កម្មករ​រោង​ចក្រ ហ៊ឹង ជីង ព្រម​ទទួល​យក​សំណង​ពី​ថៅកែ ដើម្បី​បញ្ចប់​វិវាទ​ការងារ

ដោយ មួង ណារ៉េត
2019-10-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោង​ចក្រ ហ៊ឹង ជីង (Hoeng Gin) នាំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ ទាមទារ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ។
កម្មករ​រោង​ចក្រ ហ៊ឹង ជីង (Hoeng Gin) នាំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ ទាមទារ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ។
រូប៖ សហជីព CCAWDU

គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​កូដកម្ម បាតុកម្ម​នៃ​ក្រសួង​ការងារ​ សម្រេច​ឲ្យ​ថៅកែ​រោង​ចក្រ​ ហ៊ឹង ជីង (Hoeng Gin) ជន​ជាតិ​ចិន ផ្ដល់​ប្រាក់​សំណង​ដល់​កម្មករ​ប្រមាណ​ ៥០នាក់ ​ដែល​តវ៉ា​ទាមទារ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ។ ក្រុម​កម្មករ ​ព្រម​ទទួល​សំណង​ជាង​ ៣ម៉ឺន​ដុល្លារ​ (៣២,៤០០) តាម​ការ​សម្រប​សម្រួល​ពី​ក្រសួង​ការងារ ដើម្បី​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ។

តំណាង​កម្មករ លោកស្រី ពៅ លីណា ឲ្យ​ដឹង​ថា ក្រសួង​ការងារ​នឹង​ទាក់ទង​ទៅ​ខាង​ថៅកែ​រោងចក្រ​បើក​ប្រាក់​សំណង​ឲ្យ​កម្មករ​ នៅ​ថ្ងៃ​ទី២១ ខែ​តុលា។ លោកស្រី​បន្ត​ថា ថវិកា​ទាំង​អស់​នឹង​បែង​ចែក​ឲ្យ​កម្មករ ​គិត​ទៅ​តាម​ចំនួន​ឆ្នាំ​ធ្វើការ ដោយ​ទទួល​បាន ១០៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៖ «ឧទាហរណ៍​ថា ខ្ញុំ​៩​ឆ្នាំ យក​១០៥ គុណ​នឹង ៩ឆ្នាំ​អ៊ីចឹង​ បាន​ប៉ុន្មាន។ និយាយ​បើ​គិត​ក្នុង​រយៈពេល​ដែល​ពួក​ខ្ញុំ​អត់​ការងារ​ធ្វើ​ហ្នឹង គ្មាន​ទៅ​បាន​អី​ចំណេញ​ទេ។ និយាយ​ទៅ​វា​ចូល​ក្បាល​បី​ខែ វា​ស្នើ​នឹង​លុយ​ដែល​យើង​ដេក​ស៊ី​បី​ខែ​ហ្នឹង​ដែរ។ វា​មិន​បាន​យក​មក​ប៉ុណ្ណឹង​ គ្រប់គ្រាន់​ទេ។ ប៉ុន្តែ​យើង​សុខ​ចិត្ត​បញ្ចប់​ត្រឹម​ហ្នឹង​ទៅ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​ច្រើន​ទៀត​អ៊ីចឹង ព្រោះ​ដេក​ចាំ​ក្នុង​រោងចក្រ​ហ្នឹង វា​យូរ​ដែរ។ ខ្ញុំ​សួរ​កម្មករ​គ្នា​ឯង​អ៊ីចឹង គាត់​ក៏​ព្រម​យក​ប៉ុណ្ណឹង បញ្ចប់​ព្រោះ​អស់​សមត្ថភាព​ដេក​យាម​ហើយ ព្រោះ​ភ្លើង​ក៏​ផ្ដាច់ ទឹក​ក៏​ផ្ដាច់ ខ្លាច​មាន​បញ្ហា​ ដូច​ជំងឺ​គ្រុនឈាម»

វិវាទ​ការងារ​រវាង​កម្មករ​ និង​ថៅកែ​រោង​ចក្រ អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ៣ខែ​ហើយ ដោយសារ​ថៅកែមិន​បាន​បើក​ប្រាក់​ឈ្នួល ​រួម​នឹង​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​ឲ្យ​កម្មករ​ទាន់​ពេល​វេលា​ គិត​ចាប់​តាំង​ពី​ខែ​កក្កដា​កន្លង​មក។ ក្នុង​កំឡុង​ពេល​នោះ ​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​នៅ​មុខ​រោង​ចក្រ​ និង​ដាក់​វេន​គ្នា​ដេក​យាម​រោងចក្រ ដោយ​ខ្លាច​ថៅកែ​លួច​បញ្ជូន​សម្ភារៈ​ចេញ​ពី​រោងចក្រ។

រោងចក្រ​ (Hoeng Gin Garment Factory) ដែល​មាន​ទី​តាំង​ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ គឺ​ជា​រោងចក្រ ​ដែល​ទទួល​យក​ផលិតផល​មិន​ទាន់​សម្រេច​ពី​រោងចក្រ​ដទៃ មក​ផលិត​បន្ត ដោយ​មាន​កម្មករ​ធ្វើ​ការ​សរុប​ ១៥០​នាក់។ កម្មករ​មួយ​ចំនួន​ជា​កម្មករ​ពេញ​សិទ្ធិ​ធ្វើការ​ចាប់​ពី ៣ឆ្នាំ​ដល់ ៩ឆ្នាំ កម្មករ​ខ្លះ​ជាប់​កិច្ច​សន្យា​រយៈ​ពេល​ខ្លី និង​កម្មករ​ខ្លះ​ទៀត ជា​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ៕