រដ្ឋាភិបាល​​​បន្ថយ​រយៈពេល​នៃ​កិច្ចសន្យា​សម្បទាន​ដី​សេដ្ឋកិច្ច​មក​ត្រឹម​៥០​ឆ្នាំ

ដោយ ចេង ម៉េងជូ
2015-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៣-ឧសភា-២០១៣៖ គំនរ​ឈើ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​វៀតណាម កាប់​រំលំ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។
១៣-ឧសភា-២០១៣៖ គំនរ​ឈើ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​វៀតណាម កាប់​រំលំ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។
RFA/Tin Zakariya

រដ្ឋាភិបាល​សម្រេច​ថា កាត់​បន្ថយ​រយៈពេល​នៃ​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រយៈពេល ៩៩​ឆ្នាំ មក​នៅ​ត្រឹម ៥០​ឆ្នាំ​យ៉ាង​យូរ​បំផុត។ ការ​កាត់​បន្ថយ​នេះ បន្ទាប់​ពី​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រយៈពេល ៩៩​ឆ្នាំ​នោះ បាន​ហុច​ផល​អវិជ្ជមាន​ច្រើន​ជាង​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច។

ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​អស់ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រតិបត្តិការ​គម្រោង​របស់​ខ្លួន​យូរ​ជាង ៥០​ឆ្នាំ​នោះ​ទេ។ ការ​សម្រេច​កែប្រែ​រយៈពេល​នៃ​ការ​អនុវត្ត​កិច្ចសន្យា​គម្រោង​វិនិយោគ​លើដី​សម្បទាន​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន ចុះ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សម្តែង​ការ​សាទរ​ចំពោះ​ការ​សម្រេច​ថ្មី​នេះ ប៉ុន្តែ​លោក​យល់​ថា ការ​សម្រេច​បែប​នេះ​ហ្នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​វិនិយោគ​ដែល​ប្រតិបត្តិការ​ដោយ​ស្របច្បាប់៖ «បើ​គ្មាន​ការ​ដោះ​ដូរ​ណា​មួយ វា​មិន​អាច​បន្ថយ​ទៅ​បាន​ទេ។ ខ្ញុំ​គិត​ថា ប្រហែល​រដ្ឋាភិបាល​គាត់​គិតគូរ​ទៅ​លើ​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ ឬ​ក៏​បញ្ហា​អី​ផ្សេងៗ​ទៀត​ជា​ថ្នូរ​នឹង​ការ​កាត់​បន្ថយ​ដើម្បី​ជា​ការ​ប៉ះប៉ូវ»

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បកស្រាយ​បន្ថែម​ពី​នាយ​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ ប៉ុន្ដែ​មិន​មាន​ការ​ឆ្លើយ​តប។

យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ាង សុផល្លែត សង្ឃឹម​ថា ការ​បន្ថយ​មក​នៅ​ត្រឹម ៥០​ឆ្នាំ​នេះ នឹង​មិន​បង្ក​ជា​បញ្ហា​ដល់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​កន្លង​មក​នោះ​ទេ ដោយ​លោក​អះអាង​ថា ក្រុមហ៊ុន​ទាំង​នោះ​ភាគ​ច្រើន​មិន​បាន​អនុវត្ត​ពេញលេញ​តាម​កិច្ចសន្យា​វិនិយោគ។ លោក​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​យោគយល់​រួច​ទៅ​ហើយ​ដល់​ក្រុមហ៊ុន​ទាំង​នោះ ដោយ​បាន​អនុញ្ញាត​ឲ្យ​បន្ត​អនុវត្ត​គម្រោង​របស់​ពួកគេ។ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​អនុវត្តតាម​លក្ខខណ្ឌ​កិច្ចសន្យា​កន្លង​មក រដ្ឋាភិបាល​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​យោគយល់។

កូន​កៅស៊ូ​ដែល​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ដាំ​នៅ​តំបន់​ព្រៃឡង់ ស្ថិត​ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៣។ RFA/Tin Zakariya
កូន​កៅស៊ូ​ដែល​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ដាំ​នៅ​តំបន់​ព្រៃឡង់ ស្ថិត​ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៣ RFA/Tin Zakariya

 

រដ្ឋាភិបាល​ធ្លាប់​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៣ ក្រុមហ៊ុន​ចំនួន ២៣០ បាន​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​សរុប​ជិត ២​លាន​ហិកតារ។ ប៉ុន្តែ​អង្គការ​ទិន្នន័យ​ស្ដីពី​ការ​អភិវឌ្ឍ​ហៅ​កាត់​ថា អូ.ឌី.ស៊ី (ODC) កត់សម្គាល់​ឃើញ​ថា ទិន្នន័យ​ស្ដីពី​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​មាន​ភាព​លាក់បាំង​នៅ​ឡើយ។

ក្រោយ​ពី​ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​សង្គម ក្រសួង​ទាំង​ពីរ​ដែល​ទទួល​បន្ទុក​ការងារ​នេះ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​មាន​ការ​ពង្រឹង​ការ​គ្រប់គ្រង​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ឡើង​វិញ។

ចំពោះ​ការ​កាត់​បន្ថយ​រយៈពេល​អនុវត្ត​គម្រោង​មក​នៅ​ត្រឹម ៥០​ឆ្នាំ​យ៉ាង​យូរ​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ថា អាច​នឹង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ៖ «កិច្ច​សន្យា​ជំនួញ​មួយៗ កាល​ណា​យើង​ប្រែ​ប្រួល វា​អាច​ធ្វើ​ឲ្យ​មិន​ផ្ដល់​ទំនុក​ចិត្ត​ដល់​ជំនួញ​ និង​ស្តង់ដារ​ដទៃ​ទៀត​ដែល​គេ​រៀប​មក»

​ចំណែក​លោក អ៊ូ វីរៈ នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​វិញ​យល់​ថា សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ មិន​មែន​ជា​បញ្ហា​ចោទ​ដល់​ក្រុមហ៊ុន​សម្បទាន​ទាំង​នោះ​ទេ៖ «ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង ភាគ​ច្រើន​ជា​អ្នក​ហក់​ឆត្រ​ទេ ដូច្នេះ​មិន​មែន​ជា​អ្នក​វិនិយោគ​ត្រឹមត្រូវ​ទេ ដូច្នេះ​មិន​មាន​បញ្ហា​ទេ ព្រោះ​ពួកគាត់​ដឹង​ហើយ​ថា រឿង​អ៊ីចឹងៗ គឺ​ជា​រឿង​ដែល​ពួក​គាត់​មិន​អាច​ទុក​ចិត្ត​១០០%​ទេ»

តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំណូល​ដែល​បាន​ពី​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​បរិមាណ ៨០​លាន​ដុល្លារ ជា​បរិមាណ​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា តិចតួច ដូច​ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​នេះ។ របាយការណ៍​នោះ​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​អនុវត្ត​របស់​ក្រសួង​បរិស្ថាន រួមទាំង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កន្លង​មក មាន​ភាព​ឆកល្វែង។

ការ​ស្រាវជ្រាវ​មួយ​ចំនួន​ពី​ផល​ប៉ះពាល់​នៃ​ការ​អនុវត្ត​គោលនយោបាយ​នេះ បាន​រក​ឃើញ​ថា ក្រុមហ៊ុន​វិនិយោគ​តែង​មិន​បាន​គោរព​តាម​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា​នោះ​ទេ ហើយ​សម្បទាន​ជា​ច្រើន​មាន​ទំហំ​លើស​ពី​មួយ​ម៉ឺន​ហិកតារ​ដែល​ច្បាប់​បាន​កំណត់ និង​ធ្វើ​លើ​ផ្ទៃដី​ដែល​ច្បាប់​ហាមឃាត់។

ស្រប​ពេល​រដ្ឋាភិបាល​កំណត់​ឡើង​វិញ​លើ​រយៈពេល​កិច្ចសន្យា​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក៏​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចំនួន ១៦ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​សរុប​ជាង ៩​ម៉ឺន​ហិកតារ ក្នុង​ខេត្ត​មណ្ឌលគិរី រតនគិរី និង​កំពង់ស្ពឺ ចុះ​កិច្ចសន្យា​ឡើង​វិញ និង​បន្ថយ​រយៈពេល​វិនិយោគ​មក​នៅ​ត្រឹម ៥០​ឆ្នាំ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​បរិស្ថាន​នៅ​ពេល​នេះ ឲ្យ​ដឹង​ដែរ​ថា ក្រសួង​បាន​ពិនិត្យ និង​វាយ​តម្លៃ​គម្រោង​វិនិយោគ​ទាំង​អស់​បាន​ចំនួន ១១៣​គម្រោង លើ​ផ្ទៃដី​សរុប​ជាង ៦២​ម៉ឺន​ហិកតារ។ ក្នុង​នោះ​រដ្ឋាភិបាល​បាន​សម្រេច​ដក​ហូត​សិទ្ធិ​វិនិយោគ​ពី​គម្រោង​របស់​ក្រុមហ៊ុន​ចំនួន ២៣ លើ​ផ្ទៃ​ដី​សរុប​ជាង ៩​ម៉ឺន​ហិកតារ ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នោះ​មិន​បាន​គោរព​តាម​គោលការណ៍ និង​នីតិវិធី​ដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា។

ជុំវិញ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ស្ដីពី​ការ​កែប្រែ​រយៈពេល​អនុវត្ត​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​មក​នៅ​ត្រឹម ៥០​ឆ្នាំ​នេះ យើង​មិន​ទាន់​សង្កេត​ឃើញ​មាន​ប្រតិកម្ម​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​កន្លង​មក​នោះ​ទេ។ វិទ្យុ​អាស៊ីសេរី នឹង​បន្ត​តាមដាន​ការ​វិវត្ត​នៃ​រឿង​នេះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ក្រោយៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

ផល់​សារ៉ាន់

ពី កំពង់ស្ពឺ

គួតែបន្ថយអោយតិចជាងនេះទៀតទើបល្អ

Jul 29, 2015 08:56 AM

អ្នក​អាន​អនាមិក

៥០ឆ្នាំក៏នៅតែយូរដែរ!!!!

Jul 29, 2015 02:53 AM

ភវរ័្មន

ពី បាវិត

ទោះ​ជា​ដាក់​ប៉ុន្មាន​ឆ្នាំ​ក៏​នៅ​តែ​ជា​នយោបាយ​បាត់​​បង់ទឹក​ដី​ដ៏​ល្ងង់​ខ្លៅ​​តែ​​ដដែល​ហ្នឹង! ​វា​ជា​ការ​​ប្រគល់​​ទឹកដីឲ្យ​ទៅ​បរទេស​ធ្វើ​ជា​ម្ចាស់ក្នុង​តម្លៃ​​ដ៏ថោក​ ជា​ពិសេស​​វា​ជា​​នយោបាយ​យួន​ឈ្លានពាន​យក​ទឹក​ដី​ខ្មែរ​ដោយ​ស្រប​ច្បាប់​! ​មានអ្វី​ពិបាក​យល់​គិត​តែ​អត្ថន័យ​នែ​​ពាក្ស​សម្បទាន​គឺ​យើង​យល់​​ថា​ជា​គំនិត​ដ៏ល្ងង់​ខ្លៅយ៉ាង​ច្បាស់​!
តាម​​ វចនានុក្រម​ខ្មែរ​សម្ដេច​សង្ឃ​ជួន​ណាន សម្បទាន​​មានន័យ​ថា​៖ ការ​ប្រគល់​ឲ្យ, ការ​ឲ្យ​ដល់​ដៃ; ការ​ឲ្យ​ដាច់; ការ​ទទួល​អំណោយ: ដី​សម្បទាន, ទ្រព្យ​សម្បទាន ដី, ទ្រព្យ​ដែល​ឲ្យ​ដាច់ ។ និយាយ​ឲ្យ
ខ្លី​មានន័យ​ថា ឲ្យដាច់​មិនបាច់​សង!

Jul 29, 2015 02:29 AM

អ្នក​អាន​អនាមិក

បន្ថយនៅតែ២០ឆ្នាំក៏វាល្មមនឹងលាយព្រៃដែរ

Jul 29, 2015 02:28 AM

អ្នក​អាន​អនាមិក

មនុស្សឡប់កែមឡីម្នាក់នេះនិយាយឡឺកឺៗ មិនគិតគូរពីជោគ វាសនាប្រទេសជាតិ គេខំតវ៉ាឲ្យលប់បំបាត់សម្បទានបែបនេះ យូរមកហើយជាពិសេសជាមួយយួនដើម្បីការពារទឹកដី ពិសេស តំបន់វិនិយោគដែលជាប់ព្រំដែនខ្មែរយួន បែទៅជាកែមឡី និយាយថាអាចនឹងប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគឯណោះ ទៅវិញឆ្កុយ។ សួថា បើប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និង យួនយកដី មួយណាសំខាន់ជាង ហ៊ឹះអាមនុស្សឡប់សតិ និយាយដើម្បីតែនិយាយ គ្មានន័យសំរាប់ជាតិទាល់តែសោះ អញ្ចឹងតាំងខ្លួនជាអ្នកនយោបាយផង។ ប៉ុន្តែសំរាប់យួន កុំថា ឡើយ៥០ឆ្នាំ តែត្រឹម២០ឆ្នាំក៏យួនលេបទឹកដីយើងបានដែរ។ យើងមើលតាមតំបន់ជាប់ព្រំដែនជាច្រើនកន្លែងដែលយួនទើប មកនៅថ្មីៗ ក៏ហ៊ុនសែន មិនហ៊ានដេញទៅវិញផង សុខចិត្តបោះ បង្គោលព្រំដែនចូលមកក្នុងប្រទេសដែលបង្កើតផែនទីធ្មេញរណា ចុះទំរាំ៥០ឆ្នាំ ពេលយួនវាកើតកូនមក វាថាវាកើតនៅទីនេះ៥០ឆ្នាំ មកហើយ តើយួនព្រមចេញទីវិញទេ ៥០ឆ្នាំវាអាចបង្កើតហេដ្ឋា រចនាសម្ព័ន្ធគ្រប់បែបយ៉ាង និងចាក់ឬសយ៉ាងរឹងមាំទៀតផង ដូចជាផ្ទះ សាលា រៀន វត្តអារាម មន្ទីរពេទ្យ ផ្នូខ្មោច ។ល។

Jul 29, 2015 01:46 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល