កម្មករ​រោងចក្រ ហុង ស៊ីង សុំ​ក្រសួង​ឱ្យ​ជួយ​សម្រួល​នីតិវិធី​​លក់​ឡាយឡុង​សម្ភារៈ ក្រោយ​ឱសានវាទ ១០ថ្ងៃ ថៅកែ​មិន​ព្រម​ចូល​ដោះ​ស្រាយ

ដោយ អាស៊ីសេរី
2020-03-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​សិប្បកម្ម​តម្បាញ ហុង ស៊ីង ចំនួន ១៩០នាក់ នាំ​ដេក​យាម​ផ្លូវ​មុខ​រោង​សិប្បកម្ម​ទាំង​ថ្ងៃ​ទាំង​យប់ ទាមទារ​ប្រាក់​សំណង​អតីតភាព ប្រាក់​បំណាច់ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត បន្ទាប់​ពី​ថៅកែ​រត់​ចោល តាំង​ពី​ថ្ងៃ​ទី៩ ធ្នូ​មក។
កម្មករ​សិប្បកម្ម​តម្បាញ ហុង ស៊ីង ចំនួន ១៩០នាក់ នាំ​ដេក​យាម​ផ្លូវ​មុខ​រោង​សិប្បកម្ម​ទាំង​ថ្ងៃ​ទាំង​យប់ ទាមទារ​ប្រាក់​សំណង​អតីតភាព ប្រាក់​បំណាច់ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត បន្ទាប់​ពី​ថៅកែ​រត់​ចោល តាំង​ពី​ថ្ងៃ​ទី៩ ធ្នូ​មក។
រូប៖ កម្មករ

កម្មករ​រោងចក្រ​ ហុង ស៊ីង (Hong Xing) នៅ​ខណ្ឌ​មានជ័យ ស្នើសុំ​ឲ្យ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ជួយ​សម្រួល​នីតិវិធី​លក់​ឡាយឡុង​សម្ភារៈ​ក្នុង​រោងចក្រ​ឲ្យ​លឿន ក្រោយ​ពេល​ដែល​ថៅកែ​រោងចក្រ មិន​ព្រម​ចូល​ខ្លួន​ដោះ​ស្រាយ​ជាមួយ​កម្មករ នៅ​គ្រា​ឱសានវាទ ដែល​កម្មករ​កំណត់​ឱ្យ​ថ្ងៃ​ទី១០ បាន​ចូល​មក​ដល់។

កម្មការិនី សៀ សម្បត្តិ និយាយ​ថា កម្មករ​បណ្ដាក់​គ្នា​ដេក​យាម​មុខ​រោងចក្រ​រាល់​ថ្ងៃ​យប់ ជាង ៣ខែ​ហើយ មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ទេ។ លោកស្រី​ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី១ មីនា ក្រុម​កម្មករ​នាំ​គ្នា​បិទ​ប្រកាស​មុខ​រោងចក្រ ទុក​ពេល​វេលា ១០ថ្ងៃ ឲ្យ​ភាគី​ថៅកែ​ចូល​ខ្លួន​មក​ដោះ​ស្រាយ​វិវាទ តែ​មក​ដល់​ថ្ងៃ​ទី១០ មីនា​នេះ នៅ​តែ​មិន​ឃើញ​ថៅកែ​រោងចក្រ​មក​បង្ហាញ​ខ្លួន ដូច្នេះ​ក្រុម​កម្មករ​គ្រោង​ចាប់​ផ្ដើម​លក់​សម្ភារៈ​ក្នុង​រោងចក្រ​ តែ​មិន​ហ៊ាន​ដោយសារ​មិន​ទាន់​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​ការងារ។

លោកស្រី បន្ត​ថា ក្នុង​កំឡុង​​ពេល​ឱសានវាទ ១០ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៩ មីនា មន្ត្រី​ក្រសួង​ការងារ​ បាន​ចុះ​មក​សម្រប​សម្រួល​ឲ្យ​កម្មករ​រង់ចាំ​បន្ត​ទៀត និង​សន្យា​ថា ជួយ​សម្រប​សម្រួល​នីតិវិធី​លក់​ឡាយឡុង​ឲ្យ ប្រសិន​បើ​ថៅកែ​នៅ​តែ​មិន​ព្រម​មក​​ដោះ​ស្រាយ។ តែ​យ៉ាង​ណា កម្មការិនី​រូប​នេះ មិន​ជឿ​ទេ ព្រោះ​លោកស្រី​ថា មន្ត្រី​ក្រសួង​ការងារ តែង​ចុះ​មក​សម្រប​សម្រួល​កម្មករ​ឲ្យ​រង់ចាំ​បែប​នេះ ជាង ៣ខែ​មក​ហើយ។

រោងចក្រ​ ហុង ស៊ីង មាន​កម្មករ​សរុប ១៩០នាក់។ កម្មករ​ឲ្យ​ដឹង​ថា ​ថៅកែ​ជនជាតិ​ចិន បាន​ចាក់​សោ​ទ្វារ​របង​រោងចក្រ ហើយ​រត់​ចោល​កម្មករ តាំងពី​ថ្ងៃ​ទី៩ ខែ​ធ្នូ ឆ្នាំ២០១៩។ កម្មករ​បាន​បណ្ដាក់​គ្នា ដេក​យាម​ទាំង​ថ្ងៃ​ទាំង​យប់ តាំងពី​ពេល​នោះ​មក ​ដើម្បី​យាម​សម្ភារៈ ខ្លាច​មានការ​លួច​ដឹក​​សម្ភារៈ​ចេញ​ ក៏ប៉ុន្តែ​មាន​កម្មករ​ខ្លះ​ បាន​ចាប់ផ្ដើម​ស្វែងរក​ការងារ​ថ្មី​ជា​បណ្ដើរៗ ហើយ។

អ្នក​ជំនាញ​វិស័យ​ការងារ អះអាង​ថា ដើម្បី​លក់​ឡាយឡុង​សម្ភារៈ​ក្នុង​រោងចក្រ​បាន លុះ​ត្រា​មាន​សេចក្ដី​សម្រេច​ពី​តុលាការ។ តែ​នីតិវិធី​តុលាការ​ ជា​នីតិវិធី​​សាំញ៉ាំ​ និង​ប្រើ​ពេល​វេលា​យូរ ខាត​បង់​ប្រយោជន៍​កម្មករ។ ដូច្នេះ​កន្លង​ទៅ មាន​ការ​អនុញ្ញាត​ឲ្យ​លក់​ឡាយឡុង​សម្ភារៈ​របស់​ក្រុមហ៊ុន ដោយ​មិន​បាច់​ឆ្លង​កាត់​តុលាការ ប៉ុន្តែ​មាន​ការ​សម្របសម្រួល​ពី​គណៈកម្មការ​​សម្រប​សម្រួល និង​ដោះ​ស្រាយ​វិវាទ​បាតុកម្ម កូដកម្ម​គ្រប់​មុខ​សញ្ញា​ របស់​ក្រសួង​ការងារ ដែល​ជា​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ និង​ជា​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម នៅ​តាម​គ្រប់​មុខសញ្ញា របស់​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ លោក ទេស រុក្ខាផល បាន​ទេ នៅ​ថ្ងៃ​ទី១០ មីនា ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល