កម្មករ​រោង​ចក្រ​ ហ៊ឹង​ជីង​ បន្ត​ទាមទារ​ប្រាក់​រំលឹក​អតីតភាព​ការងារ ឯ​ថៅកែ​បង្ខំ​ឲ្យ​ក្រុម​កម្មករ​ផ្សេង​ទៀត​ចូល​ធ្វើការ

ដោយ មួង ណារ៉េត
2019-08-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ ហ៊ឹង ជីង (Hoeng Chhing) បន្ត​ការ​ទាមទារ​ប្រាក់​រម្លឹក​ការងារ​ពី​ថៅកែ នៅ​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ២០១៩។
កម្មករ​ ហ៊ឹង ជីង (Hoeng Chhing) បន្ត​ការ​ទាមទារ​ប្រាក់​រម្លឹក​ការងារ​ពី​ថៅកែ នៅ​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ កម្មករ

ក្រុម​កម្មករ​កាត់​ដេរ ​ដែល​ធ្វើ​ការ​អស់​ជា​ច្រើន​ឆ្នាំ នៅ​រោង​ចក្រ​ហ៊ឹងជីង ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ​នៅ​តែ​បន្ត​ការ​ទាមទារ​ឲ្យ​ថៅកែ​ចិន​ បើក​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​ឲ្យ​ពួកគេ​ឲ្យ​បាន​ឆាប់។ ការ​ទាមទារ​ប្រាក់​អតីតភាព​ការងារ​នេះ គឺ​ស្រប​ទៅ​តាម​ប្រកាស​របស់​ក្រសួង​ការងារ ដែល​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ​ បើក​ឲ្យ​កម្មករ​២ដង​ក្នុង​១​ឆ្នាំ ដោយ​គិត​ទៅ​តាម​ចំនួន​ឆ្នាំ​ដែល​ពួកគាត់​ធ្វើ​ការ​ជា​កម្មករ​ពេញ​សិទ្ធ។

ខាង​រដ្ឋបាល​រោងចក្រ ស្នើ​ឲ្យ​កម្មករ​ដែល​តវ៉ា​នេះ វិល​ចូល​ធ្វើការ​វិញ ទម្រាំ​ដល់​ទី៣០ ខែ​កញ្ញា ទើប​ក្រុមហ៊ុន​មាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ​បើក​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​ឲ្យ​ពួកគេ។ ប៉ុន្តែ​ខាង​កម្មករ​មិន​ព្រម​ទទួល​យក​សំណើ​នេះ ដោយ​តម្រូវ​ឲ្យ​ភាគី​ក្រុមហ៊ុន​បើក​ប្រាក់​ ឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់។

តំណាង​កម្មករ លោក គឹម ប្ញទ្ធី ថ្លែង​ថា ពួកគាត់​មាន​៥០​នាក់ មិន​រង់ចាំ​ដំណោះស្រាយ​ទៅ​តាម​ការ​សន្យា​របស់​ថៅកែ​ ​រហូត​ដល់​ខែ​ចុង​ខែ​កញ្ញា​នោះ​ទេ ព្រោះ​រោងចក្រ​ប្រហែល​ជា​អាច​នឹង​ត្រូវ​បិទ​ទ្វារ​នៅ​​ខែ​ក្រោយ។ លោក គឹម ប្ញទ្ធី​ បញ្ជាក់​ថា ពួកគាត់​នឹង​ចូល​ធ្វើ​ការ​វិញ នៅ​ពេល​ណា​ដែល​ខាង​ភាគី​រោងចក្រ​ទូទាត់​ប្រាក់​រំលឹក​អតីតភាព​ការងារ ជា​មុន​សិន​។

លោក គឹម ប្ញទ្ធី ស្នើ​ដល់​ក្រសួង​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​មក​ធ្វើ​ការ​ដោះស្រាយ​ជាមួយ​ភាគី​រោងចក្រ​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់​រំលឹក​អតីតភាព​ ដូច​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កន្លង​មក៖ «ស្នើ​ដល់​សម្ដេច​តេជោ ដែល​គាត់​ប្រកាស​ចេញ​មក​ហើយ​ ឲ្យ​សហគ្រាស​នានា​បើក​ឲ្យ​កម្មករ​។ សូម​ឲ្យ​គាត់​ជួយ​គោរព​តាម​ផង សូម​ឲ្យ​ខាង​បងៗ ក្រសួង​និង​រោងចក្រ​ធ្វើ​តាម​សេចក្ដី​ប្រាស​ហ្នឹង​ផង​បង។ អនុវត្ត​តាម​សេចក្ដី​ប្រកាស​ហ្នឹង កម្មករ​គាត់​ចង់​បាន​លុយ​របស់​គាត់​ដែរ។ គាត់​ធ្វើ​ការ​ដើម្បី​លុយ​អតីតភាព​ការងារ​ហ្នឹង គាត់​ធ្វើ​យូរ​ហើយ»

របប​ក្រុង​ភ្នំពេញ​ដាក់​ចេញ​សេចក្ដី​ប្រកាស​មួយ​ទៅ​ដល់​បណ្ដា​រោងចក្រ​កាត់​ដេរ​ទាំង​អស់ អំពី​ការ​បើក​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ ឲ្យ​បាន​២​ដង​ក្នុង ១ឆ្នាំ ក្រោយ​ពី​ឃើញ​មាន​បាតុកម្ម​ជា​ញឹកញាប់​តាម​បណ្ដា​រោង​ចក្រ​ជា​ច្រើន ទាមទារ​ចំណុច​នេះ។ គិត​មក​ដល់​នេះ ក្រុម​សហជីព​សង្កេត​ឃើញ​ថា ការ​អនុវត្ត​សេចក្ដី​ប្រកាស​នេះ នៅ​មិន​ទាន់​បាន​ពេញ​លេញ​នៅឡើយ ដោយ​សារ​ថៅកែ​រោង​ចក្រ​មួយ​ចំនួន​មិន​គោរព​តាម។

លោក គឹម ប្ញទ្ធី ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ពួកគាត់​ឈរ​តវ៉ា​នៅ​ពី​មុខ​រោង​ចក្រ ស្រាប់​តែ​ឃើញ​​ផ្នែក​រដ្ឋបាល និង​ថៅកែ​ ដើរ​ចេញ​ពី​ក្នុង​រោងចក្រ បង្ខំ​ឲ្យ​ក្រុម​កម្មករ​មួយ​ក្រុម​ទៀត​ដែល​ជាប់​កិច្ច​សន្យា​ខ្លី វិល​ចូល​ធ្វើការ​វិញ ប៉ុន្តែ​ពួក​គេ​មិន​ព្រម។ ក្នុង​ហេតុការណ៍​នោះ បណ្ដាល​ឲ្យ​កម្មការិនី ២នាក់​របួស​ត្រង់​ជើង ដោយ​សារ​ក្រុម​ខាង​ថៅកែ​រោង​ចក្រ​រុញ​ច្រាន​ពួកគេ​ឲ្យ​ប្រញាប់​ចូល​ធ្វើ​ការ។

រោងចក្រ (Hoeng Chhing Garment Factory) ដែល​មាន​ទី​តាំង​ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ គឺជា​ប្រភេទ​រោង​ចក្រ ​ដែល​ទទួល​យក​ផលិត​មិន​ទាន់​សម្រេច​ពី​រោងចក្រ​ដទៃ មក​ដេរ​បន្ត។ កម្មករ​សរុប​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​នេះ មាន ១៤០​នាក់។ កម្មករ​មួយ​ចំនួន​ជា​កម្មករ​ពេញ​សិទ្ធី មួយ​ចំនួន​ទៀត​ជា​កម្មករ​ជាប់​កិច្ច​សន្យា​រយៈពេល​ខ្លី និង​កម្មករ​ទទួល​បាន​ឈ្នួល​ប្រចាំ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល