លោក ហ៊ុន សែន គាំទ្រ​ការផាកពិន័យ​ធ្ងន់ធ្ងរ លើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក

ដោយ ម៉ៅ សុធានី
2020-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងសន្និសីទ​កាសែត នា​វិមានរដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងសន្និសីទ​កាសែត នា​វិមានរដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០២០។
រូប​ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង ប្រកាស​គាំទ្រ​ចំពោះ​ការផាកពិន័យ​ធ្ងន់ធ្ងរ លើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទោះបីជា​មានប្រតិកម្ម​ពី​ពលរដ្ឋ​ក្រីក្រ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​បណ្តាល​នេះ ឱ្យ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ ដោយសារតែ​ជំងឺ covid-19 ក៏​ដោយ

ប្រជាពលរដ្ឋ លើកឡើងថា ក្នុង​កាលៈទេសៈ​ដែល​ប្រជាពលរដ្ឋ គ្មាន​ការងារ​ធ្វើ បាត់បង់​ប្រាក់ចំណូល ដោយសារ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ មិនគួរណា​រដ្ឋាភិបាល បន្ថែម​បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ ដល់​ពួកគេ​នោះ​ឡើយ។

លោក ហ៊ុន សែន លើក​ហេតុផល​ថា ប្រការ​ដែល​លោក​ជំរុញ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​រឹតបន្តឹង ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បង្កើន​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​នេះ ដោយសារ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ ក្នុងអំឡុងពេល​ចាប់ផ្តើម​រិត​បន្តឹង​ខ្លាំង​រយៈពេល ១៤​ថ្ងៃ នៅ​ដើមខែ​ឩ​សភា​នេះ​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៥ ខែឧសភា លោក ហ៊ុនសែន ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ដកស្រង់​ផ្សព្វផ្សាយ​ក្នុង​គណនី​ហ្វេសប៊ុក​ថា «​កម្ពុជា​រងគ្រោះ​ពេក​ហើយ ពី​គ្រោះថ្នាក់​ចរាចរណ៍​។ ប្រទេស​កម្ពុ​ជាមាន​ប្រជាជន​១៦​លាន​នាក់ តែ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ចង់​ស្មើនឹង​វៀតណាម និង​ថៃ ដែលមាន​ប្រជាជន​ជិត ៩០​លាន​នាក់ និង ៧០​លាន​នាក់​។ ហេតុនេះ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ គឺ​មិន​ដកថយ​ទេ»។

ទោះជា​មានការ​ស្នើសុំ​ពន្យា​ឬក៏​ផ្អាក​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ក៏ដោយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បញ្ជាក់​ប្រាប់​ក្នុង​គណនី ហ្វេសប៊ុក​របស់លោក​ថា ការពន្យា​ឬក៏​ផ្អាក​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​នេះ គឺ​ប្រៀបបាន​នឹង​ការ​បណ្តែតបណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែ នៅ​តែ​បន្ត រងរបួស និង​ស្លាប់​បាត់​បង់ជីវិត​កាន់តែ​ច្រើនឡើងៗ​ថែម​ទៀត

ទោះជា​យ៉ាងណា លោក ស ខេង ក៏បាន​ក្រើនរំលឹក ដល់​កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​បន្ត​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ។

ជុំវិញ​វិធានការ​ផាកពិន័យ​នេះ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​កាលពី​យប់​មិញ​ថា ចាប់​តាំង​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​តឹងតែង​ខ្លាំង ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៤ ឩ​សភា​មក អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ ហើយ​ប្រជាពលរដ្ឋ​ងាក​មកចិត្ត​ទុកដាក់​ខ្លាំង​លើ​ច្បាប់​ចរាចរណ៍​វិញ ដែល​នាំ​ឱ្យ​ចំនួន​បទល្មើស​ចរាចរ​ណ៍​កាន់តែ​តិច៖ «ឆ្លុះបញ្ចាំង​ថា ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​កាន់តែ​ច្រើន គាត់​បើកបរ​គោរព​ច្បាប់ គោរព​ភ្លើង​សញ្ញា គោរព​ល្បឿន ពាក់​ខ្សែក្រវ៉ាត់ ពាក់មួក​សុវត្ថិភាព មិន​បើក​វ៉ា​គ្នា។ បន្ថែម​ពីនេះ​គាត់​អត់​បើកបរ​មាន​ភាពស្រវឹង គាត់​អត់​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ ទាំងនេះហើយ​គឺជា​ហេតុផល​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់»

របប​ក្រុងភ្នំពេញ បាន​សម្រេចយក​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ប្រកាសអាសន្ន​សម្រាប់​ទប់ស្កាត់​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ ចាប់ពី​ថ្ងៃទី​០១ ខែឧសភា​មក សមត្ថកិច្ច​ចរាចរណ៍ បាន​ចាត់​ចេញ​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​បង្កើន​ការផាកពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន លើស ២ ឬ​៣​ដង បើ​ធៀប​នឹង​ការ​ផាក​ពិន័យ​ចាស់​។ វិធានការ​នេះ ធ្វើឡើង​ស្របពេល ពិភពលោក​កំពុង​ទទួលរង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​មាន​មនុស្ស​ស្លាប់​ជាច្រើន​ម៉ឺន​នាក់ ដោយសារ​ការរីក​ដាល​សកល​នៃ​ជំងឺ​កូ​វិត​១៩ (Covid-19)​។​

បញ្ហា​នេះហើយ​ដែលជា​ហេតុ​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​បាត់បង់​ការងារ គ្មាន​ប្រាក់ចំណូល ទទួលរង​សម្ពាធ​ហិរញ្ញវត្ថុ កាន់តែខ្លាំង​ថែម​ទៀត

កម្មករ​មួយចំនួន​ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល គួរតែ​ទុកពេល​វេលា​ឱ្យ​ប្រជាពលរដ្ឋ មាន​ពេលវេលា​គ្រប់គ្រាន់ ត្រៀមខ្លួន​ទៅធ្វើ​ប័ណ្ណបើកបរ ដូរ​ប័ណ្ណ​សំគាល់​យានយន្ត និង​យក​យានយន្ត​ទៅពិនិត្យ​ពី​សុវត្ថិភាព​បើកបរ​ជាដើម ដើម្បី​បញ្ជៀ​ស​ការបង់​ផាកពិន័យ​ធ្ងន់ធ្ងរ​នេះ​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​ចរាចរណ៍​បែរជា​ធ្វើ​ទាន់ហន់​បែប​នេះទៅ​វិញ៖ «ខ្ញុំ​គ្មាន​ម៉ូតូ​ទេ គឺ​ដើរទៅ​ធ្វើការ ប៉ុន្តែ​មួយរយៈ​នេះ ខ្ញុំ​សង្កេតឃើញថា ធ្វើបាប​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ណាស់ ព្រោះ​ការ​ផាកពិន័យ​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​តឹងតែង​ខ្លាំង និង​អស់​លុយ​ច្រើន​ខ្លាំង​ណាស់​។ ការងារ​អត់​មាន​ធ្វើ​ទេ ដោយសារ​កូវីដ​១៩ ហើយ​ខ្ញុំ​អត់​ពេញចិត្ត​ទេ ច្បាប់​នេះ​ចេញមក​ទាន់ហន់​ពេក ពី​ព្រោះ​ជីវភាព​ពលរដ្ឋ​ក្រីក្រ។ សម្លេង​មួយ​ទៀត...​ខ្ញុំ​ឃើញថា មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ផាក​ដែរ ប៉ុន្តែ​ត្រូវតែ​បង្ហាត់បង្ហាញ​ជាមុន ហើយ​ប្រាប់​ពលរដ្ឋ​ថា ច្បាប់​នេះ​បានចេញ​ហើយ គឹ​ទុកពេល ២ ឬ​៣​ខែ ប៉ុន្តែ​ដល់​ចេញ​ភ្លាម​ធ្វើ​ភ្លាម​អ៊ីចឹង គឺ​តឹងចិត្ត​ណាស់»

លោក ឆាយ គឹមខឿន ឱ្យ​ដឹង​ទៀតថា រយៈពេល​១៤​ថ្ងៃ នៃ​ការ​រឹតបន្ដឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ នគរបាល​ចរាចរណ៍ បាន​ផាកពិន័យ​យានយន្ត​ចំនួន​ជាង​២ម៉ឺន ២​ពាន់​គ្រឿង (២២,៣៨១) ក្នុងនោះ​មាន​ម៉ូតូ ជិត ១​ម៉ឺន ៧​ពាន់​គ្រឿង (១៦,៥៧៩)​។ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការបង់​ផាកពិន័យ​នេះ​ទេ​។ ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​វិញ ក្នុងអំឡុងពេល ១៤​ថ្ងៃនេះ​គឺ​កើតឡើង​សរុប ៩៣​លើក ស្លាប់ ៤៨​នាក់ និង​របួស ១២២​នាក់ ដែល​ចំនួន​នេះ​ថយចុះ​ច្រើន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។ ក៏ប៉ុន្តែ​អ្នកឃ្លាំមើល​សង្គម និង​ពលរដ្ឋ​អះអាងថា​ការថយចុះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារតែ​ពួកគេ​មិន​ហ៊ាន​ធ្វើដំណើរ​ចេញ​ក្រៅ ព្រោះ​ខ្លាច​ត្រូវ​ប៉ូលិស​ផាកពិន័យ​ប្រាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល