ពលរដ្ឋ​ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ​នៅ​កំពង់ធំ​ប្រតិកម្ម​នឹង​អាជ្ញាធរ​ដែល​គ្រោង​ពិន័យ

ដោយ សូត សុខប្រាថ្នា
2015-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ពលរដ្ឋ​នៅ​ឃុំ​ពាមប៉ាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​មាន​មុខ​របរ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ កំពុង​បារម្ភ​ចំពោះ​ការ​ណែនាំ​របស់​មន្ត្រី​ជលផល ថា​ត្រី​ដែល​ពួក​គាត់​ចិញ្ចឹម​នៅ​ពេល​លក់ គឺ​ត្រូវ​បង់​ជូន​ពួក​គេ​ក្នុង​តម្លៃ ៥.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម បើ​មិន​ដូច្នេះ​ទេ គេ​នឹង​បិទ​ឈ្មួញ​មិន​ឲ្យ​ចូល​ទិញ​ត្រី​ពលរដ្ឋ​បាន។

មន្ត្រី​ជលផល​បញ្ជាក់​ថា ត្រី​ពលរដ្ឋ​ចិញ្ចឹម គឺ​ជា​ប្រភេទ​ត្រី​ខុស​ច្បាប់។ ដូច​នេះ ខាង​ជលផល​នឹង​ផាក​ពិន័យ​ពួក​គាត់។

ពលរដ្ឋ​នៅ​ឃុំ​ពាមប៉ាង ប្រមាណ​ជា ១​ពាន់​គ្រួសារ ដែល​បាន​ចិញ្ចឹម​ត្រី​រ៉ស់ ព្រម​ទាំង​ត្រី​ឆ្ដោរ​ខ្លះ​ដោយ​លួច​លាក់​ជា​លក្ខណៈ​គ្រួសារ បាន​ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​ជំនាញ ដែល​តម្រូវ​ឲ្យ​បង់​ថ្លៃ​ជូន​ពួក​គេ​នៅ​ពេល​ណា​លក់​ត្រី​ចេញ។ ពលរដ្ឋ​ថា ពួក​គាត់​អាច​លក់​ត្រី​រ៉ស់​ទាំង​នោះ​ឲ្យ​ឈ្មួញ​ក្នុង ១​គីឡូក្រាម ៦.០០០​រៀល ប៉ុន្តែ​ត្រូវ​បង់​ជូន​មន្ត្រី​ជំនាញ ៥.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ទៅ​ហើយ។ បញ្ហា​នេះ ពួក​គាត់​មិន​អាច​ទូទាត់​ការ​ចំណាយ​ប្រាក់ និង​ពេលវេលា​ចិញ្ចឹម​ត្រី​កន្លង​មក​បាន​ទេ។

ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ពាមប៉ាង សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ប្រសិន​ប្រភេទ​ត្រី​រ៉ស់​ដែល​ពួក​គាត់​ចិញ្ចឹម មន្ត្រី​ជំនាញ​ចាត់​ទុក​ថា​ខុស​ច្បាប់​នោះ ហេតុ​អ្វី​បាន​ជា​បើក​ដៃ​ឲ្យ​វៀតណាម នាំ​កូន​ត្រី​ប្រភេទ​នេះ​ចូល​មក​ក្នុង​ស្រុក​បាន? លោក​បន្ត​ថា ពលរដ្ឋ​ត្រូវ​ខ្ចី​បុល​លុយ​ប្រាក់​គេ សម្រាប់​ធ្វើ​ជា​ដើម​ទុន​ចិញ្ចឹម​ត្រី ប៉ុន្តែ​ពេល​ជិត​បញ្ចេញ​ផលិតផល​ត្រី​របស់​ខ្លួន បែរ​ជា​អាជ្ញាធរ​ជំនាញ​តម្រូវ​ឲ្យ​បង់​ពន្ធ​ក្នុង​តម្លៃ​មួយ​មិន​អាច​ទទួល​យក​បាន៖ «ហើយ​ប្រជាពលរដ្ឋ​នៅ​កន្លែង​នេះ​ខ្លះ​ខ្ចី​ប្រាក់​ខែ ហើយ​គេ​ផាក​ពិន័យ​ច្រើន​អ៊ីចឹង គ្នា​ចង់​យំ»

ដូច​គ្នា​នេះ ជំទប់​ទី​២ ឃុំ​ពាមប៉ាង លោក គុំ ខុម មាន​ប្រសាសន៍​ថា លោក​បាន​ចូលរួម​ប្រជុំ​ជាមួយ​មន្ត្រី​ជលផល​កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ គឺ​គេ​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ផាក​ពិន័យ​ត្រី​ដែល​ចិញ្ចឹម ជូន​ខាង​ខណ្ឌ​ជលផល ព្រោះ​ត្រី​ពួក​គាត់​ចិញ្ចឹម គឺ​ខុស​ច្បាប់។ លោក​បន្ត​ថា ពលរដ្ឋ​ចិញ្ចឹម​ត្រី​រ៉ស់​នាំ​ចូល​ពី​វៀតណាម គឺ​ដោយសារ​តែ​ត្រី​ប្រភេទ​នេះ​ងាយ​ស្រួល​ចិញ្ចឹម និង​ចំណាយ​ពេលវេលា​ខ្លី។ ចំណែក​ការ​ចិញ្ចឹម​ត្រី​ប្រភេទ​ផ្សេងៗ​វិញ លោក​ថា​ជួប​បញ្ហា​ច្រើន ហើយ​តម្លៃ​ថោក​ទៀត។ យ៉ាង​ណា​លោក​ថា ប្រសិន​បើ​មន្ត្រី​ជលផល​នៅ​តែ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ពិន័យ​នោះ ពួក​គាត់​មាន​តែ​ឡើង​ទៅ​ទាមទារ​ដល់​ស្ថាប័ន​ធំៗ​ឲ្យ​ជួយ​ដោះស្រាយ​ប៉ុណ្ណោះ៖ «ប្រជាជន​ខ្ញុំ​នៅ​ក្នុង​ឃុំ​ពាមប៉ាង មិន​អាច​ទទួល​យក​បាន​ទេ។ ប៉ុន្តែ​ប្រជាជន​ខ្ញុំ​បែប​ដាក់​ចំណាត់​ការ​ហើយ សែន​ហើយ​នឹង​ឡើង​ទៅ​សភា​ហើយ»

ទាក់ទង​បញ្ហា​នេះ នាយ​រង​សង្កាត់​ជលផល​ពាមប៉ាង លោក វ៉ាន់ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​មន្ត្រី​ជំនាញ​ទើប​តែ​ប្រជុំ​ជាមួយ​អាជ្ញាធរ​ឲ្យ​ជូន​ដំណឹង​ទៅ​ពលរដ្ឋ ប៉ុន្តែ​មិន​ទាន់​អនុវត្ត​ទេ។ លោក​បន្ត​ថា ការ​ផាក​ពិន័យ គឺ​ដោយសារ​តែ​ត្រី​រ៉ស់ និង​ត្រី​ឆ្ដោរ​ដែល​ពលរដ្ឋ​ចិញ្ចឹម គឺ​ច្បាប់​មិន​អនុញ្ញាត​ឡើយ ព្រោះ​ជា​ប្រភេទ​ត្រី​ស៊ី​ត្រី​ជា​ចំណី។ លោក​បន្ថែម​ថា ប្រសិន​បើ​ពលរដ្ឋ​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​ដល់​មន្ត្រី​ថ្នាក់​លើ ជា​សិទ្ធិ​របស់​ពួក​គាត់ ហើយ​បាន​លទ្ធផល​យ៉ាង​ណា គឺ​មន្ត្រី​ថ្នាក់​ក្រោម​នឹង​អនុវត្ត​តាម៖ «អា​ហ្នឹង​គេ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅៗ ទៅ​លើ​ទៅ ព្រោះ​ថ្នាក់​ក្រោម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​មិន​អ៊ីចឹង»

មន្ត្រី​ជលផល​ដដែល​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ពួក​លោក​បាន​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​មិន​ឲ្យ​ចិញ្ចឹម​ត្រី​ដែល​ច្បាប់​ហាម​ឃាត់​ឡើយ ប៉ុន្តែ​នៅ​តែ​មាន​ចិញ្ចឹម​ដោយ​លួច​លាក់​ដដែល។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​សហគមន៍​របស់​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ច្បាប់​ពិត​ជា​បាន​ហាម​ឃាត់​ការ​ចិញ្ចឹម​ប្រភេទ​ត្រី​ដែល​ស៊ី​ត្រី​ជា​ចំណី​មែន ប៉ុន្តែ​អ្នកស្រី​ហាក់​មិន​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​មន្ត្រី​ជលផល​ពេល​នេះ​ទេ ព្រោះ​ពួក​គេ​មិន​បាន​ទប់ស្កាត់​បញ្ហា​នេះ​តាំង​ពី​ពេល​ដំបូង៖ «ប៉ុន្តែ​យើង​គួរ​តែ​ផ្សព្វផ្សាយ ឬ​ក៏​យើង​បិទ​ការ​នាំ​ចូល​កូន​ត្រី​ពី​វៀតណាម ហ្នឹង​មក អា​ហ្នឹង​ខ្ញុំ​គិត​ថា​ល្អ​ជាង»

អ្នកស្រី​ថា អាជ្ញាធរ​គប្បី​មាន​កិច្ច​សន្យា​ជា​លាយលក្ខណ៍​អក្សរ​ជាមួយ​ពលរដ្ឋ ថា​មិន​ត្រូវ​ចិញ្ចឹម​ប្រភេទ​ត្រី​ដែល​ច្បាប់​ហាម​ឃាត់​ទៀត​នៅ​ពេល​ក្រោយ ជា​ជាង​ផាក​ពិន័យ​នៅ​ពេល​ពួក​គាត់​ជិត​ទទួល​ផល​ទៅ​ហើយ ដែល​នាំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ជួប​បញ្ហា​ក្នុង​ជីវភាព​គ្រួសារ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

មន្រ្តីជលផលបានគិតពីសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឆអត់ បានចាំតាជំរឹតយកប្រាក់បែបនេះ? តើលោក(មន្ត្រី)បាន​ធ្វើអ្វីខ្លះចំពោះភារកិច្ចរបស់ខ្លួនក្នងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ? បង្កាត់ពូជត្រីមានគុណភាពល្អជូនប្រជាពលរដ្ន បង្រៀនពីបចេក្ចទេសថ្មី​ ការប្រប្រាស់ថ្នាំ​ ការប្រើចំណី ការបង្កើតចំណី ការរៀបចំអាងចិញ្ចឹមអេកូលួស៊ី រកទីផ្សា ឬក៏ចេះតាយកប្រាក់ពីប្រជាពលរដ្ឋ ហើយប្រាក់ទាំងនោះបានចូលថវិការជាតិអត់?

Feb 20, 2015 09:02 AM

គេហទំព័រ​ទាំងមូល