គ្រួសារ​នៅ​ខេត្ត​កំពង់ធំ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ជួយ​កូន​ស្រី​ពី​ប្រទេស​ម៉ាឡេស៊ី

ដោយ សូត សុខប្រាថ្នា
2015-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរកន្ធរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ អ្នកស្រី ប្រក់ យឿ (ស្ដាំ) ជា​ម្តាយ​ពលការិនី​ឈ្មោះ រិទ្ធិ ស្រីពិន ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ទីស្នាក់ការ​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរកន្ធរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ អ្នកស្រី ប្រក់ យឿ (ស្ដាំ) ជា​ម្តាយ​ពលការិនី​ឈ្មោះ រិទ្ធិ ស្រីពិន ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ទីស្នាក់ការ​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Saut Sokprathna

ពលរដ្ឋ​មួយ​គ្រួសារ​នៅ​សង្កាត់​អូរកន្ធរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ស្នើ​ឲ្យ​អង្គការ​លីកាដូ (LICADHO) ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​កូន​ស្រី​ត្រឡប់​មក​ផ្ទះ​វិញ។ ការ​ស្នើ​នេះ ក្រោយ​ពេល​ក្រុម​គ្រួសារ​ទទួល​ដំណឹង​ថា កូន​ស្រី​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ជាង​កន្លះ​ឆ្នាំ​មក​ហើយ​នោះ មាន​បញ្ហា​សុខភាព ព្រម​ទាំង​មាន​សម្ពាធ​ពី​កន្លែង​ធ្វើ​ការ​ជា​ខ្លាំង។

ក្រោយ​ពេល​ទទួល​ដំណឹង​ពី​កូន​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ថា​មាន​បញ្ហា​សុខភាព​កាន់​តែ​ទ្រុឌទ្រោម និង​ហូប​ចុក​មិន​បាន​គ្រប់គ្រាន់​ផង ក្រុម​គ្រួសារ​នៅ​ក្រុង​ស្ទឹងសែន ខិតខំ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ខាង​ក្រុមហ៊ុន រួម​នឹង​សង្គម​ស៊ីវិល ដើម្បី​ជួយ​កូន​ស្រី​របស់​ខ្លួន។

ពលរដ្ឋ​នៅ​ភូមិ​ព្រែកស្បូវ ក្រុង​ស្ទឹងសែន លោកស្រី ប្រក់ យឿ មាន​ប្រសាសន៍​ទាំង​ទឹក​ភ្នែក​ថា រយៈពេល ៧​ខែ​មក​ហើយ​ដែល​កូន​លោកស្រី​ឈ្មោះ រិទ្ធិ ស្រីពិន សម្រេច​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​លើក​ទី​២។ លោកស្រី​ថា ម្តង​នេះ​កូន​របស់​គាត់​ទៅ​ធ្វើ​ការងារ​បម្រើ​នៅ​តាម​ផ្ទះ ដោយ​ប៉ះ​ចំ​ម្ចាស់​ផ្ទះ​មិន​បាន​ឲ្យ​កូន​របស់​ខ្លួន​ហូប​ចុក និង​សម្រាក​គ្រប់គ្រាន់​ឡើយ សូម្បី​តែ​ចង់​ហៅ​ទូរស័ព្ទ​មក​ស្រុក​ម្តងៗ ក៏​ត្រូវ​លួច​លាក់ ព្រម​ទាំង​ត្រូវ​ម្ចាស់​ផ្ទះ​ដក​ហូត​ទូរស័ព្ទ​ទុក​ទៀត​ផង។ បន្ថែម​ពី​នេះ កូន​ស្រី​របស់​គាត់ គឺ​មាន​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ដែល​ធ្វើ​ឲ្យ​នាង​ពិបាក​បំពេញ​ការងារ​នៅ​ទីនោះ ពីព្រោះ​ជំងឺ​តែង​ធ្វើ​ទុក្ខ​ជា​ប្រចាំ៖ «ចិត្ត​ហ្នឹង​ស្រណោះ​កូន ថា​ម៉ាក់​អើយ! ជួយ​កូន​ផង ខ្ញុំ​មុខ​តែ​ងាប់​នៅ​ស្រុក​គេ​ហើយ»

ពលការិនី​ឈ្មោះ រិទ្ធិ ស្រីពិន អាយុ​ជាង ២១​ឆ្នាំ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​លើក​ទី​ពីរ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ ១៦៨ នៅ​រាជធានី​ភ្នំពេញ។

