បណ្ណាល័យ​កម្មករ​ត្រូវ​ដាក់​ឲ្យ​ប្រើ​ផ្លូវការ​ជា​លើក​ទី​១​នៅ​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2015-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណៈអធិបតី​កាត់​ខ្សែ​បូ​សម្ពោធ​បណ្ណាល័យ​សម្រាប់​កម្មករ​នៅ​រោងចក្រ ជប៉ុន រ៉ុក (Japan Rocks S.E.A) នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
គណៈអធិបតី​កាត់​ខ្សែ​បូ​សម្ពោធ​បណ្ណាល័យ​សម្រាប់​កម្មករ​នៅ​រោងចក្រ ជប៉ុន រ៉ុក (Japan Rocks S.E.A) នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

បណ្ណាល័យ​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​លើក​ទី​១ នៅ​កម្ពុជា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដើម្បី​ឲ្យ​កម្មករ​កម្មការិនី ចូល​អាន​សៀវភៅ ឬ​ស្រាវជ្រាវ​ឯកសារ​នៅ​ពេល​ទំនេរ​ពី​ការងារ។ កម្មករ កម្មការិនី​ស្វាគមន៍​វត្តមាន​បណ្ណាល័យ​នេះ ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​រំពឹង​ថា បណ្ណាល័យ​នេះ​នឹង​ធ្វើ​ឲ្យ​កម្មករ​នៅ​ក្បែរ​សៀវភៅ​ឡើង​វិញ។

បណ្ណាល័យ​ទី​១ នៅ​ប្រទេស​កម្ពុជា សម្រាប់​កម្មករ​រោងចក្រ ដែល​ដាក់​ប្រើប្រាស់​មន​សៀវភៅ​ចម្រុះ​ច្រើន​ប្រភេទ អ៊ីនធឺណិត និង​ឧបករណ៍​ថេបឡេត (Tablet) បំពាក់​ដោយ​ម៉ាស៊ី​ត្រជាក់ ត្រូវ​បាន​រោងចក្រ​មួយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស អនុញ្ញាត​ឲ្យ​កម្មករ​របស់​ខ្លួន​ចូល​អាន​នៅ​ពេល​ទំនេរ​ពី​ការងារ។

ប្រធាន​រោងចក្រ ជប៉ុន រ៉ុក (Japan Rocks S.E.A) លោក កាស៊ូហ្គា (KASUGA) ដែល​អនុញ្ញាត​ឲ្យ​មាន​បណ្ណាល័យ​នៅ​ក្នុង​រោងចក្រ​របស់​លោក​ឲ្យ​ដឹង​ថា កម្មករ​អាច​ចូល​បណ្ណាល័យ​នេះ​នៅ​ពេល​ម៉ោង​សម្រាក​ពេល​ថ្ងៃត្រង់ និង​ពេល​ថែម​ម៉ោង គឺ​កម្មករ​អាច​ចែក​ជា​ក្រុម​ចូល​បណ្ណាល័យ​បាន។ ចំពោះ​កម្មករ​រោងចក្រ​ផ្សេងៗ​ចង់​ចូល​អាន​សៀវភៅ​នៅ​បណ្ណាល័យ​នេះ រោងចក្រ​មិន​ទាន់​មាន​គោលការណ៍​នៅ​ឡើយ​ទេ។

លោក​រំពឹង​ថា បណ្ណាល័យ​នេះ នឹង​ធ្វើ​ឲ្យ​កម្មករ កម្មការិនី ចូល​ចិត្ត​អាន និង​ស្រាវជ្រាវ ដើម្បី​វិវឌ្ឍ​ការ​យល់​ឃើញ​របស់​កម្មករ​បន្ថែម​ទៀត៖ «លើស​ពី​នេះ​ទៀត យើង​មាន​កម្មវិធី​អប់រំ​បញ្ហា​សុខភាព និង​កម្មវិធី​ផ្សេង​ទៀត ដែល​យើង​សហការ​ជាមួយ​អង្គការ​ស៊ីប៉ា (Sipar) និង​អង្គការ CWPD  ក្នុង​ម៉ោង​ការងារ​តែម្ដង»

​តាម​ការ​បញ្ជាក់​ពី​រដ្ឋបាល​រោងចក្រ ជប៉ុន រ៉ុក កម្មករ កម្មការិនី ដែល​ធ្វើ​ការងារ​នៅ​រោងចក្រ​ភាគ​ច្រើន​អាច​អាន និង​មើល​អក្សរ​ខ្មែរ​បាន។

​ពិធី​សម្ពោធ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ បន្ទាប់ពី​គម្រោង​សាកល្បង​ចំនួន​៣ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​កម្មករ និង​ថៅកែ​រោងចក្រ។ បណ្ណាល័យ​សម្រាប់​កម្មករ​បាន​បើក​សាកល្បង ៣​កន្លែង ដែល​មួយ​កន្លែង​នៅ​ក្នុង​រោងចក្រ​ខេត្ត​សៀមរាប និង​ពីរ​កន្លែង​ទៀត​នៅ​ក្នុង​រោងចក្រ​នៃ​រាជធានី​ភ្នំពេញ។

នាយក​អង្គការ​ស៊ីប៉ា លោក ហុក សុទ្ធិ ប្រាប់​ថា ដើម្បី​ឲ្យ​បណ្ណាល័យ​ដំណើរការ អង្គការ​របស់​លោក​ជួយ​ផ្ដល់​ជា​ថវិកា និង​បច្ចេកទេស និង​ភាគី​រោងចក្រ​ជា​អ្នក​ផ្តល់​ទីតាំង​សម្ភារៈ​មួយ​ចំនួន។

លោក ហុក សុទ្ធិ ថា គម្រោង​នេះ​មិន​អាច​ជា​លទ្ធភាព​បង្កើត​បណ្ណាល័យ​គ្រប់​រោងចក្រ​នោះ​ទេ ដូច្នេះ​ទាមទារ​ឲ្យ​និយោជក ឬ ថៅកែ​រោងចក្រ បង្កើត​បណ្ណាល័យ​ខ្លួន​ឯង ហើយ​អង្គការ​របស់​លោក​នឹង​បន្ត​ផ្ដល់​បច្ចេកទេស៖ «និយោជក​ផ្សេង​ទៀត​ដែល​គាត់​ចាប់​អារម្មណ៍​បង្កើត​បណ្ណាល័យ​គាត់​អាច​បង្កើត​នៅ​រោងចក្រ​របស់​គាត់​បាន គាត់​ត្រូវ​គិត​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​គាត់»

ដៃគូ​គម្រោង​មាន​ផែនការ​នឹង​ជ្រើសរើស​រោងចក្រ ៨​បន្ថែម​ទៀត នៅ​ត្រីមាស​ទី​២ នៃ​ឆ្នាំ​២០១៦ និង​រោងចក្រ ២​ទៀត នៅ​ឆ្នាំ​បន្ទាប់។

រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហ៊ុយ ហាំងសុង យល់​ថា បណ្ណាល័យ​នេះ នឹង​ធ្វើ​ឲ្យ​កម្មករ​បាន​នៅ​ក្បែរ​សៀវភៅ​ឡើង​វិញ បន្ទាប់​ពី​ពួកគេ​បោះបង់​ចោល​ការ​សិក្សា។ ទោះ​យ៉ាង​នេះ​ក្តី លោក​ថា ក្រសួង​គ្មាន​លទ្ធភាព​ដើម្បី​ជួយ​ពង្រីក​បណ្ណាល័យ​ទេ ប៉ុន្តែ​ក្រសួង​គាំទ្រ​ឲ្យ​មាន​បណ្ណាល័យ៖ «ក្រសួង​មិន​ត្រឹមតែ​គាំទ្រ​ទេ ថែម​ទាំង​ត្រេកអរ គាត់​បាន​ធ្វើ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ប៉ុន្តែ​ក្រសួង​មិន​ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​បណ្ណាល័យ»

​បណ្ណាល័យ​សម្រាប់​កម្មករ និង​ផ្តល់​ប្រយោជន៍​កម្មការិនី ២​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៨។ ប៉ុន្តែ​ការ​សិក្សា​មួយ​របស់​អង្គការ រូម ធូ រីដ (Room to Read) បង្ហាញ​ថា ប្រជាជន​កម្ពុជា ម្នាក់ ក្នុង​មួយ​ឆ្នាំ​អាន​សៀវភៅ​ចំនួន ១​ក្បាល​កន្លះ។ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បណ្ណាល័យ​គ្មាន​អ្នក​ចូល​អាន ក្រុម​អ្នក​ពាក់ព័ន្ធ មាន​បណ្ដុះបណ្ដាល​ដល់​កម្មករ កម្មការិនី​បន្ថែម​លើស​ពី​ការ​អាន។

​កម្មការិនី​រោងចក្រ ជប៉ុន រ៉ុក កញ្ញា សៅ ស្រីមុំ  និយាយ​ថា កញ្ញា​នឹង​ឆ្លៀត​ពេល​ទំនេរ​ចូល​អាច​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​នេះ។ កញ្ញា​យល់​ថា អ្វី​ដែល​ខ្លួន​មិន​ដឹង នឹង​អាច​ស្រាវជ្រាវ​រក​ឃើញ​បាន​នៅ​ក្នុង​បណ្ណាល័យ​នេះ៖ «សម្រាប់​ខ្ញុំ​គឺ​ជួយ​ចំណេះដឹង​តែម្ដង បាន​ន័យ​ថា អ្វី​ដែល​ខ្ញុំ​មិន​អាច​ដឹង​ពី​ក្រៅ នៅ​ពេល​ខ្ញុំ​ចូល​បណ្ណាល័យ​ខ្ញុំ​អាច​ដឹង​បាន»

បណ្ណាល័យ​ទី​១ ដែល​ចេញ​រូបរាង​នេះ មាន​ឈ្មោះ​ថា បណ្ណាល័យ​មណ្ឌល​ធនធាន​ចំណាយ​ថវិកា​ជាង ២​ម៉ឺន​ដុល្លារ ដោយ​មិន​គិត​ថ្លៃ​ទីតាំង។ អង្គការ​ស៊ីប៉ា ដែល​ផ្ដួចផ្ដើម​ឲ្យ​មាន​បណ្ណាល័យ​នេះ គ្រោង​ចំណាយ​ថវិកា​ជាង ៦០​ម៉ឺន​ដុល្លារ ដើម្បី​បង្កើត​បណ្ណាល័យ​ចំនួន ១៥ នៅ​ឆ្នាំ​២០១៨ ខាង​មុខ នៅ​តាម​បណ្ដា​រោងចក្រ​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល