ពាង​យក្ស​ជួយ​កាត់​បន្ថយ​ការងារ​លំបាក​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី

ដោយ រដ្ឋា វិសាល
2015-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពាង​យក្ស​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥
ពាង​យក្ស​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥
RFA/Ratha Visal

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ មួយ​ក្រុម បាន​ទទួល​យក​ពាង​យក្ស​ពី​គម្រោង​អភិវឌ្ឍន៍​ភូមិ​របស់​ខ្លួន ដើម្បី​ធ្វើ​ជា​អាង​ស្តុក​ទឹក​ទុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ពាង​យក្ស កំពុង​សម្រាល​ការងារ​លំបាក​របស់​ស្ត្រី​មេ​ផ្ទះ​នៃ​សហគមន៍​នេះ ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ស្ត្រីៗ​មាន​ភារកិច្ច​រក​ឧស ដង​ទឹក​ពី​អូរ​មក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ។

ភ្ញៀវ​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ដំណើរ​ចូល​មក​ដល់​ភូមិ​ពាក់ ប្រាកដ​ជា​ប្លែក​ចិត្ត ហើយ​ឆ្ងល់​ទៅ​នឹង​ទិដ្ឋភាព​គ្រប់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ និង​នៅ​ក្នុង​បរិវេណ​សាលា​រៀន មាន​តម្កល់​ពាង​មូល​ពណ៌​ស​ធំ​នៅ​ពី​ចំហៀង​ផ្ទះ ឬ​ពី​មុខ​ផ្ទះ។

នៅ​ពេល​សួរ​ពី​ពាង​ពណ៌​ស​នេះ អ្នក​ភូមិ​គ្រប់ៗ​គ្នា​មិន​ថា​មនុស្ស​ចាស់ ឬ​ក្មេង បុរស ឬ​ស្ត្រី​នោះ​ទេ គឺ​ប្រាកដ​ជា​ប្រាប់​យើង​ថា នេះ​ជា​ពាង​យក្ស។

ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​នៃ​សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី សុទ្ធតែ​ទទួល​បាន​ពាង​យក្ស​សម្រាប់​ត្រង​ទឹក​ភ្លៀង​ពី​ដំបូល​ផ្ទះ​នា​រដូវ​វស្សា ដើម្បី​ស្តុក​ទុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​នោះ អ្នក​ភូមិ​ខ្លះ​មាន​លទ្ធភាព​ប្រើប្រាស់​ម៉ាស៊ីន​តូចៗ​បូម​ទឹក​អូរ​បង្ហូរ​ចូល​ពាង​យក្ស​ប្រើប្រាស់​បាន​ជា​ប្រចាំ។

ពាង​យក្ស​មាន​ចំណុះ​ជាង ៤​ពាន់​លីត្រ មាន​រាង​មូល​ដូច​បាល់ ធ្វើ​ពី​ស៊ីម៉ងត៍​តម្កល់​លើ​ជើង​ទម្រ​ធ្វើ​ពី​ស៊ីម៉ងត៍​ដូច​គ្នា។ ពាង​នេះ​ផ្តល់​មូលនិធិ និង​ផលិត​ដោយ​ក្រុមហ៊ុន អង្គរ ហ្គូល (Ankor Gold) ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​នៃ​ផែនការ​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​នៅ​ក្នុង​មូលដ្ឋាន​នេះ។

នារី​វ័យ​ជំទង់​អាយុ ១៧​ឆ្នាំ ជនជាតិ​ចារ៉ាយ ភូមិ​ពាក់ ឈ្មោះ សេវ មៀន រៀបរាប់​ថា ពាង​យក្ស​បាន​ផ្លាស់ប្ដូរ​បន្ទុក​របស់​ស្ត្រីៗ​ក្នុង​ភូមិ​ដែល​មាន​ភារកិច្ច​ស្ពាយ​កាផា​ផ្ទុក​ដោយ​ឃ្លោក សម្រាប់​ច្រក​ទឹក​ពី​ក្នុង​អូរ ឬ​ពី​ច្រប់ ដើម្បី​យក​ទឹក​មក​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​ក្រុម​គ្រួសារ។ នាង​សម្ដែង​ទឹក​មុខ​រីករាយ ហើយ​អះអាង​ថា បន្ទុក​ទៅ​រក​ទឹក​របស់​ស្ត្រីៗ​ក្នុង​ភូមិ​នេះ ត្រូវ​កាត់​បន្ថយ​បាន ៥០​ភាគរយ​ប្រៀបធៀប​មិន​ទាន់​មាន​ពាង​យក្ស៖ «ពី​មុន​ទៅ​ដង​ទឹក​អូរ​ឆ្ងាយ​ណាស់​ប្រហែល​មួយ​គីឡូម៉ែត្រ យើង​ស្ពាយ លំបាក ហើយ​ធ្ងន់​ទៀត។ ចា៎! លាង​ចាន​លាង​ឆ្នាំង​អ៊ីចឹង​ល្អ»

ក្រុមហ៊ុន អង្គរ ហ្គូល នៃ​ប្រទេស​អូស្ត្រាលី បាន​ផលិត​ពាង​យក្ស​ជិត ១០០​ពាង តម្រូវ​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ភូមិ​ពាក់ ៩៣​គ្រួសារ​ចាប់​ពី​ឆ្នាំ​២០១២ រហូត​មក។

ប្រធាន​ភូមិ​ពាក់ លោក សេវ ចិន បដិសេធ​ថា​នេះ​មិន​មែន​ជា​ការ​បោះ​បង់​ប្រពៃណី​របស់​សហគមន៍​ជនជាតិ​ដើម​មួយ​នេះ​ទេ ក៏ប៉ុន្តែ​គឺ​ជា​ការ​អភិវឌ្ឍ​ដែល​កាត់​បន្ថយ​បន្ទុក​ការងារ​របស់​ស្ត្រី​មេ​ផ្ទះ និង​ជា​ការ​រួម​ចំណែក​ផ្តល់​ឱកាស​បន្ថែម​ទៀត​ឲ្យ​នារី និង​ស្ត្រី​ក្នុង​ភូមិ មាន​ពេលវេលា​រក​ប្រាក់​ចំណូល​មួយ​ផ្នែក​ទៀត សម្រាប់​ជីវភាព​រស់នៅ​ពួក​គេ​បាន​កាន់​តែ​ប្រសើរ។ លោក​សម្ដែង​មោទនភាព​ទៅ​ថ្ងៃ​អនាគត ពាង​យក្ស​នឹង​ក្លាយ​ជា​អាង​ស្តុក​ទឹក​អចិន្ត្រៃយ៍ ខណៈ​ប្រព័ន្ធ​បំពង់​បូម​ទឹក​ត្រូវ​បាន​ត​ភ្ជាប់​ពី​ស្ថានីយ​បូម​ទឹក បង្ហូរ​ចូល​ពាង​យក្ស​គ្រប់​លំនៅឋាន​ពលរដ្ឋ​ជា​ប្រចាំ តាម​គម្រោង​អភិវឌ្ឍន៍​របស់​ភូមិ​នេះ៖ «ឥឡូវ​ប្រពៃណី​មិន​ពាក់ព័ន្ធ​គេ​អភិវឌ្ឍ​ទេ ព្រោះ​ប្រពៃណី​បាន​តែ​ទំនៀមទម្លាប់​ពី​ដូនតា​មក។ ការ​អភិវឌ្ឍ​ជា​ការ​រីក​ចម្រើន​ទេ បើ​គិត​ទៅ​តាម​យើង​ថ្នាក់​ដឹក​នាំ យើង​សប្បាយ​ចិត្ត​ខែ​វស្សា យើង​អត់​ពិបាក​ទៅ​ដង​ឆ្ងាយ។ គិត​ទៅ​ប៉ុន្មាន​ខេត្ត​ក្រុង​បាន​តែ​យើង​វា​មាន​សំណាង»

ទីស្នាក់ការ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥ RFA/Ratha Visal
ទីស្នាក់ការ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥ RFA/Ratha Visal

រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៥ នេះ សហគមន៍​ភូមិ​ពាក់ កើន​សមាជិក​គ្រួសារ​ឡើង​ដល់​ជិត ១០០​គ្រួសារ។ ភូមិ​នេះ​ឋិត​ក្នុង​តំបន់​សម្បទាន​រ៉ែ​មាស​របស់​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស មេសស្កូ ហ្គូល ប្រទេស​ឥណ្ឌា។

មេ​ឃុំ​យ៉ាទុង លោក រចំ ហ្វីន មាន​ប្រសាសន៍​ថា សហគមន៍​ភូមិ​ពាក់ បាន​យល់ព្រម​ប្រគល់​ដី ៣៨​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន មេសស្កូ ហ្គូល ជា​ថ្នូរ​សំណង​ជា​ប្រាក់​ជាង ៦​ម៉ឺន​ដុល្លារ​សម្រាប់​ផល​ប៉ះពាល់​ជូន​អ្នក​ភូមិ។ ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​ក៏​បាន​ផ្តល់​មូលនិធិ​អភិវឌ្ឍន៍​ភូមិ​តាម​កិច្ចសន្យា​វិនិយោគ​រយៈពេល ៣០​ឆ្នាំ នៅ​តំបន់​ជនជាតិ​ដើម​ភាគ​តិច​មួយ​នេះ។ លោក​កត់​សម្គាល់​ថា បន្ទាប់​ពី​ការ​អភិវឌ្ឍ​ពាង​យក្ស សហគមន៍​នឹង​រៀបចំ​កំណត់​បញ្ហា​អាទិភាព​មួយ​ចំនួន​ទៀត ដើម្បី​ក្រុមហ៊ុន​ជួយ​ធ្វើ​ការ​អភិវឌ្ឍ ដូចជា​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ ការ​ដាំដុះ​ចិញ្ចឹម​សត្វ និង​ការ​អប់រំ ជាដើម។

ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច គឺ​ធ្វើ​ចម្ការ​វិល​ជុំ កាល​ណា​ដី​មួយ​កន្លែង​អស់​ជីជាតិ អ្នក​ភូមិ​បោះ​បង់​ចោល ហើយ​ទៅ​កាប់​ឆ្ការ​ព្រៃ​បន្ត​ទៀត ដើម្បី​ដាំ​ដុះ។ បច្ចុប្បន្ន ដី​ចម្ការ​វិល​ជុំ​កាន់​តែ​បាត់បង់ ដោយសារ​គម្រោង​ផ្តល់​ដី​សម្បទាន​របស់​រាជ​រដ្ឋាភិបាល​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិឧស្សាហកម្ម។

បុគ្គលិក​ក្រុមហ៊ុន អង្គរ ហ្គូល លោក ម៉ា សំអាត មាន​ប្រសាសន៍​បញ្ជាក់​ថា ជំហាន​ដំបូង ក្រុមហ៊ុន​បាន​ផ្តល់​ពាង​យក្ស​សម្រាប់​អ្នក​ភូមិ​ស្តុក​ទឹក និង​ជួយ​ស្ដារ​អណ្ដូង​ទឹក​សម្រាប់​ប្រើប្រាស់​បាន​គ្រប់គ្រាន់។ ជាមួយ​គ្នា​នោះ​ដែរ ក្រុមហ៊ុន​បាន​ផ្តល់​ដើម​ស្វាយ​រាប់​រយ​ដើម​ឲ្យ​អ្នក​ភូមិ​ដាំ ដើម្បី​លើក​កម្ពស់​វិស័យ​កសិកម្ម​ជូន​សហគមន៍។ លោក​ថា អ្នក​ភូមិ​ត្រូវ​រួម​ចំណែក​ទទួល​ខុស​ត្រូវ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ផែនការ​អភិវឌ្ឍន៍​សហគមន៍៖ «កាល​មុន​តំបន់​នេះ​ជា​តំបន់​អនាធិបតេយ្យ។ យើង​ចូល​ទៅ​ធ្វើ​ការ​ជាប់​ដោយ​យើង​មាន​គំនិត​មួយ​ថា គាត់​ទៅ​ស៊ី​ឈ្នួល​ខាង​ជីក​ខាង​គាស់​កកាយ យើង​ប្ដូរ​គំនិត​គាត់​ឲ្យ​គាត់​ចូល​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​នៅ​ក្នុង​ភូមិ រៀបចំ​ប្រព័ន្ធ​ទឹក រៀបចំ​ផែនការ​អភិវឌ្ឍន៍​ក្នុង​ភូមិ»

ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​នេះ​ដែរ មន្ត្រី​សមាគម​ខ្មែរ​លើ លោក ចិត្រ សម្ដែង​ការ​កោត​សរសើរ​ពី​ដំណើរ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​អ្នក​ភូមិ ស្ដីពី​គម្រោង​វិនិយោគ​រ៉ែ​របស់​ក្រុមហ៊ុន។ លោក​ចាត់​ទុក​ជា​ករណី​គំរូ ខណៈ​ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​សហគមន៍​តាម​កិច្ចសន្យា​វិនិយោគ​បាន​ត្រឹមត្រូវ៖ «យើង​ចង់​ឃើញ​ក្រុមហ៊ុន​មាន​ទស្សនៈ​បែប​នេះ មាន​គោលដៅ​គោល​ជំហរ​បែប​នេះ ជា​ការ​ប្រសើរ និង​ជា​គំរូ​សម្រាប់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត។ យើង​អាច​ចាត់​ទុក​ថា​ជា​ចំណុច​ចាប់​ផ្ដើម ដែល​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​គួរ​យក​គំរូ​តាម»

ដូច​គ្នា​នេះ​ដែរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា ថ្លែង​ថា ការ​អភិវឌ្ឍ​យូរ​អង្វែង​នៅ​ភូមិ​ពាក់ គឺ​ជា​អាជ្ញាប័ណ្ណ​ពិត​ប្រាកដ​សម្រាប់​ដំណើរ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​រ៉ែ​មាស​មួយ​នេះ។ លោក​កត់​សម្គាល់​ថា អ្នក​ភូមិ​នៅ​តំបន់​នេះ​ត្រូវ​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ថែម​ទៀត រួម​ទាំង​ទទួល​បាន​បណ្តុះបណ្តាល​ជំនាញ និង​ផ្តល់​ការងារ​ធ្វើ​ដល់​ពួក​គេ ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ៖ «ត្រូវ​មាន​កិច្ច​ព្រមព្រៀង​វែង​មួយ​សម្រាប់​សហគមន៍ ហើយ​កិច្ច​ព្រមព្រៀង​ហ្នឹង​នឹង​ក្លាយ​ទៅ​ជា​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​អាជ្ញាប័ណ្ណ។ យើង​អាច​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​របស់​យើង​ក្លាយ​ជា​ការ​អភិវឌ្ឍ​ពិត​ប្រាកដ ការ​អភិវឌ្ឍ​ដែល​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​បរិស្ថាន និង​សង្គម»

ភូមិ​ពាក់ ជា​តំបន់​ដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាង​កើត​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។ ភូមិ​ពាក់ ក៏​ជា​តំបន់​មាន​រ៉ែ​មាស ដែល​កន្លង​ទៅ​អ្នក​ភូមិ​អាច​រែង​បាន​មាស​នៅ​តាម​មាត់​អូរ ឬ​ជីក​កកាយ​បាន​ពី​ក្នុង​ដី​ជា​លក្ខណៈ​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល