ពលរដ្ឋ​ស្រុក​ឯកភ្នំ​អះអាង​ថា​សមត្ថកិច្ច​មិន​បង្ក្រាប​ល្បែង​កន្ទុយ​លេខ​និង​បៀ​អាប៉ោង

ដោយ ហ៊ុំ ចំរើន
2015-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អះអាង​ថា ល្បែង​បៀ​អាប៉ោង និង​ល្បែង​ចាក់​កន្ទុយ​លេខ​ទ្រង់ទ្រាយ​ធំ លេង​ភ្នាល់​ឈ្នះ​ចាញ់​រាប់​លាន​រៀល ធ្វើ​សកម្មភាព​ជាច្រើន​ខែ​ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​បង្ក្រាប​ទេ។ អ្នក​ភូមិ​បញ្ជាក់​ថា ដោយសារ​តែ​ល្បែង​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាញ់​អស់​ទ្រព្យ​សម្បត្តិ ហើយ​រត់​ចោល​ផ្ទះ​សម្បែង​ទៅ​ប្រទេស​ថៃ។

ប្រជាពលរដ្ឋ​នៅ​តំបន់​បន​ល្បែង​ស្រុក​ឯកភ្នំ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​បន​ល្បែង​ស៊ី​សង​នៅ​ក្នុង​ភូមិ​ស្រុក​ទាំង​នោះ ថា​ជា​សកម្មភាព​មួយ​ពង្វក់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ហិនហោច​អស់​ទ្រព្យ​សម្បត្តិ​គ្មាន​សល់។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​សំរោងក្នុង ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​២៧ មករា ថា ល្បែង​ភ្នាល់​ទ្រង់ទ្រាយ​ធំ​មាន​ល្បែង​ចាក់​កន្ទុយ​លេខ​នៅ​ផ្ទះ​លក់​គុយទាវ​ខាង​មុខ​ផ្សារ​សាលា​តាអន។ ចំណែក​ឯ​ល្បែង​បៀ និង​អាប៉ោង​មួយ​កន្លែង​នៅ​ចំណុច​ផ្ទះ​ខាង​ក្រោយ​ផ្សារ​សាលា​តាអន ដែរ និង​មួយ​កន្លែង​ទៀត​នៅ​ហាង​លក់​កាហ្វេ​ក្បែរ​របង​វត្ត​កែវ នៅ​ភូមិ​សំរោងក្នុង ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ។ អ្នក​ភូមិ​រូប​នេះ​បន្ត​ថា ល្បែង​ចាក់​កន្ទុយ​លេខ និង​ល្បែង​បៀ​អាប៉ោង​ទាំង​នោះ គេ​លេង​ភ្នាល់​ឈ្នះ​ចាញ់​ម្ដងៗ​អស់​រាប់​ពាន់​ដុល្លារ​អាមេរិក និង​ធ្វើ​សកម្មភាព​ប្រមាណ ១​ឆ្នាំ​មក​ហើយ​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​បង្ក្រាប​នោះ​ទេ។ អ្នក​ភូមិ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ល្បែង​នេះ ប្រជាពលរដ្ឋ​ខ្លះ​ចាញ់​អស់​ទ្រព្យ​សម្បត្តិ​លក់​ដី និង​ផ្ទះ​អស់​គ្មាន​សល់ ហើយ​រត់​ចោល​ស្រុក​ទៅ​ប្រទេស​ថៃ អស់​ជាច្រើន​នាក់៖ «បាទ! អ្នក​ដែល​លេង​ល្បែង​ភ្នាល់​ហ្នឹង​គ្នា​ច្រើន ហើយ​កន្លង​មក​ប្រជាពលរដ្ឋ​ដែល​មាន​លុយ​ប្រមាណ ៤​នាក់​ហើយ​ដែល​ចាញ់​ល្បែង​រត់​ចោល​ស្រុក​នោះ។ កន្លង​មក អាជ្ញាធរ​ធ្លាប់​បង្ក្រាប​ខ្លះ តែ​គេ​បង់​លុយ​ឲ្យ​សមត្ថកិច្ច​បន្ត​សកម្មភាព​រហូត​មក​ទល់​សព្វថ្ងៃ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សំរោងក្នុង លោក វ៉ើន សាវេត មាន​ប្រសាសន៍​បញ្ជាក់​ថា ពុំ​មាន​បន​ល្បែង​ចាក់​កន្ទុយ​លេខ និង​ល្បែង​បៀ​អាប៉ោង​ទ្រង់ទ្រាយ​ធំ ដែល​លេង​ភ្នាល់​ចាញ់​ឈ្នះ​រាប់​ពាន់​ដុល្លារ​ដូច​ការ​អះអាង​របស់​អ្នក​ភូមិ​នោះ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី​លោក​ថា កន្លង​មក​ធ្លាប់​មាន​ល្បែង​ភ្នាល់​ខ្លះ​មែន តែ​អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​បន​ល្បែង​ដែល​ធ្វើ​សកម្មភាព​ក្នុង​ឃុំ​សំរោង នោះ​ដូច​ភ្លៀង​រលឹម៖ «បាទ! កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ ខ្ញុំ​ធ្លាប់​ធ្វើ​កិច្ចសន្យា​ឲ្យ​អ្នក​បើក​ល្បែង​ទាំង​នោះ​ម្ដង​រួច​មក​ហើយ ក្នុង​នោះ​ពួក​គេ​មួយ​ចំនួន​ក៏​បាន​ផ្អាក​សកម្មភាព តែ​មួយ​ចំនួន​ទៀត​លួច​បើក​លេង​ដោយ​លួច​លាក់»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់​សម្គាល់​ថា ល្បែង​ភ្នាល់ ជាពិសេស​គឺ​ល្បែង​ចាក់​កន្ទុយ​លេខ​ទ្រង់ទ្រាយ​ធំ តែង​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ខេត្ត​បាត់ដំបង ហើយ​ច្រើន​ធ្វើ​សកម្មភាព​នៅ​តាម​ទីប្រជុំជន​យ៉ាង​គគ្រឹកគគ្រេង ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ៖ «ល្បែង​ជា​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ គឺ​ពួក​គាត់​ចំណាយ​លុយ​ចាញ់​ល្បែង​ដោយ​ពុំ​មាន​ប្រយោជន៍​អ្វី​ឡើយ។ ចំណែក​ឯ​អ្នក​ដែល​ទទួល​ផល​ពី​ល្បែង​នោះ គឺ​ម្ចាស់​បន​ល្បែង និង​អាជ្ញាធរ​ពាក់ព័ន្ធ​តែ​ម្ដង»

លោក​បន្ត​ថា កន្លង​មក​អាជ្ញាធរ​តែង​បង្ក្រាប​ចំពោះ​តែ​អ្នក​ភ្នាល់​ល្បែង​ទេ ដែល​ការ​ទប់ស្កាត់​បែប​នេះ​មិន​បាន​ជោគជ័យ​ឡើយ គឺ​សមត្ថកិច្ច​ត្រូវ​បង្ក្រាប​ម្ចាស់​បន​ល្បែង​ទាំង​នោះ ទើប​អាច​បញ្ចប់​បញ្ហា​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

នៅឃុំភ្នំសំពៅស្រុកបាណន់ក៏មានច្រើនបំផុតដែរទាំងគ្រឿងញៀននិងល្បែងស្ទើគ្រប់និងផ្សា

Jan 29, 2015 10:11 AM

គេហទំព័រ​ទាំងមូល