មនុស្សប្រមាណ ៤០០នាក់ បានជួបជុំគ្នានៅថ្ងៃទី៣១ សីហា នេះ នៅទីរួមខេត្តសៀមរាប ចាត់តាំងពិធីជិះកង់រៃអង្គាសប្រាក់ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ការជិះកង់នេះ ចាប់ផ្ដើមពីចំណុចអាងក្រពើរហូតដល់ភ្នំក្រោម។ ប្រធានបទសម្រាប់ការជិះកង់នេះ គឺ "ជិះកង់ដើម្បីបរិស្ថាននិងសុខភាពកុមារ"។
អ្នកចូលរួមជិះកង់ទាំងអស់ត្រូវបង់ប្រាក់ចំនួន ១០ដុល្លារ ដើម្បីតម្កល់ក្នុងហិបប្រាក់សប្បុរសធម៌របស់មន្ទីរពេទ្យកុមារអង្គរ ហើយអ្នករៀបចំបានផ្ដល់អាវយឺតមួយ និងអាហារពីរពេលដល់អ្នកចូលរួម។
លោក ច្រឹក គីមប៉ូ ជាអ្នករៀបចំកម្មវិធីជិះកង់រៃអង្គាសនេះ មានប្រសាសន៍ថា "បើអ៊ីចឹងយើងបានបង្កើតជាគំនិតនេះមួយដើម្បីរៃអង្គាសសុំ Sponsor សុំ Donor ពីក្រុមហ៊ុន ដើម្បីបង្វិលថវិកាទាំងអស់នឹងទៅមន្ទីរពេទ្យនោះ»។
ក្រុមអ្នករៀបចំបានឲ្យដឹងបន្ថែមថា ពួកគេមានគម្រោងរៀបចំកម្មវិធីជិះកង់រៃអង្គាសប្រាក់សប្បុរសធម៌នេះម្តងទៀត នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ មួយលើកទៀត ប៉ុន្តែក្នុងទម្រង់ធំជាងមុន៕