កសិករ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ​ងាក​មក​ប្រើ​ជី​ធម្មជាតិ​លើ​ដំណាំ​កសិកម្ម

ដោយ អ៊ុំ រង្សី
2015-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី អែម រីម ដក​ស្មៅ​លើ​រង​បន្លែ​ចម្រុះ​នៅ​ខាង​ក្រោយ​ផ្ទះ​ឋិត​នៅ​ភូមិ​កាហែង ឃុំ​កាហែង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
លោកស្រី អែម រីម ដក​ស្មៅ​លើ​រង​បន្លែ​ចម្រុះ​នៅ​ខាង​ក្រោយ​ផ្ទះ​ឋិត​នៅ​ភូមិ​កាហែង ឃុំ​កាហែង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Um Rainsey

ខណៈ​ដែល​ប្រជា​កសិករ​ដាំ​បន្លែ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ តែង​ប្រើប្រាស់​ជី និង​ថ្នាំ​គីមី​លើ​ដំណាំ​កសិកម្ម ដើម្បី​ឲ្យ​បន្លែ​ធំ​លូតលាស់​លឿន និង​ទទួល​បាន​ទិន្នផល​ឆាប់​រហ័ស​នោះ ផ្ទុយ​ទៅ​វិញ កសិករ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​សំរោង ខេត្ត​កំពង់ស្ពឺ ចាប់​ផ្ដើម​ងាក​មក​ដាំ​បន្លែ​តាម​បែប​ធម្មជាតិ​ទៅ​វិញ។

ហេតុ​អ្វី​បាន​ជា​កសិករ​ដាំ​បន្លែ​មួយ​ចំនួន ងាក​មក​ប្រើ​ជី​ធម្មជាតិ​លើ​ដំណាំ​បន្លែ​ទៅ​វិញ?

ប្រជា​កសិករ​មួយ​ចំនួន​នៅ​ឃុំ​កាហែង ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ លើក​ឡើង​ថា ការ​ប្រើប្រាស់​ជី​គីមី ទោះ​ជា​ជួយ​ឲ្យ​ផល​ដំណាំ​កសិកម្ម​ទទួល​បាន​ច្រើន ប៉ុន្តែ​ជី​គីមី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​មនុស្ស គុណភាព​ដី និង​ជីវចម្រុះ។

ដោយ​មើល​ឃើញ​ពី​ទំហំ​នៃ​គ្រោះថ្នាក់​របស់​ជី និង​ថ្នាំ​គីមី​ទាំង​នេះ ទើប​ជំរុញ​ឲ្យ​ប្រជា​កសិករ​ដែល​ប្រកប​របរ​ដាំ​បន្លែ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​នេះ បាន​ងាក​មក​ប្រើប្រាស់​ជី​ធម្មជាតិ​វិញ។

កំពុង​អង្គុយ​ដក​ស្មៅ​យ៉ាង​ញាប់​ដៃ​លើ​រង​បន្លែ​ចម្រុះ​នៅ​ខាង​ក្រោយ​ផ្ទះ កសិករ អែម រីម រស់នៅ​ភូមិ​កាហែង ឃុំ​កាហែង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី បណ្ដើរ​ថា លោកស្រី​មាន​បទពិសោធន៍​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​ប្រើប្រាស់​ជី​គីមី​លើ​បន្លែ​ដំណាំ​គ្រប់​ប្រភេទ ដើម្បី​ឲ្យ​វា​លូតលាស់​ល្អ និង​ឆាប់​ទទួល​ផល។ ស្ត្រី​វ័យ​ជិត ៥០​ឆ្នាំ​រូប​នេះ​បន្ត​ថា បន្ទាប់​ពី​លោកស្រី​ដឹង​ថា ការ​ប្រើ​ជី​គីមី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​ឆាប់​ខូច​ដី​ផង​នោះ លោកស្រី​បាន​ងាក​មក​ប្រើប្រាស់​ជី​ធម្មជាតិ និង​ជីកំប៉ុស​វិញ​ម្ដង៖ «ខ្ញុំ​ជ្រើស​រើស​យក​ចំណី​ធម្មជាតិ​ហ្នឹង ដោយ​បើ​យើង​វិភាគ​សេដ្ឋកិច្ច​វា​ចំណាយ​តិច ព្រោះ​វត្ថុ​ធាតុ​ដើម​ដែល​យើង​យក​មក​ប្រើ វា​ងាយ​ស្រួល​រក ងាយ​ស្រួល​នៅ​ជិត​ផ្ទះ​ស្រាប់ តែ​បើ​យើង​យក​ប្រើ​ថ្នាំ​គីមី បើ​យើង​ប្រៀបធៀប​នឹង​ប្រាក់​ចំណេញ​វា​បាន​តិច»

កសិករ​រូប​នេះ​បន្ថែម​ថា បន្ទាប់​ពី​បាន​ប្រើប្រាស់​ជី​ធម្មជាតិ​លើ​ដំណាំ​បន្លែ ក្រុម​គ្រួសារ​របស់​លោកស្រី​មិន​ពិបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​នោះ​ទេ ពោល​មាន​ឈ្មួញ​ចាំ​ទទួល​ទិញ​ជា​ស្រេច ដោយ​ទទួល​ប្រាក់​ចំណូល​ពី​ការ​ដាំ​បន្លែ​នោះ​ចំណេញ​ជាង​ពាក់​កណ្ដាល បើ​ធៀប​នឹង​ចំណូល​ដែល​បាន​មក​ពី​បន្លែ​ដាំ​ប្រើ​ជី​គីមី ដែល​លោកស្រី​ធ្លាប់​ដាំ​កាល​ពី​កន្លង​មក៖ «បើ​ខ្ញុំ​ប្រើ​ជី និង​ថ្នាំ​គីមី​ដើម្បី​កម្ចាត់​បញ្ហា​សត្វ​ចង្រៃ​លើ​ដំណាំ​បន្លែ​ដែល​ខ្ញុំ​ដាំ តម្លៃ​វា​អាស្រ័យ​លើ​មាត់​ឈ្មួញ​ជា​អ្នក​កំណត់​ប៉ុណ្ណោះ»

ជាមួយ​គ្នា​នេះ​ដែរ កសិករ​ដែល​មាន​មាឌ​តូច​ល្អិត មុខ​ជាំ​ខ្មៅ​អន្លើៗ និយាយ​បណ្ដើរ​យក​ក្រមា​ជូត​ញើស​បណ្ដើរ លោកស្រី ថន ស៊ន បាន​និយាយ​ដែរ​ថា លោកស្រី​មាន​មុខ​របរ​ដាំ​ស្ពៃ​ខៀវ ត្រកួន និង​ប៉េងប៉ោះ ជាច្រើន​ឆ្នាំ​មក​ហើយ។ លោកស្រី​ថា ទោះ​ជា​ការ​ដាំ​បន្លែ​ដោយ​ប្រើ​ជី​ធម្មជាតិ​លូតលាស់​យឺត បើ​ប្រៀបធៀប​នឹង​ការ​ដាំ​ដោយ​ប្រើ​ជី និង​ថ្នាំ​គីមី​ក៏ដោយ តែ​វា​ផ្តល់​ឲ្យ​អ្នក​បរិភោគ​មាន​សុខភាព​ល្អ ហើយ​ការ​ដាំ​ដុះ​ចំណាយ​ថវិកា​តិច តែ​បន្លែ​លក់​បាន​តម្លៃ​ថ្លៃ។

របាយការណ៍​ហានិភ័យ​ឆ្នាំ​២០១៤ របស់​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​ទី​៩ ដែល​ងាយ​រងគ្រោះ​ជាង​គេ ដោយសារ​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក ដែល​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​នេះ។ ករណី​នេះ បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និង​អប់រំ ជាដើម។

ជាង​នេះ​ទៀត ក្រសួង​បរិស្ថាន ឲ្យ​ដឹង​ថា ទឹក​ប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក (១.២០០​លាន​ដុល្លារ​អាមេរិក) នឹង​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨។

ភាព​រាំង​ស្ងួត និង​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា នៅ​តែ​ជា​ប្រធានបទ​ដ៏​សំខាន់ កំពុង​បន្ត​អូស​បន្លាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម​កម្ពុជា នៅ​ឆ្នាំ​នេះ។

កសិករ​ដាំ​បន្លែ​ធម្មជាតិ​ម្នាក់​ទៀត គឺ​លោក វ៉ុន ចេម បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ក្នុង​ភូមិ​កាហែង ឃុំ​កាហែង ស្រុក​សំរោងទង ប្រមាណ ៨៥% ជា​កសិករ​ដាំ​បន្លែ។ លោក​ថា កសិករ​ទាំង​នោះ​ចាត់​ទុក​មុខ​របរ​ដាំ​បន្លែ អាច​ជួយ​ជីវភាព​គ្រួសារ​ធូរធារ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ផង​ដែរ។ ត្រង់​ចំណុច​នេះ កសិករ​រូប​នេះ​បែរ​ជា​និយាយ​ប្រែ​ទឹក​មុខ​ស្រងូតស្រងាត់​វិញ​ថា ទោះ​ជា​ប្រជា​កសិករ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ ងាក​មក​ប្រើ​ជី​ធម្មជាតិ​ក្តី ក៏​ចំនួន​នេះ​នៅ​តែ​តិចតួច​នៅ​ឡើយ។ បញ្ហា​នេះ​លោក​ថា ដោយសារ​កត្តា​គ្រោះ​រាំង​ស្ងួត និង​កង្វះ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ថ្មីៗ​ពី​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ។ លោក​ចង់​ឃើញ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ និង​ផ្តល់​បច្ចេកទេស​ថ្មីៗ​ដល់​កសិករ ដើម្បី​ឲ្យ​ពួក​គាត់​ងាក​មក​ប្រើ​ជី​ធម្មជាតិ​ឲ្យ​បាន​ច្រើន៖ «វា​ប្រឈម​ជាង​គេ គឺ​គ្រោះ​រាំង​ស្ងួត ភ្លៀង​វា​មិន​ទៀងទាត់ ចឹង​វា​ធ្វើ​ឲ្យ​ការ​ដាំ​បន្លែ​របស់​កសិករ មិន​សូវ​បាន​ផល»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ ដើម្បី​សុំ​ការ​ឆ្លើយ​តប និង​ដឹង​ពី​វិធានការ​យ៉ាង​ណា​របស់​ខេត្ត ជុំវិញ​វិស័យ​កសិកម្ម​នៅ​ក្នុង​ខេត្ត​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ។

កសិករ​ដក​ស្មៅ​ក្នុង​រង​ម្រះ​ឋិត​នៅ​ភូមិ​កាហែង ឃុំ​កាហែង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Um Rainsey
កសិករ​ដក​ស្មៅ​ក្នុង​រង​ម្រះ​ឋិត​នៅ​ភូមិ​កាហែង ឃុំ​កាហែង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Um Rainsey

ក៏ប៉ុន្តែ ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ នៃ​លទ្ធផល​ចុង​ក្រោយ​ជំរឿន​កសិកម្ម​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​វិស័យ​កសិកម្ម គឺ​ជា​វិស័យ​ចម្បង​របស់​ជាតិ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ដាក់​ចេញ​នូវ​គោល​នយោបាយ នៅ​តែ​បន្ត​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម លើក​កម្ពស់​វិស័យ​ផលិតកម្ម ការ​ដឹក​ជញ្ជូន​ប្រព័ន្ធ​ធារាសាស្ត្រ ដោះស្រាយ​បញ្ហា​ស្វែងរក​ទីផ្សារ ផលិតផល​កសិកម្ម ព្រម​ទាំង​ដាក់​យុទ្ធសាស្ត្រ​នានា​ក្នុង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ដើម្បី​ធានា​ដល់​ការ​ផលិត​បែប​គុណភាព និង​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​កសិកម្ម។

នៅ​ក្នុង​ទិវា «សប្ដាហ៍​គ្មាន​ថ្នាំ​ពុល» ដែល​បាន​ប្រារព្ធ​ឡើង​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ សហគមន៍​ផ្សេងៗ និង​អង្គការ​មូលដ្ឋាន​នានា​ក្នុង​ទ្វីប​អាស៊ី បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា ជាង ៨០% នៃ​ចំនួន​ប្រជាជន​សរុប គឺ​ជា​កសិករ។ ទិវា​នេះ ឲ្យ​ដឹង​ទៀត​ថា កសិករ​ស្ទើរ​តែ​ទាំងអស់​កំពុង​ប្រើ​ថ្នាំ និង​ជី​គីមី​កសិកម្ម​ដ៏​មាន​គ្រោះថ្នាក់​សម្រាប់​ការ​ធ្វើ​កសិកម្ម​របស់​ខ្លួន ដោយ​មិន​ដឹង​ពី​ការ​គំរាម​កំហែង​របស់​វា ចំពោះ​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន។

ជាង​នេះ​ទៀត ទិវា​នេះ​អះអាង​ថា ថ្នាំ​គីមី​កសិកម្ម និង​បច្ចេកវិទ្យា​ទំនើប ជា​រឿយៗ​ត្រូវ​បាន​នាំ​ចូល​ដោយ​ខុស​ច្បាប់​មក​ពី​ប្រទេស​វៀតណាម និង​ថៃ។ លើស​ពី​នេះ បទបញ្ញត្តិ​គ្រប់គ្រង​ជាតិ​គីមី​នៃ​ប្រទេស​កម្ពុជា ថ្នាំ​កសិកម្ម​ដែល​នាំ​ចូល និង​លក់​នៅ​លើ​ទីផ្សារ​នៅ​កម្ពុជា ត្រូវ​មាន​ស្លាក​សញ្ញា​មួយ​ជា​ភាសា​ខ្មែរ​នៅ​លើ​កញ្ចប់​ថ្នាំ និង​ជី​គីមី​កសិកម្ម ប៉ុន្តែ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ថ្នាំ​គីមី​កសិកម្ម​ខ្លះ​មិន​មាន​ដាក់​ស្លាក​សញ្ញា​នោះ​ទេ។ ករណី​នេះ កំពុង​តែ​បង្ក​ក្តី​មហន្តរាយ​ដល់​សុខភាព និង​បរិស្ថាន​ជា​ខ្លាំង។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ នាយក​កម្មវិធី​សុខភាព និង​បរិស្ថាន​នៃ​អង្គការ​សេដាក (CEDAC) លោក គាម មករាឌី មាន​ប្រសាសន៍​ថា វា​ជា​រឿង​ល្អ​នៅ​ពេល​ដែល​កសិករ​មួយ​ចំនួន​ងាក​មក​ឲ្យ​តម្លៃ​ការ​ដាំ​បែប​ធម្មជាតិ ឬ​បែប​សរីរាង្គ​លើ​ដំណាំ​កសិកម្ម។ លោក​ថា ការ​ប្រើ​ជី​គីមី​កសិកម្ម និង​ថ្នាំ​ពុល​កសិកម្ម មិន​ត្រឹម​តែ​ចំណាយ​ថវិកា​ច្រើន​នោះ​ទេ វា​ក៏​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ប្រជា​កសិករ និង​បរិស្ថាន ជាដើម៖ «ប្រជា​កសិករ​គួរ​តែ​ស្វែង​យល់​ស្តង់ដារ​ការ​ផលិត​នានា ដោយ​មិន​ចាំបាច់​ប្រើ​ជី​គីមី​ពី​អង្គការ​កសិកម្ម​ណា​ដែល​នៅ​ក្បែរ​ខ្លួន ដើម្បី​ឲ្យ​ការ​ដាំ​បន្លែ​របស់​ខ្លួន​ជោគជ័យ»

បញ្ហា​នេះ ដើម្បី​ជំរុញ​ឲ្យ​កសិករ​កាត់​បន្ថយ​ប្រើ​ថ្នាំ​កសិកម្ម លោក​ស្នើ​ឲ្យ​ប្រជា​កសិករ​គួរ​តែ​ស្វែង​យល់​បន្ថែម​ពី​បច្ចេកទេស​ថ្មីៗ​ពី​បណ្ដា​អ្នក​ពាក់ព័ន្ធ ដើម្បី​ឲ្យ​កសិកម្ម​បែប​ធម្មជាតិ​របស់​ខ្លួន​បាន​ផល​កាន់​តែ​ប្រសើរ។ ជាង​នេះ​ទៀត លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល លើក​ទឹក​ចិត្ត​កសិករ ពិសេស​ត្រូវ​ជួយ​ស្វែងរក​ទីផ្សារ​នៅ​ពេល​ដែល​កសិករ​ដាំ​បន្លែ​បាន​ជោគជ័យ។ លោក​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​បាន កសិករ​នៅ​តាម​ទី​ជនបទ នឹង​មិន​បោះបង់​ការងារ​កសិកម្ម​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល