ពលរដ្ឋ​ចោទ​បុគ្គលិក​អគ្គិសនី​ខេត្ត​មណ្ឌលគិរី​ថា​មាន​ចេតនា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ដោយ រដ្ឋា វិសាល
2017-04-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ឡាំមេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ស្នើសុំ​ឲ្យ​ប្រធាន​អង្គភាព​អគ្គិសនី​ខេត្ត ត្រួត​ពិនិត្យ​សេវាកម្ម​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​របស់​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា។

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ព្នង មួយ​គ្រួសារ​នៅ​ភូមិ​ឡាំមេះ ចោទ​ប្រកាន់​បុគ្គលិក​អង្គភាព​អគ្គិសនី​ពីរ​នាក់ ថា​បាន​រុះរើ​ឧបករណ៍​ភ្ជាប់​ចរន្តអគ្គិសនី​ចេញ​វិញ ដោយសារ​តែ​ប្រជាពលរដ្ឋ​នោះ​មិន​ព្រម​ទិញ​ខ្សែ​ភ្លើង​របស់​បុគ្គលិក​អគ្គិសនី​ដែល​មាន​តម្លៃ​ខ្ពស់​លើស​ទីផ្សារ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា គ្រា​ដែល​បុគ្គលិក​អគ្គិសនី​ទាំង​ពីរ​នាក់​ចុះ​ភ្ជាប់​បណ្ដាញ​ចេញ​ពី​បង្គោល​លេខ​៧២៥០ ឋិត​ក្នុង​ភូមិ​ឡាំមេះ តាម​លិខិត​ស្នើសុំ​របស់​ពលរដ្ឋ និង​មាន​ការ​យល់ព្រម​ពី​មន្ត្រី​អង្គភាព​អគ្គិសនី​ខេត្ត។

ប្រជាពលរដ្ឋ​អ្នក​ស្នើសុំ​ភ្ជាប់​បណ្ដាញ​អគ្គិសនី លោក ក្រើង តុលា បញ្ជាក់​ថា បុគ្គលិក​ត​បណ្ដាញ​អគ្គិសនី ដាក់​សម្ពាធ​មិន​ព្រម​ភ្ជាប់​ចរន្ត​អគ្គិសនី​ចូល​ទៅ​លំនៅឋាន​លោក ប្រសិន​លោក​មិន​ទិញ​ខ្សែ​ភ្លើង​របស់​បុគ្គលិក​រូប​នោះ។ លោក​ថា បាន​ទិញ​ខ្សែ​ភ្លើង​មាន​ទំហំ​ត្រឹមត្រូវ​តាម​កម្រិត​ថាមពល​អគ្គិសនី​ដែល​លោក​ស្នើសុំ​ទំហំ ១០​អាំពែរ (10A) ដែល​នៅ​ទីផ្សារ មួយ​ម៉ែត្រ​មាន​តម្លៃ ១.៥០០​រៀល ប៉ុន្តែ​ខ្សែ​ភ្លើង​របស់​បុគ្គលិក​អគ្គិសនី​លក់​តម្លៃ​មួយ​ម៉ែត្រ ៣​ពាន់​រៀល«លុះត្រា​តែ​ទិញ​ខ្សែ​គាត់​បាន​គាត់​ត អា​ហ្នឹង​ជា​ចំណុច​ដែល​ខ្ញុំ​ខឹង បើ​មិន​យក​ខ្សែ​គាត់​ទេ គាត់​អត់​ត​ទេ គាត់​និយាយ​អ៊ីចឹង»

ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​មណ្ឌលគិរី បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ឃុំ​ប៊ូស្រា បំពេញ​បែបបទ​សុំ​ជាវ​ថាមពល​អគ្គិសនី រួម​ទាំង​កំណត់​ឲ្យ​បង់​ថ្លៃ​សេវាកម្ម ថ្លៃ​ចំណាយ​ទិញ​ឧបករណ៍ និង​ប្រាក់​កក់​ទៅ​តាម​តារាង​តម្លៃ​ជាវ​អគ្គិសនី​របស់​ក្រុមហ៊ុន​អគ្គិសនី​កំណត់។

ប្រធាន​អង្គភាព​អគ្គិសនី​ខេត្ត​មណ្ឌលគិរី លោក ប្រាជ សុផា បញ្ជាក់​ថា ក្រុមហ៊ុន​គ្មាន​គោលការណ៍​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​ខ្សែ​ភ្លើង​ពី​បុគ្គលិក​ក្រុមហ៊ុន​នោះ​ទេ លើកលែងតែ​អតិថិជន​អ្នក​ស្នើសុំ​ប្រើប្រាស់​ឧបករណ៍​ខុស​ស្តង់ដារ​បច្ចេកទេស។ លោក​ថា​នឹង​ចាត់​មន្ត្រី​ចុះ​ពិនិត្យ​សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ភូមិ​ឡាំមេះ ដើម្បី​ដោះស្រាយ​រឿង​នេះ​ជូន​ពលរដ្ឋ«ចាំ​ខ្ញុំ​ពិនិត្យ​មើល ព្រោះ​ខ្ញុំ​ឡើង​មក​ប្រជុំ​នៅ​ភ្នំពេញ។ ខ្ញុំ​អត់​បាន​ដឹង»

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ប៊ូស្រា ច្រើន​ឆ្នាំ​មក​ហើយ​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅ​ឡើយ។ ចាប់​ពី​ឆ្នាំ​២០១៣ អគ្គិសនី​របស់​ឯកជន​ដំបូង​បាន​ធ្វើ​សេវាកម្ម​ថាមពល​អគ្គិសនី​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់​ក្នុង​តម្លៃ ៣​ពាន់​រៀល គ្រា​ដែល​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​លក់​ថាមពល​អគ្គិសនី​ជូន​ពលរដ្ឋ​ក្នុង​តម្លៃ ៩០០​រៀល។

ប្រធាន​សាខា​អង្គភាព​អគ្គិសនី​ប្រចាំ​ស្រុក​ពេជ្រាដា លោក ទី សុភក្ត្រា បញ្ជាក់​ថា វា​ជា​ការ​ភ័ន្ត​ច្រឡំ​មិន​យល់​គ្នា​រវាង​អតិថិជន និង​បុគ្គលិក​ភ្ជាប់​បណ្ដាញ​ទាក់ទិន​ការ​ភ្ជាប់​បណ្ដាញ​ចូល​លំនៅឋាន​អតិថិជន។ លោក​ថា​មិន​បាន​ដឹង​ច្បាស់​ពី​ទំនាស់​នោះ​ទេ ក៏ប៉ុន្តែ​បុគ្គលិក​អគ្គិសនី​បាន​ភ្ជាប់​ចរន្ត​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​នោះ​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មេសា«ការ​ផ្គត់ផ្គង់​របស់​ពួក​ខ្ញុំ​មាន​ត្រឹម​បង្គោល​ទេ រឿង​អូស​ខ្សែ​ចូល​ផ្ទះ​ជា​រឿង​មនោសញ្ចេតនា​ទេ។ ខាង​ខ្ញុំ​អត់​មាន​លក់​ខ្សែ​ទេ បើ​សិន​បុគ្គលិក​ណា​លក់​ខ្សែ ប្រឈម​មុខ​នឹង​ការ​ដេញ​ចោល»

ឃុំ​ប៊ូស្រា មាន​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ រហូត​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជាង ៧០​ភាគរយ​ទទួល​បាន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពី​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល