មនុស្ស​ជាង​៣០០​នាក់​ចូល​រួម​យុទ្ធនាការ​បុរស​ល្អ​ដើម្បី​លុប​បំបាត់​ហិង្សា​លើ​ស្ត្រី

ដោយ ជិន ជេដ្ឋា
2015-05-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​ជួបជុំ​លើក​បដា​របស់​អាជ្ញាធរ​ខេត្ត និង​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍​នៅ​ទីលាន​បាល់ទាត់​ខេត្ត​កំពង់​ឆ្នាំង មុន​នឹង​ចាប់​ផ្ដើម​ចេញ​ក្បួន​ផ្សព្វផ្សាយ​តាម​ផ្លូវ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។
ពិធី​ជួបជុំ​លើក​បដា​របស់​អាជ្ញាធរ​ខេត្ត និង​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍​នៅ​ទីលាន​បាល់ទាត់​ខេត្ត​កំពង់​ឆ្នាំង មុន​នឹង​ចាប់​ផ្ដើម​ចេញ​ក្បួន​ផ្សព្វផ្សាយ​តាម​ផ្លូវ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Chin Chetha

កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​រាជការ​ស៊ីវិល និង​សិស្សានុសិស្ស​នៅ​ខេត្ត​កំពង់​ឆ្នាំង សរុប​ជាង​៣០០​នាក់(៣៥០) បាន​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ "បុរស​ល្អ" នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឧសភា។ យុទ្ធនាការ​នេះ រៀបចំ​ដោយ​ក្រសួង​កិច្ចការ​នារី សហការ​ជាមួយ​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍(PYD) ក្នុង​គោលបំណង​លើក​កម្ពស់​សិទ្ធិ​ស្ត្រី តាមរយៈ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​បុរស។

ក្បួន​ដង្ហែ​ផ្សព្វផ្សាយ​រយៈ​កន្លះម៉ោង បាន​ចេញ​ដំណើរ​ពី​ទីលាន​បាល់​ទាត់ មុខ​សាលា​ខេត្ត​កំពង់​ឆ្នាំង​កាត់​ផ្សារ​លើ និង​តាម​បណ្ដោយ​ផ្លូវ​សំខាន់​ៗ​ក្នុង​ក្រុង ដើម្បី​ចែក​ខិត្តប័ណ្ណ​ស្ដីពី​គោលការណ៍​ស្នូល​ចំនួន៦​ចំណុច នៃ​យុទ្ធនាការ​បុរស​ល្អ។ ក្នុង​នោះ​មាន​ដូចជា ខ្ញុំ​ចូល​រួម​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី ខ្ញុំ​ចែក​រំលែក​កិច្ចការ​ផ្ទះ និង​ខ្ញុំ​ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​ក្នុង​ការ​លើក​កម្ពស់​សមភាព​រវាង​បុរស និង​ស្ត្រី​ជា​ដើម។

ប្រធាន​ផ្នែក​ទំនាក់ទំនង នៃ​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍​អ្នកស្រី គឹម ធីតាកល្យាណី មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លប់​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី ហើយ​ធ្វើ​ឲ្យ​បុរស​យល់​ដឹង​ពី​សិទ្ធិ​ស្ត្រី ឬ​សមភាព​យេនឌ័រ​រវាង​បុរស និង​ស្ត្រី។ អ្នកស្រី​រំលឹក​ថា កាល​ពី​ឆ្នាំ​២០១៤ កម្ម​វិធី​ដូច​គ្នា​នេះ​បាន​ធ្វើ​នៅ​ខេត្ត​ចំនួន៤ គឺ​កំពត កំពង់ស្ពឺ រតនគីរី និង​ខេត្ត​ស្ទឹង​ត្រែង ហើយ​នៅ​ឆ្នាំ​២០១៥ នឹង​ត្រូវ​ធ្វើ​នៅ​ខេត្ត​ចំនួន​បី ដោយ​ចាប់​ពី​ខេត្ត​កំពង់​ឆ្នាំង បន្ទាប់​មក​ខេត្ត​កំពង់ធំ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា និង​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥ ខាង​មុខ៖ «អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​នៅ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ រហូត​ដល់​មាន​ករណី​សម្លាប់​ស្ត្រី​ដែល​ជា​ភរិយា​ក្នុង​ក្រុម​គ្រួសារ ហើយ​យើង​ព្រួយ​បារម្ភ​មែនទែន។ (របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ) នៅ​ប្រទេស​កម្ពុជា​មាន​បុរស​ម្នាក់​ក្នុង​ចំណោម​៥​នាក់ បាន​សារភាព​ថា​ធ្លាប់​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ដៃគូ​គាត់។ អីចឹង​យើង​ឃើញ​ថា​មាន​ចំនួន​ច្រើន ដែល​យើង​ត្រូវ​តែ​ធ្វើ​ការ​បន្ថែម​ទៀត​ជាមួយ​បុរស ដើម្បី​ឲ្យ​គាត់​យល់​ពី​សមភាព​យេនឌ័រ និង​ចូល​រួម​ទប់ស្កាត់​អំពើ​ហិង្សា​នេះ​ទាំង​អស់​គ្នា»

មន្ត្រី​អាវុធហត្ថ​សក្ដិ​បី​ម្នាក់ ដែល​ចូល​រួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា រូប​លោក និង​ភរិយា​ជា​មន្ត្រី​រាជការ​ដូច​គ្នា ហើយ​ភាព​រកាំរកូស​ក្នុង​រង្វង់​គ្រួសារ មិនដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ឡើយ។ ប៉ុន្តែ​លោក​ថា យុទ្ធនាការ​នេះ​អាច​ដាស់​ស្មារតី​ដល់​បុរស​ទូទៅ រួម​ទាំង​រូប​លោក​ផង​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ឲ្យ​តម្លៃ​ចំពោះ​ស្ត្រី។

ដោយ​ឡែក​ស្ត្រី​វ័យ​ជាង​៥០ឆ្នាំ​ម្នាក់ កំពុង​អង្គុយ​លក់​បាយ​ក្បែរ​របង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង និង​ជា​ស្ត្រី​ម្នាក់​ធ្លាប់​ប៉ះពាល់​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដោយសារ​ប្ដី​ធ្វើ​បាប បាន​រៀបរាប់​ដោយ​ភ្នែក​រំពៃ​មើល​ទៅ​ក្បួន​ផ្សព្វផ្សាយ​បណ្ដើរ​ថា ត្បិត​អ្នកស្រី​មិន​ដែល​រង​នូវ​ការ​វាយ​ដំ​ផ្លូវ​កាយ តែ​រូប​គាត់ និង​កូន​ៗ​បាន​រងគ្រោះ​ដោយ​ការ​ជេរ​ប្រមាថ និង​រក​រឿ​ង​ឈ្លោះ​ប្រកែក​ពី​ប្ដី​ជា​ច្រើន​ឆ្នាំ​ហើយ ដែល​ទើប​កែខ្លួន​ប៉ុន្មាន​ឆ្នាំ​នេះ។

ដោយ​ការ​ខ្មាសអៀន​អ្នកស្រី មិន​ចង់​បញ្ចេញ​ឈ្មោះ​ឡើយ ប៉ុន្ដែ​គាត់​ត្រេកអរ​នៅ​ពេល​ដែល​ឃើញ​ប្ដី​កែ​ខ្លួន ដោយ​ងាក​ពី​ការ​ផឹកស៊ី រក​រឿង​ប្រពន្ធ​កូន មក​មើល​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ និង​ច្បាប់​ផ្សេង​ៗ តាម​រយៈ​វិទ្យុ កញ្ចក់​ទូរទស្សន៍ និង​យុទ្ធនាការ​អប់រំ​ដូច​នេះ​វិញ។ អ្នកស្រី អំពាវនាវ​ដល់​បុរស​គ្រប់​រូប​ស្វែង​យល់​អំពី​ច្បាប់ និង​សិទ្ធិ​ស្ត្រី ដើម្បី​ជៀស​ឲ្យ​ផុត​ពី​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ៖ «បាន​ធ្វើ​កម្មវិធី​អីចឹង​ល្អ! ល្អ​ដូច​ថា​ឲ្យ​មនុស្ស​យល់​ដឹង​អំពី​ច្បាប់​ទម្លាប់ កុំ​ឲ្យ​មាន​អំពើ​ហិង្សា​មាន​អីចឹង​ទៅ ព្រោះ​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​រឿង​ចឹង​ៗ លំបាក​ណាស់ លំបាក​តាំង​ខ្ញុំ​ដល់​កូន​ទៀត​នៅ​ជាមួយ​ឃើញ​អីចឹង​វា​មាន​អារម្មណ៍​អត់​ល្អ​ទេ»

ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​កំពង់ឆ្នាំង លោកស្រី ឈុំ ចាន់សុខ ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ភាគ​ច្រើន​​កើត​ឡើង​នៅ​សហគមន៍ ព្រោះ​នៅ​ដើម​ឆ្នាំ​២០១៥ មន្ទីរ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ស្ត្រី​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ចំនួន ពី​តាម​ស្រុក​នានា នៃ​ខេត្ត​កំពង់​ឆ្នាំង។ ក្រៅ​ពី​យុទ្ធនាការ​នេះ មន្ទីរ​នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​សន្ទនា​តាម​សហគមន៍។

នៅ​ក្នុង​ឆ្នាំ២០១៥ នេះ​ដែរ មន្ទីរ​នឹង​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ថ្នាក់​ឃុំ ដែល​ទទួល​បន្ទុក​កិច្ចការ​ស្ត្រី និង​កុមារ ដើម្បី​អន្តរាគមន៍​ផ្នែក​ច្បាប់ ឬ​ប្រឹក្សា​បញ្ហា​ផ្សេងៗ ជូន​ជនរងគ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល