ក្រសួង​ការងារ​ថា​ចំនួន​កម្មករ​ដួល​សន្លប់​ក្នុង​ឆ្នាំ​២០១៧​មាន​ការ​កើន​ឡើង

ដោយ តាំង សារ៉ាដា
2018-02-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​ខេខេអិន (KKN ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង នៅ​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ដែល​ដួល​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៨។ រូបភាព៖ ប.ស.ស
កម្មករ​រោងចក្រ​ខេខេអិន (KKN ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង នៅ​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ដែល​ដួល​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៨។ រូបភាព៖ ប.ស.ស
រូបភាព៖ ប.ស.ស

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ កន្លង​មក​នេះ ចំនួន​កម្មករ​ដួល​សន្លប់​នៅ​តាម​រោងចក្រ​នានា​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​កើន​ឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៦។

ក្រុម​សហជីព​អះអាង​ថា រដ្ឋាភិបាល​នៅ​មិនទាន់​អាច​ទប់ស្កាត់​បាន​នៅឡើយ​ទេ អំពី​ការ​ដួល​សន្លប់​របស់​ក្រុម​កម្មករ ដោយសារតែ​វិធានការ​តាមដាន មិន​បាន​ធ្វើឡើង​ដោយ​ទៀងទាត់ និង​យកចិត្តទុកដាក់​នោះ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធុន បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃទី៤ កុម្ភៈ ​ថា ភាព​ខកខាន​របស់​ភ្នាក់ងារ​រដ្ឋាភិបាល​ក្នុង​ការ​ចុះ​អធិការកិច្ច​អំពី​បញ្ហា​សុខភាព​នៅ​តាម​រោងចក្រ ដោយសារតែ​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​មាន​ភាគហ៊ុន​ក្នុង​រោងចក្រ ហើយ​មន្ត្រី​ខ្លះ​ទៀត​ជាទី​ប្រឹក្សា​របស់​រោងចក្រ​នោះ​ថែមទៀត៖ «ក្រសួង​ការងារ ឬ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​មាន​បុគ្គលិក និង​សម្ភារ​គ្រប់គ្រាន់​ចុះ​បំពេញការងារ​ហ្នឹង​ផង ខ្ញុំ​គិត​ថា ប្រសិន​អត់​អ៊ីចឹង​ទេ ការ​សន្លប់​របស់​កម្មករ​មិន​ឈប់ ឬ​ចុះ​នោះ​ទេ ព្រោះថា គាត់​ចុះទៅ​ដោះស្រាយ​តែ​នៅ​ពេល​មាន​កម្មករ​ដួល​សន្លប់​ម្ដង​ហ្នឹង ចំណែក​បញ្ហា​ផ្សេងទៀត​គាត់​អត់​បាន​ចុះទៅ កម្មករ​មាន​សុខភាព​ខ្សោយ​សឹង​ទូទាំង​ប្រទេស​ហើយ គាត់​ទៅ​ដោះស្រាយ​តែ​បញ្ហា​ហ្នឹង​មួយ អ៊ីចឹង​ដោះស្រាយ ទប់ស្កាត់​កម្មករ​សន្លប់​ម្ដេច​បាន»

របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​បន្ត​ឆ្នាំ​២០១៨ របស់​ក្រុមការងារ​ទប់ស្កាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ របស់​បេឡាជាតិ​របប​សន្តិសុខ​សង្គម កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​នេះ ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ យ៉ាងហោចណាស់​មានកម្ម​ករ​ចំនួន​ជាង ១.៦០០នាក់ នៅ​តាម​រោងចក្រ​ចំនួន ២២ បាន​ដួល​សន្លប់។ ចំនួន​នេះ​មានការ​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​កម្មករ​ដួល​សន្លប់​ចំនួន​ជាង ១.១០០នាក់ នៅ​តាម​រោងចក្រ​ចំនួន ១៨។

កម្មករ​ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ មួយ​នៅ​ក្នុង​តំបន់​សួន​ឧស្សាហកម្ម កាណាឌីយ៉ា ក្រុងភ្នំពេញ លោក ប៉ុន វ៉ាន់ បាន​ថ្លែង​ថា ក្នុង​រោងចក្រ​ដែល​លោក​ធ្វើការ​ធ្លាប់​មាន​កម្មករ​ជិត ១០០​នាក់ ដួល​សន្លប់ ២​ថ្ងៃ​ជាប់ៗ​គ្នា នៅ​ឆ្នាំ​២០១៧ កន្លង​មក​នេះ។ លោក​ថា ក្រោយ​ពេល​ដែល​មាន​ហេតុការណ៍​កម្មករ​ដួល​សន្លប់​នោះ ខាង​រោងចក្រ​បាន​រៀបចំ​សម្អាត​រោងចក្រ ហើយ​បាន​ដាក់​បង្អួច​បូម​ខ្យល់​ចេញចូល ដើម្បី​បង្កើន​ខ្យល់​ចេញចូល​ក្នុង​រោងចក្រ​នោះ៖ «ថ្ងៃ​ទី​១ សន្លប់​តិច ថ្ងៃ​ទី​២ សន្លប់​ដូច​កម្មករ​ថា មែន។ តែ​យើង​មិន​ហ៊ាន​ថា កម្មករ​សន្លប់​ដោយសារ​អ្វី។ នេះ​ជា​រឿង​អបិយ​ជំនឿ​តាម​គាត់​អ៊ីចឹង​ទៅ គាត់​ថា មាន​គេ​យក​ខ្មោច​គាត់​ទៅ​សែន​ជាដើម បើ​មិន​សែន​ទេ គឺ​មាន​មនុស្ស​សន្លប់ ហើយ​វា​មាន​មនុស្ស​សន្លប់​អ៊ីចឹង​មែន ហើយ​កម្មករ​ឃើញ​តៗ​គ្នា​អ៊ីចឹង​ទៅ តែ​នៅ​ពេល​យក​ទៅ​ពេទ្យ គឺ​គាត់​នៅ​មាន​ខ្មោច​ចូល នៅ​មាន​អភូតហេតុ​អ៊ីចឹង តែ​ពេទ្យ​ថា កម្មករ​ខ្វះ​ជាតិ​ស្ករ ខ្វះ​កាល់ស្យូម​អ៊ីចឹង តែ​នៅ​ក្នុង​ខ្លួន​គាត់ មាន​បញ្ហា​អ៊ីចឹង ហើយ​យើង​ធ្វើតាម​គាត់​ទៅ»

ប៉ុន្តែ បើ​តាម​ការ​កត់សម្គាល់​របស់​បេឡាជាតិ​សន្តិសុខ​សង្គម បាន​ឲ្យ​ដឹង​ថា ការ​ដួល​សន្លប់​របស់​កម្មករ កម្មការិនី គឺ​ផ្ដើម​ចេញ ពី​បញ្ហា​សុខភាព​របស់​កម្មករ​និយោជិក​ម្នាក់ ឬ​ពីរ​នាក់​ដំបូង​តែប៉ុណ្ណោះ ដែល​នាំ​ឲ្យ​កម្មករ​ដទៃ​ឃើញ​មានការ​ភិតភ័យ ទន់​ដៃ ទន់​ជើង ហើយ​សន្លប់ តៗ​គ្នា តែម្ដង។

ផ្ទុយទៅវិញ​លោក អាត់ ធន់ អះអាង​ថា ធាតុ​ពិត​កម្មករ​ដួល​សន្លប់ ដោយសារតែ​ពួកគាត់​ធ្វើការ​ច្រើន​ម៉ោង ហើយ​ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ ទើប​បណ្ដាល​ឲ្យ​មាន​សុខភាព​ទន់ខ្សោយ ម្យ៉ាង​កន្លែង​ការងារ​ដែល​គាត់​កំពុងតែ​ធ្វើ​នោះ ទំនង​ដាក់​សម្ពាធ​ការងារ ឬ​ទំហំ​ការងារ ណាមួយ​ដល់​កម្មករ។ កម្មករ​គួរតែ​ត្រូវ​បាន​ណែនាំ ឲ្យ​ទទួលទាន​អាហារ​ដែល​មាន​ជីវជាតិ​សម្រាប់​ទ្រទ្រង់​សុខភាព​ឲ្យ​បាន​ច្រើន បើ​ទោះ​បី​ជា​មាន​ប្រាក់បៀវត្សរ៍​តិចតួច​ក្ដី៖ «គាត់​ឈឺ ដោយសារតែ​គាត់​មិនសូវ​ហូប​អាហារ​ដែល​មាន​ជីជាតិ​អី​ប៉ុន្មាន​ទេ ដោយសារតែ​លុយ​តិច គាត់​សន្សំ​លុយ​ផង ហើយ​អាហារ​នៅមុខ​រោងចក្រ​មិន​សូវ​មាន​គុណភាព មិន​សូវ​មាន​អនាម័យ និង​មិន​សូវ​មាន​សុខភាព​ល្អ​អី​ប៉ុន្មាន​ទេ​។ ម្យ៉ាងទៀត គាត់​ប៉ះពាល់​សារធាតុ​គីមី ស្ថានភាព​បរិស្ថាន​នៅ​ក្នុង​រោងចក្រ​នោះ​មិនល្អ ឬ​អាច​និយាយ​ថា បញ្ហា​ពន្លឺ ធូលី កម្ដៅ បរិស្ថាន​នៅ​ក្នុង​រោងចក្រ​នោះ​ស្មុគស្មាញ​ទៅ អ៊ីចឹង​នៅ​ពេល​គាត់​មាន​អុកស៊ីហ្សែន​មិន​គ្រប់គ្រាន់ ឬ​មាន​កង្ហារ​ដែល​បូម​ខ្យល់​ចេញចូល​នោះ បូម​មាន​ជាតិគីមី​មក គឺ​គាត់​សន្លប់​តែម្ដង»

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ដាក់​ទិសដៅ ១១​ចំណុច ដោយ​ត្រួតពិនិត្យ និង​ថែទាំ​ជាប្រចាំ​នូវ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់ ១​ម៉ោង​មុន​ពេល​កម្មករ​ចូល​ធ្វើការ។ ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការគ្រប់គ្រង​ការ​សាយភាយ​ក្លិន​គីមី ទាំង​ក្នុង និង​ក្រៅ​បរិវេណ​អគារ​រោងចក្រ។ រៀបចំ​សម្ភារ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​កុំ​ឲ្យ​បាំង​ប្រភព​ខ្យល់​ចេញ​-​ចូល និង​ដាក់​ឲ្យ​មាន​ឧបករណ៍​វាស់​ស្ទង់​កម្ដៅ នៅ​កន្លែង​ធ្វើការ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ហាស់ៗ ! ហាស់ៗ ! នេះជារបៀបដឹកនាំប្រទេស របស់ជនពាលល្មោភអំណាច ហ៑ុន សែន ម៉្ងៃៗដេកគឹតតែពីរឿង ធ្វើម៉េច កំចាត់អ្នកប្រជាធិបតេយ្យចោល អោយអស់ពីទឹកដីខ្មែរ !
ចំពោះរឿងសុខទុក្ខប្រជាពលរដ្ឋ កម្មករកម្មការីនី គឺ លោកហ៑ុនសែន មិនសូវយកចិត្តទុកដាក់ពេញដៃពេញជើងឡើយ . បើធ្វើ ក៏ធ្វើ ប្រជាភិថុត ដែរ !

Feb 05, 2018 07:27 AM

គេហទំព័រ​ទាំងមូល