GMAC ថា រោងចក្រ​កាត់​ដេរ​កំពុង​​ប្រឈម​ការ​ដួល​រលំ ព្រោះ​ខ្វះ​ទីផ្សារ​នាំចេញ

ដោយ ទីន ហ្សាការីយ៉ា
2020-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ផ្ដល់​បទសម្ភាសន៍​ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ផ្ដល់​បទសម្ភាសន៍​ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
RFA

សមាគម​ថៅកែ​រោងចក្រ​អះអាង​ថា កង្វះ​ខាត​វត្ថុធាតុ​ដើម​លែង​ជា​បញ្ហា​ចោទ​សម្រាប់​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ទៀត​ហើយ ប៉ុន្តែ​រឿង​ធំ​ជាង​នេះ​ទៀត​នោះ គឺ​ពេល​នេះ រោងចក្រ​កំពុង​ខ្វះ​ទីផ្សារ​នាំ​ចេញ​ផលិតផល ដោយសារ​តែ​ហាង​ទំនិញ​ធំៗ នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ ត្រូវ​បិទ​ទ្វារ​ដោយសារ​តែ​ការ​ផ្ទុះ​រាល​ដាល​ជំងឺ​កូវីដ-១៩។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរនៅកម្ពុជា (GMAC) លោក ខេន​​​ លូ ឱ្យ​អាស៊ីសេរី​ដឹងនៅ​ថ្ងៃទី២៨ មីនា​ថា រោងចក្រកាត់​ដេរ​នៅកម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការ​ដួល​រំលំក្នុង​ពេល​ឆាប់ៗ នេះហើយ ពីព្រោះក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​អឺរ៉ុប និង​អាមេរិកបានផ្អាក​ទទួល​យក​ទំនិញដែល​បាន​ផលិត​រួច ស្រប​ពេល​ទំនិញ​ដែល​មិន​ទាន់​បានផលិត ត្រូវ​បញ្ឈប់​ជា​បណ្តោះ​អាសន្នសិន។ លោក​ថា ក្រុម​ហ៊ុន​បញ្ជាទិញ​បាន​ផ្ញើរ​លិខិត​ស្តីពីការ​ផ្អាកការ​ទទួល​យក​ទំនិញ​នេះមក​ខាង​ថៅកែរោងចក្រ​ជា​បន្ត​បន្ទាប់​ និង​ចាប់​ផ្តើម​អនុវត្ត​ភ្លាមៗ ដោយ​មិន​បាន​ជូន​ដំណឹង​ជាមុន​ឡើយ។ លោក​បញ្ជាក់​ថា ការ​ផ្អាក​នេះ​មាន​រយៈពេល​២ ខែ ដូច្នេះ​អំឡុង​ពេល​នេះ ខាង​ថៅកែរោងចក្រ​​នឹង​មាន​វិបត្តិហិរញ្ញវត្ថុ​ ដោយ​សារ​មិន​មាន​លុយ​បង្វិលគ្រប់គ្រាន់៖ «អ្នក​បញ្ជា​ទិញ​​ភាគ​ច្រើន​នៅ​អាមេរិក និង​នៅ​​អឺរ៉ុប គេ​ផ្អាក​ទទួល​ឥវ៉ាន់ ព្រោះហាងវា​បិទ។ ឥវ៉ាន់ដែល​យើង​ផលិត​រួច​ហើយ គេ​​អត់​​ទទួល​​យក​​ឥវ៉ាន់​​ដែល​​កំពុង​​ផលិត គេ​ឱ្យ​យើង​ឈប់​ផលិតភ្លាមៗ ផ្អាក​ជា​បណ្តោះអាសន្ន។ អ៊ីចឹង គិត​យ៉ាងម៉េច? ជិត​ដួលហើយ ជិតដួល​ ព្រោះ​អត់​មាន​លុយ​ហូរ​ចូល។ ពេល​ដែល​អ្នក​បញ្ជា​ទិញ​អត់​ទទួលឥវ៉ាន់ មានន័យថា គេ​អត់​បើក​លុយ​ឱ្យ​​យើង​ទេ។ អ៊ីចឹង​សួរ​ថារយៈពេល ២ខែ​ យើង​មាន​លុយ​​ឯ​ណា​បើក​​ឱ្យ​កម្មករ? វា​អត់​មាន​លុយ​បើក​ឱ្យ​កម្មករទេ ហើយ​យើង​មានន័យថា ​រោងចក្រ​ជួប​បញ្ហា​ចំពោះមុខ បញ្ហា​ហ្នឹង​ខ្លាំង ហើយ​អ្នក​​បញ្ជា​ទិញ​ គេអត់​ទទួល​ខុស​ត្រូវ​ទេ»

លោក ខេន លូ ថ្លែង​ទៀតថា លោក​មិន​ទាន់ដឹង​អំពីតួលេខ​រោងចក្រ​ដែល​នឹង​ត្រូវ​បិទ​ទ្វារនោះទេ ប៉ុន្តែលោក​ថា ​ផល​ប៉ះពាល់​ជាក់ស្តែង​នឹង​លេច​ចេញ​នៅ​អំឡុង​ពេល ១ ទៅ ២សប្តាហ៍​ខាងមុខ​ទៀតនេះ។ លោក​បញ្ជាក់ថា ខាង​ថៅកែរោងចក្រ​មិន​ទាន់​ដឹង​ថា ត្រូវ​ដោះស្រាយ​បញ្ហា​នេះដោយ​របៀបណា​​ទេ ប៉ុន្តែ​ទំនង​ជា​ត្រូវ​សុំ​ការ​យោគ​យល់​ពី​កម្មករ និង​សុំ​ជំនួយ​ខ្លះ​ទៀត​ពី​រដ្ឋាភិបាល។ លោក​​បញ្ជាក់​ថា ​ខាង​រោងចក្រ​មិនមាន​លទ្ធភាព​បើក​ប្រាក់​ឈ្នួល ៤០% ឱ្យ​កម្មករ​ដែល​ត្រូវ​ព្យួរ​ពីការងារ​ តាម​អ្វី​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះទេ ព្រោះ​ពេល​នេះ​មិន​​មែន​ជារឿង​ខ្វះ​វត្ថុ​ធាតុ​ដើម​ទៀតឡើយ តែ​ជា​រឿង​ខ្វះ​ទីផ្សារ​នាំចេញទៅវិញ។

រូបសញ្ញា​របស់​សមាគម​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​នៅ​កម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC)។
រូបសញ្ញា​របស់​សមាគម​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​នៅ​កម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC)។ GMAC និង​ហ្វេសប៊ុក

អាស៊ីសេរីមិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​អធិប្បាយ​រឿងនេះ​បាន​ទេ នៅថ្ងៃទី២៨ មីនា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ចំណែក អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី លោក ឯក ថា បាន​បង្វែរសំណួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទៅ​ខាង​ក្រសួង​ពាណិជ្ជកម្មវិញ។ អាស៊ីសេរី​បាន​ទាក់ទង​ទៅអ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ ដើម្បី​សុំ​ការ​បក​ស្រាយ​រឿងនេះដែរ តែទូរស័ព្ទ​ចូល​ ពុំ​មាន​អ្នក​ទទួល។

ដោយ​ឡែក អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច គឺលោក សុខ ឥសាន ដែលតែង​​បញ្ចេញ​យោបល់​លើ​បញ្ហា​ជាច្រើន​នោះ ក៏​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​រឿងនេះ​ដែរ ដោយ​លោកបង្វែរ​ឱ្យ​ទៅសួរ​ខាង​ក្រសួង​ការងារវិញ។ អាស៊ីសេរី​ក៏​បាន​ទាក់ទង​ទៅអ្នក​នាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ទៀត តែ​លោក​មិន​លើក​ទូរស័ព្ទ​ទេ នៅថ្ងៃទីដដែល​នេះ។

ទោះជាយ៉ាងណា អាស៊ីសេរីនឹង​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​រឿងនេះ​ពី​មន្ត្រី​រដ្ឋាភិបាលនៅពេល​ក្រោយ​ទៀត។

ប្រធាន​សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ​សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ គឺ​ជា​ទីផ្សារ​ធំបំផុត​សម្រាប់​ផលិត​ផល​វាយនភ័ណ្ឌ​របស់​កម្ពុជា ដូច្នេះ​ការ​ផ្អាក​ការ​បញ្ជា​ទិញ​​នេះ នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការងារ​របស់​កម្មករ​កាត់​ដេរ។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​រក​ដំណោះ​ស្រាយ​រឿងនេះ​ជាបន្ទាន់ ដើម្បី​ជួយ​ដល់​កម្មករ​ និង​ស្រោចស្រង់​វិស័យ​កាត់​ដេរ​របស់​កម្ពុជា៖ «រដ្ឋាភិបាល​​ត្រូវ​​មាន​​ថវិកា​បម្រុង​​បែបណា ដើម្បី​ជួយ​ផ្គត់ផ្គង់ទៅដល់​បង​ប្អូន​កម្មករ-កម្មការិនីនៅពេល​ពួក​​គាត់បាត់​បង់​ការងារ អស់​ក្រុមហ៊ុន​បញ្ជាទិញ ក្នុង​រយៈពេល​មេរោគ​កូរ៉ូណា​នេះ»

វិស័យ​កាត់​ដេរបានផ្តល់​ការងារ​លើសពី ​៧៥ម៉ឺននាក់ដល់​កម្មករ ហើយ​ពលរដ្ឋ​ខ្មែរ​ជាង ៣លាន​នាក់​ទៀត រស់​នៅ​ពឹង​ផ្អែក​លើ​វិស័យ​នេះ។ វិស័យ​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ព្រម​ទាំង​​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា។

ទោះជាយ៉ាង​ណា មេ​ដឹក​នាំ​សហជីព លោក រ៉ុង ឈុន បារម្ភ​ថា ការ​ផ្អាក​ការ​បញ្ជាទិញ​ដោយ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​នេះ​ នឹង​ធ្វើ​ឱ្យ​កម្មករ​រាប់​សែន​នាក់​បាត់​បង់​ការងារ​ធ្វើ ហើយ​បើ​វិបត្តិ​ជំងឺ​កូវីដ-១៩ អូស​បន្លាយ​រយៈពេល​យូរ​ទៀត​នោះ វិស័យ​កាត់ដេរ​កម្ពុជា​អាច​នឹង​ប៉ះពាល់​ទាំងស្រុង​តែ​ម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល