ពលរដ្ឋ​សង្កាត់​ចេក​ខេត្ត​ស្វាយរៀង​រិះគន់​អាជ្ញាធរ​អគ្គិសនី​ថា​យឺតយ៉ាវ​ត​បណ្ដាញ​អគ្គិសនី​រដ្ឋ

ដោយ មុំ សុផុន
2015-02-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បង្គោល​អគ្គិសនី​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ក្បែរ​ស្ពាន​ព្រែកក្ដាម។ រូបថត​ខែ​ឧសភា ឆ្នាំ​២០១៣
បង្គោល​អគ្គិសនី​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ក្បែរ​ស្ពាន​ព្រែកក្ដាម។ រូបថត​ខែ​ឧសភា ឆ្នាំ​២០១៣
RFA/Mom Sophon

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ចេក ក្បែរ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង បាន​រិះគន់​អាជ្ញាធរ​អគ្គិសនី​ខេត្ត ថា​យឺតយ៉ាវ​ក្នុង​ការ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​រដ្ឋ​ចូល​ទៅ​ក្នុង​តំបន់​របស់​ពួក​គាត់​រស់នៅ។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​មាន​ប្រសាសន៍​ថា ការ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​រដ្ឋ​នោះ នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង បាន​រង់ចាំ​ការ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​របស់​ខេត្ត​ចូល​ទៅ​ក្នុង​តំបន់​ពួក​គាត់​ជាច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​មាន​ការ​សន្យា​ពី​មន្ត្រី​ពាក់ព័ន្ធ ថា​នឹង​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​រដ្ឋ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​មុន​ដាច់​ឆ្នាំ​២០១៤ កន្លង​មក​នោះ។

ពលរដ្ឋ​រស់នៅ​សង្កាត់​ចេក ក្រុង​ស្វាយរៀង លោក រស់ សុខា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទី​រួម​ខេត្ត ប៉ុន្តែ​បែរ​ជា​ប្រើ​ភ្លើង​ឯកជន​ជា​អ្នក​ផ្គត់ផ្គង់ ហើយ​ប្រើ​មិន​គ្រប់គ្រាន់ ថែម​ទាំង​មាន​តម្លៃ​ថ្លៃ​ថែម​ទៀត៖ «គាត់​សន្យា​ថា ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​រដ្ឋ​ឲ្យ​ដាក់​បង្គោល​ខ្សែ​ភ្លើង​ថ្ម​ឲ្យ​ប្រើប្រាស់​បាន​គ្រប់គ្រាន់ ព្រោះ​អី​ផ្លូវ​លំ​ផ្សេងៗ​ទៀត​ដែល​នៅ​ក្បែរ​ក្រុង​បាន​ប្រើប្រាស់​អស់​ហើយ ហើយ​អ្វី​បាន​ជា​គាត់​មិន​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវ​ល្អ​នេះ​បាន​ប្រើប្រាស់​ផង ឬ​ដោយសារ​តែ​ពួក​ខ្ញុំ​ជា​អ្នក​ទាមទារ ទើប​គាត់​មិន​ដាក់​ឲ្យ ឬ​យ៉ាង​ដូចម្ដេច? ម្យ៉ាង​ទៀត ក្រុម​អ្នក​ជំនាញ​ថ្នាក់​ជាតិ​ដែល​បាន​មក​ធ្វើ​វេទិកា​សាធារណៈ​នោះ គឺ​បាន​សន្យា​ថា នឹង​ជំរុញ​ឲ្យ​ដាក់​បាន​លឿន​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៤ ក្រោយ​មក​ទៀត​ស្រាប់​តែ​បាត់​ទៅៗ ខ្ញុំ​សង្ស័យ​ថា មាន​កន្លែង​ណា​មួយ​រាំង​ស្ទះ ទើប​មិន​អូស​មក​ផ្លូវ​នេះ»

លោក​បាន​បញ្ជាក់​ទៀត​ថា បណ្ដាញ​អគ្គិសនី​ដែល​ត​ភ្ជាប់​ពី​សហគមន៍​នោះ គឺ​ត្រូវ​អាជ្ញាធរ​អគ្គិសនី​ខេត្ត​បិទ​មិន​ឲ្យ​ប្រើ​មួយ​រយៈពេល​ទៅ​ហើយ​ក្នុង​ពេល​កន្លង​មក​នេះ។

អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ស៊ុំ សុជាតិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​អគ្គិសនី​ខេត្ត​ផ្ដាច់​ភ្លើង​កន្លង​មក ដោយសារ​តែ​តំណាង​សហគមន៍​ត​ភ្ជាប់​បណ្ដាញ​នោះ​មិន​បាន​បង់​ប្រាក់​មក​ឲ្យ​អគ្គិសនី។ លោក​លើក​ឡើង​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​អគ្គិសនី​ខេត្ត​នឹង​ត​បណ្ដាញ​អគ្គិសនី​ខេត្ត​ចូល​ទៅ​ក្នុង​តំបន់​នោះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដោយសារ​តែ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ដែល​ដេញ​ថ្លៃ​ផ្គត់ផ្គង់​សម្ភារៈ​កំពុង​ដឹក​ជញ្ជូន​សម្ភារៈ​ត​ភ្ជាប់​មក៖ «បុគ្គលិក​អង្គភាព​អគ្គិសនី​ខេត្ត​មាន​បុគ្គលិក​តិច ហើយ​តាម​ផែនការ​ឆ្នាំ​២០១៥ វា​មាន ១៦០​ត្រង់ស្វូ។ ឥឡូវ​នេះ គាត់​កំពុង​តែ​ត​ខ្សែ​បណ្ដាញ​រង​ចូល​ទៅ​ក្នុង​ឃុំ ហើយ​ក្នុង​គោលដៅ​នោះ គឺ​មាន​ផែនការ​ត​ភ្ជាប់​មក​តំបន់​នោះ​ហើយ តែ​គាត់​សម្រុក​ត​ទៅ​សិន ហើយ​កន្លែង​សង្កាត់​ចេក នោះ វា​មិន​ទាន់​បាន​ត​ភ្ជាប់​ជាមួយ​ត្រង់ស្វូ។ តែ​ករណី​នេះ​មិន​អី​ទេ បាន​ព័ត៌មាន​នេះ​ហើយ ខ្ញុំ​នឹង​ជំរុញ​ឲ្យ​អង្គភាព​អគ្គិសនី​ធ្វើ​ការ​ឲ្យ​បាន​លឿន​ទាក់ទង​ករណី​នេះ»

លោក ស៊ុំ សុជាតិ អភិបាល​រង​ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​ទៀត​ថា តាម​ផែនការ ក្រសួង​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​អគ្គិសនី សម្រាប់​ខេត្ត​ស្វាយរៀង គឺ​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ​នឹង​មាន​បណ្ដាញ​រង​ចូល​ដល់​គ្រប់​ឃុំ ហើយ​នៅ​ឆ្នាំ​២០២០ នឹង​ត​បណ្ដាញ​ចូល​ទៅ​ដល់​គ្រប់​ភូមិ​បាន​ប្រើប្រាស់​បណ្ដាញ​អគ្គិសនី​របស់​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល