គ្រួសារ​ពលការិនី​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​អំពាវនាវ​ឲ្យ​ជួយ​សង្គ្រោះ​កូន​ស្រី​ត្រឡប់​មក​វិញ

ដោយ ម៉ែន សុធីរ
2015-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី ៥​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​សង្គ្រោះ​ដើម្បី​បាន​មក​ស្រុក​កំណើត​វិញ។
ស្ត្រី ៥​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​សង្គ្រោះ​ដើម្បី​បាន​មក​ស្រុក​កំណើត​វិញ។
Photo Provided

ពលរដ្ឋ ៥​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សង្គ្រោះ​កូន​ស្រី​ពួក​គាត់​ដែល​ចាញ់​បោក​មេ​ខ្យល់ យក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia)។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ស្ត្រី​ចំនួន ៥​នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​លួច​ទូរស័ព្ទ​មក​ប្រាប់​ក្រុម​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង ថា​ពួក​គាត់​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​សង្គ្រោះ ដើម្បី​បាន​ត្រឡប់​មក​ស្រុក​វិញ បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​ថៅកែ​ធ្វើ​ទារុណកម្ម បង្អត់​អាហារ បង្ខាំង​ទុក និង​បំបិទ​សិទ្ធិ​សេរីភាព ជាដើម។

ពលរដ្ឋ​រស់នៅ​ភូមិ​ខិះស្វាយ ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង បារម្ភ​ពី​សុវត្ថិភាព​កូន​ស្រី​ពួក​គាត់​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី រង​ការ​ធ្វើ​ទារុណកម្ម បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង និង​ការ​បំបិទ​សិទ្ធិ​សេរីភាព ជាដើម។

ក្រុម​គ្រួសារ​ស្ត្រី​ទាំង​នោះ​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង និង​សមាគម​អាដហុក (adhoc) ទាក់ទិន​ករណី​នេះ​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៥។

បុរស​ដែល​ត្រូវ​ជា​ឪពុក​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី ៥​នាក់ រស់នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង គឺ​លោក ខាំ តី។ លោក​រៀបរាប់​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា កូន​ស្រី​គាត់​ឈ្មោះ តី ឡា អាយុ ២៨​ឆ្នាំ និង​ស្ត្រី ៤​នាក់​ផ្សេង​ទៀត​រស់នៅ​ក្នុង​ខេត្ត​ជាមួយ​គ្នា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ក្រុមហ៊ុន​នាំ​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ឈ្មោះ​ថា ម៉ាស្ទ័រ​ខេម យូមេន រីសសស៍ (Master Cam Human Resources Co.,LTD) កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥។ បន្ថែម​ពី​លើ​នេះ​ទៀត បន្ទាប់​ពី​កូន​ស្រី​គាត់​ធ្វើ​ការ​បាន​ជិត ៣​ខែ នាង​បាន​លួច​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ​ថា ត្រូវ​បាន​ថៅកែ​គាប​សង្កត់ ធ្វើ​ទារុណកម្ម បង្អត់​បាយ ចាក់​សោ​បង្ខាំង​ទុក​ក្នុង​បន្ទប់ និង​មិន​ផ្តល់​សំណង​ថ្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​ឡើយ។ លោក​ចោទ​ក្រុមហ៊ុន​នេះ​ថា ជា​ក្រុមហ៊ុន​ឆបោក​ពលករ​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ចុះ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​លើ​ក្រុមហ៊ុន​នេះ និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «ដូច​គេ​ប្រាប់​ហ្នឹង​គេ​ថា​មួយ​ខែ ៣០០ ប៉ុន្តែ​ទៅ​អត់​បាន​ទេ ឃើញ​គេ​មក​ថា​ឲ្យ​កូន​ទៅ​ទេ ឃើញ​គេ​មក​សួរ​ថា ឲ្យ​កូន​ទៅ​ទេ? ខ្ញុំ​ថា​ខ្ញុំ​មិន​បាន​សម្រេច​ទេ​រឿង​កូន​ទៅ​មិន​ទៅ ចង់​មក​វិញ​ក៏​អត់​ឲ្យ​មក គេ​ថា​បើ​ចង់​មក​វិញ​ត្រូវ​បង់​ឲ្យ​គេ ១​ពាន់ (ដុល្លារ) បាន​លុយ​អី​ណា​គេ​អត់​ឲ្យ​មក»

លោក តី ឡា អះអាង​ថា ក្រុមហ៊ុន ម៉ាស្ទ័រ​ខេម យូមេន រីសសស៍ មាន​ទីតាំង​នៅ​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ គឺ​ជា​ក្រុមហ៊ុន​ទទួល​ពលករ​ពលការិនី​ធ្វើ​ការងារ​តាម​ផ្ទះ និង​រោងចក្រ​នៅ​ក្រៅ​ប្រទេស។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ម៉ាស្ទ័រ​ខេម យូមេន រីសសស៍ ដើម្បី​សុំ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ មិថុនា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សន្ទរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា ក្រសួង​នឹង​អន្តរាគមន៍​ភ្លាមៗ​ទាក់ទិន​ករណី​នេះ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ។ លោក​ថា ចាំបាច់​ក្រសួង​ត្រូវ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​ច្បាស់លាស់​សិន តាម​រយៈ​ការ​សាកសួរ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ដើម្បី​សាកសួរ​ព័ត៌មាន និង​អន្តរាគមន៍​ភ្លាមៗ​ទៅ​ស្ថានទូត​ប្រទេស​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី បើ​រក​ឃើញ​ថា ស្ត្រី​ទាំង​នោះ​ពិត​ជា​ត្រូវ​មេ​ខ្យល់​ឆបោក​មែន៖ «បើ​សិន​ជា​ជួប​ការ​លំបាក​មាន​បញ្ហា​ការ​រំលោភ​សិទ្ធិ គឺ​យើង​ត្រូវ​ធ្វើ​ការ អ្នក​ដែល​ជួល​យើង​ដូចជា​ម្នាស់​ផ្ទះ​អ៊ីចឹង គឺ​យើង​ធ្វើ​ការ យើង​សម្រប​សម្រួល យើង​ដោះស្រាយ បើ​អត់​មាន​លិខិត​ឆ្លង​ដែន​ទេ យើង​ចេញ​លិខិត​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា សមាគម​បាន​ចុះ​អង្កេត​ករណី​នេះ ហើយ​រក​ឃើញ​ថា ស្ត្រី​ទាំង​នោះ​បាន​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ​ពិត​មែន។ លោក​អំពាវនាវ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ទៅ​លើ​ក្រុមហ៊ុន​ណា​ដែល​រក​ឃើញ​ថា ពិត​ជា​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ខុស​ច្បាប់ ដើម្បី​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាប់៖ «បើ​គិត​ទៅ​ដូចជា​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​អី​សោះ ចង់​ឲ្យ​ខាង​ស្នងការ​ហ្នឹង​មេត្តា​ចាត់​ការ ព្រោះ​អី​មេ​ខ្យល់​ហ្នឹង គឺ​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ហើយ​យើង​បាន​ស្គាល់​ឈ្មោះ​គាត់»

អនុប្រធាន​កម្មវិធី​ស្ត្រី​នៃ​សមាគម​អាដហុក អ្នកស្រី លឹម មុន្នី បញ្ជាក់​ថា វិធីសាស្ត្រ​ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​បាន គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ត្រី​រងគ្រោះ​ទាំង​នោះ​ជួយ​ខ្លួន​ឯង ដូចជា ត្រូវ​ទំនាក់ទំនង​ទៅ​ស្ថានទូត​ប្រទេស​កម្ពុជា ដែល​ប្រចាំ​នៅ​ប្រទេស​ដែល​ស្ត្រី​រងគ្រោះ​រស់នៅ។ អ្នកស្រី​អំពាវនាវ​ឲ្យ​ពលករ​ពលការិនី​ណា​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ចាំបាច់​ត្រូវ​មាន​លេខ​ទំនាក់ទំនង​ស្ថានទូត​ប្រទេស​កម្ពុជា ដែល​ប្រចាំ​នៅ​ទីនោះ​ជា​មុន​សិន៖ «សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស អ្នក​ដែល​អត់​មាន​ច្បាប់ អ្នក​ដែល​ទៅ​អត់​ច្បាប់​ហ្នឹង អាច​ទៅ​សុំ​វីសា (Visa) ការងារ​នៅ​ស្ថានទូត​ខ្មែរ​បាន វា​ជា​ចន្លោះ​ប្រហោង​មួយ​ដែល​ពួក​អស់​ហ្នឹង​គេ​អាច​រក​ស៊ី​បាន»

ពាក្យ​បណ្ដឹង​របស់​សមាគម​អាដហុក ដែល​ទទួល​បាន​ទាក់ទិន​ករណី​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន ៦​ករណី​នេះ ក្នុង​នោះ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ម្នាក់ ក្នុង​ស្រុក​សៀមប៉ាង ៤​នាក់ និង​ក្រុង​ស្ទឹងត្រែង ម្នាក់ នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល