អ្នក​នេសាទ​និង​សង្គម​ស៊ីវិល​នៅ​ខេត្ត​ភាគ​ឦសាន​បារម្ភ​ខ្លាច​ត្រី​ប៉ាសេអ៊ី​ផុត​ពូជ

ដោយ ម៉ែន សុធីរ
2015-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជីវករ​ខេត្ត​ស្ទឹងត្រែង អង្គុយ​លក់​ត្រី​ប៉ាសេអ៊ី នៅ​ខាង​ជើង​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
អាជីវករ​ខេត្ត​ស្ទឹងត្រែង អង្គុយ​លក់​ត្រី​ប៉ាសេអ៊ី នៅ​ខាង​ជើង​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Men Sothyr

អ្នក​នេសាទ​នៅ​ភាគ​ឦសាន បារម្ភ​ខ្លាច​ត្រី​ប៉ាសេអ៊ី ផុត​ពូជ បន្ទាប់​ពី​មាន​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ​ទាំង​បី រួម​មាន ទន្លេ​សេកុង ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​ចរន្ត​ទឹក ជាពិសេស​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ បញ្ហា​ទាំង​នេះ ជា​កត្តា​រួម​ផ្សំ​ចម្បង​បណ្ដាល​ឲ្យ​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន ដែល​មាន​តម្លៃ​ខ្ពស់​កាន់​តែ​ខ្សត់​ស្ទើរ​ផុត​ពូជ។ ចំណែក​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចាត់​ចំណាត់​ថ្នាក់​អភិរក្ស​ប្រភេទ​ត្រី​ប៉ាសេអ៊ី និង​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន​ទៀត​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ពី​និរន្តរភាព​នៃ​ប្រភេទ​ត្រី​កម្រ​នៅ​ថ្ងៃ​អនាគត។

ក្រុម​អ្នក​នេសាទ សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​វាសនា​ត្រី​កម្រ​នៅ​ខេត្ត​ស្ទឹងត្រែង គឺ​ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវ៉ាមុខពីរ និង​ត្រី​ប៉ាកក ឬ​ត្រី​ថ្ម ដែល​ប្រឈម​ផុត​ពូជ។ ប្រជា​នេសាទ​ចាត់​ទុក​ថា ត្រី​ប៉ាសេអ៊ី គឺ​ជា​ប្រភេទ​ត្រី​កម្រ មាន​តម្លៃ​ខ្ពស់​លក់​លើ​ទីផ្សារ ដែល​ប្រភេទ​ត្រី​នេះ​មាន​រសជាតិ​ឆ្ងាញ់។

អ្នក​នេសាទ អាច​ប្រមូល​ផល​ត្រី​ប៉ាសេអ៊ី បាន​តែ​តាម​ដង​ទន្លេ​ខេត្ត​ភាគ​ឦសាន ដូចជា​ទន្លេ​ស្រែពក ទន្លេ​សេកុង និង​ទន្លេ​សេសាន។

ប្រជា​នេសាទ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន លោក សុត វ៉ាន់ មាន​ជំនឿ​ថា ការ​ថយ​ចុះ​នៃ​ប្រភេទ​ត្រី​ប៉ាសេអ៊ី គឺ​ជា​សញ្ញា​ឲ្យ​ដឹង​ថា ត្រី​នេះ​អាច​នឹង​ផុត​ពូជ ប្រសិន​ស្ថាប័ន​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ត្រី​កម្រ​នេះ​ឲ្យ​ទាន់​ពេល​នោះ​ទេ។ លោក​ថា នៅ​ចុង​ខែ​វិច្ឆិកា នេះ​ជា​រដូវ​សម្បូរ​ត្រី​ប៉ាសេអ៊ី ប៉ុន្តែ​ឆ្នាំ​នេះ ភាគ​ច្រើន​អ្នក​នេសាទ​មិន​អាច​ចាប់​បាន​ត្រី​ប៉ាសេអ៊ី ដូច​បណ្ដា​ឆ្នាំ​មុនៗ​ឡើយ៖ «ខ្ញុំ​បារម្ភ​រឿង​ផុត​ពូជ​ត្រី រក​វា​ត្រី​ពិបាក​ទឹក​វា​មិន​នឹងន។ ខ្ញុំ​ដាក់​សន្ទូច​ដាក់​មង​ទិញ​គេ​ខ្លះ មិន​ឃើញ​បាន»

លោក សុត វ៉ាន់ បង្ហាញ​ទុទ្ទិដ្ឋិនិយម​ថា មិន​មែន​ត្រី​ប៉ាសេអ៊ី ប៉ុណ្ណោះ​ទេ សូម្បី​តែ​ត្រី​ផ្សេង​ទៀត​ដែល​សម្បូរ​នៅ​ក្នុង​ទន្លេ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ក៏​មាន​ការ​ថយ​ចុះ​រាល់​ឆ្នាំ​ដែរ។ លោក​លើក​ឡើង​ថា ការ​អភិវឌ្ឍ​នៅ​តាម​ដង​ទន្លេ ជាពិសេស​ទំនប់​វារីអគ្គិសនី​ពី​ប្រទេស​វៀតណាម ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ឡាវ គឺ​ជា​មូលដ្ឋាន​ចម្បង​បណ្ដាល​ឲ្យ​ធនធាន​ត្រី​ក្នុង​ទន្លេ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។ លោក សុត វ៉ាន់ បញ្ជាក់​ថា ត្រី​ប៉ាសេអ៊ី បាន​ថយ​ចុះ​ប្រមាណ ៩០% នា​ឆ្នាំ​នេះ ព្រោះ​កម្រ​មាន​អ្នក​នេសាទ​ចាប់​បាន​ត្រី​នេះ​ដូច​ឆ្នាំ​មុនៗ​ណាស់។ លោក​ថា ប្រជា​នេសាទ​ខ្លះ​បាន​ដាក់​មង​ក្នុង​មួយ​ថ្ងៃ​មិន​អាច​ចាប់​បាន​ត្រី​ប៉ាសេអ៊ី សូម្បី​តែ ១​ក្បាល។

ប្រជា​នេសាទ​កត់​សម្គាល់​ថា ត្រី​ប៉ាសេអ៊ី រស់នៅ​តំបន់​សម្បូរ​ថ្ម ស្លែ និង​អន្លង់​ជ្រៅៗ ដែល​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​មាន​លទ្ធផល​ស្ដីពី​ការ​ស្រាវជ្រាវ​នៃ​ការ​វិវឌ្ឍ​ពង​កូន​របស់​ត្រី​នេះ​ឡើយ តែ​គេ​អាច​ប្រមូល​ផល​ត្រី​ប៉ាសេអ៊ី បាន​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​មករា ខែ​កុម្ភៈ និង​ចន្លោះ​ខែ​ឧសភា ដល់​ខែ​មិថុនា រៀង​រាល់​ឆ្នាំ។ ដោយឡែក​វគ្គ​ដំបូង​នៃ​ការ​ប្រមូល​ផល​ឆ្នាំ​នេះ អ្នក​នេសាទ​កត់​សម្គាល់​ថា ត្រី​ប៉ាសេអ៊ី កាន់​តែ​ខ្សត់​ទៅៗ បើ​ធៀប​ផល​ត្រី​កាល​ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៣។

ដូច​គ្នា​នេះ​ដែរ អាជីវករ​កំពុង​អង្គុយ​លក់​ត្រី​ប៉ាសេអ៊ី ផ្សារ​ថ្ម​ខេត្ត​ស្ទឹងត្រែង គឺ​អ្នកស្រី ជា ចំរើន និយាយ​ថា ត្រី​ប៉ាសេអ៊ី នៅ​ឆ្នាំ​នេះ​មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​ដល់​អតិថិជន​បាន​គ្រប់គ្រាន់​ឡើយ ខណៈ​កាន់​តែ​ខ្សត់​ជាង​ឆ្នាំ​មុន ដោយសារ​តែ​ចំនួន​នៃ​អ្នក​នេសាទ​ត្រី​នេះ​ក៏​កាន់​តែ​តិច​ទៅ​ដែរ។ អ្នកស្រី​ថា តម្លៃ​ត្រី​ប៉ាសេអ៊ី តាម​ទំហំ​ត្រី ដូចជា​ប្រភេទ​ត្រី​ប៉ាសេអ៊ី តូច​ល្មម​ទម្ងន់​កន្លះ​គីឡូក្រាម តម្លៃ​ចាប់​ពី ៦​ម៉ឺន​រៀល​ដល់ ៧​ម៉ឺន​រៀល។ ប្រភេទ​ត្រី​ទម្ងន់ ១​គីឡូក្រាម​ឡើង​ទៅ​តម្លៃ ១០​ម៉ឺន​រៀល (២៥​ដុល្លារ) ដល់ ១៤​ម៉ឺន​រៀល ឬ ៣៥​ដុល្លារ។ អ្នកស្រី​ក៏​បារម្ភ​ពី​ការ​ផុត​ពូជ​នៃ​ប្រភេទ​ត្រី​នេះ​ដែរ ខណៈ​ប្រជា​នេសាទ​ខេត្ត​ស្ទឹងត្រែង បង្ហាញ​សញ្ញា​អវិជ្ជមាន​ទាក់ទិន​ការ​ធ្លាក់​ចុះ​ទិន្នផល​នេសាទ​ឆ្នាំ​នេះ៖ «មុន​ថា​ក៏​ថ្លៃ។ ដល់​ពេល​ឥឡូវ វា​ក៏​ចុះ​ថោក ដល់​ពេល​ចុះ​ថោក វា​តម្លៃ ២០​ដុល្លារ​ទៅ ២៥​ដុល្លារ។ ត្រី​ជួនកាល​វា​ឡើង​មិន​ដើម​ឆ្នាំ​ចឹង​តាម​ត្រូវ ជួនកាល​ត្រូវ ២ ទៅ ៣​ថ្ងៃ​បាត់​អត់​ទៅ​វិញ​ដែរ»

ត្រី​ប៉ាសេអ៊ី ដែល​អាជីវករ​ដាក់​លក់​នៅ​ខាង​ជើង​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Men Sothyr
ត្រី​ប៉ាសេអ៊ី ដែល​អាជីវករ​ដាក់​លក់​នៅ​ខាង​ជើង​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Men Sothyr

 

កាល​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១០ អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​ទាំង​បី​នៃ​ខេត្ត​ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជាពិសេស​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​ទាំង​បី បាន​បង្ហាញ​មោទនភាព​ចំពោះ​មច្ឆជាតិ​ដង​ទន្លេ ដែល​ផ្តល់​នូវ​ភាព​សម្បូរ​ត្រី​ជាច្រើន​ប្រភេទ មិន​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។ ពលរដ្ឋ​អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ចាប់​ត្រី​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ផ្គត់ផ្គង់​គ្រួសារ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ទិញ​នៅ​ទីផ្សារ ហើយ​មាន​អ្នក​ភូមិ​ខ្លះ អាច​រក​ចំណូល​ពី​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​សល់​លក់​ចេញ​ទៅ​ទីផ្សារ​ទៀត​ផង។

កាល​ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៣ ត្រី​ប៉ាសេអ៊ី ទម្ងន់​មួយ​គីឡូក្រាម​ឡើង​ទៅ​មាន​តម្លៃ​ប្រមាណ ១៦​ម៉ឺន​រៀល​ទៅ ២០​ម៉ឺន​រៀល (៤០ ទៅ ៥០​ដុល្លារ) និង​ត្រី​ប៉ាសេអ៊ី ទម្ងន់​តិច​ជាង​កន្លះ​គីឡូក្រាម​មាន​តម្លៃ ៥​ម៉ឺន​រៀល​ដល់ ៧​ម៉ឺន​រៀល​នៅ​លើ​ទីផ្សារ​ខេត្ត​ស្ទឹងត្រែង។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ទទួល​ស្គាល់​ការ​ធ្លាក់​ចុះ​ត្រី​ប៉ាសេអ៊ី នេះ ដោយសារ​ថា តំបន់​អូរព្រះ ឬ​អន្លង់ព្រះ គឺ​ជា​ចំណុច​ប្រសព្វ​គ្នា​រវាង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ជា​តំបន់​សម្បូរ​ថ្ម និង​ដង្ហើម​ទឹក​ហូរ​ធម្មជាតិ មាន​អុកស៊ីហ្សែន​ខ្ពស់។ លោក​ថា នៅ​តំបន់​នោះ​ជា​អន្លង់​ត្រី​ប៉ាសេអ៊ី រស់នៅ ក៏ប៉ុន្តែ​តំបន់​នោះ​ឋិត​នៅ​ផ្នែក​ខាង​លើ​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ កំពុង​សាងសង់ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ត្រី​ប៉ាសេអ៊ី រស់នៅ​ទីនោះ។ លោក មៀច មាន កត់​សម្គាល់​ថា ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដូចជា​បោក​គ្រាប់​បែក ប្រើ​ចរន្ត​អគ្គិសនី​ឆក់​ត្រី និង​ឧបករណ៍​ដាក់​របាំង​រាំង​ព្រួល ឬ​អួន​ទន្លេ ក៏​ជា​បញ្ហា​បំបាត់​ពូជ​ត្រី​ដែរ។ លោក​រក​ឃើញ​ថា ចរន្ត​ទឹក​ប្រែប្រួល និង​គុណភាព​ទឹក​ទន្លេ​ល្អក់ ភ្លៀង​ធ្លាក់​មិន​ទៀងទាត់ រួម​ទាំង​ការ​ប្រើប្រាស់​សារធាតុ​គីមី​នៅ​ក្នុង​ទន្លេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី​ពង​កូន៖ «បើ​សិន​ណា​បើ​រដ្ឋាភិបាល​យើង​យក​ចិត្ត​ទុក​ដាក់ ត្រី​ប៉ាសេអ៊ី នេះ យើង​គួរ​តែ​ចេញ​ច្បាប់ ឬ​ចេញ​អនុក្រឹត្យ​ណា​មួយ​ហាម​ឃាត់ កាត់​នេសាទ​ត្រី​ប៉ាសេអ៊ី ហ្នឹង​ទៅ​ទើប​អាច​គង់វង្ស​បាន»

លោក មៀច មាន ព្យាករ​ថា ប្រភេទ​ត្រី​ប៉ាសេអ៊ី នឹង​ឈាន​ដល់​ការ​ផុត​ពូជ បើ​រដ្ឋាភិបាល ឬ​សហគមន៍​នេសាទ​មិន​មូល​គំនិត​គ្នា ដើម្បី​ធ្វើ​ការ​អភិរក្ស​នៅ​តំបន់​ណា​មួយ​ឲ្យ​ជាក់លាក់ ដើម្បី​ធានា​ពី​ការ​បង្ក​កំណើត​របស់​ត្រី​ប្រភេទ​នេះ។ លោក​រក​ឃើញ​ថា ទន្លេ​សេសាន នឹង​មាន​ហានិភ័យ​ខ្ពស់​ដល់​ការ​រស់នៅ និង​បន្លាស់​ទី​របស់​ត្រី​ប្រភេទ​នេះ ដោយសារ​មាន​ទំនប់​វារីអគ្គិសនី៖ «ការ​នេសាទ​ខុស​ច្បាប់ ការ​ឆក់​នៅ​ក្នុង​អន្លង់​ត្រី​ពង​កូន​របស់​ត្រី​ប៉ាសេអ៊ី ហ្នឹង ពពួក​ត្រី​ប៉ាសេអ៊ី គឺ​មាន​តែ​តំបន់​ភូមិ​ភាគ​ឦសាន​ទេ។ ដែល​ជម្រក​របស់​វា ទន្លេ​ស្រែពក និង​ទន្លេ​សេកុង មួយ​ចំនួន។ ឥឡូវ​ទំនប់​សេសាន​ក្រោម​ពីរ ត្រូវ​បាន​សាងសង់​ឡើង បាន​បាត់​ជម្រក​ប៉ាសេអ៊ី បាត់​ហើយ។ កន្លែង​ដែល​ត្រី​ប៉ាសេអ៊ី អាច​រំពឹង​បាន​នៅ​ថ្ងៃ​អនាគត គឺ​មាន​តែ​ទន្លេ​សេកុង ទេ»

ករណី​នេះ​ដែរ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង លោក ប៉ែន ឈុនឌី ក៏​ទទួល​ស្គាល់​បរិមាណ​ត្រី​ប៉ាសេអ៊ី ថយ​ចុះ​ត្រី បើ​ធៀប​នឹង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។ លោក​ទទួល​ស្គាល់​ដែរ​ថា ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​មាន​ការ​ប្រែប្រួល​បរិស្ថាន​ដល់​ទន្លេ​ផ្នែក​ខាង​ក្រោម ដែល​ជា​មូលហេតុ​សំខាន់​នាំ​ឲ្យ​បរិមាណ​ត្រី​កាន់​តែ​ធ្លាក់​ចុះ។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ក៏​ធ្លាប់​បាន​ផ្សព្វផ្សាយ​ច្បាប់​ជលផល​ដល់​សហគមន៍​នេសាទ និង​អង្គការ​សង្គម​ស៊ីវិល ទាក់ទិន​ការ​នេសាទ ជាពិសេស​ការ​ហាម​ឃាត់​មិន​ឲ្យ​នេសាទ​នៅ​អន្លង់​អភិរក្ស៖ «ពពួក​ត្រី​ប៉ាសេអ៊ី វា​ចូល​ចិត្ត​រស់នៅ​ក្នុង​តំបន់​ណា​ដែល​មាន​ថ្ម​ច្រើន មាន​ស្លែ វា​ស៊ី​ស្លែ។ ត្រី​ហ្នឹង​លក្ខណៈ​ជីវសាស្ត្រ​របស់​វា វា​អត់​មាន​បន្លាស់​ទី​ទៅ​ខេត្ត​ក្រោម​ទេ វា​នៅ​តែ​តំបន់​ខេត្ត​ស្ទឹងត្រែង ហ្នឹង»

ត្រី​ប៉ាសេអ៊ី ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ធ្វើ​ជា​និមិត្ត​សញ្ញា​សម្គាល់​ខេត្ត​ស្ទឹងត្រែង ដែល​គេ​ដាក់​តាំង​នៅ​ទី​រួម​ខេត្ត​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ឃើញ និង​ស្គាល់​ថា រូប​ត្រី​នេះ​ជា​និមិត្ត​រូប​ខេត្ត​នេះ។ ម្យ៉ាង​ទៀត ដើម្បី​បង្ហាញ​ពី​សក្ដានុពល​ត្រី​មាន​តម្លៃ​ពិសេស​ជាង​ខេត្ត​ដទៃ​ទៀត ដែល​មាន​រសជាតិ​ឆ្ងាញ់។ ក្រៅ​ពី​នេះ​ទៀត ចំពោះ​សិប្បករ​វិញ បាន​ឆ្លាក់​រូប​ត្រី​ប៉ាសេអ៊ី ធ្វើ​ពី​ឈើ​មាន​តម្លៃ​ពិសេស គឺ​ឈើ​គ្រញូង ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​ជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​អ្នក​ទេសចរ និង​ជា​និមិត្ត​សញ្ញា​ខេត្ត​ស្ទឹងត្រែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល