សិស្ស​ក្រីក្រ​ជាប់​និទ្ទេស​អេ​នៅ​ខេត្ត​ស្វាយរៀង​បារម្ភ​ពី​ការ​សិក្សា​នៅ​មហាវិទ្យាល័យ

ដោយ ថា កិត្យា
2015-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវ​សិស្ស សូ ប៉ូរ៉ាន អង្គុយ​លើ​គ្រែ​នៅ​ជិត​ចេតិយ​ក្នុង​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ រាជធានី​ភ្នំពេញ កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
យុវ​សិស្ស សូ ប៉ូរ៉ាន អង្គុយ​លើ​គ្រែ​នៅ​ជិត​ចេតិយ​ក្នុង​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ រាជធានី​ភ្នំពេញ កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Tha Kitya

ទាញ​យក​កម្មវីធី

យុវ​សិស្ស​ក្រីក្រ​ជាប់​និទ្ទេស​អេ (A) ម្នាក់​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប នៅ​ខេត្ត​ស្វាយរៀង កំពុង​ជួប​ការ​លំបាក​អំពី​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ពេល​មក​ស្នាក់នៅ​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ។ តាម​ស្ថានភាព​ជាក់ស្តែង យុវ​សិស្ស​ក្រីក្រ​ម្នាក់​នេះ ពិត​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​ទ្រទ្រង់​ការ​សិក្សា​ពី​សប្បុរសជន។

តើ​យុវជន​ប្រឡង​ជាប់​និទ្ទេស​អេ មក​ពី​គ្រួសារ​ក្រីក្រ​រូប​នេះ ប្រឈម​នឹង​ការ​លំបាក​អ្វី​ខ្លះ​នៅ​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​នោះ?

មាន​វ័យ ១៨​ឆ្នាំ សូ ប៉ូរ៉ាន គឺ​ជា​យុវ​សិស្ស​ពូកែ​តែ​ម្នាក់​គត់ ដែល​ធ្វើ​ឲ្យ​ខេត្ត​ស្វាយរៀង មាន​មោទនភាព ដោយ​ទទួល​បាន​និទ្ទេស​អេ មាន​លំដាប់​ពិន្ទុ​ដល់​ទៅ ៩៩,៩២២ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​ឆ្នាំ​២០១៥ នេះ។

បច្ចុប្បន្ន យុវ​សិស្ស​ក្រីក្រ​រូប​នេះ កំពុង​ស្នាក់នៅ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ ក្រុង​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ។ ពាក់ព័ន្ធ​ជម្រើស​ជំនាញ​សិក្សា​នោះ ប៉ូរ៉ាន ឲ្យ​ដឹង​ថា នឹង​រៀន​ជំនាញ​វិស្វករ​ខាង​ចំណី​អាហារ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​ហៅ​ថា សាលា​តិច​ណូ។

ទោះ​យ៉ាង​ណា សិស្ស​ឆ្នើម​រូប​នេះ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ជោគ​វាសនា​នៃ​ការ​សិក្សា​របស់​ខ្លួន ខ្លាច​មិន​ដំណើរ​ការ​ល្អ ដោយសារ​ខ្វះ​ប្រាក់​ចាយ​ប្រចាំ​ថ្ងៃ និង​ទិញ​សម្ភារៈ​សិក្សា ថ្វី​ដ្បិត​រូប​គេ​ទទួល​បាន​អាហារូបករណ៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​សិក្សា​នៅ​មហាវិទ្យាល័យ​មិន​បង់​ប្រាក់​ក្ដី៖ «ព្រោះ​រៀន​នៅ​សាលា​តិច​ណូ វា​ត្រូវ​ចំណាយ​ពេល​យូរ ហើយ​ត្រូវ​រៀន​មួយ​ថ្ងៃ​ពេញ​ទៀត ដូច្នេះ​ខ្លាច​តែ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ហ្នឹង​អត់​អាច​ទៅ​រួច ព្រោះ​យើង​ត្រូវ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ។ អ៊ីចឹង​ការ​រៀន​មួយ​ថ្ងៃ​ពេញ​នេះ យើង​គ្មាន​ពេល​រក​ប្រាក់​ចំណូល ពឹង​គ្រួសារ ពិបាក​ដែរ ព្រោះ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​គាត់​ធ្វើ​តែ​ស្រែ​តាម​រដូវ​វស្សា ហើយ​បង​ប្រុស​មាន​ប្រពន្ធ​ហើយ ចំណែក​បង​ស្រី​គាត់​ធ្វើ​ការ​រោងចក្រ បាន​ប្រាក់​ខែ​តិចតួច អ៊ីចឹង​ខ្លាច​តែ​គាត់​អត់​អាច​ជួយ​ខ្ញុំ​បាន»

យុវ​សិស្ស សូ ប៉ូរ៉ាន កើត​នៅ​ឆ្នាំ​១៩៩៧ ក្នុង​ភូមិ​ស្វាយតាភ្ល ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង មាន​បង​ប្អូន​ចំនួន ៧​នាក់ ដោយ​រូប​គេ​ជា​កូន​ពៅ។ យុវជន​រូប​នេះ​មាន​អាយុ ១៨​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ឈ្មោះ សូ សារ៉ុម អាយុ ៥៦​ឆ្នាំ ជា​អ្នក​ចាក់​មេក្រូ​វត្ត ចំណែក​ឯ​ម្ដាយ​ឈ្មោះ អាំ សារិ អាយុ ៥៦​ឆ្នាំ មាន​មុខ​របរ​ធ្វើ​ស្រែ។

កំពុង​ជញ្ជូន​ឧស​ដាក់​ក្នុង​ផ្ទះ​បាយ ខណៈ​មេឃ​រក​កល​ចង់​ភ្លៀង​នោះ ម្តាយ​របស់ ប៉ូរ៉ាន ឲ្យ​ដឹង​ថា គាត់​គ្មាន​សមត្ថភាព​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​នោះ​ទេ ហើយ​គាត់​កំពុង​តែ​មាន​ជំងឺ​ប្រចាំ​កាយ​ផង។ ទោះ​កូន​របស់​គាត់​រៀន​ពូកែ​ក្ដី ដោយ​អ្នកស្រី​លើក​ឡើង​ក្នុង​ទឹក​មុខ​ក្រៀមក្រំ​ថា កូន​របស់​គាត់​ផ្សង​ព្រេង​ទៅ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​នេះ គឺ​ប្រហែល​ជា​ត្រូវ​ពឹង​លើ​ការ​ប្រឹងប្រែង​ក្នុង​ការ​ស្វះ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​នានា ព្រោះ​ថា គាត់​មិន​ចង់​ឲ្យ​កូន​បោះបង់​ការ​សិក្សា​នោះ​ទេ ដោយ​ចង់​ឲ្យ​កូន​របស់​អ្នកស្រី ប្រែ​ក្លាយ​អនាគត​ខ្លួន​ដូច​យុវជន​មួយ​ចំនួន​ទៀត ដែល​ជោគជ័យ​នៅ​ក្នុង​ការ​សិក្សា និង​ការងារ​នោះ៖ «ខ្ញុំ​អត់​ទាន់​បាន​ឲ្យ​លុយ​កូន​ដែល​ទៅ​រៀន​នៅ​ភ្នំពេញ​ផង ឲ្យ​តែ​លុយ​ដែល​គេ​ឧបត្ថម្ភ​ហ្នឹង។ ហើយ​ឥឡូវ​នេះ មិន​ដឹង​ជា​ពឹង​អ្នក​ណា​ទៀត ហើយ​បើ​អ្នក​ណា​គេ​អាណិត​មាន​ចិត្ត​ជួយៗ​ទៅ»

ងាក​ទៅ​និយាយ​ពី​ប្រវត្តិ​តស៊ូ​សិក្សា​កាល​នៅ​វិទ្យាល័យ​របស់ ប៉ូរ៉ាន វិញ គឺ​អ្នក​ភូមិ​ស្វាយតាភ្ល តែង​តែ​ឃើញ ប៉ូរ៉ាន ខ្ចប់​បាយ ជិះ​កង់​ចេញ​ពី​ផ្ទះ​នៅ​ម៉ោង ៥​កន្លះ​ព្រឹក​ទៅ​រៀន​នៅ​វិទ្យាល័យ​ក្រុង​ស្វាយរៀង រហូត​ដល់​ម៉ោង ៧​កន្លះ ទៅ​ម៉ោង ៨​យប់ ទើប​ត្រឡប់​ដល់​ផ្ទះ​វិញ តាម​ផ្លូវ​ស្ងាត់​ដាច់​ស្រយាល​ប្រមាណ ៤​គីឡូ​ម៉ែត្រ។

ឪពុក​ម្ដាយ​របស់​យុវ​សិស្ស សូ ប៉ូរ៉ាន នៅ​ភូមិ​ស្វាយតាភ្ល ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៥ RFA/Tha Kitya
ឪពុក​ម្ដាយ​របស់​យុវ​សិស្ស សូ ប៉ូរ៉ាន នៅ​ភូមិ​ស្វាយតាភ្ល ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៥ RFA/Tha Kitya

មេ​ភូមិ​ស្វាយតាភ្ល លោក ពៅ សុន សម្ដែង​ការ​ត្រេកអរ​ចំពោះ​ជ័យ​លាភី​របស់ ប៉ូរ៉ាន ដែល​ជួយ​លើក​មុខ​មាត់​អ្នក​ភូមិ​របស់​លោក និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​យុវ​សិស្ស​ដទៃ​ទៀត ឲ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា។ លោក​ឲ្យ​ដឹង​ដែរ​ថា យុវ​សិស្ស​នេះ​ជា​អ្នក​ព្យាយាម​សិក្សា​តាំង​ពី​ថ្នាក់​បឋម​ម្ល៉េះ បើ​ទោះ​បី​ជា​ឪពុក​ម្ដាយ​ជា​មនុស្ស​ក្រីក្រ​ខ្វះ​ចំណេះ​ដឹង​ក្តី៖ «ក្មេង​មួយ​នេះ​ខុស​គេ មិន​សូវ​ចេះ​លេង​សើច និង​ដើរ​លេង​ទេ។ គ្រូ​នាយក​សរសើរ​ថា ក្មេង​មួយ​នេះ​ចំណាប់​តាំង​ពី​បឋម​ទៅ ហើយ​ទៅ​រៀន​នៅ​វិទ្យាល័យ គឺ​ជិះ​កង់​រហូត​ទាល់​តែ​ចប់។ ម៉ែ​ឪ​គ្មាន​អី​ទេ ហើយ​អា​ពុក​ហ្នឹង​ឈឺ​ប្រចាំ​ថ្ងៃ»

ជាមួយ​គ្នា​នេះ លោក​មេ​ភូមិ​អំពាវនាវ​ឲ្យ​សប្បុរសជន បន្ត​ជួយ​ឧបត្ថម្ភ​ដល់​យុវ​សិស្ស​ក្រីក្រ​នេះ​ផង ដើម្បី​កុំ​ឲ្យ​គាត់​បោះបង់​ការ​សិក្សា​ពាក់​កណ្ដាល​ទី ព្រោះ​លោក​សង្ឃឹម​ថា យុវជន​រូប​នេះ​នឹង​ក្លាយ​ជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ​ដ៏​ល្អ​មួយ​នៅ​ថ្ងៃ​អនាគត។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ប៉ូរ៉ាន ក៏​បាន​បង្ហាញ​បទពិសោធន៍​ខ្លះ​នៃ​ការ​សិក្សា ដើម្បី​ទទួល​បាន​និទ្ទេស​ល្អ​នោះ គឺ​ត្រូវ​បែង​ចែក​ពេលវេលា​សិក្សា និង​មុខវិជ្ជា​ឲ្យ​បាន​ច្បាស់លាស់៖ «កាល​នៅ​រៀន​ហ្នឹង គឺ​ខ្ញុំ​បាន​ចែក​ពេល ព្រោះ​ពេល​ដែល​គេ​រៀន​គួរ គឺ​ខ្ញុំ​រៀន​ខ្លួន​ឯង ហើយ​ពេល​យប់​ទៀត គឺ​ខ្ញុំ​ចែក​កាលវិភាគ​រៀន​នៅ​ពេល​យប់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គ្រប់​មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង មិន​ត្រូវ​ចោល​មួយ​មុខ​ណា​នោះ​ទេ»

សិស្ស​ប្រឡង​ជាប់​និទ្ទេស​អេ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​សិក្សា​២០១៤-២០១៥ ទូទាំង​ប្រទេស​មាន​ចំនួន ១០៨​នាក់ ហើយ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​មក​ជួប​ផ្ទាល់​ក្នុង​ក្រុង​ភ្នំពេញ ដោយ​ផ្ដល់​ថវិកា​ម្នាក់ៗ​ចំនួន ២​លាន​រៀល និង​ចែក​ថេបឡេត (Tablet Samsung) ម្នាក់ ១​គ្រឿង​ទៀត​ជា​ការ​លើក​ទឹក​ចិត្ត។

សម្រាប់​ខេត្ត​ស្វាយរៀង មាន​តែ​សិស្ស​ម្នាក់​គត់​ដែល​ប្រឡង​ជាប់​និទ្ទេស​អេ គឺ​យុវ​សិស្ស សូ ប៉ូរ៉ាន ទោះ​បី​ជា​យុវជន​រូប​នេះ បាន​ប្រឡង​ជាប់​និទ្ទេស​ល្អ​ក្ដី ក៏ប៉ុន្តែ​នៅ​ពេល​នេះ ប៉ូរ៉ាន កំពុង​ប្រឈម​នឹង​ហានិភ័យ ឬ​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ប្រឹងប្រែង​រស់នៅ​ទីក្រុង​ភ្នំពេញ ដែល​ជា​ទឹក​ដី​ថ្មី និង​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​លើ​ការ​សិក្សា នៅ​ខណៈ​ដែល​ជីវភាព​គ្រួសារ​របស់​គាត់​ទីទ័លក្រ គ្មាន​លទ្ធភាព​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដូច​អ្នក​ដទៃ​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Only one student in Svay Rieng province who graduated with A that is great.How many rich people including governor,mayor etc...who has a lot money cannot support him ?Thai is ridiculous.

Sep 30, 2015 11:13 PM

គេហទំព័រ​ទាំងមូល