មនុស្ស​ចាស់​ពិការ​ទទូច​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មាន​ការ​រស់​នៅ​សមរម្យ

ដោយ អ៊ុំ រង្សី
2015-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​យោធិន​ពិការ​ដែល​ចាប់​អាជីព​ដើរ​ច្រៀង​តាម​ស្តុប ដើម្បី​រៃ​អង្គាស​ថវិកា​ចិញ្ចឹម​ជីវិត លោក ប៉ែន លីហេង ​ច្រៀង​នៅ​ស្តុប​ផ្សារ​ដើមគ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥។
​យោធិន​ពិការ​ដែល​ចាប់​អាជីព​ដើរ​ច្រៀង​តាម​ស្តុប ដើម្បី​រៃ​អង្គាស​ថវិកា​ចិញ្ចឹម​ជីវិត លោក ប៉ែន លីហេង ​ច្រៀង​នៅ​ស្តុប​ផ្សារ​ដើមគ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Um Raingsy

ខណៈ​កម្ពុជា នឹង​ប្រារព្ធ​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣  មនុស្ស​ចាស់​ពិការ​ដែល​ប្រកប​របរ​ដើរ​ច្រៀង​តាម​ស្តុប​មួយ​ចំនួន បាន​សម្ដែង​ការ​តូច​ចិត្ត​ដោយសារ​សង្គម​កម្ពុជា មិន​សូវ​បាន​គិត​ពី​តម្រូវការ​របស់​មនុស្ស​ចាស់​ពិការ។ មនុស្ស​ចាស់​ពិការ​ទាំង​នោះ​ចង់​ឃើញ​សង្គម​កម្ពុជា គិតគូរ និង​យក​ចិត្ត​ទុក​ដាក់​លើ​មនុស្ស​ចាស់​ពិការ ពិសេស​ជន​ពិការ​អាណា​ថា ដែល​បាត់បង់​សមត្ថភាព និង​កំពុង​មាន​ជំងឺ។

មនុស្ស​ចាស់​ពិការ​ចង់​ឃើញ​សង្គម​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ដល់​ពួកគាត់​ឲ្យ​មាន​ជម្រក និង​ការ​រស់​នៅ​សមរម្យ ពីព្រោះ​មនុស្ស​ចាស់​ពិការ​ក៏​ជា​ធនធាន​ដែល​មិន​អាច​មើល​រំលង​បាន ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ។

(សំឡេង​ចម្រៀង​មនុស្ស​ចាស់​ពិការ​ច្រៀង​តាម​ស្តុប)

ការ​បង្ហាញ​អារម្មណ៍​តូច​ចិត្ត​នៅ​ពេល​ដែល​ខ្វះ​ការ​គាំទ្រ​ពី​សង្គម​របស់​មនុស្ស​ចាស់​ពិការ​ដែល​មាន​មុខ​របរ​ដើរ ច្រៀង​តាម​ស្តុប​សាធារណៈ​នៅ​ពេល​នេះ  ធ្វើ​ឡើង​នា​ឱកាស​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៧ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ធ្នូ។

មន្ត្រី​យោធិន​ពិការ​វ័យ​ចំណាស់​ម្នាក់​ដែល​ចាប់​អាជីព​ដើរ​ច្រៀង​តាម​ស្តុប ដើម្បី​រៃអង្គាស​ថវិកា​ចិញ្ចឹម​ជីវិត គឺ​លោក ប៉ែន លីហេង បច្ចុប្បន្ន​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា លោក​ជា​អតីត​មន្ត្រី​យោធា​កងពលធំ​លេខ​៧ ប្រចាំ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។ លោក​អះអាង​ថា កាលពី​ឆ្នាំ​១៩៩០ លោក​ត្រូវ​អំបែង​គ្រាប់បែក ខណៈ​ប្រយុទ្ធ​ក្នុង​សមរភូមិ​បណ្ដាល​ឲ្យ​រង​របួស​ភ្នែក​ទាំង​សង​ខាង​រហូត​ឈាន​ដល់​ពិការ។

លោក​ថា តាំង​ពី​ពេល​នោះ​មក រូប​លោក​ត្រូវ​បាន​អង្គភាព​ផ្ដាច់​ប្រាក់ខែ ដោយសារ​ធ្វើ​ការងារ​អ្វី​មិន​បាន​ដូច​មុន ហេតុ​នេះ ទើប​លោក​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​ដើរ​ច្រៀង​តាម​ស្តុប ដើម្បី​គ្រាន់​បាន​ប្រាក់​ខ្លះ​ជួយ​ផ្គត់ផ្គង់​គ្រួសារ៖ «ថ្ងៃ​ទី​១៣ ឆ្នាំ​១៩៩០ ខ្ញុំ​ត្រូវ​របួស​ពិការ​ភ្នែក ចាប់​ពី​ពេល​នោះ​មក​ជីវិត​ខ្ញុំ​លំបាក​ណាស់ ហើយ​ខ្ញុំ​រំលឹក​វា ព្រោះ​ដើម្បី​មនុស្ស​ទូទៅ​ដឹង​ថា ជន​ពិការ​អត់​មាន​ភ្នែក អត់​មាន​ដៃ អត់​មាន​ជើង អ៊ីចឹង​ជីវិត​ជន​ពិការ​ជួប​ការ​លំបាក​ណាស់»។

ក្រុម​តន្ត្រី​មូលនិធិ​មនុស្ស​ចាស់​ពិការ ច្រៀង​តាម​ទី​សាធារណៈ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Um Raingsy
ក្រុម​តន្ត្រី​មូលនិធិ​មនុស្ស​ចាស់​ពិការ ច្រៀង​តាម​ទី​សាធារណៈ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Um Raingsy

 

ក្នុង​វ័យ​ជាង ៥០​ឆ្នាំ លោក ប៉ែន លីហេង បាន​រៀប​រាប់​ទាំង​ទឹក​មុខ​ស្រងូតស្រងាត់​បន្ត​ថា ទោះបី​លោក​ធ្លាប់​ជា​អតីតមន្ត្រី​យោធិន​ម្នាក់ ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​ត្រូវ​រស់​នៅ​ក្នុង​ជីវភាព​យ៉ាង​លំបាកលំបិន ហើយ​មិន​សូវ​មាន​ការ​គាំទ្រ​ពី​សង្គម​នៅ​ឡើយ។ លោក​បន្ត​ថា សង្គម​ហាក់​ដូចជា​ទុក​ពួកគាត់​ចោល ជាក់ស្ដែង​រូប​លោក​ផ្ទាល់​នៅ​តែ​មាន​ជីវភាព​ខ្វះខាត គ្មាន​ការ​រស់​នៅ​សមរម្យ​ដដែល៖ «ជន​ពិការ​ចាត់​ទុក​រដ្ឋាភិបាល ជា​ម៉ែ ជា​ឪ គាត់​ក៏​គួរតែ​យល់​ពី​ជីវភាព​ជន​ពិការ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ហើយ​កន្លង​មក​រដ្ឋាភិបាល​តែង​ស្រែក​ថា ឲ្យ​ដីធ្លី​ជន​ពិការ និង​គិតគូរ​ពី​ជន​ពិការ តែ​អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​មាន​តែ​ក្នុង​ក្រដាស​ប៉ុណ្ណោះ អ៊ីចឹង​បាន​ស្រែក​ពីរោះ​តែ​ក្នុង​ក្រដាស​ប៉ុណ្ណោះ»

បុរស​ពិការ​ភ្នែក​ទាំងសងខាង​រូប​នេះ​បញ្ជាក់​ដែរ​ថា ទោះ​ជា​កម្ពុជា ប្រារព្ធ​ទិវា​ជន​ពិការ​រាល់​ឆ្នាំ ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​អំពាវនាវ​ឲ្យ​មាន​ការ​យកចិត្ត​ទុក​លើ​ជន​ពិការ​ក្តី តែ​ផ្ទុយ​ទៅ​វិញ បើ​ប្រៀបធៀប​ជន​ពិការ និង​មនុស្ស​ទូទៅ​ឃើញ​ថា ជន​ពិការ​នៅ​តែ​មាន​គម្លាត​ពី​គ្នា និង​នៅ​តែ​មិន​មាន​ភាព​ស្មើ​គ្នា​នៅ​ក្នុង​សង្គម៖ «ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​ធ្លាក់​ខ្លួន​ពិការ​មក ខ្ញុំ​ដើរ​ស៊ី​ស្នូល​គេ កាប់​ដី​គេ ដើម្បី​ចិញ្ចឹម​ជីវិត ដើម្បី​ចិញ្ចឹម​កូន ២​នាក់ និង​ម្ដាយ​ចាស់​ជរា ដែល​មាន​ជំងឺ​ជាប់​ខ្លួន​ទៀត»

​បុរស​ពិការ​ភ្នែក​ដែល​មាន​ស្បែក​ជ្រីវជ្រួញ​ម្នាក់​នេះ និយាយ​ដោយ​សំឡេង​ខ្លាំងៗ​បន្ត​ថា ដោយសារ​សង្គម​ពោរពេញ​ដោយ​អំពើ​ពុករលួយ និយម​តែ​បក្ខពួក ទើប​បណ្ដោយ​ឲ្យ​មនុស្ស​ចាស់​ពិការ​ជាច្រើន​គ្មាន​ទីពឹង។ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កុំ​បន្ត​មើល​រំលង​មិន​យកចិត្តទុកដាក់​មនុស្ស​ពិការ ពិសេស​ជន​ពិការ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ហើយ​ត្រូវ​ឲ្យ​ជន​ពិការ​មាន​ការ​រស់​នៅ​សមរម្យ៖ «សូម​ឲ្យ​រដ្ឋាភិបាល​មេត្តា​ជួយ​កូនចៅ​ដែល​ដើរ​សុំ​ទាន ដែល​ដើរ​ច្រៀង​តាម​ស្តុប ពិសេស​ជន​ពិការ​អនាថា​ដែល​ដើរ​តាម​ផ្សារ តាម​សួនច្បារ សូម​រដ្ឋាភិបាល​ជួយ​ឲ្យ​មាន​ជីវភាព​សមរម្យ»

​ទន្ទឹម​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​អង្គការ​សកម្មភាព​លើ​ជន​ពិការ​ដើម្បី​អភិវឌ្ឍន៍ កញ្ញា នូ វ៉ានី បាន​និយាយ​ដែរ​ថា បច្ចុប្បន្ន​អង្គការ​កញ្ញា​បាន​ជួយ​បង្កើត​ការងារ​មនុស្ស​ចាស់​ពិការ និង​យុវវ័យ​ពិការ​បាន​ប្រមាណ​ជាង ៥០​នាក់ តាម​រយៈ​ការ​ច្រៀង​ក្នុង​មូលនិធិ​តន្ត្រី​ជន​ពិការ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​អាច​រក​ប្រាក់​កម្រៃ​បាន​ខ្លះ​គ្រាន់​ចិញ្ចឹម​ជីវិត និង​ក្រុម​គ្រួសារ។

ប៉ុន្តែ​កញ្ញា​ថា ទោះជា​កម្ពុជា មាន​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​ពិការ​ក្តី ប៉ុន្តែ​សព្វថ្ងៃ​មនុស្ស​ចាស់​ពិការ​នៅ​កម្ពុជា នៅ​តែ​មាន​បញ្ហា​ប្រឈម​ច្រើន ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​ជួយ​ទំនុកបម្រុង​មនុស្ស​ចាស់​ពិការ​ទាំង​នោះ៖ «សន្ធិសញ្ញា​ជន​ពិការ​បាន​ចែង​ហើយ​ថា សង្គម​ជា​ឧបសគ្គ​របស់​ជន​ពិការ មិនមែន​ជន​ពិការ​ជា​ឧបសគ្គ​ដល់​សង្គម​នោះ​ទេ ដូច្នេះ​បណ្ដា​អ្នក​ពាក់ព័ន្ធ​ត្រូវ​តែ​លើក​យក​ពី​បញ្ហា​ទាំង​នេះ​ទៅ​គិត កុំ​ចេះ​បន្ទោស​តែ​ជន​ពិការ»

​ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន អះអាង​ថា កម្ពុជា​មាន​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ បាន​បង្កើត​ឡើង​រយៈពេល ៦​ឆ្នាំ​ហើយ ប៉ុន្តែ​ការ​អនុវត្ត​នៅ​មិន​ទាន់​បាន និង​តែ​មិន​ទាន់​ឆ្លើយតប​តម្រូវការ​ជន​ពិការ។ លោក​បន្ត​ដែរ​ថា ដើម្បី​ជា​ការ​ចូលរួម​បដិភាគ​ដល់​ការ​រស់នៅ​របស់​ជន​ពិការ ពិសេស​មនុស្ស​ចាស់​ពិការ លោក ងិន សៅរ័ត្ន ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល និង​ក្រសួង​សង្គមកិច្ច ត្រូវតែ​ពន្លឿន​ការ​ផ្តល់​គោលនយោបាយ​សម្រាប់​ជន​ពិការ ក្នុង​មួយ​ខែ​ចំនួន ២​ម៉ឺន​រៀល ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កាល​ពី​ពេល​កន្លង​មក៖ «រហូត​មក​ដល់​ពេល​នេះ គោលនយោបាយ ២​ម៉ឺន​រៀល របស់​រដ្ឋាភិបាល ដែល​ថា ផ្តល់​ឲ្យ​មិន​ទាន់​អនុវត្ត​បាន​នៅ​ឡើយ​ទេ ដូច្នេះ​បងប្អូន​ជន​ពិការ​នៅតែ​មិន​ទទួល​បាន​ការ​រស់​នៅ​សមរម្យ​នៅ​ឡើយ»។​

សារលិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ឱកាស​ទិវា​ជន​ពិការ​កម្ពុជា លើក​ទី​១៧ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣ ដែល​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ធ្នូ បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន និង​វិស័យ​ឯកជន​ទាំង​អស់​ត្រូវ​រៀបចំ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជន​ពិការ​គ្រប់​ប្រភេទ​ដែល​ចេញ​ចូល​នៅ​តាម​ទីកន្លែង​សាធារណៈ និង​ជ្រើសរើស​ជន​ពិការ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ជន​ពិការ។

លិខិត​ដដែល​បញ្ជាក់​ទៀត លោក​ជំរុញ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ជន​ពិការ​ក្នុង​ការ​អភិវឌ្ឍ ដោយ​ខិតខំ​ធ្វើ​ឲ្យ​មាន​ការ​ទទួលស្គាល់​នូវ​តម្លៃ ព្រោះ​ជន​ពិការ​គឺជា​ធនធាន​ដែល​មិន​អាច​មើល​រំលង​បាន​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ ដែល​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ជួយ​ផ្ដល់​ការ​គាំទ្រ ដោយ​គ្មាន​ការ​រើស​អើង​ចំពោះ​ពួក​គាត់។

យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមប្រឹក្សា​សកម្មភាព​លើ​ជន​ពិការ​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ដើម្បី​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​ជន​ពិការ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ។

ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​លើ​ជន​ពិការ​នៅ​កម្ពុជា យ៉ាង​នេះ​ក្តី មនុស្ស​ចាស់​ពិការ ដែល​ប្រកប​របរ​ច្រៀង​តាម​ទី​សាធារណៈ​យល់​ថា ​ការ​អំពាវ​របស់​នាយករដ្ឋមន្ត្រី​នៅ​តែ​គ្មាន​ប្រសិទ្ធភាព ហើយ​ពួកគាត់​នៅ​តែ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ មនុស្ស​ចាស់​ពិការ​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​ជន​ពិការ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ព្រោះ​ជន​ពិការ​មាន​សិទ្ធិ​ដូច​ជន​មិន​ពិការ​ដែរ និង​មិន​ត្រូវ​ទុក​ជន​ពិការ​ឲ្យ​នៅ​ដាច់ដោយឡែក​នោះ​ទេ ដើម្បី​ជន​ពិការ​មាន​សកម្មភាព និង​សំឡេង​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម ឲ្យ​ស្រប​ទៅ​តាម​ចំណុច​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល