ប្រជា​កសិករ​នៅ​បាត់ដំបង​ត្អូញត្អែរ​ចំពោះ​តម្លៃ​ដំឡូងមី​ចុះ​ថោក

ដោយ ហ៊ុំ ចំរើន
2015-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​នៅ​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ប្រមូល​ផល​ដំឡូង​មី កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១២។
កសិករ​នៅ​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ប្រមូល​ផល​ដំឡូង​មី កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១២។
RFA/Ratha Visal

ប្រជា​កសិករ​ដែល​ប្រកប​របរ​ដាំ​ដំឡូងមី​នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្អូញត្អែរ​ចំពោះ​តម្លៃ​ផលិតផល​កសិកម្ម​ដែល​ផលិត​បាន​ហើយ តែ​លក់​ពុំ​ទទួល​ផល​កម្រៃ​ទេ ដោយសារ​តម្លៃ​ដំឡូងមី​ធ្លាក់​ចុះ​ប្រមាណ​មួយ​ខែ​មក​ហើយ។ អ្នក​ភូមិ​បញ្ជាក់​ថា ដំឡូងមី​មិន​ត្រឹម​តែ​ធ្លាក់​ថ្លៃ​ទេ ពេល​ខ្លះ​ថែម​ទាំង​រក​អ្នក​ទិញ​ពុំ​បាន​ទៀត ធ្វើ​ឲ្យ​ប្រជា​កសិករ​នៅ​តំបន់​នោះ​ព្រួយ​បារម្ភ​រក​ប្រាក់​សង​គេ​ពុំ​បាន។

ប្រជា​កសិករ​នៅ​ស្រុក​កំរៀង អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ជួយ​រក​ទីផ្សារ​លក់​ដំឡូងមី​ឲ្យ​មាន​តម្លៃ​សមរម្យ​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន ដែល​អាច​ទូទាត់​ដើមទុន​ផលិត ហើយ​អាច​ទទួល​បាន​ផល​កម្រៃ។

តំណាង​ប្រជា​កសិករ គឺ​លោក ទិត្យ កៀក រស់នៅ​ភូមិ​លំផាត់ ឃុំ​អូរដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង ថ្លែង​ថា លោក​ប្រកប​របរ​ដាំ​ដំឡូងមី​លើ​ផ្ទៃដី​ប្រមាណ ៣​ហិកតារ​ជិត ១០​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា របរ​នេះ​ប្រើ​ដើមទុន​ច្រើន និង​មាន​ពេល​ដាំ​ដុះ​រយៈពេល​យូរ គឺ​ពី ៩ ទៅ ១០​ខែ ទើប​ប្រមូល​ផល​មក​វិញ។ នៅ​ក្នុង​នោះ ឆ្នាំ​ណា​ដែល​ដំឡូង​មាន​ហាង​ឆេង​ល្អ​ទៅ ផ្ទៃដី​ដែល​លោក​ដាំ​ដុះ​នោះ​ទទួល​បាន​ប្រាក់​កម្រៃ​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​មិន​បាច់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា តម្លៃ​ដំឡូងមី​ឆ្នាំ​នេះ​ចុះ​ថោក ពុំ​ទទួល​បាន​ផល​កម្រៃ​ដូច​ពេល​មុនៗ​ឡើយ៖ «ខ្ញុំ​ជួល​ដី​គេ​ខ្លះ ហើយ​ដី​ខ្លួន​ខ្លះ​ទៅ ដល់​ពេល​ទូទាត់​មើល​ទៅ​មិន​បាន​កម្រៃ​ទេ​ឆ្នាំ​នេះ។ តែ​បើ​សិន​ជា​ដី​របស់​យើង​ទាំងអស់​ទូទាត់​ទៅ​ប្រហែល​ជា​រួច​ដើម​តាម​មើល»

ប្រជា​កសិករ​ជាច្រើន បាន​ត្អូញត្អែរ​ពី​តម្លៃ​ដំឡូងមី​ឆ្នាំ​នេះ​ថា​ធ្លាក់​ថ្លៃ ពុំ​ទទួល​ផល​កម្រៃ​ដូចៗ​គ្នា។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា តម្លៃ​ដំឡូងមី​ឆ្នាំ​នេះ គឺ​ដំឡូង​ស្រស់​ប្រមា ១៩០​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​តម្លៃ​ដំឡូង​ស្ងួត​វិញ មួយ​គីឡូក្រាម​ប្រមាណ ៥៥០​រៀល។ រីឯ​តម្លៃ​ដំឡូងមី​កាល​ពី​ពេល​កន្លង​ទៅ​វិញ តម្លៃ​ដំឡូងមី​ស្រស់​ពី ២៩០ ទៅ ៣៥០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ដំឡូង​ស្ងួត​ពី ៦៧០ ទៅ ៨៥០​រៀល​ក្នុង​មួយ​គីឡូក្រាម។

ប្រជា​កសិករ​ម្នាក់​ទៀត​នៅ​ស្រុក​កំរៀង គឺ​លោក វឿន សារ៉ន ថ្លែង​ថា លោក​ដាំ​ដំឡូងមី​លើ​ផ្ទៃដី​ជាង ១០​ហិកតារ​ប្រមាណ ៨​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ឆ្នាំ​ខ្លះ​បាន​កម្រៃ​តិច ហើយ​ឆ្នាំ​ខ្លះ​ក៏​បាន​កម្រៃ​ច្រើន​មិន​ទៀងទាត់​ទេ។ លោក​បន្ត​ថា តម្លៃ​ដំឡូងមី​ដែល​បាន​ផល​កម្រៃ លុះ​ណា​តម្លៃ​ដំឡូង​ស្រស់​ប្រមាណ ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង ៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ចំពោះ​ដំឡូង​ស្ងួត៖ «តម្លៃ​ដំឡូងមី​ទាប​អ៊ីចឹង​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក គឺ​មិន​បាន​ផល​កម្រៃ​ទេ ព្រោះ​យើង​ចំណាយ​អស់​ដើមទុន​ច្រើន។ បើ​ដំឡូងមី​តម្លៃ ២​បាត​កន្លះ​ឡើង​ទៅ​ដូច​កាល​ពី​ដើម​រដូវ​ប្រមូល​ផល​នោះ​វា​មិន​អី​ទេ»

លោក​បន្ត​ទៀត​ថា តម្លៃ​ដំឡូងមី​បាន​ធ្លាក់​ថ្លៃ​នេះ​ប្រមាណ​មួយ​ខែ​មក​ហើយ គឺ​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ រហូត​មក ធ្វើ​ឲ្យ​អ្នក​ដាំ​ដំឡូងមី​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​រក​ប្រាក់​សង​គេ​ពុំ​បាន។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ដំឡូងមី​រយៈពេល​មួយ​ខែ​មក​នេះ មិន​ត្រឹម​តែ​ចុះ​ថោក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ពិបាក​រក​ឈ្មួញ​ទិញ​ផលិតផល​ពី​កសិករ​ទៀត​ផង៖ «ព្រោះ​អី​ដំឡូង​ខ្លះ​វា​ត្រូវ​ភ្លៀង​ត្រូវ​អី​ខូច​គុណភាព គេ​អត់​ទិញ​ក៏​មាន ហើយ​បើ​ទិញ​វិញ​គេ​ឲ្យ​តម្លៃ​ថោក​ណាស់​មិន​រួច​ខ្លួន​ទេ​ឆ្នាំ​នេះ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង អ្នកស្រី ព្រំ វណ្ណា មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា បញ្ហា​នេះ​អ្នកស្រី​បាន​បកស្រាយ​ប្រាប់​ប្រជា​កសិករ​រួច​អស់​ទៅ​ហើយ៖ «រឿង​តម្លៃ​ដំឡូង​ចុះ​ថោក​នេះ គេ​បាន​ឆ្លើយ​នៅ​ក្នុង​វេទិកា​សាធារណៈ​រួច​អស់​ទៅ​ចា៎ ខ្ញុំ​ជាប់​រវល់​បន្តិច»

រីឯ​ឈ្មួញ​កណ្ដាល​ដែល​ទិញ​ដំឡូងមី​នៅ​តំបន់​ជាយដែន​ខេត្ត​បាត់ដំបង នោះ​វិញ គឺ​លោក ផ្លែក សុភឿន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា តម្លៃ​ដំឡូងមី​ពិត​ជា​ធ្លាក់​ថ្លៃ​មែន។ យ៉ាង​ណា​លោក​ថា ចង់​ទិញ​ដំឡូងមី​ពី​ប្រជា​កសិករ​ឲ្យ​តម្លៃ​ខ្ពស់​ជាង​នេះ​ដែរ ប៉ុន្តែ​ដំឡូងមី​ឆ្នាំ​នេះ​គ្មាន​ហាងឆេង​ទេ។ លោក​បញ្ជាក់​ថា ដំឡូងមី​ធ្លាក់​ថ្លៃ​នេះ​ដោយសារ​ឈ្មួញ​មក​ពី​ប្រទេស​ចិន និង​ប្រទេស​វៀតណាម ចូល​មក​ទិញ​ដំឡូងមី​ខ្មែរ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុនៗ៖ «ចិន គេ​មិន​សូវ​ទិញ​ទេ​ដំឡូង​ឆ្នាំ​នេះ។ ចំពោះ​នៅ​បាត់ដំបង យើង​នេះ​សព្វថ្ងៃ​បាន​ឈ្មួញ​ចិន ម្នាក់​គេ​ចាំ​ទិញ​ខ្លះ​ទេ បាន​ប្រជាពលរដ្ឋ​លក់​ដំឡូងមី​បាន​ខ្លះ​នោះ កុំ​អី​ពួក​គាត់​មិន​ដឹង​លក់​ដំឡូងមី​ទៅ​ណា​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច លោក ស្រី ចន្ធី មាន​ប្រសាសន៍​ពន្យល់​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​តម្លៃ​ដំឡូងមី​ធ្លាក់​ចុះ​នេះ គឺ​បណ្ដាល​មក​ពី​រដូវ​នេះ​ដំឡូងមី​នៅ​ក្នុង​ស្រុក​មាន​ចំនួន​ច្រើន​ជាង​តម្រូវ​ការ​ទីផ្សារ និង​ឈ្មួញ​មក​ពី​ប្រទេស​ជិត​ខាង ដែល​ធ្លាប់​ទិញ​ដំឡូងមី​ខ្មែរ រួម​មាន​ឈ្មួញ​មក​ពី​ប្រទេស​ចិន វៀតណាម និង​ថៃ ជាដើម ផ្អាក​ទិញ​ដំឡូងមី​ខ្មែរ ឬ​ទិញ​ក្នុង​បរិមាណ​តិច​ជាង​ពេល​កន្លង​ទៅ៖ «បាទ! ឲ្យ​តែ​តម្រូវ​ការ​ធ្លាក់ តម្លៃ​ក៏​ធ្លាក់​ទៅ​តាម​នោះ​ដែរ ព្រោះ​កាល​ពី​ដើម​ដៃ​ដំបូង​គេ​ត្រូវ​ការ​ដំឡូងមី​ច្រើន គេ​ឲ្យ​តម្លៃ​ល្អ តែ​ពេល​នេះ​ឈ្មួញ​មក​ពី​ប្រទេស​ជិត​ខាង​ខ្មែរ​យើង​គេ​គ្រប់​តម្រូវ​ការ​របស់​គេ​ហើយ បាន​ជា​វា​ចុះ​ថោក​នោះ»

យ៉ាង​នេះ​ក្ដី លោក​ថា បញ្ហា​នេះ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​បាន លុះ​ណា​រដ្ឋាភិបាល​បង្កើត​ជា​រោងចក្រ​កែច្នៃ​ដំឡូងមី​ផលិត​ជា​គ្រឿង​ឧបភោគបរិភោគ​ក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន ដោយ​មិន​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង​ច្រើន​ពេក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

លោកអើយលោក សម័យនេះទៅហើយ ទៅខ្វល់អារឿងដាំដុះធ្វើអី​ទៀត នាំតែហត់ ហាលក្តៅខ្មៅស្បែកអស់ហើយ ឈប់ធ្វើទៅ មកធ្វើ​​ការរោងច័ក្រវិញ មានម៉ាស៊ីនត្រជាក់មានដុល្លាចាយ ស្រួលជាង និងបើយកល្ងនាំគ្នាទៅធ្វើការបរទេសវិញ អស់ស្ទះហើយ​សម័យតេជោសែនយើងនេះ។

Mar 31, 2015 10:52 PM

គេហទំព័រ​ទាំងមូល