លោកស្រី ប្រក់ យឿ ឲ្យ​ដឹង​ទៀត​ថា លោកស្រី​បាន​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​ម្ចាស់​ក្រុមហ៊ុន ប៉ុន្តែ​មិន​មាន​លទ្ធផល​ល្អ​ទេ។ លោកស្រី​ក៏​សម្រេច​សុំ​អន្តរាគមន៍​ពី​អង្គការ​លីកាដូ វិញ​ម្តង ដោយ​ធ្វើ​យ៉ាង​ណា​សុំ​ឲ្យ​កូន​ត្រឡប់​មក​ផ្ទះ​វិញ ជៀសវាង​មាន​រឿង​អាក្រក់​កើត​ឡើង​បន្ថែម​ទៀត។

ទាក់ទង​បញ្ហា​នេះ ភ្នាក់ងារ​ក្រុមហ៊ុន ១៦៨ ឈ្មោះ សុធារី បញ្ជាក់​ថា គេ​បាន​ទាក់ទង​ទៅ​ភ្នាក់ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ទាក់ទង​ទៅ​ពលការិនី​រូប​នោះ​ហើយ។ ភ្នាក់ងារ​ក្រុមហ៊ុន​ដដែល​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​ពលការិនី​មាន​បញ្ហា​សុខភាព​មែន គេ​នឹង​បញ្ជូន​មក​ស្រុក​កំណើត​តាម​ការ​ទាមទារ​របស់​ក្រុម​គ្រួសារ៖ «ឥឡូវ​ហ្នឹង​ប្រធាន​ក្រុមហ៊ុន​គាត់​បាន​ទូរស័ព្ទ​ទៅ​អាជេនស៊ី (agency) ហើយ​គ្រូ»

ដោយឡែក​មន្ត្រី​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កំពង់ធំ លោក ឈួម រុន មាន​ប្រសាសន៍​ថា ខាង​លោក​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​រូប​នេះ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អន្តរាគមន៍​បន្ថែម​ទៀត៖ «ខាង​អង្គការ​លីកាដូ ក៏​មាន​ការ​បារម្ភ​ដែរ ពីព្រោះ​ការ​កើន​ឡើង​នៃ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ហ្នឹង គឺ​អ្នក​រងគ្រោះ​ច្រើន»

ពាក្យ​បណ្ដឹង​ដែល​អង្គការ​លីកាដូ ខេត្ត​កំពង់ធំ ទទួល​បាន​នៅ​ឆ្នាំ​២០១៥ ទាក់ទង​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គឺ​មាន ៨​ករណី ក្នុង​នោះ​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ ច្រើន​ជាង​គេ ហើយ​ពលករ​ទាំង​នោះ សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​ក្រុមហ៊ុន និង​មេ​ខ្យល់ ជាដើម។ របាយការណ៍​នេះ គឺ​កើន​ឡើង ៤​ករណី បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។

លោក ឈួម រុន មាន​ប្រសាសន៍​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​ជួយ​ពលករ​ដោយ​ពេញ​ដៃ​ពេញ​ជើង ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយ​ចំនួន ហាក់​មាន​លក្ខណៈ​ជួញ​ដូរ​មនុស្ស​ទៅ​វិញ ពីព្រោះ​ពេល​ខ្លះ​យក​ពលករ​ទៅ​ទម្លាក់​ចោល​ក៏​មាន។

ទាក់ទង​ករណី​នេះ កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដល់​មន្ត្រី​ដែល​មាន​តួនាទី​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល ដែល​បាន​ឃុបឃិត​ទាញ​យក​ប្រយោជន៍​ជាមួយ​ជនល្មើស ឲ្យ​ឆាប់​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​ទាំងឡាយ​ណា​ដែល​មាន​ទម្រង់​ជួញ​ដូរ​មនុស្ស ទោះ​ក្នុង​រូបភាព​ស្រប​ច្បាប់ ឬ​ខុស​ច្បាប់​ក៏ដោយ។ លោក ហ៊ុន សែន ថា ប្រសិន​បើ​រក​ឃើញ​មាន​មន្ត្រី​ណា​មួយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនល្មើស គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់​ដោយ​មិន​អាច​លើក​លែង​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល