សហជីព​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ស្ត្រី​បម្រើ​ការងារ​នៅ​វិស័យ​សេវា​កម្សាន្ត បង្ហាញ​វីដេអូ​ពី​បញ្ហា​ជីវភាព​ក្រោយ​ការងារ​របស់​ក្រុម​ស្ត្រី​ត្រូវ​រដ្ឋាភិបាល​បិទ​បណ្ដោះអាសន្ន

ដោយ ឡេង ម៉ាលី
2020-05-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​បាន​ផលិត​វីដេអូ​លាតត្រដាង​ពី​ការ​លំបាក​វេទនា​របស់​ក្រុម​ស្ត្រី​ងាយ​រង​គ្រោះ ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ ឬ KTV ហាងម៉ាស្សា និង​កន្លែង​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ផ្សេង​ទៀត ដែល​ធ្លាក់​ខ្លួន​ដើរ​រើស​សំបក​កំប៉ុង ដើម្បី​រក​ប្រាក់​បង់​ថ្លៃ​បន្ទប់​ជួល និង​ថ្លៃ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ខណៈ​កន្លែង​ការងារ​របស់​ពួក​គេ ត្រូវ​រដ្ឋាភិបាល​ផ្អាក​បណ្ដោះអាសន្ន។ ការ​បង្ហាញ​នេះ​ខណៈ​រដ្ឋាភិបាល​មិន​ទាន់​ទម្លាក់​កញ្ចប់​ថវិកា​ណា​មួយ ជួយ​ដល់​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត។

វីដេអូ​ដែល​មាន​រយៈ​ពេល​ជាង ១៣នាទី ដែល​ផលិត​ដោយ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​បង្ហាញ​ថា ការ​បាត់​បង់​ការងារ​របស់​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត​នៅ​ពេល​នេះ មិន​មែន​ប៉ះ​ពាល់​ត្រឹម​តែ​អ្នក​ធ្វើការ​ក្នុង​វិស័យ​នេះ​ទេ ប៉ុន្តែ​បាន​ជះ​ឥទ្ធិពល​ដល់ កូន និង​ឪពុក​ម្ដាយ​របស់​ពួក​គេ​ថែម​ទៀត​ផង។ តាម​រយៈ​ការ​ផ្ដល់​សម្ភាស ក្រុម​ស្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​កម្សាន្ត​លើក​ឡើង​ថា ពួក​គេ​មិន​ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ឬ​ពី​ថៅកែ​ម្ដង​ណា​ឡើយ ក្រោយ​ពី​កន្លែង​ការងារ​ត្រូវ​បិទ​បណ្ដោះអាសន្ន៖ «»

បោកខោអាវ​បណ្តើរ​និយាយ​បណ្តើរ លោកស្រី ពុង្ស ស៊ីណា ដែល​ជា​អ្នក​បម្រើ​ការងារ​ផ្នែក​ម៉ាស្សា​រៀបរាប់​នៅ​ក្នុង​វីដេអូ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​ថា ក្នុង​ពេល​នេះ លោក​ស្រី​រក​ចំណូល​អ្វី​មិន​បាន​ដូច​សព្វ​ថ្ងៃ ប៉ុន្តែ​ទំនិញ​នៅ​លើ​ទីផ្សារ​ចេះ​តែ​ឡើង​ថ្លៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោកស្រី​ត្អូញ​ថា មាន​ពេល​ខ្លះ​លោកស្រី​ត្រូវ​ខ្ចី​លុយ​អ្នក​ជិត​ខាង យក​ដោះ​ស្រាយ​ថ្លៃ​ទិញ​អង្ករ​ទិញ​ម្ហូប៖ «ទំនិញ​លើ​ទីផ្សារ​មាន​តែ​ឡើង​ថ្លៃ។ ទំនិញ​ឡើង​តែ​លុយ​យើង​ពិបាក​ទិញ ទៅ​ទិញ​អី​ក៏​ឡើង​ថ្លៃ របស់​ឡើង​ថ្លៃ ដូច​ជា ត្រីខ សាច់​ជ្រូក​អី គឺ​ឡើង​ថ្លៃ ហើយ​យើង​ពិបាក​រឿង​លុយ ពេល​ខ្លះ​ជឿ​គេ​យក​ហូប​ណា ជំពាក់​គេ​ទៅ​ពេល​ណា​ដោះ​ស្រាយ​បាន​ចាំ​គិត​ទៀត»

ស្រ្តី​ដែល​មាន​កូន​បី​នាក់​កំពុង​សិក្សា​រូប​នេះ​ថា លោកស្រី​គ្មាន​លទ្ធភាព​ទិញ​ទូរស័ព្ទ​ទំនើប ឬ​បញ្ចូល​លុយ​ទូរស័ព្ទ​ដាក់​អ៊ីនធើណិត​ឲ្យ​កូន​រៀន​តាម​អនឡាញ (Online) នោះ​ទេ។ ប៉ុន្តែ​លោក​ស្រី​តែង​រម្លឹក​កូន​ឲ្យ​ប្រឹង​មើល​សៀវភៅ​រម្លឹក​មេរៀន​នៅ​ផ្ទះ។

ស្ត្រី​ដែល​បម្រើ​ការងារ​ផ្នែក​ម៉ាស្សា​ម្នាក់ទៀត គឺ​លោកស្រី គឹម សារូន ក៏​ត្អូញត្អែរ​ដែរ​ថា តាំង​ពី​ការងារ​របស់​លោកស្រី​ត្រូវ​បិទ​បណ្ដោះអាសន្ន​មក មិន​ដែល​ឃើញ​រដ្ឋាភិបាល ឬ​ថៅកែ​លោក​ស្រី​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ដូច​អ្នក​ធ្វើ​ការងារ​នៅ​វិស័យ​ផ្សេង​នោះ​ទេ៖ «ពួក​ខ្ញុំ​ធ្វើ​ការ​រាល់​ថ្ងៃ​ពេល​ថៅកែ​បិទ​ហាង​អ៊ីចឹង ពួក​ខ្ញុំ​ខ្វះ​ខាត​ច្រើន​ខ្ញុំ​សូម​ឲ្យ​ជួយ មិន​ថា ថៅកែ ឬ​សម្តេច​ទេ ធ្វើ​ម៉េច​សុំ​ជួយ​ពួក​ខ្ញុំ ដែល​ជា​កម្មករ​ធ្វើ​ការ​រាល់​ថ្ងៃ ពួក​ខ្ញុំ​ពឹង​ប្រាក់​ខែ​បើ​អត់​មាន​ប្រាក់​ខែ​ខ្ញុំ​អត់​ដឹង​ពឹង​ស្អី​ទេ»

នារី​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ ឬKTV លោកស្រី តិម រ៉ុន ដែល​ត្រូវ​ចិញ្ចឹម​កូន​ពីរ​នាក់​ក្នុង​បន្ទុក​ប្រាប់​ថា លោក​ស្រី​បង្ខំ​ចិត្ត​ចេញ​ដើរ​រើស​សម្បក​កំប៉ុង ដើម្បី​អាច​រក​លុយ​បង់​ថ្លៃ​បន្ទប់ ថ្លៃ​ទឹក និង​ភ្លើង។ លោកស្រី​បន្ត​ថា លោកស្រី​បាន​ដើរ​សុំ​ការងារ​គេ​ធ្វើ​ដែរ ប៉ុន្តែ​រក​មិន​បាន​ទេ ព្រោះ​ហាង​ភាគ​ច្រើន​បិទ។ លោកស្រី​ព្រួយ​បារម្ភ​ថា បើ​ស្ថានភាព​ជីវភាព​លោកស្រី​នៅ​តែ​អូស​បន្លាយ​បែប​នេះ លោក​ស្រី​មិន​ដឹង​ថា អនាគត​កូនៗ លោកស្រី​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ៖ «ពេល​ទំនេរ​ខ្ញុំ​ទៅ​រើស​កំប៉ុង​មួយ​ម៉ោង​ពីរ​ម៉ោង​អី​អ៊ីចឹង​ទៅ។ បើ​មិន​ធ្វើ​អ៊ីចឹង​ទេ ខ្ញុំ​អត់​បាន​ចំណូល​ចូល​ផ្ទះ​ទេ ណា​មួយ​ខ្ញុំ​ភ័យ​ខ្លាច​រឿង​បង់​ទឹក​ភ្លើង​ថ្លៃ​ផ្ទះ»

នារី​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ ឬKTVម្នាក់ទៀត លោកស្រី យឹង ស្រីខួច ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោកស្រី​ព្រួយ​បារម្ភ​ថា ខែ​នេះ បើ​លោកស្រី​គ្មាន​លុយ​បង់​ថ្លៃ​បន្ទប់​ទេ លោកស្រី​នឹង​ត្រូវ​ម្ចាស់​ផ្ទះ​បណ្ដេញ​ចេញ​ពី​បន្ទប់​ជួល​ហើយ។ លោកស្រី​រម្លឹក​ថា កាល​ពី​ខែ​មេសា​កន្លង​ទៅ លោកស្រី​ជំពាក់​ថ្លៃ​បន្ទប់ ហើយ​ត្រូវ​ម្ចាស់​ផ្ទះ​ព្រមាន​ឲ្យ​លោក​ចេញ​ពី​បន្ទប់​ម្ដង​រួច​មក​ហើយ៖ ««ដល់​ពេល​ហើយ​គាត់​ថា​ឲ្យ​រើ​ចេញ​ហ្មង​ទៅ​ដល់​ពេល​ហើយ មិន​ដឹង​គាត់ (ម្ចាស់​ផ្ទះ​ជួល) នឹង​ឃើញ​ម៉េច​ប្រហែល​គិត​ថា ខ្ញុំ​នៅ​ហ្នឹង​យូរ​បាន​បី​ឆ្នាំ​ផ្ទះ​គាត់​ដែរ គាត់​ឲ្យ​ខ្ញុំ​ប្ដូរ​បន្ទប់​មក​បន្ទប់​លើ​អ៊ីចឹង​ទៅ​ណា។ ចា​តែ​ឥឡូវ​ក្នុង​ខែ​ហ្នឹង ដល់​ថ្ងៃ​ទី១១ ខ្ញុំ​អត់​មាន​លុយ​ឲ្យ​ថ្លៃ​ផ្ទះ​គេ​ទៀត តាម​មើល​តា​ហ្នឹង​ឲ្យ​ខ្ញុំ​រើ​ចេញ​មែនទែន​ហើយ»

រដ្ឋាភិបាល​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា បាន​ផ្អាក​បណ្ដោះអាសន្ន​រាល់​ការ​ជួប​ប្រជុំ​តាម​ទី​សាធារណៈ ការ​ប្រគំ​តន្ត្រី​ដែល​មាន​មនុស្ស​កុះករ ផ្អាក​សេវាកម្ម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ​(KTV) និង​រោង​ភាពយន្ត ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

បើ​ទោះ​ជា​ពេល​នេះ ចំនួន​ជំងឺ​បាន​ជា​សះ​ស្បើយ​ជា​បន្ត​បន្ទាប់ និង​គ្មាន​អ្នក​ឆ្លង​ថ្មី​ក្តី ក៏​ក្រសួង​សុខាភិបាល មិន​ទាន់​អនុញ្ញាត​ឲ្យ​វិស័យ​ទាំង​នោះ​ដំណើរ​ការ​ឡើង​វិញ​នៅ​ឡើយ​ទេ។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា​ថា ក្នុង​កាលៈទេសៈ​នេះ​ជា​ពេល​វេលា​ត្រូវ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ មិន​មែន​ជា​ពេល​ដែល​ត្រូវការ​សប្បាយ​នោះ​ទេ ដោយ​លោក​បញ្ជាក់​បន្ថែម​ថា កន្លែង​កម្សាន្ត​ទាំង​នេះ​ជា​កន្លែង​ងាយ​ឆ្លង​ជំងឺ​កូវីដ-១៩ ខ្លាំង។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​អ្នកស្រី អ៊ូ ទេពផល្លីន សង្កេត ឃើញ​ថា ក្នុង​ការ​ដោះ​ស្រាយ​កម្មករ​និយោជក​ក្នុង​វិស័យ​សេវា​កម្សាន្ត គឺ​រដ្ឋាភិបាល​មិនបាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ស្នើ​ទៅ​ថៅកែ ឬ​និយោជក ឲ្យ​ផ្ដល់​ប្រាក់​ឈ្នួល​តាម​ការ​ស្ម័គ្រ​ចិត្ត។ លោកស្រី​បន្ត​ថា សំណើ​ដែល​ជា​គោល​ការណ៍​ស្ម័គ្រ​ចិត្ត មិន​អាច​ងាយ​ធ្វើ​ឲ្យ​និយោជក​ផ្ដល់​ប្រាក់​ឈ្នួល​នោះ​ទេ។ លោកស្រី​បន្ត​ថា ពេល​នេះ​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត ជា​ពិសេស ស្ត្រី​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ បាត់បង់​លទ្ធភាព​ជួល​បន្ទប់ លុយ​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ថ្លៃ​ទឹក​ដោះ​គោ​កូន និង​ថវិកា​ទិញ​អង្ករ​ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ៖ ««យើង​សង្ឃឹម​ថា រាជ​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ឧត្ថម្ភ​ដល់​ពួក​គាត់​អ្នក​រង​គ្រោះ ធ្វើ​ម៉េច​ឲ្យ​គាត់​ស្ថិត​ក្នុង​ទី​សុវត្ថិភាព មាន​ន័យ​ថា គាត់​អត់​ជួប​គ្រោះ​អត់​ឃ្លាន​បន្ទាប់​ពី​រឿង​ភ័យ​ខ្លាច​នូវ​ការ​ឆ្លង​កូវីដ-១៩ ហ្នឹង»

ជុំវិញ​ការ​លើក​ឡើង​នេះ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប..ស លោក ជាវ ប៊ុន​រិទ្ធិ និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន មិន​បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ អាស៊ី​សេរី​ក៏​បាន​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្តា​ តាម​ប្រព័ន្ធ​តេឡេក្រាម​ដែរ ប៉ុន្តែ​អ្នកស្រី​មិន​ឆ្លើយ​តប​ទេ។

អ្នកស្រី អ៊ូ ទេពផល្លីន ចង់​ឃើញ​រដ្ឋាភិបាល​ផ្ដល់​ឧបត្ថម្ភ​ដល់​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត ដូច​ដែល​រដ្ឋាភិបាល​បាន​អន្តរាគមន៍​ដល់​កម្មករ និយោជិត​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍។

អ្នក​បម្រើ​ការងារ​ផ្នែក​ម៉ាស្សា លោកស្រី ពុង្ស ស៊ីណា និយាយ​ថា បើ​រដ្ឋាភិបាល​នៅ​តែ​មិន​អន្តរាគមន៍​ជួយ​ដល់​ក្រុម​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ទេ នឹង​ធ្វើ​ឲ្យ​ក្រុម​នារី​ទាំង​នេះ​ស្លាប់​ដោយសារ​គ្មាន​អី​ហូប៖ «អ៊ីចឹង​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ជំរុញ​ទៅ​ក្រុមហ៊ុន​ហ្នឹង​ហើយ ដូច​ថា ក្រុមហ៊ុន​ប៉ុន្មាន​ភាគ​រយ​រាជ​រដ្ឋាភិបាល​ប៉ុន្មាន​ភាគ​រយ មក​ជួយ​ប្រជាជន​ណា​អា​ហ្នឹង​ដល់​តែ​អ៊ីចឹង ឧបមា​ថា យក​ក្រុមហ៊ុន​ខ្លះ រាជ​រដ្ឋាភិបាល​ខ្លះ​មក​ជួយ​ប្រជាជន បើ​មិន​ជួយ​អ៊ីចឹង​បាន​អី​ហូប ឥឡូវ​ហ្នឹង​មិន​មែន​ងាប់​ដោយ​ជំងឺ​កូរ៉ូណា​ទេ ងាប់​ដោយ​ហូប​បណ្ដោយ​ហ្នឹង សម្រាប់​អ្នក​អត់​ណ៎ា»

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល