កសិករ​ខេត្ត​ស្ទឹងត្រែង​ត្អូញត្អែរ​ពី​តម្លៃ​កសិផល​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន

ដោយ ម៉ែន សុធីរ
2015-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិផល​ល្ង​របស់​កសិករ​នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
កសិផល​ល្ង​របស់​កសិករ​នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Men Sothyr

ប្រជា​កសិករ​ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​ពី​តម្លៃ​កសិផល​នៅ​ឆ្នាំ​នេះ​ចុះ​ថោក​ជាង​ឆ្នាំ​មុន។ ការ​ធ្លាក់​ថ្លៃ​នេះ ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​អស់​សង្ឃឹម និង​ព្រមាន​ឈប់​ដាំ​ដំណាំ​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ពួក​គាត់​ខាត​បង់​ប្រាក់ និង​ខ្វះ​ប្រាក់​បង្វិល​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ។ ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​អះអាង​ថា មន្ទីរ​ជំនាញ​បាន​បង្កើត​សមាគម​កសិកម្ម​នៅ​មូលដ្ឋាន ដើម្បី​ស្វែងរក​ទីផ្សារ​លក់​កសិផល​ជូន​កសិករ។

កសិករ​រស់នៅ​ភូមិ​ត្បូងខ្លា ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៩ ធ្នូ អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម និង​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ស្វែងរក​ទីផ្សារ​ទិញ​កសិផល បន្ទាប់​ពី​ផល​ដំណាំ​របស់​ពួក​គាត់​ចុះ​ថោក​ខ្លាំង ហើយ​មាន​កសិផល​មួយ​ចំនួន​មិន​អាច​រក​ទីផ្សារ​បាន។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តម្លៃ​កសិផល​ល្ង​នៅ​ឆ្នាំ​នេះ​មាន​តម្លៃ​មិន​បាន ៣​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន​តម្លៃ ៦​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម។ បញ្ហា​នេះ ធ្វើ​ឲ្យ​កសិករ​ដាំ​ដំណាំ​ល្ង​អស់​សង្ឃឹម បន្ទាប់​ពី​ពួក​គាត់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​ការ​ដាំ​ដុះ ថែ​ទាំ កម្លាំង​ពលកម្ម និង​ការ​ប្រមូល​ផល។

កសិករ​រស់នៅ​ភូមិ​ត្បូងខ្លា ឃុំ​អូរម្រះ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង លោកស្រី គង់  នាងដារី ត្អូញត្អែរ​ថា មាន​ឧបសគ្គ​ច្រើន​រំខាន​ក្នុង​ការ​ធ្វើ​កសិកម្ម​ស្ទើរ​រាល់​ឆ្នាំ ដូចជា គ្រោះ​រាំង​ស្ងួត និង​សត្វ​ល្អិត បង្ក​ឲ្យ​ផល​ដំណាំ​ល្ង និង​ដំឡូង​ពួក​គាត់​មិន​អាច​ប្រមូល​ផល​បាន​ខ្ពស់​ឡើយ។ លោកស្រី​ថា នៅ​ចុង​ឆ្នាំ​នេះ កសិករ​ភាគ​ច្រើន​ប្រមូល​ទិន្នផល​រួច​រាល់ ត្រូវ​ឈ្មួញ​ទម្លាក់​តម្លៃ​តាម​អំពើ​ចិត្ត ដូចជា ល្ង និង​ដំឡូងមី ជាដើម។ លោកស្រី​បារម្ភ​ថា ប្រសិន​បើ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល មិន​អើពើ​បញ្ហា​នេះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កសិករ បន្ទាប់​ពី​ប្រជា​កសិករ​ភាគ​ច្រើន​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​ធ្វើ​ដើម​ទុន។ លោកស្រី​ថា មាន​កសិករ​មួយ​ចំនួន បោះបង់​របរ​កសិកម្ម​ទៅ​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្រៅ​ប្រទេស ព្រោះ​ពួក​គេ​យល់​ថា របរ​នេះ​មិន​អាច​ធានា​ជីវភាព​រស់នៅ​របស់​ពួក​គេ​ឲ្យ​ប្រសើរ៖ «ឆ្នាំ​នេះ​អត់​ដូច​រាល់​ឆ្នាំ​ទេ រាំង​ណាស់! ប្រជាជន​ធ្វើ​អី​ក៏​អត់​បាន​ដែរ​ខាត ម្នាក់ៗ​រត់​ទៅ​ស៊ី​ឈ្នួល ចំណាក​ស្រុក​អស់​ហើយ ហើយ​បាន​ផល​ល្ង​តែ ៣​ពាន់ ក៏​អត់​ទិញ​ដែរ»

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង លោក ទូច ធា លើក​ឡើង​ថា មន្ទីរ​បាន​បង្កើត​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ឃុំ​អូរម្រះ ដើម្បី​ជួយ​រក​ទីផ្សារ​ជូន​កសិករ និង​សម្រប​សម្រួល​បញ្ហា​បច្ចេកទេស ជាដើម។ លោក​បារម្ភ​ថា កសិករ​ភាគ​ច្រើន​ធ្វើ​កសិកម្ម​ប្រវាស់​មេឃ និង​មិន​សូវ​យក​ចិត្ដ​ទុក​ដាក់​ធ្វើ​កសិកម្ម​ផ្អែក​លើ​បច្ចេកទេស​នោះ​ទេ ទើប​បង្ក​ឲ្យ​ខាត​បង់​ប្រាក់​ចំណូល។ លោក ទូ ធា អំពាវនាវ​ឲ្យ​កសិករ​ធ្វើ​កសិកម្ម​ផ្ដោត​លើ​បច្ចេកទេស និង​ប្រឹក្សា​យោបល់​ជាមួយ​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម៖ «សហគមន៍​គាត់​បាន​ទំនាក់ទំនង​ទីផ្សារ​ជាមួយ​ថៃ ជាមួយ​វៀតណាម បាន​ច្រើន​ណាស់។ យើង​ទេ​ដែល​មិន​មាន​ផលិត​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​ទីផ្សារ​គេ»

តួលេខ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង បង្ហាញ​ថា ផ្ទៃដី​ដាំ​ដំណាំ​ដំឡូងមី​នៅ​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង ១​ម៉ឺន ៤​ពាន់​ហិកតារ អនុវត្ត​បាន​ចំនួន​ជាង ១​ម៉ឺន ២​ពាន់​ហិកតារ (១២.៤៧១​ហិកតារ)។ ចំណែក​ផ្ទៃដី​ដាំ​ល្ង​ចំនួន ៥០០​ហិកតារ អនុវត្ត​បាន​ជិត ៣៥០​ហិកតារ។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក កង ច័ន្ទតារារ័ត្ន មើល​ឃើញ​ថា មាន​ធាតុ​ផ្សំ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​តម្លៃ​កសិផល​របស់​កសិករ​ចុះ​ថោក មាន​ជាអាទិ៍ ច្រក​បញ្ចេញ​កសិផល​មិន​ទូលាយ ហើយ​លំហូរ​នៃ​ទីផ្សារ​ទិញ​កសិផល​ក៏​ចង្អៀត។ លោក​ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​តែ​បើក​ឲ្យ​ទូលាយ​នូវ​ការ​ប្រកួត​ប្រជែង​ដល់​ឈ្មួញ​កណ្ដាល ដែល​មាន​បំណង​បោះ​ទុន​ទិញ​ដូរ​កសិផល ក៏​ជា​ផ្នែក​មួយ​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​កសិកម្ម​ជូន​កសិករ។ លោក​ថា រដ្ឋាភិបាល​គួរ​បង្កើត​ទីផ្សារ​កិច្ចសន្យា មាន​ន័យ​ថា រដ្ឋ​ត្រូវ​ប្រកាស​ដេញ​ថ្លៃ​តាម​តំបន់​ដែល​មាន​អាជ្ញាធរ​ជំនាញ ជជែក​ទិញ​កសិផល​តាម​កិច្ចសន្យា​កំណត់៖ «ឈ្មួញ​ជើង​ថ្មី​ល្មមៗ​គេ​អត់​ចង់​ចូល ចូល​ទៅ​ក៏​វា​ប្រថុយ​ច្រើន។ ចឹង​ទៅ​អ្នក​ដែល​ជា​ឈ្មួញ​នៅ​ហ្នឹង គេ​ហៅ​ថា​ឈ្មួញ​ចាស់​វស្សា ដែល​គេ​អាច​មាន​សេចក្តី​សុខ​ខ្លាំង​នៅ​ក្នុង​របរ​របស់​គេ​ហ្នឹង ដោយ​គិត​ច្បាស់​ថា អ្នក​ថ្មី​ពិបាក​ចូល ក៏​គេ​អាច​ចំណេញ​បាន​ច្រើន​ដែរ។ ចឹង​អា​លុយ​ដែល​គេ​ចំណេញ​បាន​ច្រើន គេ​អាច​យក​ប្រើប្រាស់​នៅ​ក្នុង​ផ្លូវ​ងងឹត ដើម្បី​ការងារ​នូវ​របរ​របស់​គេ​ហ្នឹង។ ចឹង​តម្លៃ​ស៊ី​សង​ទៅ​លើ​គេ​ឲ្យ»

កសិករ​នៅ​ខេត្ត​ស្ទឹងត្រែង ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ជួយ​រក​ទីផ្សារ​ដែល​ធានា​ស្ថិរភាព​តម្លៃ ដូចជា ល្ង ៦​ពាន់​រៀល​ឡើង​ទៅ និង​ដំឡូងមី​ស្ងួត ចាប់​ពី ៤០០​រៀល​ឡើង​ទៅ​ក្នុង​មួយ​គីឡូក្រាម ទើប​អាច​ឲ្យ​កសិករ​រក​ប្រាក់​ចំណេញ​បាន និង​ដើម្បី​ធានា​និរន្តរភាព​ការងារ​របស់​ប្រជា​កសិករ ហើយ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ទប់ស្កាត់​ចំណាក​ស្រុក​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

It is not for a technology to plant a sesame it is a cheap price to sell and cannot find a buyer too.Do not said tambeytamba about this.A price is 50% off from last year.

Dec 20, 2015 12:10 AM

អ្នក​អាន​អនាមិក

single party market not good for farmers.

Dec 19, 2015 10:50 PM

គេហទំព័រ​ទាំងមូល