មន្ត្រី​ក្រសួង​ធម្មការ៖ ព្រះសង្ឃ គៀត ច័ន្ទធុច ត្រូវ​ដក​ចេញ​ពី​តំណែង​ព្រះ​មេគណ​ខេត្ត

ដោយ ដែន អយុធ្យា
2015-06-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ គៀត ច័ន្ទធុច ព្រះ​ចៅ​អធិការ​វត្ត​លើ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០១៥។
ព្រះតេជព្រះគុណ គៀត ច័ន្ទធុច ព្រះ​ចៅ​អធិការ​វត្ត​លើ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​អះអាង​ថា ព្រះចៅ​អធិការ​វត្ត​ជោតិញាណ ហៅ​វត្ត​លើ នា​ខេត្ត​ព្រះសីហនុ ព្រះនាម គៀត ច័ន្ទធុច ត្រូវ​បាន​ដក​តំណែង​ពី​ព្រះ​មេគណ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ឲ្យ​បន្ត​បួស​ជា​សង្ឃ និង​មាន​តួនាទី​ជា​ព្រះចៅ​អធិការ​គ្រប់គ្រង​វត្ត​លើ ដដែល។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ខេត្ត​ព្រះសីហនុ មិន​យល់​ស្រប​នឹង​សេចក្ដី​សម្រេច​របស់​មន្ត្រី​គណៈ​សង្ឃ​នាយក​នោះ​ទេ ហើយ​ស្នើ​ឲ្យ​មន្ត្រី​គណៈ​សង្ឃ​នាយក និង​ស្ថាប័ន​ពាក់ព័ន្ធ ផ្សឹក​ព្រះសង្ឃ នាម គៀត ច័ន្ទធុច ដោយ​ចោទ​ថា ព្រះសង្ឃ​អង្គ​នេះ បាន​ប្រព្រឹត្តិ​ខុស​វិន័យ​សង្ឃ​ធ្ងន់ធ្ងរ មាន​ឆាន់​ស្រា និង​ប្រើ​ហិង្សា​នៅ​ក្នុង​ទី​អារាម​ជាដើម។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី  មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ឬ​កិច្ចប្រជុំ​របស់​មន្ត្រី​គណៈ​សង្ឃ​នាយក ឬ​សភា​សង្ឃ ទៅ​លើ​បទ​ចោទ​ព្រះ​មេគណ​ខេត្ត​ព្រះសីហនុ និង​ជា​ចៅអធិការ​វត្ត​ជោតិញាណ ហៅ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ ឬ​ព្រះពុទ្ធ​សាសនា មាន​ឆាន់​ស្រា​ជា​ដើម​នោះ បាន​បញ្ចប់ និង​ចេញ​លទ្ធផល​ហើយ។ មាន​ប្រសាសន៍​មិន​ឲ្យ​ចាក់​ផ្សាយ​សំឡេង លោក សេង សុមុនី បញ្ជាក់​ថា មន្ត្រី​គណៈ​សង្ឃ​នាយក​បាន​សម្រេច​ដក​តួនាទី​ព្រះសង្ឃ គៀត ច័ន្ទធុច ចេញ​ពី​តំណែង​ព្រះ​មេគណ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​បាន​បន្ត​ឲ្យ​បួស​ជា​សង្ឃ និង​រក្សាទុក​តួនាទី​ចៅអធិការ​វត្ត​លើ ឲ្យ​នៅ​ដដែល។

លោក​ថា ការ​អនុញ្ញាត​ឲ្យ​​ព្រះសង្ឃ គៀត ច័ន្ទធុច បន្ត​បួស​ជា​សង្ឃ ដោយសារ​តែ​ទោស​កំហុស​របស់​ព្រះសង្ឃ​អង្គ​នេះ មិន​ធ្ងន់ធ្ងរ​ដល់​ត្រូវ​ចាប់​ផ្សឹក​នោះ​ទេ ហើយ​ថា ព្រះសង្ឃ គៀត ច័ន្ទធុច បាន​លាលែង​តួនាទី​ពី​មេគណ​ខេត្ត​ព្រះសីហនុ ដោយ​អង្គ​ឯង។

​ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​រាជការ និង​ប្រជា​ពុទ្ធបរិស័ទ​ខេត្ត​ព្រះសីហនុ ភាគ​ច្រើន​មិន​គាំទ្រ​ចំពោះ​លទ្ធផល ឬ​សេចក្ដី​សម្រេច​របស់​មន្ត្រី​គណៈ​សង្ឃ​នាយក​ទៅ​លើ​កំហុស​ឆ្គង​របស់​ព្រះសង្ឃ គៀត ច័ន្ទធុច ដែល​បាន​ប្រព្រឹត្ត​ប្រាសចាក​វិន័យ​សង្ឃ ឬ​ព្រះពុទ្ធ​សាសនា​យូរ​ឆ្នាំ​នេះ​ទេ។

ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​នា​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ទស្សនៈ និង​ស្នើ​ដល់​មន្ត្រី​គណៈ​សង្ឃ​នាយក​ត្រូវ​តែ​ចាប់​ផ្សឹក​ព្រះសង្ឃ នាម គៀត ច័ន្ទធុច ឲ្យ​មក​ជា​ជន​សាមញ្ញ វិញ ព្រោះ​សង្កេត​ឃើញ​ថា កន្លង​មក​ព្រះសង្ឃ គៀត ច័ន្ទធុច បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា​យូរ​ឆ្នាំ មាន​ដូចជា ឆាន់​ស្រា​ជាប់​ជា​ប្រចាំ និង​មាន​ហិង្សា​ក្នុង​ខ្លួន​ដូច​មនុស្ស​កំរោល​ចូល នៅ​ពេល​ស្រវឹង​ស្រា​ម្តងៗ។

ផ្ដើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​មន្ត្រី​ចូល​និវត្តន៍​ដែល​បាន​ដឹង​ឮ​លើ​ករណី​នេះ ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​គណៈ​សង្ឃ​នាយក ឬ​សភា​សង្ឃ ត្រូវ​ផ្សឹក​ព្រះសង្ឃ​អង្គ​នេះ មិន​ឲ្យ​គ្រង​ស្បង់​ចីវរ​ជា​សង្ឃ​ទៀត​ទេ ព្រោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ធ្ងន់ធ្ងរ​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។

​ព្រះចៅ​អធិការ​វត្ត​លើ នាម គៀត ច័ន្ទធុច ត្រូវ​ប្រជា​ពុទ្ធ​បរិស័ទ និង​ព្រះសង្ឃ​អង្គ​ខ្លះ​គង់​ក្នុង​វត្ត​នេះ​ប្តឹង​ចោទ​ថា មាន​ប្រើ​ប្រាស់​អាវុធ និង​បាន​ឆាន់​គ្រឿង​ស្រវឹង​ជា​ប្រចាំ និង​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​តែង​ប្រើ​ថេរដីកា​ប្រមាថ រក​រឿង​ព្រះសង្ឃ ឬ​ដូនជី តាជី​មួយ​ចំនួន​គង់​ក្នុង​វត្ត​នេះ ពេល​ស្រវឹង​ស្រា​ជោកជាំ។

​ទោះ​យ៉ាង​ណា ព្រះសង្ឃ គៀត ច័ន្ទធុច ធ្លាប់​មាន​ថេរដីកា​បដិសេធ​ថា ព្រះអង្គ​មិន​បាន​ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ឬ​វិន័យ​សង្ឃ​ដូច​ការ​ចោទ​ទេ។ ធ្លាប់​មាន​តួនាទី​ជា​ព្រះ​មេគណ​ខេត្ត​ព្រះសីហនុ និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្ដេច​ព្រះសង្ឃ​រាជ្យ ទេព វង្ស ផង​នោះ ព្រះសង្ឃ គៀត ច័ន្ទធុច បាន​ចាត់​ទុក​ក្រុម​អ្នក​ចោទ​ព្រះអង្គ ថា​បាន​ឆាន់​ស្រា ឬ​មាន​ប្រើប្រាស់​អាវុធ​ជា​ដើម​នោះ ថា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម និង​ជា​ការ​មួលបង្កាច់​បង្ខូច​កិត្តិនាម​ព្រះអង្គ៖ «គឺ​ជា​ពាក្យ​បរិហារ ចោទ​ប្រកាន់​មក​លើ​អាត្មាភាព​ទេ។ មិន​ពិត​ទេ»

​ទោះ​ជា​បែប​នេះ​ក្តី លោក ឃុន សាវឿន មន្ត្រី​អង្កេត​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​បួស​ជា​សង្ឃ​ជិត ១០​ឆ្នាំ និង​កំពុង​តាមដាន​ករណី​ព្រះសង្ឃ គៀត ច័ន្ទធុច នេះ​ដែរ ក៏​ស្នើ​ដល់​មន្ត្រី​គណៈ​សង្ឃ​នាយក ត្រូវ​ពិចារណា​ទៅ​លើ​សេចក្ដី​សម្រេច​របស់​ខ្លួន ដែល​បន្ត​ឲ្យ​សង្ឃ​អង្គ​នេះ​បន្ត​គង់​នៅ​ក្នុង​វត្ត​លើ ហើយ​បន្ត​មាន​តួនាទី​ជា​ចៅ​អធិការ​វត្ត​នេះ​ដដែល។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បារម្ភ​ខ្លាច​វត្ត​លើ គ្មាន​ពុទ្ធ​បរិស័ទ​ចេញ ឬ​ចូល​ធ្វើ​បុណ្យ​ច្រើន​កុះករ ហើយ​អាច​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​អារាម​មួយ​នេះ និង​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា បើ​បន្ត​ឲ្យ​សង្ឃ គៀត ច័ន្ទធុច ដែល​អ្នក​ផល​ស្គាល់​ថា ជា​សង្ឃ​ឆាន់​ស្រា និង​មាន​ហិង្សា​ក្នុង​ខ្លួន​នោះ​បន្ត​គង់​នៅ​ក្នុង​វត្ត​នេះ​ទៀត​នោះ៖ «ព្រះសង្ឃ​បើ​ត្រឹម​ឆាន់​ស្រា តាម​ច្បាប់​សង្ឃ គឺ​មិន​អាច​ចាប់​ផ្សឹក​បាន​ទេ លុះត្រា​តែ​ព្រះសង្ឃ​អង្គ​នោះ បាន​ប្រព្រឹត្ត​រហូត​ដល់​បរាជិក ឬ​មាន​រួម​ភេទ​ជាមួយ​ស្រី​ជាដើម​ទើប​ចាប់​ផ្សឹក​បាន។ ដូច្នេះ​បើ​ត្រឹម​ឆាន់​ស្រា​មិន​អាច​ផ្សឹក​បាន​ទេ។ បញ្ហា​របស់​សង្ឃ គៀត ច័ន្ទធុច សព្វថ្ងៃ​នេះ គឺ​ទាក់ទង​ទៅ​នឹង​ការ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត។ ដូច្នេះ​ករណី​នេះ បើ​ពលរដ្ឋ​មិន​ពេញ​ចិត្ត ហើយ​មន្ត្រី​គណៈ​សង្ឃ​នាយក​បាន​អនុញ្ញាត​ឲ្យ​សង្ឃ​អង្គ​នេះ​បន្ត​គង់​ក្នុង​វត្ត​នេះ​ទៀត​នោះ បារម្ភ​ខ្លាច​ទៅ​ថ្ងៃ​ក្រោយ​មិន​មាន​មនុស្ស​ចូល​ធ្វើ​បុណ្យ​នៅ​វត្ត​នេះ​ត​ទៅ​ទៀត និង​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ទី​អារាម​មួយ​នេះ​មិន​ខាន»

​ត្រង់​ចំណុច​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា រាល់​សេចក្ដី​សម្រេច​ផ្សេងៗ ទាក់​ទាក់​ព្រះសង្ឃ គៀត ច័ន្ទធុច គឺ​ត្រូវ​រង់ចាំ​ចម្លើយ ឬ​លទ្ធផល​ពី​មន្ត្រី​គណៈ​សង្ឃ​នាយក​ជា​អ្នក​សម្រេច ជា​ពិសេស​លោក​ថា វត្តមាន​សង្ឃ​អង្គ​នេះ អាច​បន្ត​គង់​នៅ​វត្ត​លើ ជា​បន្ត​ទៀត ឬ​បែប​ណា​នោះ វា​អាស្រ័យ​ទៅ​លើ​ប្រជា​ពុទ្ធ​បរិស័ទ និង​ព្រះសង្ឃ​គង់​នៅ​វត្ត​លើ ទាំង​មូល​ជា​អ្នក​សម្រេច​នា​ថ្ងៃ​ខាង​មុខ។

​យ៉ាង​ណា​ក៏ដោយ លទ្ធផល​នៃ​សម្រេច​​ផ្សេងៗ ឬ​សេចក្ដី​សម្រេច​ចុង​ក្រោយ​ទៅ​លើ​សកម្មភាព​របស់​ព្រះសង្ឃ គៀត ច័ន្ទធុច ចៅ​អធិការ​វត្ត​លើ និង​ការ​រៀបចំ​វត្ត​លើ ឡើង​វិញ នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ក្រោយ​ពិធី​បុណ្យ​បូជាសព លោក ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ប្រធាន​ព្រឹទ្ធ​សភា បាន​បញ្ចប់ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Far sight

មនុស្សខ្លះរស់មួយជីវិតដើម្បីកិបកេងប្រវ័ញ្ចលួចជាតិ សម្រាប់ខ្លួននិងក្រុមគ្រួសារខ្លួន ព្រះតេជគុណ ធុច លះបង់គ្រួសារបំរើសាសនា ខិតខំកសាងវត្ត ជួយសង្គម ប្រទេសជាតិ បើថ្នាក់លើពិតជាមើលមិនយល់ច្បាស់ជឿតាមប្រថុចជនខិលខួចមួយចំនួន ប្រាកដជាខុសធ្ងន់ណាស់

Jun 19, 2015 09:41 AM

ជាតិ ខេមរៈ

ពី ភ្នំពេញ

<<មាន​ប្រើ​ប្រាស់​អាវុធ និង​បាន​ឆាន់​គ្រឿង​ស្រវឹង​ជា​ប្រចាំ និង​ច្រើន​ឆ្នាំ​មក​ហើយ...>> ចង់ក្រាញជាសង្ឃទៀតក៍គ្មានន័យដែរ។ សូមល្បង ចន្រ្ទ ធុច​ ផ្សឹកទៅ កុំឱ្យខូចថែមទៀត៕

Jun 19, 2015 02:55 AM

អ្នក​អាន​អនាមិក

ស្រុកខ្មែរ សូម្បីតែ លោកសង្ឃ ក៏មាន បក្សពួក មនុស្សខូច ការពារ ដែរ !

Jun 18, 2015 10:28 AM

គេហទំព័រ​ទាំងមូល