អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​ថា​ករណី​អគ្គិភ័យ​មាន​ការ​កើន​ឡើង

ដោយ អ៊ុំ រង្សី
2015-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​វរសេនីយ៍ឯក​នៃ​ស្នងការ​រង​សាលា​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ជំនាញ​អាវុធ​ជាតិ​ផ្ទុះ និង​ពន្លត់​អគ្គិភ័យ លោក នេត វន្ថា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៤។
លោក​វរសេនីយ៍ឯក​នៃ​ស្នងការ​រង​សាលា​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ជំនាញ​អាវុធ​ជាតិ​ផ្ទុះ និង​ពន្លត់​អគ្គិភ័យ លោក នេត វន្ថា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Uon Chhin

អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា ៨​ខែ​ដើម​ឆ្នាំ​២០១៥ ករណី​អគ្គិភ័យ​មាន​រហូត​ជិត ១០០​ករណី ដែល​ចំនួន​នេះ​កើន​ឡើង​ជាង​ឆ្នាំ​មុន។ អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​ចាត់​ទុក​ថា ការ​កើន​ឡើង​នេះ ជា​សញ្ញា​អវិជ្ជមាន និង​ជា​ក្ដី​បារម្ភ​ដែល​ដាស់តឿន​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

ការ​លើក​ឡើង​របស់​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ផ្ទះ​ប្រជាពលរដ្ឋ​ជិត ៤០​ខ្នង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​បំផ្លាញ​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា។

លោក​វរសេនីយ៍ឯក​នៃ​ស្នងការ​រង​សាលា​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ជំនាញ​អាវុធ​ជាតិ​ផ្ទុះ និង​ពន្លត់​អគ្គិភ័យ លោក នេត វន្ថា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អគ្គីភ័យ​ដែល​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ច្បារអំពៅ អស់​ជិត ៤០​ខ្នង (៣៦) ភាគ​ច្រើន​ជា​ផ្ទះ​ធ្វើ​ពី​ឈើ និង​ឈើ​លើ​ថ្ម​ក្រោម ហើយ​លោក​ថា អគ្គិភ័យ​នេះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស និង​បាត់​បង់ជីវិត​នោះ​ទេ ខណៈ​ដែល​អាជ្ញាធរ​កំពុង​តែ​ជួយ​ពន្លត់​អគ្គិភ័យ។

ទោះ​ជា​យ៉ាង​ណា លោក នេត វន្ថា ថា ហេតុការណ៍​អគ្គិភ័យ​នៅ​ក្នុង​សង្កាត់​ច្បារអំពៅ ដែល​បាន​កើត​ឡើង​នៅ​ម៉ោង​ជាង ១១​ព្រឹក​នោះ លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើត​ឡើង​នៅ​ឡើយ​ទេ។ ជាង​នេះ​ទៀត ស្នងការ​រង​សាលា​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ជំនាញ​អាវុធ​ជាតិ​ផ្ទុះ និង​ពន្លត់​អគ្គីភ័យ លោក នេត វន្ថា បាន​ឲ្យ​ដឹង​បន្ត​ថា សម្រាប់​រាជធានី​ភ្នំពេញ ករណី​អគ្គីភ័យ​មាន​រហូត​ជិត ១០០​ករណី (៩៨) បើ​គិត​ត្រឹម​ខែ​សីហា នៅ​ក្នុង​ឆ្នាំ​២០១៥។

លោក​ថា ចំនួន​នេះ​កើន​ឡើង​ជាង​ឆ្នាំ​២០១៤ មាន​រយៈពេល​រហូត​ដល់ ១​ឆ្នាំ ករណី​អគ្គិភ័យ​មាន​ត្រឹមតែ​ជាង ៧០​ករណី​ប៉ុណ្ណោះ៖ «សម្រាប់​នៅ​រាជធានី​ភ្នំពេញ អគ្គិភ័យ​ឆាប់​ឆេះ​ផ្ទះ និង​រោងចក្រ សហគ្រាស មាន​ការ​កើន​ឡើង បើ​យើង​បូក​បញ្ចូល​ទាំង​ករណី​អគ្គិភ័យ​នៅ​សង្កាត់​ច្បារអំពៅ កាល​ពី​ព្រឹក (២៥ សីហា) ហើយ​អគ្គិភ័យ​មាន​រហូត​ដល់ ៩៨​ករណី ហើយ​ក្នុង​នោះ​ដែរ មាន​អ្នក​ស្លាប់ និង​របួស​រហូត​ដល់ ៨​នាក់ ដែល​ក្នុង​នោះ​ស្រី ៣​នាក់ និង​ប្រុស ២​នាក់»

អង្គភាព​ពន្លត់​អគ្គិភ័យ​អះអាង​ថា មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង ភាគ​ច្រើន​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី​ជាង ៦០​ភាគរយ (៦៥%) ជាង ៣០​ភាគរយ (៣៥%) មក​ពី​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ និង​ហ្គាស និង ១០%​ទៀត​បណ្ដាល​មក​ពី​កង្វះ​ការ​ប្រុង​ប្រយ័ត្ន​របស់​ប្រជាពលរដ្ឋ។

​ទោះ​ជា​យ៉ាង​ណា អង្គភាព​ពន្លត់​អគ្គីភ័យ​មិន​ទាន់​អាច​សរុប​ជា​ទ្រព្យសម្បត្តិ និង​ថវិកា​ជាក់ស្ដែង​ដែល​ខាតបង់​ចំពោះ​ការ​កើន​ឡើង​នៃ​ចំនួន​ករណី​អគ្គីភ័យ​បាន​ឡើយ​បើ​គិត​ត្រឹម ៨​ខែ ដើម​ឆ្នាំ​២០១៥។ ជាង​នេះ​ទៀត អង្គភាព​ពន្លត់​អគ្គីភ័យ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​អស់ ត្រូវ​តែ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ លើ​ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក ប្រេង​ឥន្ធនៈ​ទុក​ដាក់​នៅ​ក្នុង​ផ្ទះ ដែល​ខ្វះ​ការ​ប្រុងប្រយ័ត្ន អាច​ធ្វើ​ឲ្យ​ឆាបឆេះ និង​ឧបករណ៍​ដទៃ​ទៀត​ដែល​ងាយ​ស្រួល​បង្ក​គ្រោះថ្នាក់​អគ្គីភ័យ​ណា​មួយ​កើត​ឡើង​ជាយថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល