សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រារព្ធ​ពិធី​រំលឹក​ខួប ៤ឆ្នាំ​លោក​បណ្ឌិត កែម ឡី

ដោយ អាស៊ីសេរី
2020-07-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រត់​ភៀសខ្លួន និង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ រំលឹក​ខួប ៤ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០២០។
សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រត់​ភៀសខ្លួន និង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ រំលឹក​ខួប ៤ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក "សំលេង​ពលករ​ចង់​បាន​ការ​ផ្លាស់​ប្ដូរ"

សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រត់​ភៀសខ្លួន និង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រមាណ ២០០នាក់ រៀបចំ​​ប្រារព្ធ​ពិធី​រំលឹក​ខួប ៤ឆ្នាំ​នៃ​ឃាតកម្ម​ បណ្ឌិត កែម ឡី រយៈ​ពេល ៤ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី០៩ ដល់ ថ្ងៃ​ទី១២ កក្កដា នៅ​តាម​ខេត្ត​ចំនួន​៥ នៅ​ក្នុង​ប្រទេស​ថៃ។ សកម្មជន និង​ពលករ​ខ្មែរ​ប្រាប់​ថា ការ​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​យ៉ាង​ឃោរឃៅ។

សមាជិក​ចលនា​យុវជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់​ចាម លោក រិន រ័ត្ន ឱ្យ​ដឹង​ថា លោក និង​ពលករ​ខ្មែរ​ប្រារព្ធ​ពិធី​នេះ​ឡើង ដើម្បី​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប​ចង​ចាំ​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ដែល​ហ៊ាន​រិះគន់ និង​និយាយ​ការ​ពិត​ពី​សង្គម​ខ្មែរ៖ «មន្ត្រី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​រត់​ភៀស​ខ្លួន​មក​ស្រុក​ថៃ ហើយ​នឹង​ពលករ​ដែល​គាត់​ចូល​រួម និង​រៀប​ចំ​ពិធី​រំលឹក​ខួប​លោក​បណ្ឌិត កែម ឡី ហ្នឹង​ គឺ​ច្រើន​គ្នា​ណាស់ ចាប់​ពី ២០០នាក់​ឡើង​ទៅ។ ប្រារព្ធ​ពិធី​ហ្នឹង គឺ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី យ៉ាង​អយុត្តិធម៌ រហូត​ដល់​ពេល​ហ្នឹង អត់​ទាន់​មាន​ពន្លឺ​យុត្តិ​ធម៌​សម្រាប់​ក្រុម​គ្រួសារ​គាត់»

ក្រុម​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ពលករ​ខ្មែរ​នៅ​តែ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ភស្តុតាង​ពិតប្រាកដ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​ចាប់​ជន​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ ​យក​មក​កាត់​ទោស​តាម​ច្បាប់។

អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជា​ប្រិយ​ភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ។ ក្នុង​អំពើ​ឃាតកម្ម​នេះ តុលាការ​បាន​ផ្ដន្ទាទោស អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប៉ុន្តែ​សាធារណជន​យល់ថា នេះ​មិន​មែន​ជា​យុត្តិធម៌​ពិត​ប្រាកដ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល