សហគមន៍​នេសាទ​នៅ​កំពត​ចង់​ឱ្យ​អាជ្ញាធរ​ចាប់​វៀតណាម​សម្លាប់​កម្មករ​ទូក​របស់​សហគមន៍

ដោយ យ៉ង ចាន់តារា
2015-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​នេសាទ​​ត្រើយកោះ ក្រុង​កំពត ខេត្ត​កំពត ជញ្ជូន​មង​ពី​ផ្ទះ​ដាក់​ទូក​មុន​ចេញ​ទៅ​នេសាទ​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
ប្រជា​នេសាទ​​ត្រើយកោះ ក្រុង​កំពត ខេត្ត​កំពត ជញ្ជូន​មង​ពី​ផ្ទះ​ដាក់​ទូក​មុន​ចេញ​ទៅ​នេសាទ​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA

ប្រជា​សហគមន៍​នេសាទ​ត្រើយកោះ នៅ​ខេត្ត​កំពត កំពុង​ទន្ទឹង​រង់ចាំ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​អ្នក​នេសាទ​ជនជាតិ​វៀតណាម ដែល​បាន​សម្លាប់​កម្មករ​ទូក​នេសាទ​ម្នាក់​កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​កក្កដា កន្លង​ទៅ។ ប្រជា​សហគមន៍​អះអាង​ថា នេះ​ជា​ករណី​ធ្ងន់ធ្ងរ​ជាង​គេ​ដែល​អ្នក​នេសាទ​ជនជាតិ​វៀតណាម បាន​ប្រព្រឹត្ត​មក​លើ​សមាជិក​សហគមន៍​របស់​ពួកគាត់។

សហគមន៍​នេសាទ​ត្រើយកោះ ដែល​មាន​ទីតាំង​នៅ​សង្កាត់​ត្រើយកោះ ក្រុង​កំពត អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត វែក​មុខ​ចាប់​ឃាតក​ជនជាតិ​វៀតណាម ដែល​បាន​សម្លាប់​កម្មករ​ទូក​ម្នាក់​ជា​សមាជិក​របស់​សហគមន៍​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

​លោក សឿ រិន សមាជិក​សហគមន៍​ម្នាក់ ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍ និង​ដែល​បាន​ជួយ​ស្រង់​សាកសព​ជនរងគ្រោះ​ពី​ក្នុង​ទឹក​សមុទ្រ បាន​រៀបរាប់​ពី​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នោះ​ថា ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម ពីរ​គ្រឿង​បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ក្នុង​ដែនទឹក​កម្ពុជា  ខណៈ​ដែល​ទូក​នេសាទ​របស់​ខ្មែរ​កំពុង​នេសាទ​ក្នុង​ដែនទឹក​របស់​ខ្លួន។

លោក សឿ រិន រៀបរាប់​បន្ថែម៖ «វា​អូស​មង​ជាប់​គ្នា វា​ខឹង​ខ្លាំង វា​កាត់​ពូ​មក​បុក​ពន្លិច​តែម្ដង។ តែ​ដល់​ពេល​បុក​អត់​លិច កូនដៃ [កម្មករ ] ក៏​ធ្លាក់​ទឹក ហើយ​វា​ក៏​ស្រង់​កូនដៃ​ឡើង រួច​សម្លាប់​ចោល។ បន្ទាប់​មក​វា​តេអូ​ហៅ​ពួក​ខ្ញុំ​ថា ឱ្យ​ទៅ​យក​ខ្មោច​ពួក​គ្នា​ឯង​វិញ​ទៅ។ វា​មិន​គួរ​សោះ អូស​នៅ​ទឹក​ដី​ខ្មែរ​សោះ វា​មាន​កម្លាំង​ដល់​ថ្នាក់​ហ្នឹង ដល់​ធ្វើ​បាប​ខ្មែរ»

​ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៨​យប់ ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥ ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ឆ្នេរ​សង្កាត់​ត្រើយកោះ។ បុរស​ជា​កម្មករ​ទូក​នេសាទ​ដែល​ត្រូវ​បាន​សម្លាប់​នោះ មាន​ឈ្មោះ អៃ យ៉ូប អាយុ ៤២​ឆ្នាំ ជា​ជនជាតិ​ចាម រស់​នៅ​ភូមិ​ដូនតោក សង្កាត់​ត្រើយកោះ ក្រុង​កំពត ខេត្ត​កំពត។ ជនរងគ្រោះ​មាន​ប្រពន្ធ​អាយុ ៣៥​ឆ្នាំ មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន និង​មាន​កូន ២​នាក់​ក្នុង​បន្ទុក ជា​ពលរដ្ឋ​ក្រីក្រ​រស់​នៅ​ពឹង​ផ្អែកលើ​ការ​ចុះ​ទូក​ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ។

មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​កំពត លោក ហេង ភារៈ ដែល​បាន​តាមដាន​ករណី​នេះ បាន​ថ្លែង​ថា អាជ្ញាធរ​ហាក់​បង្ហាញ​ពី​ភាព​ឆក​ល្វែង​ក្នុង​ការ​គ្រប់គ្រង​ដោយ​បណ្ដោយ​ឱ្យ​ជនជាតិ​វៀតណាម អាច​នេសាទ​បាន​ដោយ​ខុស​ច្បាប់​ក្នុង​ដែនទឹក​របស់​ខ្មែរ។ លោក​បាន​អះអាង​ថា សមាគម​អាដហុក នឹង​ជួយ​គាំពារ​ផ្នែក​ច្បាប់​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ។

​លោក ហេង ភារៈ៖ «វា​ជា​ករណី​មួយ​ដែល​ឃាតកម្ម​ពិត​ប្រាកដ។ អាជ្ញាធរ​មាន​សមត្ថកិច្ច​ហាក់​ដូចជា​មាន​ការ​អនុវត្ត​យឺតយ៉ាវ ក៏​ដូចជា​អនុវត្ត​មាន​កម្រិត​នៅ​ក្នុង​ការ​តាម​ចាប់​ជនល្មើស។ យើង​សង្ឃឹម​ថា អាជ្ញាធរ​ខេត្ត​នឹង​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​តាម​ចាប់​ជនល្មើស​ទាំង​នោះ​មក​ផ្ដន្ទាទោស»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក សរ សារិន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត ស្តី​អំពី​ដំណើរការ​នៃ​ការ​តាម​ចាប់​ជន​ដៃដល់​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។

ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក ចំណាត់​ការ​របស់​អាជ្ញាធរ​ទៅ​លើ​សកម្មភាព​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ដែល​នាំ​ឱ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ដាក់​ការ​សង្ស័យ​ថា អាជ្ញាធរ​អាច​ទទួល​បាន​ផល​ពី​ការ​នេសាទ​ខុស​ច្បាប់​នោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក សឿ រិន សហគមន៍​នេសាទ​ត្រើយកោះ។

លោក​ក៏​បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់ ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ជូន​សហគមន៍៖ «មន្ត្រី​មួយ​ណា​ក៏​ធ្វើ​អត់​បែក​ដែរ។ ប្រជាពលរដ្ឋ​របស់​ខ្ញុំ សុំ​ឱ្យ​តែ​បំបាត់​អូស​គូ និង​បទល្មើស​ទូក​ឆក់​ទេ។ សុំ​ប៉ុណ្ណឹង ខ្ញុំ​សុំ​អត់​ដែល​បាន​ទេ តាំង​ពី​ឆ្នាំ​២០០២ មក​ដល់​ឥឡូវ»

​តាម​ការ​ឱ្យ​ដឹង​របស់​ប្រជា​សហគមន៍​អ្នក​នេសាទ​ជនជាតិ​វៀតណាម ដែល​ភាគ​ច្រើន​មាន​មូលដ្ឋាន​នៅ​កោះត្រល់ តែង​លួច​នេសាទ​ចូល​ដែន​ទឹក​កម្ពុជា ដោយ​មិន​ញញើត​អាជ្ញាធរ ហើយ​ជា​ញឹកញាប់​តែង​ប៉ះទង្គិច​ជាមួយ​ប្រជា​សហគមន៍​នេសាទ។ ចំណុច​ដែនទឹក​ដែល​វៀតណាម តែង​បំពាន​នោះ ស្ថិត​នៅ​ទីតាំង​ជង្ហុកក្រមយ ដែល​នៅ​ចន្លោះ​សង្កាត់​ត្រើយកោះ និង​ស្រុក​ទឹកឈូ ខេត្ត​កំពត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

តើ អាជ្ញាធរ ខ្មែរកម្ពុជា ជាអាយ៉ងយួនវៀតណាម ឬ បានជាធ្វើព្រងើយ មិនចាត់ការ ចាប់ឃាតករវៀតណាម យកមកកាត់ទោស ??????

Jul 31, 2015 07:57 PM

ពៅ សង្ឃឹម

មន្ត្រី នគរបាល កង​ការ​ពារ​ដែន​សមុទ្រ ខ្មែរ​ទាំង​អស់​ត្រូវ​ដឹង​ថា នៅ​​ពេល​​ដែល​​គេ​​ហ៊ាន​​បំ​ពាន​​សម្លាប់​​ប្រ​​ជា​​នេ​​សាទ​​ខ្មែរ​​ដោយ​​ចំ​ហ​បែប​នេះ បាន​ន័យ​ថា​គេមាក់​ងាយ​អស់​លោក​ដែល​ជា​អ្នក​ដឹង​នាំ​ខ្មែរ​ខ្លាំង​ណាស់។ គេ​​ព្រ​ហើន​បែប​នេះ គឺ​ក្នុង​ចិត្ត​​របស់​គេ​គិត​ថា អ្នក​ដឹង​នាំ​ខ្មែរ​ភ្លើ​ៗ​ បើក​ដៃ​ឲ្យ​គេ​ធ្វើ​អ្វី​ៗ​បាន​ស្រេច​​តែ​ចិត្ត!

អស់​លោក​ភ្ញាក់​ខ្លួន​ឡើង! ឈប់ទ្រាំ​​រស់​នៅ​ក្រោម​​ការ​កៀប​សង្កត់​​របស់​បរទេស​ទៀត​ទៅ។

ពី​ខ្ញុំ
ពៅ សង្ឃឹម «អា​តូច​មិន​ឈ្នះ​អា​ធំ អា​តូច​ប្រ​មូល​ផ្ដុំ អា​ធំ​បះ​ជើង»

Jul 31, 2015 02:22 PM

អ្នក​អាន​អនាមិក

ពី Australia

I plea all police ranger Khmer must control our people and sea border protect Vietnamese fishman invaded our water but I still don't understand why Khmer ranger allow Vietnamese fish boat coming into Khmer water, pls you protect theft people,

Jul 31, 2015 06:40 AM

គេហទំព័រ​ទាំងមូល