អតីត​អាជីវករ​ផ្សារ​ប្រសូត្រ​ចាស់​នៅ​ស្រុក​ស្វាយទាប​តវ៉ា​ទាមទារ​សំណង​ថ្លៃ​តូប

ដោយ ថា កិត្យា
2015-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្សារ​ប្រសូត្រ​ចាស់ ស្ថិត​នៅ​ភូមិ​កណ្ដៀងរាយ ឃុំ​កណ្ដៀងរាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥
ផ្សារ​ប្រសូត្រ​ចាស់ ស្ថិត​នៅ​ភូមិ​កណ្ដៀងរាយ ឃុំ​កណ្ដៀងរាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥
Photo Provided

អតីត​អាជីវករ​ប្រមាណ ១០០​នាក់ នៅ​ផ្សារ​ប្រសូត្រ​ចាស់ ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង នាំ​គ្នា​តវ៉ា​ទាមទារ​សំណង​ថ្លៃ​តូប បន្ទាប់​ពី​លេច​ឮ​ថា អាជ្ញាធរ​ស្រុក​ស្វាយទាប ជួល​ដី​ផ្សារ​ប្រសូត្រ​ចាស់ នោះ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​សាងសង់​ផ្សារ​ទំនើប។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ស្រុក​ស្វាយទាប សារភាព​ថា អាជ្ញាធរ​ពិត​ជា​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្សារ​ទំនើប​មែន ដើម្បី​ឲ្យ​ស្រប​តាម​ការ​អភិវឌ្ឍ ហើយ​ដោយឡែក​រឿង​អាជីវករ​ទាមទារ​សំណង​នោះ ក៏​អាជ្ញាធរ​កំពុង​ពិនិត្យ​ដោះស្រាយ​ដែរ។

តំណាង​ឲ្យ​អតីត​អាជីវករ​ផ្សារ​ប្រសូត្រ​ចាស់ លោក ធឹក ពន្លឺ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពុំ​បាន​គិតគូរ​ពិភាក្សា​ផ្តល់​សំណង​តូប​ជូន​ពួក​គាត់​ឡើយ ជុំវិញ​គម្រោង​រុះរើ​តូប​ពួក​គាត់ ដើម្បី​ជួល​ដី​ផ្សារ​ប្រសូត្រ​ចាស់ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​សាងសង់​ផ្សារ​ទំនើប​នោះ។

លោក​បន្ត​ថា ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​អាជ្ញាធរ​នេះ​ហើយ ទើប​បាន​ជា​ពួក​គាត់​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ស្រុក​ស្វាយទាប រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ដើម្បី​ឲ្យ​អភិបាល​ស្រុក​ស្វាយទាប ដោះស្រាយ​សំណង​ថ្លៃ​តូប​ជូន​ពួក​គាត់ ព្រោះ​តូប​ទាំង​នោះ​ពុំ​ទាន់​មាន​អ្នក​ណា​ប៉ះពាល់​ធ្វើ​ឲ្យ​ខូចខាត​នោះ​ទេ បើ​ទោះ​បី​ជា​អាជីវករ​ប្រមាណ ៩៥​ភាគរយ បាន​ប្ដូរ​ទៅ​ទិញ​តូប​លក់​នៅ​ផ្សារ​ប្រសូត្រ​ថ្មី ក្បែរ​គ្នា​ក៏ដោយ៖ «អត់​មាន​កុងត្រា​ទេ ហើយ​ដី​របស់​រដ្ឋ​នោះ​ក៏​ពួក​ខ្ញុំ​ទទួល​ស្គាល់​ដែរ តែ​តូប​ទាំង​នោះ​ជា​របស់​ពួក​ខ្ញុំ ដូច្នេះ​ខ្ញុំ​សុំ​សំណង​តូប​វិញ ព្រោះ​អាជ្ញាធរ​ស្រុក​យក​ទៅ​ឲ្យ​ឯកជន ហើយ​មិន​មែន​យក​ទៅ​ឲ្យ​កាកបាទក្រហម​ឯណា ហើយ​បើ​យក​ទៅ​ឲ្យ​រដ្ឋ​វិញ ក៏​ពួក​ខ្ញុំ​មិន​ទាមទារ​ដែរ»

ក្រុម​អាជីវករ​ខ្លះ​រអ៊ូរទាំ​ថា អាជ្ញាធរ​ស្រុក​ស្វាយទាប ហាក់​ដូចជា​មាន​ចេតនា​លាក់​បាំង​រឿង​នេះ ដោយ​ចង់​ជួល​ដី​ដោយ​ស្ងាត់ៗ​ទៅ​ឲ្យ​ក្រុមហ៊ុន។ លោក ធឹក ពន្លឺ ឲ្យ​ដឹង​ដែរ​ថា ផ្សារ​ប្រសូត្រ​ចាស់ នោះ គឺ​មាន​ជាង ១០០​តូប ហើយ​ដែល​ពួក​គាត់​ទាមទារ​ក្នុង​មួយ​តូប​តម្លៃ ២​ពាន់​ដុល្លារ។

ជា​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អភិបាល​ស្រុក​ស្វាយទាប លោក សំ ឆា មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​សំណើ​ទាមទារ​សំណង​នេះ​ហើយ។ តែ​យ៉ាង​ណា លោក​ឆ្លើយ​ថា អាជីវករ​មិន​បាន​ទាមទារ​រហូត​ដល់ ២​ពាន់​ដុល្លារ​នោះ​ទេ ព្រោះ​សំណង់​តូប​ទាំង​នោះ​ពុក​ផុយ​ស្ទើរ​អស់​ទៅ​ហើយ។

ជាង​នេះ​ទៅ​ទៀត គឺ​អាជីវករ​បាន​ជួល​ត្រឹម​រយៈពេល ១០​ឆ្នាំ ដែល​មក​ដល់​ពេល​នេះ​វា​ផុត​កុងត្រា​ទៅ​ហើយ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​កំពុង​ពិនិត្យ​បញ្ជី​ឈ្មោះ​អាជីវករ​ឡើង​វិញ ដើម្បី​ធ្វើ​ការ​ដោះស្រាយ៖ «សំណើ​របស់​ពួក​គាត់​ដែល​សាលា​ស្រុក​ទទួល​បាន​នោះ គឺ​ដាក់​សំណើ​ត្រឹម ២០០​ដុល្លារ ហើយ​សំណើ​ដែល​ផ្ដិត​មេដៃ​ស្នើសុំ​នោះ ខ្ញុំ​កំពុង​ឲ្យ​គេ​ពិនិត្យ​មើល​ហើយ​ថា តើ​អ្នក​ណា​ខ្លះ​មាន​ឈ្មោះ​ពិត​ប្រាកដ ដើម្បី​រាយការណ៍​ទៅ​ខេត្ត ព្រោះ​ថា​ពី​មុន​ផ្សារ​នេះ​មាន​តែ​ជាង ៤០​តូប​ទេ តែ​ឥឡូវ​មាន​អាជីវករ​ច្រើន​ពេក​ដែល​មិន​ស្រប​នឹង​ចំនួន​តូប​ពិត​ប្រាកដ»

ផ្សារ​ប្រសូត្រ​ចាស់ ដែល​មាន​ទំនាស់​នេះ គឺ​ស្ថិត​នៅ​ភូមិ​កណ្ដៀងរាយ ឃុំ​កណ្ដៀងរាយ ស្រុក​ស្វាយទាប ដែល​អាជីវករ​ខ្លះ​បាន​ទិញ​តូប​តាំង​ពី​ឆ្នាំ​១៩៩២ មក និង​ពុំ​ចុះ​កុងត្រា​ដូច​ការ​លើក​ឡើង​របស់​អភិបាល​ស្រុក​នោះ​ទេ ហើយ​ពួក​គាត់​ក៏​មិន​បាន​ទាមទារ​យក​ដី​នោះ​ដែរ គឺ​ទាមទារ​តែ​ថ្លៃ​តូប​ប៉ុណ្ណោះ។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ក្រុម​អតីត​អាជីវករ​ផ្សារ​ប្រសូត្រ​ចាស់ ទាំង​នោះ ព្រមាន​ថា បើ​អាជ្ញាធរ​ស្រុក​នៅ​តែ​មិន​ពន្លឿន​ការ​ដោះស្រាយ និង​បំភ័ន្ត​ការ​ពិត​ក្នុង​ការ​ដោះស្រាយ​រឿង​សំណង​ថ្លៃ​តូប​នេះ នោះ​គឺ​ពួក​គាត់​នឹង​បន្ត​ប្ដឹង​ទាមទារ​សំណង​រហូត​ដល់​ថ្នាក់​លើ​ទៀត​ផង ដោយ​មិន​ព្រម​បញ្ឈប់​បញ្ហា​នេះ​ងាយៗ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល