អគ្គីភ័យ​ឆេះ​ផ្សារ​ឃ្លាំង​រំសេវ អស់ ៤០តូប

ដោយ វ៉ែន សុមេធ
2019-09-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្លើង​ឆេះ​តូប​លក់ឥវ៉ាន់ ​នៅផ្សារ​ឃ្លាំងរំសេវ​អស់ ៤០តូប កាល​ពី​ម៉ោង ១១កន្លះ​ កាល​ពី​យប់​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ២០១៩។
ភ្លើង​ឆេះ​តូប​លក់ឥវ៉ាន់ ​នៅផ្សារ​ឃ្លាំងរំសេវ​អស់ ៤០តូប កាល​ពី​ម៉ោង ១១កន្លះ​ កាល​ពី​យប់​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​អគ្គស្នងការនគរបាល​ជាតិ​

អគ្គិភ័យ​​​​បាន​ឆាបឆេះ​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួល​គោក កាល​ពី​យប់​ថ្ងៃ​ទី១០ កញ្ញា ដោយ​បាន​​បំផ្លាញ​តូប​​ចំនួន​​៤០ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ឬ​របួស​ឡើយ។

នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ផ្សព្វផ្សាយតាម​ហ្វេសប៊ុក (Facebook) ​ថា ភ្លើង​បានឆេះ​ផ្សារ​ឃ្លាំង​រំសេវ ដែល​ជា​ផ្សារ​លក់​ទូរស័ព្ទដ៏ធំ​​មួយ​នៅ​រាជធានី​ភ្នំពេញ​ នៅ​ម៉ោង ១១​កន្លះ​យប់​ថ្ងៃ​ទី​១០ កញ្ញា។ សមត្ថកិច្ច​បាន​ប្រើ​ទឹក​បាញ់​ពន្លត់​អស់​ ២៦​គ្រឿង ហើយ​ភ្លើង​បាន​រលត់​នៅ​ម៉ោង​ប្រហែល​ ១២កន្លះ​យប់។ ប្រភពដដែល​បន្ត​​ថា តូប​ចំនួន​៤០ ត្រូវ​ឆេះ​ទាំង​ស្រុង ចំណែក​សម្ភារ​ខូចខាត សមត្ថកិច្ច​នៅ​​មិន​​ទាន់​ប៉ាន់​ស្មាន​ដឹង​នៅ​ឡើយ​ទេ។ សមត្ថកិច្ច​សន្និដ្ឋាន​​ជំហាន​ដំបូង​ថា ​គ្រោះអគ្គិភ័យ​នេះ គឺ​ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​​ពេល​ភ្លើង​កំពុង​ឆេះ​ផ្សារ​ថា ​គ្មាន​មនុស្ស​​ស្លាប់ ឬ​រង​របួស​ពី​អគ្គីភ័យ​ឆេះ​ផ្សារ​ឃ្លាំង​រំសេវ​ទេ តែ​សមត្ថកិច្ច​ពិបាក​គ្រប់គ្រង​ស្ថាន​ការណ៍ ព្រោះ​ខ្លាច​មាន​ជន​ឆ្លៀត​ឱកាស ​បន្លំ​ខ្លួន​ចូល​លួច​សម្ភារៈ​របស់​ម្ចាស់​តូប។ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី ​លោក ឃួង ស្រេង បាន​ទេ នៅ​ថ្ងៃ​ទី១១ កញ្ញា ដោយ​លោក​​មិ​នទទួល​ទូរស័ព្ទ។

រយៈ​ពេល ៦ខែ នៃ​ឆ្នាំ​ ២០១៩ មាន​​អគ្គិភ័យ​បាន​ឆាបឆេះ​ ចំនួន ៣១៥​លើក កើន​ឡើង ៧៨​លើក បើ​ប្រៀបធៀ​បនឹង​រយៈ​ពេល​ដូច​គ្នា នៃ​ឆ្នាំ​២០១៨។ អគ្គិភ័យ​រយៈ​ពេល​ ៦ខែ​នេះ បាន​​បណ្ដាល​ឲ្យ​មាន​មនុស្ស ១០នាក់​ស្លាប់ ​​​របួស ៤៦​នាក់ ឆេះ​ផ្ទះ​អស់​ ៤១៨ និង​ឆេះ​ទីតាំង​អាជីវកម្ម​ជា​ច្រើន​កន្លែង​ទៀត។ មូលហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​​ដោយសារ​ ការ​ឆ្លង​ចរន្ត​អគ្គិសនី ធ្វេសប្រហែស ជន​ល្មើស​លួច​ដុត​បំផ្លាញ និង​កើត​ឡើង​ដោយសារ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល