អនុវិទ្យាល័យ​ស្រែគរ​ក្នុង​ខេត្ត​ស្ទឹងត្រែង​គ្មាន​គ្រូ​មក​បង្រៀន​សិស្ស

ដោយ ប្រាជ្ញ ចេវ
2015-04-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុវិទ្យាល័យ​ស្រែគរ ដែល​គ្មាន​គ្រូបង្រៀន ឋិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៥
អនុវិទ្យាល័យ​ស្រែគរ ដែល​គ្មាន​គ្រូបង្រៀន ឋិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៥
RFA/Brach Chev

អនុវិទ្យាល័យ​មួយ​កន្លែង​ក្នុង​ខេត្ត​ស្ទឹងត្រែង គ្មាន​គ្រូ​មក​បង្រៀន​សិស្ស ដោយ​ហេតុ​ថា សិស្ស​មិន​ទាន់​មាន​ចំនួន​គ្រប់គ្រាន់​ដើម្បី​បង្រៀន។ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនោះ ស្នើ​ឲ្យ​មាន​គ្រូ​មក​បង្រៀន​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ។

តើ​កុមារ​នៅ​តំបន់​នោះ ត្រូវ​បោះបង់​ចោល​ការ​សិក្សា​ក្រោយ​បញ្ចប់​ថ្នាក់​បឋមសិក្សា​ឬ​យ៉ាង​ណា? ចំណែក​ក្រសួង​មាន​សមត្ថកិច្ច នឹង​អន្តរាគមន៍​យ៉ាង​ណា​លើ​រឿង​នេះ?

គេ​ធ្លាប់​តែ​ឮ​ថា សិស្ស​មិន​មក​រៀន​នៅ​តំបន់​មាន​សាលា​រៀន និង​គ្រូបង្រៀន ប៉ុន្តែ​សម្រាប់​អនុវិទ្យាល័យ​ស្រែគរ នៅ​ក្នុង​ស្រុក​សេសាន បែរ​ជា​គ្រូ​បោះបង់​ចោល​សិស្ស​មិន​មក​បង្រៀន ក្នុង​ពេល​ដែល​សាលា​មាន​ស្រាប់​ទៅ​ហើយ។

អនុវិទ្យាល័យ​ស្រែគរ គឺ​ជា​អគារ​មួយ​ខ្នង​មាន ៥​បន្ទប់ សភាព​សំណង់​មាន​គុណភាព​ល្អ គ្មាន​ស្នាម​ប្រេះ​អ្វី​នៅ​ឡើយ ប៉ុន្តែ​ព័ទ្ធ​ជុំ​ជិត​ដោយ​ស្មៅ និង​ដើម​ឈើ​តូចៗ ដោយសារ​សាលា​រៀន​នេះ​គ្មាន​លោកគ្រូ​អ្នកគ្រូ​មក​បង្រៀន ដោយ​ហេតុ​ចំនួន​សិស្ស​មិន​គ្រប់​ចំនួន។ ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា សាលា​រៀន​នេះ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​២០០២ ប៉ុន្តែ​ក្រោយ​មក​សិស្ស​ទៅ​រៀន​មិន​គ្រប់​ចំនួន ៤០​នាក់ មន្ទីរ​អប់រំ​មិន​បាន​បញ្ជូន​គ្រូ​ឲ្យ​បង្រៀន​ទេ។

លោកស្រី ឈុន ផាន់ ប្រាប់​ថា ដំបូង​នាយក​សាលា​ដើរ​ស្រង់​បញ្ជី​ឈ្មោះ​សិស្ស​ដែល​ត្រូវ​រៀន​នៅ​អនុវិទ្យាល័យ ប៉ុន្តែ​សិស្ស​មិន​គ្រប់​ចំនួន ទើប​គេ​មិន​បញ្ជូន​គ្រូ​មក​បង្រៀន។ ទោះ​បែប​នេះ​ក្តី លោកស្រី​ស្នើសុំ​ឲ្យ​មាន​លោកគ្រូ​អ្នកគ្រូ​មក​បង្រៀន​សិស្ស។ លោកស្រី ឈុន ផាន់ យល់​ឃើញ​ថា ប្រសិន​បើ​កូន​លោកស្រី​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ គឺ​មាន​ប្រយោជន៍​ទាំង​ក្នុង​ក្រុម​គ្រួសារ និង​សង្គម​ជាតិ៖ «បើ​សាលា​មាន​គ្រូបង្រៀន កូន​ទាំង​ពីរ​នាក់​ហ្នឹង គឺ​ពួក​គេ​ចូល​រៀន។ ចង់​កូន​រៀន​សូត្រ​ចេះ​ដឹង វា​ល្អ​ចំពោះ​គ្រួសារ និង​សង្គម​ទាំង​មូល»

សព្វថ្ងៃ អនុវិទ្យាល័យ​នេះ​មាន​តែ​អគារ ចំណែក​តុ កៅអី ឬ​ក្តារខៀន គឺ​គ្មាន​ទាំងអស់។ នៅ​ក្នុង​បន្ទប់​នីមួយៗ​ពោរពេញ​ដោយ​សំរាម និង​រូប​គំនូរ​ពេញ​ជញ្ជាំង​សាលា​រៀន។ នៅ​បរិវេណ​សាលា​មាន​អណ្ដូង​ទឹក បន្ទប់​ទឹក ដែល​ទុក​ចោល​គ្មាន​អ្នក​ប្រើ។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ឡាវ លោក ភូម៉ា ថាន់ ស្នើ​ឲ្យ​ក្រសួង​អប់រំ បញ្ជូន​គ្រូបង្រៀន​មក​សិស្ស​ឡើង​វិញ ព្រោះ​អ្នក​ភូមិ​ភាគ​ច្រើន​គ្មាន​លទ្ធភាព​ឲ្យ​កូន​ទៅ​រៀន​សាលា​ឆ្ងាយ​ពី​ភូមិ​ឃុំ​ទេ។ លោក ភូម៉ា ថាន់ ដែល​កូន​របស់​លោក​បោះបង់​ចោល​ការ​សិក្សា​ដោយ​គ្មាន​សាលា​រៀន​នោះ ចង់​ឲ្យ​កូន​ចៅ​លោក​រៀន​សូត្រ​ខ្ពង់ខ្ពស់ ព្រោះ​លោក​យល់​ថា បើ​មាន​ចំណេះ​ដឹង​ងាយ​ស្រួល​រក​ការងារ​ធ្វើ៖ «រៀន​ចេះ​ស្រួល​ត​ទៅ​មុខ គេ​រក​អ្នក​ចេះ​អក្សរ មិន​ចេះ​អក្សរ​គេ​មិន​យក​ទេ»

បន្ទប់​រៀន​នៃ​អនុវិទ្យាល័យ​ស្រែគរ ដែល​គ្មាន​គ្រូបង្រៀន ឋិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៥ RFA/Brach Chev
បន្ទប់​រៀន​នៃ​អនុវិទ្យាល័យ​ស្រែគរ ដែល​គ្មាន​គ្រូបង្រៀន ឋិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៥ RFA/Brach Chev

អនុវិទ្យាល័យ​នេះ​ឋិត​ក្នុង​តំបន់​រង​ផល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។ តាម​គម្រោង គេ​ត្រូវ​ជម្លៀស​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ចេញ ប៉ុន្តែ​ពលរដ្ឋ​ដែល​រស់នៅ​ទីនេះ​ភាគ​ច្រើន​មិន​ព្រម​ចាក​ចេញ។

យុវជន ហ៊ុង ធារី ដែល​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៦ សោកស្ដាយ​ដែល​មិន​បាន​រៀន​បន្ត ព្រោះ​គ្មាន​ប្រាក់​ទៅ​រៀន​នៅ​សាលា​ឆ្ងាយ។ ហ៊ុង ធារី នៅ​តែ​អះអាង​ថា ប្រសិន​បើ​អនុវិទ្យាល័យ​ស្រែគរ បើក​បង្រៀន​ឡើង​វិញ គេ​នឹង​បន្ត​ការ​សិក្សា៖ «ស្ដាយ​អត់​មាន​សាលា​រៀន អនុវិទ្យាល័យ ខ្ញុំ​ចង់​រៀន​បន្ត»

តាម​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រែគរ មាន​ពីរ​ភូមិ មាន​ពលរដ្ឋ​រស់នៅ​ជាង ៥០០​គ្រួសារ រួម​មាន​ជនជាតិ​ខ្មែរ ជនជាតិ​ដើម​ភាគ​តិច ឡាវ ព្នង និង​ព្រៅ។ ឃុំ​នេះ​មាន​សាលា​បឋមសិក្សា​មួយ​កន្លែង និង​មាន​សិស្ស​ទៅ​រៀន​ជា​ប្រចាំ។

ដើរ​ចង្អុល​បង្ហាញ​បន្ទប់​សិក្សា​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត មេ​ឃុំ​ស្រែគរ ស្រុក​សេសាន លោក សៀក មេគង្គ ប្រាប់​ថា លោក​បាន​ស្នើ​ទៅ​មន្ទីរ​អប់រំ​ខេត្ត​ចំនួន​បី​ដង​មក​ហើយ ប៉ុន្តែ​នៅ​តែ​គ្មាន​គ្រូ​មក​បង្រៀន​ដដែល ដោយសារ​លោក​ប្រធាន​មន្ទីរ​ឲ្យ​រក​សិស្ស​ឲ្យ​គ្រប់​ចំនួន ៤០​នាក់ ទើប​គេ​យក​គ្រូ​មក​ឲ្យ​បង្រៀន។ លោក​មេ​ឃុំ​បន្ត​ទៀត​ថា ទោះ​លោក​ប្រមូល​សិស្ស​ឲ្យ​មក​រៀន​បាន​ត្រឹម ៣០​នាក់ ក៏​មន្ទីរ​នៅ​តែ​មិន​ព្រម​បញ្ជូន​គ្រូ​មក​បង្រៀន៖ «ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ ខ្ញុំ​សោកស្ដាយ ព្រោះ​ក្មេង​រៀន​ចប់​បឋម​នៅ​ក្នុង​ណាស់»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ ប្រធាន​រដ្ឋបាល​សាលា​ស្រុក​សេសាន ទទួល​បន្ទុក​ផ្នែក​អប់រំ លោក គាម ជុងហៀម ពន្យល់​ថា អនុវិទ្យាល័យ​នេះ​កន្លង​មក​មាន​សិស្ស​មក​រៀន​តែ​ជាង ១០​នាក់។ ដូច្នេះ មិន​អាច​បញ្ជូន​គ្រូ​ឲ្យ​បង្រៀន​បន្ត​បាន​ទេ ព្រោះ​នៅ​អនុវិទ្យាល័យ​ត្រូវ​ការ​ច្រើន​ជំនាញ។ លោក​បន្ត​ថា មូលហេតុ​ដែល​ឃុំ​នេះ​ពុំ​សូវ​មាន​សិស្ស​រៀន​បន្ត ដោយសារ​កូន​អ្នក​ស្រុក​ច្រើន​តែ​រត់​ចោល​សាលា​ទៅ​រៀបការ​ទាំង​វ័យ​ក្មេង៖ «សិស្ស​អត់​គ្រប់​តាម​ចំនួន ម្យ៉ាង​ទៀត​សិស្ស​ក្នុង​ស្រុក ធំ​មិន​ទាន់​ទេ​រៀបការ​អស់​ហើយ»

ទោះ​បែប​នេះ​ក្តី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ថា បើ​មាន​សាលា​ត្រូវ​តែ​មាន​គ្រូ ទោះ​មាន​ចំនួន​សិស្ស​មិន​គ្រប់​ចំនួន​ក្តី។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន​នេះ លោក​នឹង​ស្រាវជ្រាវ​បន្ត​ដើម្បី​ឲ្យ​ដឹង​រឿង​ពិត៖ «បើ​មាន​សាលា​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង ចឹង​គេ​ត្រូវ​បញ្ជូន​គ្រូ​ទៅ​បង្រៀន ប៉ុន្តែ​ចាំ​ខ្ញុំ​តាមដាន​បន្ត​រឿង​នេះ»

សព្វថ្ងៃ កូន​អ្នក​ភូមិ​បោះបង់​ចោល​ការ​សិក្សា​ក្រោយ​រៀន​ចប់​សាលា​បឋមសិក្សា។ អ្នក​ជីវភាព​ធូរធារ គេ​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​បន្ត​នៅ​ស្រុក​សេសាន ឬ​ខេត្ត​ស្ទឹងត្រែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល