជ្ជា​នោះ​ឡើយ។

​ទោះ​បី​ជា​មាន​ការ​សន្យា​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​អប់រំ​ថា នឹង​ពិភាក្សា​ចំពោះ​ការ​ស្នើ​សុំ​នេះ​ក្ដី ក្រុម​និស្សិត​បាន​ដាក់​សំណើ​​សុំ​ដាក់​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា​នេះ​បន្ថែម​ទៀត តាម​រយៈ លោក អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា។

​ក្នុង​កម្មវិធី​សិក្សា​កម្រិត​វិទ្យាល័យ មាន​មុខ​វិជ្ជា​ទស្សនវិជ្ជា តាំង​ពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ។ កន្លង​មក​មុខវិជ្ជា​ទស្សនវិជ្ជា ជា​មុខវិជ្ជា​មួយ​ក្នុង​ចំណោម​មុខវិជ្ជា​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) យក​ចិត្ត​ទុក​ដាក់ និង​បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចាប់​តាំង​ពី​ថ្នាក់​មត្តេយ្យ​សិក្សា រហូត​ដល់​ឧត្ដមសិក្សា​ដើម្បី​ឲ្យ​កុមារ និង​យុវជន មាន​មូលដ្ឋាន​ក្នុង​ការ​ពង្រីក​លក្ខណៈ​សម្បត្តិ​ខ្លួន​ឯង​ទាំង​គុណធម៌ សីលធម៌ និង​សមត្ថភាព។ ប៉ុន្តែ​ក្នុង​កម្មវិធីសិក្សា​នៅ​វិទ្យាល័យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពុំ​មាន​មុខវិជ្ជា​ទស្សនវិជ្ជា​ដាច់​ដោយ​ឡែក​ឡើយ មាន​តែ​មុខវិជ្ជា​សីលធម៌ ពលរដ្ឋ​វិជ្ជា ដែល​មុខវិជ្ជា​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​មុខវិជ្ជា​ទស្សនវិជ្ជា ព្រោះ​ថា មុខវិជ្ជា​ទស្សនវិជ្ជា​ត្រូវ​បាន​ក្រសួង​ដក​ចេញ​ពី​កម្មវិធី​សិក្សា​ជាង ១០​ឆ្នាំ​មក​ហើយ។

​សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ខ្មៅ សាវន មាន​ប្រសាសន៍​ថា មុខវិជ្ជា​ទស្សនវិជ្ជា ជា​ពុទ្ធិ និង​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដល់​មនុស្ស ជំរុញ​ឲ្យ​មនុស្ស​ចេះ​គិតគូរ​ពិចារណា​ស៊ី​ជម្រៅ។ លោក​បន្ត​ថា បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក បាន​ដាក់​បញ្ចូល​មុខវិជ្ជា​មួយ​នេះ​ទៅ​ក្នុង​កម្មវិធី​សិក្សា ហើយ​លោក​សង្ឃឹម​ថា ក្រសួង​នឹង​ពិចារណា​ដាក់​បញ្ចូល​មុខវិជ្ជា​នេះ​ទៅ​ក្នុង​កម្មវិធីសិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា​នៅ​កម្ពុជា៖ «ខ្ញុំ​ចង់​ឲ្យ​ក្រសួង​អប់រំ ហ្នឹង ដាក់​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា​នៅ​ក្នុង​កម្មវិធី​សិក្សា ព្រោះ​ថា មុខ​វិជ្ជា​នេះ ជា​ចលករ​ជំរុញ​ឲ្យ​មនុស្ស​មាន​ការ​គិត​ប្រកប​ដោយ​សីលធម៌ គុណធម៌»

​និស្សិត​មុខវិជ្ជា​ទស្សនវិជ្ជា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជាង ៣០០​នាក់ ដែល​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​ពិភាក្សា​នេះ នឹង​បន្ត​សកម្មភាព​ទាមទារ​ឲ្យ​ដាក់​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា ចូល​ទៅ​ក្នុង​កម្មវិធីសិក្សា​ថ្នាក់​វិទ្យាល័យ​បន្ត​ទៀត ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ពី​ក្រសួង​អប់រំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល