របាយការណ៍៖ ១០​ឆ្នាំ​កម្ពុជា​ខាតបង់​ជាង​១៥​ប៊ី​លាន​ដុល្លារ​ដោយសារ​លំហូរ​ប្រាក់​ខុស​ច្បាប់

ដោយ ចេង ម៉េងជូ
2015-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំព័រ​មុខ​នៃ​របាយការណ៍​របស់​អង្គការ​សុចរិតភាព​ហិរញ្ញវត្ថុ​សកល (Global Financial Integrity) ស្ដីពី​លំហូរ​សាច់​ប្រាក់ ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៣។
ទំព័រ​មុខ​នៃ​របាយការណ៍​របស់​អង្គការ​សុចរិតភាព​ហិរញ្ញវត្ថុ​សកល (Global Financial Integrity) ស្ដីពី​លំហូរ​សាច់​ប្រាក់ ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៣។
RFA Screenshot

អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា លុយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក បាន​ហូរ​ចេញ​ពី​កម្ពុជា ដោយ​ខុស​ច្បាប់​ក្នុង​មួយ​ឆ្នាំៗ តាម​រយៈ​សកម្មភាព​ពាណិជ្ជកម្ម។ ទំហំ​ទឹក​ប្រាក់​ដែល​កម្ពុជា បាត់បង់ គឺ​ជា​ចំណែក​តូច​មួយ​នៃ​ទឹក​ប្រាក់​សរុប​ជាង ១​លាន​លាន​ដុល្លារ​អាមេរិក ហូរ​ចេញ​ដោយ​ខុសច្បាប់​ពី​បណ្ដា​ប្រទេស​ក្រីក្រ​ជាង ១០០ នៅ​លើ​ពិភពលោក ដែល​អង្គការ​នោះ​បាន​សិក្សា។

អង្គការ​សុចរិតភាព​ហិរញ្ញវត្ថុ​សកល (Global Financial Integrity) ហៅ​កាត់​ថា (GFI) រក​ឃើញ​ថា កម្ពុជា​បាន​បាត់បង់​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១៥​ប៊ី​លាន ឬ ១៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៣ ដោយសារ​លំហូរ​សាច់ប្រាក់​ដោយ​ខុសច្បាប់​ទៅ​ក្រៅ​ប្រទេស។ ក្នុង​នោះ ចំនួន​ទឹក​ប្រាក់​ដែល​បាត់បង់​ច្រើន​ជាង​គេ គឺ​នៅ​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​ប្រមាណ​ជាង ៤​ប៊ី​លាន ឬ ៤​ពាន់​លាន​ដុល្លារ។ ចំនួន​នេះ​ច្រើន​ជាង​ថវិកា​ជាតិ​សរុប​ដែល​កម្ពុជា បាន​ចំណាយ​នៅ​ឆ្នាំ​២០១៣ ទៅ​ទៀត ដែល​កាល​នោះ​មាន​ចំនួន​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៥ របស់​អង្គការ GFI មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ។ របាយការណ៍​ប្រចាំ​ឆ្នាំ​នេះ បាន​គណនា​ចំនួន​ទឹក​ប្រាក់​ខាតបង់​ចន្លោះ​ពី​ឆ្នាំ​២០០៤ ដល់​២០១៣ ដោយ​ផ្អែក​លើ​ទិន្នន័យ​ពាណិជ្ជកម្ម​ដែល​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund) ទទួល​បាន​ពី​ប្រទេស​ចំនួន​១៤៩។

ក្នុង​របាយការណ៍​ឆ្នាំ​២០១៥​នេះ កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៦១ ជា​ប្រទេស​ខាតបង់​ទឹកប្រាក់​ជា​មធ្យម​ជាង ១,៥​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ (១៥៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ) ដោយសារ​លំហូរ​សាច់​ប្រាក់​ដោយ​ខុស​ច្បាប់​នេះ។ ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ កម្ពុជា​មាន​ចំណាត់ថ្នាក់​ល្អ​ជាង​ប្រទេស​ភាគ​ច្រើន ក៏ប៉ុន្តែ​អាក្រក់​ជាង​មីយ៉ាន់ម៉ា និង​ប្រទេស​ឡាវ ដែល​ខាត​បង់​ទឹកប្រាក់​ជា​មធ្យម​ប្រមាណ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ទិន្នន័យ​ក្នុង​របាយការណ៍​បង្ហាញ​ថា កត្តា​ដែល​បណ្ដាល​កម្ពុជា បាត់បង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​លំហូរ​ពាណិជ្ជកម្ម គឺ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ចេញ​វិក្កយបត្រ​មិន​ត្រឹមត្រូវ មាន​ន័យ​ថា តម្លៃ​នៅ​លើ​វិក្កយបត្រ​ខុស​ពី​តម្លៃ​ជាក់ស្ដែង​នៃ​ផលិតផល​នាំ​ចេញ ឬ​នាំចូល ដែល​អ្នក​រក​ស៊ី​បាន​រាយការណ៍​ទៅ​អាជ្ញាធរ។

របាយការណ៍​លើក​ឡើង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អង្គការ​នេះ​ទទួល​បាន​ទិន្នន័យ​ពាណិជ្ជកម្ម​ពី​កម្ពុជា ដើម្បី​គណនា ដោយ​ប្រៀបធៀប​ជាមួយ​នឹង​ទិន្នន័យ​បាន​ពី​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​កម្ពុជា។

ក្នុង​របាយការណ៍​ឆ្នាំ​២០១៥​នេះ កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៦១ ជា​ប្រទេស​ខាត​បង់​ទឹកប្រាក់​ជា​មធ្យម​ជាង ១,៥​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ (១.៥០៩​លាន​ដុល្លារ) ដោយសារ​លំហូរ​សាច់​ប្រាក់​ខុសច្បាប់​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម។ ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ កម្ពុជា​មាន​ចំណាត់ថ្នាក់​ល្អ​ជាង​ប្រទេស​ភាគ​ច្រើន ក៏ប៉ុន្តែ​អាក្រក់​ជាង​ប្រទេស​មីយ៉ាន់ម៉ា និង​ឡាវ ដែល​ខាតបង់​ទឹក​ប្រាក់​ជា​មធ្យម​ប្រមាណ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ទិន្នន័យ​ក្នុង​របាយការណ៍​បង្ហាញ​ថា កត្តា​បណ្ដាល​កម្ពុជា បាត់បង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​លំហូរ​ពាណិជ្ជកម្ម គឺ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ចេញ​វិក្កយបត្រ​មិន​ត្រឹមត្រូវ មាន​ន័យ​ថា តម្លៃ​នៅ​លើ​វិក្កយបត្រ​ខុស​ពី​តម្លៃ​ជាក់ស្ដែង​នៃ​ផលិតផល​នាំ​ចេញ ឬ​នាំចូល​ដែល​អ្នក​រក​ស៊ី​បាន​រាយការណ៍​ទៅ​អាជ្ញាធរ។

​វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដោយ​លោក​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ដែរ​នៅ​ថ្ងៃ​ទី​១០ ធ្នូ។

អនុប្រធាន​គណៈកម្មការ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក សុន ឆ័យ មាន​ប្រសាសន៍​ថា លោក​មិនទាន់​ទទួល​បាន​សេចក្ដី​លម្អិត​នៃ​របាយការណ៍​នោះ​នៅ​ឡើយ តែ​លោក​យល់​ថា ទឹក​ប្រាក់​ខាតបង់​ដែល​របាយការណ៍​បាន​រក​ឃើញ​ជា​ការ​បាត់បង់​ដ៏​ធំធេង​ដល់​សេដ្ឋកិច្ច​ជាតិ។ លោក​យល់​ថា បញ្ហា​វិក្កយបត្រ​ពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​គឺជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ជា​ច្រើន​ទៀត ដែល​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង៖ «បញ្ហា​ដែល​សំខាន់ គឺ​យន្តការ​គ្រប់គ្រង​ការ​ហូរ​ចេញ​នូវ​ធនធាន​ទៅ​ក្រៅ​ហ្នឹង គឺ​ដោយសារ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​តែ​ម្ដង។ តាម​ធនាគារ​យើង​ឃើញ​ហើយ មាន​ធនាគារ​មួយ​ចំនួន​ដែល​មិន​មាន​ការ​អនុវត្ត​តាម​ស្តង់ដារ​អន្តរជាតិ ហើយ​ទី​ពីរ គឺ​របៀប​យន្តការ​គ្រប់គ្រង​យើង។ យើង​ដឹង​ហើយ​តាម​ច្រក​ផ្សេងៗ​តាម​ស្អី​ផ្សេងៗ ក៏​មិន​ទាន់​មាន​ការ​អនុវត្ត។ សំខាន់ គឺ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់»

ស្រដៀង​គ្នា​នេះ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​បាត់បង់​ថវិកា​ជាតិ​ដ៏​ច្រើន​នេះ បណ្ដាល​មក​ពី​អំពើ​ពុករលួយ​ដែល​កើត​មាន​នៅ​គ្រប់​វិស័យ។ លោក​បាន​លើក​ឡើង​ពី​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន​មួយ​ចំនួន​កន្លង​ទៅ​ដែល​រក​ឃើញ​ថា អំពើ​ពុករលួយ​នេះ​ជា​បញ្ហា​ប្រឈម​ចម្បង​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា៖ «សំខាន់ គឺ​ប្រព័ន្ធ​សុចរិត​ភាព​នៅ​ផ្នែក​តុលាការ អ្នក​អនុវត្ត​ច្បាប់​នៅ​សភា​ហ្នឹង​វា​ទាប។ មាន​ចំណុច​ខ្លះ​ខ្សោយ​ណាស់ ពិន្ទុ​ហ្នឹង​វា​ក្រោម ២០ បើ​គេ​ឲ្យ​ពិន្ទុ ១០០។ អ៊ីចឹង​កាល​ណា​ប្រព័ន្ធ​សុចរិត​ភាព​ហ្នឹង​វា​ទាប វា​បង្ក​ឲ្យ​បរិយាកាស​ឲ្យ​មាន​អំពើ​ពុក​រលួយ​ហ្នឹង​វា​ខ្ពស់​ហើយ ការ​បាត់បង់​ថវិកា​ជាតិ​ហ្នឹង​វា​ខ្ពស់​ហើយ»

​របាយការណ៍​របស់​អង្គការ​សុចរិតភាព​ហិរញ្ញវត្ថុ​សកល ប៉ាន់​ប្រមាណ​ថា ទំហំ​ទឹក​ប្រាក់​ខុសច្បាប់​សរុប​ដែល​ហូរ​ចេញ​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​អស់​បាន​កើន​ដល់​ជាង ១​ទ្រី​លាន ឬ​ជាង ១​លាន​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៣ ខណៈ​មនុស្ស​រាប់​សិប​លាន​នាក់​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។

ប្រធាន​អង្គការ​សុចរិតភាព​ហិរញ្ញវត្ថុ​សកល លោក រ៉េមន ប៊េកឃ័រ (Raymond W. Baker) លើក​ឡើង​ក្នុង​របាយការណ៍​នោះ​ថា ប្រាក់​ចំណូល​បាន​ពី​ការ​ប្រមូល​ពន្ធ​លើ​សកម្មភាព​ពាណិជ្ជកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​អាច​មាន​ចំនួន​រាប់​សិប​រយ​ពាន់​លាន​ដុល្លារ ដែល​អាច​បែង​ចែក​សម្រាប់​ការ​អនុវត្ត​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោក​ប្រៀបប្រដូច​ទឹក​ប្រាក់​ទាំង​នេះ​ទៅ​នឹង​ផ្លែឈើ​ដែល​រដ្ឋាភិបាល​អាច​បេះ​បាន​យ៉ាង​លឿន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ត្រឹមត្រូវ និង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​គ្រប់គ្រាន់។ លោក​បន្ត​ថា រដ្ឋាភិបាល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​អស់​គួរតែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ដំបូង​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​វិក្កយបត្រ​ពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

1.5 BILLION FOR CAMBODIA COMPARE WITH LAO AND PHOUMEA IS 7 MILLION NOT BILLION.YOUR 7 MILLION IS NOT 7,000,000,000.THIS IS 7 BILLION.THEY ARE RIGHT YOU ARE WRONG.

Dec 28, 2015 01:56 AM

អ្នក​អាន​អនាមិក

បើសិនជាអានមួយប៊ីលីយិន(ស្មើនិងមួយពាន់លាន)មានសំឡេងប្រសើជាងប៊ីលាន។ The pronunciation of ប៊ីលាន into English is Beelean not Billion (ប៊ីលីយិន)please be advised.

Dec 11, 2015 01:07 AM

តារា

ពី ភ្នំពេញ

1 billion = 1,000,000,000 millions
សូមកែសម្រួលរបាយការណ៍ឡើងវិញ ត្រង់កម្ពុជាបាត់បង់ជាមធ្យមប្រចាំឆ្នាំ ១,៥០០,០០០,០០០$ ចំណាត់ថ្នាក់ល្អជាងប្រទេសភូមារ និង ឡាវ បានបាត់បង់ ជាមធ្យមប្រចាំឆ្នាំ ៧,០០០,០០០,០០០$។

Dec 10, 2015 10:14 AM

Mike

ពី Boston

There is only a lot of bad news when comparing with other countries. What a strange leadership is.

Dec 10, 2015 02:45 AM

គេហទំព័រ​ទាំងមូល